ខ្មែរប៉ុស្ដិ៍ Close

បង់ក្លាដែសបានជាប់ផុងក្នុងភាពចលាចលនយោបាយនិងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 76
បង់ក្លាដែសបានជាប់ផុងក្នុងភាពចលាចលនយោបាយនិងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ បង់ក្លាដែសបានជាប់ផុងក្នុងភាពចលាចលនយោបាយនិងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣

សម្រាប់បង់ក្លាដែស និន្នាការសំខាន់បំផុតចំនួន២ នៅឆ្នាំ២០២២ គឺការវិលត្រឡប់មកវិញយ៉ាងរឹងមាំនៃគណបក្សប្រឆាំង និងបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ចរបស់ប្រទេស។ និន្នាការដែលមានទំនាក់ទំនងគ្នាយ៉ាងសំខាន់នេះ តំណាងឱ្យសេនារីយ៉ូដ៏ស្រពិចស្រពិលមួយដែលទំនងជានឹងប៉ះពាល់ដល់បង់ក្លាដែសនាពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់បង់ក្លាដែស ត្រូវបានគេមើលឃើញថា ជារឿងដ៏ជោគជ័យមួយនៃរបបសេរីនិយមបែបថ្មី និងជាប្រទេសគំរូមួយខាងការអភិវឌ្ឍ។ ភាពស្របច្បាប់នៃរបប Awami League (AL) ដែលកំពុងកាន់អំណាចយូរអង្វែង គឺបានមកពីការសន្យារបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ គិតមកដល់ឆ្នាំ ២០២២ ការកើនឡើងនៃភាពផ្តាច់ការ និងការធ្លាក់ ចុះនៃលទ្ធិប្រជាធិបតេយ្យ ត្រូវបានបិទបាំងដោយសំនួនវោហាសាស្ត្រអំពីភាពជោគជ័យនៃការអភិវឌ្ឍទាំងនេះ។

បើទោះបីជាមានការសន្យាដ៏ទាក់ទាញពីសំណាក់របបដឹកនាំនេះក្តី ក៏បង់ក្លាដែសបានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចដើរថយក្រោយនៅឆ្នាំ ២០២២ ដដែល។ តម្លៃទំនិញបានឡើងថ្លៃកប់ពពក ខណៈពេលដែលអតិផរណាបានកើនឡើងខ្ពស់, ទុនបម្រុងបរទេសបានធ្លាក់ចុះ ហើយវិស័យធនាគារមានភាពមិនប្រក្រតីនិងអំពើពុករលួយ ដែលគេនឹកស្មានមិនដល់។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក បង់ក្លាដែសនឹងបន្តប្រឈមមុខនឹងអតិផរណាកើនឡើងខ្ពស់រយៈពេលយូរ, វិបត្តិបំណុលនិងវិបត្តិទំនិញឡើងថ្លៃកប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

កាលពីខែឧសភា ឆ្នាំ២០២២ រដ្ឋាភិបាលបង់ក្លាដែសបានប្រកាសថា ប្រជាពលរដ្ឋខ្លួន ១០០% មានលទ្ធភាពប្រើប្រាស់អគ្គិសនី។ ប៉ុន្តែ ២ ខែក្រោយមក ប្រជាពលរដ្ឋបានចាប់ផ្តើមជួបនឹងភាពរអាក់រអួលខាងចរន្តអគ្គិសនីយ៉ាងធ្ងន់ធ្ងរ និងមានមន្ទិលសង្ស័យចំពោះការអះអាងរបស់រដ្ឋាភិបាល។ ការរកឃើញដែលថា រដ្ឋាភិបាលបាននិងកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការជួលរោងចក្រអគ្គិសនី និងបានចុះកិច្ចព្រមព្រៀងជាមួយរោងចក្រអគ្គិសនីដែលដើរដោយថាមពលធ្យូងថ្មដ៏ចម្រូងចម្រាស ខណៈមានការដំឡើងថ្លៃអគ្គិសនីនិងតម្លៃប្រេងឥន្ធនៈនោះ បានធ្វើឱ្យមនុស្សជាច្រើនខឹងសម្បារ។

នៅពេលដែលអតិផរណាកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បូករួមទាំងទុនបម្រុងបរទេសបានដាំក្បាលចុះផងនោះ បង់ក្លាដែសបានស្វះស្វែងរកប្រាក់កម្ចីចំនួន ៤,៥ ពាន់លានដុល្លារពី IMF សម្រាប់រយៈពេល ៣ ឆ្នាំ និងប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារពីធនាគារពិភពលោក។ ដោយសារតែប្រាក់កម្ចីរបស់IMF បានភ្ជាប់មកជាមួយនូវលក្ខខណ្ឌមួយចំនួនដែលរួមមានកំណែទម្រង់ស្ថាប័ន និងកំណែទម្រង់តម្លៃផងនោះ រដ្ឋាភិបាលត្រូវបង្ខំចិត្តដកចេញនូវការឧបត្ថម្ភធន និងបន្តដំឡើងថ្លៃថាមពល។ ខណៈពេលដែលប្រជាពលរដ្ឋសាមញ្ញ ជាអ្នកទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរពីការដំឡើងថ្លៃថាមពលនេះ រដ្ឋាភិបាលបានបន្តឧបត្ថម្ភធនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យក្រុមហ៊ុនផលិតអគ្គិសនី ដូចជាក្រុមហ៊ុន Adani ជាដើម។

២០២២ ក៏ជាឆ្នាំនៃការបើកដំណើរការគម្រោងខ្នាតយក្ខចំនួន ២ គឺស្ពាន Padma Bridge ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ និងផ្លូវរថភ្លើងក្រោមដីទី១ របស់ប្រទេសនៅរដ្ឋធានី Dhaka។ ខណៈពេលដែលគម្រោងខ្នាតយក្ខទាំងនេះ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញ និងជាការបង្កើនការតភ្ជាប់នៅក្នុងប្រទេសកំពុងអភិវឌ្ឍមួយដូចជាបង់ក្លាដែសនេះក្ដី ក៏គម្រោងទាំងអស់លើកលែងតែគម្រោង Padma Bridge មួយចេញ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីបរទេស។

បង់ក្លាដែសមានកញ្ចប់ប្រាក់កម្ចីចំនួន ៤០ ដែលក្នុងនោះកញ្ចប់ចំនួន ១៣ ដែលមានទឹកប្រាក់សរុបជាង ៣២ ពាន់លានដុល្លារនឹងដល់ពេលទូទាត់នៅត្រឹមឆ្នាំ ២០២៤។ ខណៈពេលដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលគេអាចមើលឃើញនឹងភ្នែកបាន ប្រាកដជានឹងផ្តល់ឱ្យគណបក្សកាន់អំណាចនូវកម្លាំងបន្ថែមនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រទេសបង់ក្លាដែសទំនងជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំសម្បើមមួយ នៅពេលដែលពេលវេលាទូទាត់បំណុលមកដល់។

ទន្ទឹមនឹងបញ្ហាសេដ្ឋកិច្ច ឆ្នាំ ២០២២ ក៏ជាឆ្នាំដែលបញ្ហាសិទ្ធិមនុស្សស្ថិតនៅក្នុងភាពលេចធ្លោរផងដែរ ពោលគឺវាបានចាប់ផ្តើមឡើងដោយការដាក់ទណ្ឌកម្មលើមន្ត្រីអនុវត្តច្បាប់កំពូលៗរបស់បង់ក្លាដែស ពីសំណាក់អាមេរិក ជុំវិញការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅបង់ក្លាដែសរួចមក ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានសម្តែងកង្វល់របស់លោកស្រី ជុំវិញការចោទប្រកាន់លើការបាត់ខ្លួនដោយបង្ខំ, ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ, ការធ្វើទារុណកម្ម និងការខ្វះគណនីភាពចំពោះការរំលោភបំពានទាំងនេះ។

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ និងការរំលោភសិទ្ធិមនុស្សបានប៉ះពាល់ដល់ការវិវឌ្ឍខាងនយោបាយ។ របបដឹកនាំនៃរបប AL ហាក់បានបន្ធូរដៃលើការធ្វើទុក្ខបុកម្នេញចំពោះបាតុកម្មរបស់ក្រុមប្រឆាំង។

ឆ្លៀតឱកាសនេះ គណបក្សប្រឆាំងធំជាងគេ គឺគណបក្សជាតិនិយមបង់ក្លាដែស (Bangladesh Nationalist Party – BNP) បានរៀបចំការប្រមូលផ្តុំធំៗចំនួន ១០ លើកនៅចន្លោះខែកក្កដា និងខែធ្នូ ដោយមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ។ ការប្រមូលផ្តុំដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះបានទៅបន្សាបការសន្និដ្ឋានកាលពីពេលមុនដែលថាបក្សប្រឆាំងធ្លាក់ចុះកម្លាំង និងមានភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងរចនាសម្ព័ន្ធដឹកនាំរបស់បក្ស។

ទោះបីជារដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការធ្វើបាតុកម្មដែលដឹកនាំដោយបក្សប្រឆាំងនៅឆ្នាំ ២០២២ ក្ដី ក៏គេឃើញមានការបង្ក្រាបច្រើនគួរសមដែរ។ នៅក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ ២០២២ ក្រុមប៉ូលិសបានសម្លាប់សកម្មជនបក្ស BNP ចំនួន ១០ នាក់ក្នុងអំឡុងពេលធ្វើបាតុកម្មដែលផ្តោតលើការប្រឆាំងនឹងការឡើងថ្លៃនៃតម្លៃទំនិញ និងការទាមទារឱ្យមានការបោះឆ្នោតនៅក្រោមរដ្ឋាភិបាលមួយដែលអព្យាក្រឹត និងមិនកាន់ជើងបក្សណាមួយ។

ការកើនឡើងនូវការវាយប្រហារ, ការបៀតបៀន និងការចាប់ខ្លួនសកម្មជននិងមេដឹកនាំកំពូលៗរបស់បក្ស BNP បានបង្កឱ្យមានក្តីកង្វល់ជុំវិញអំពើហិង្សាធ្ងន់ធ្ងរ និងការសង្កត់សង្កិននៅមុនការបោះឆ្នោតជាតិនាពេលខាងមុខនេះ ដែលគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០២៣ ឬនៅដើមឆ្នាំ ២០២៤។

ការវិវឌ្ឍផ្នែកនយោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយនៅឆ្នាំ ២០២២ គឺការសម្រេចចិត្តរបស់បក្ស BNP ក្នុងការបង្កើតកុងសង់ស៊ីសមួយជាមួយគណបក្សប្រឆាំងដទៃទៀត ដើម្បីរក្សាខ្លួនឱ្យនៅឆ្ងាយពីគណបក្សអ៊ីស្លាមនិយម (Jamaat-e-Islami) ដ៏ធំ ខណៈដែលបក្ស AL នៅតែបន្តបណ្តុះទំនាក់ទំនងជិតស្និទ្ធជាមួយពួកអ៊ីស្លាមអភិរក្សនិយមនេះដដែល។

ជំនួបរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ជាមួយមេដឹកនាំបក្ស Hefazat-e-Islam កាលពីខែធ្នូ ឆ្នាំ ២០២២ និងការសម្រេចចិត្តរបស់លោកស្រីក្នុងការអនុញ្ញាតឱ្យបក្ស Islami Andolan Bangladesh រៀបចំធ្វើបាតុកម្មនយោបាយដោយគ្មានការបៀនបៀនពីក្រុមប៉ូលិសនោះ បានបង្ហាញអំពីនិន្នាការនៃការដើរស្របតាមពួកអ៊ីស្លាមជ្រុលនិយម។ ការសម្រេចចិត្តនេះ គឺប្រហែលជាដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីគណបក្សប្រឆាំងមួយដែលថយចុះកម្លាំង និងស្ថិតក្រោមការគ្រប់គ្រងនៅក្នុងការបោះឆ្នោតជាតិនៅពេលខាងមុខ។

នៅក្នុងសង្វៀនគោលនយោបាយការបរទេសវិញ ជំហរមិនចូលបក្សសម្ព័ន្ធរបស់បង់ក្លាដែសជុំវិញទំនាក់ទំនងជាមួយប្រទេសចិន, ឥណ្ឌា, រុស្ស៊ី និងអាមេរិក បានជួបនូវការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងឆ្នាំ ២០២២។ កាលពីខែធ្នូ ឆ្នាំ ២០២២ អគ្គរដ្ឋទូតអាមេរិកប្រចាំបង់ក្លាដែស លោក Peter Haas បានទៅសួរសុខទុក្ខក្រុមគ្រួសារជនរងគ្រោះដែលបានបាត់ខ្លួនដោយបង្ខំ ប៉ុន្តែជំនួបនោះត្រូវបានធ្វើឡើងខ្លីប៉ុណ្ណោះ ដោយសារមានកង្វល់ផ្នែកសន្តិសុខ ដែលបង្កឡើងដោយហ្វូងមនុស្សយ៉ាងច្រើនដែលជាអ្នកគាំទ្របក្សកាន់អំណាច។

ក្រោយមក មេដឹកនាំបក្ស AL បានចាត់ទុកដំណើរទស្សនកិច្ចនោះថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ នៅពេលដែលទីក្រុងម៉ូស្គូគាំទ្រជំហររបស់បក្ស AL និងបានបន្ទររឿងមិនជ្រែកជ្រែកនេះទៅប្រាប់អាមេរិក ទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបវិញដោយការចោទសួរថា តើគោលការណ៍បែបនោះអាចយកទៅអនុវត្តនៅប្រទេសអ៊ុយក្រែនបានដែរទេ? នៅពេលបង់ក្លាដែសងាកទៅរករុស្ស៊ីនិងចិនជាបណ្តើរៗនោះ ប្រទេសនេះបានក្លាយជាទីលានបញ្ចេញវោហារសាស្ត្ររវាងអាមេរិកនិងរុស្ស៊ី។

បង់ក្លាដែសបានឈានចូលមកដល់ឆ្នាំ ២០២៣ ជាមួយនឹងភាពចលាចលនយោបាយនិងវិបត្តិសេដ្ឋកិច្ចដែលកំពុងលេចជារូបរាងឡើង។ អនាគតនយោបាយនិងសេដ្ឋកិច្ចរបស់បង់ក្លាដែសនឹងពឹងផ្អែកលើលទ្ធភាពនៃកុងសង់ស៊ីសមួយដែលចេញពីបក្សនយោបាយចំនួន ២ ដែលកំពុងប្រជែងគ្នា។

ការចារចារកដំណោះស្រាយនយោបាយមួយចំពោះវិបត្តិដែលកំពុងបន្តនេះ នឹងអាចទៅរួចតាមរយៈការបង្កើតក្របខណ្ឌមួយដែលអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងអាចជឿជាក់បាន៕

East Asia Forum

អត្ថបទទាក់ទង