ខ្មែរប៉ុស្ដិ៍ Close

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និង គ.ជ.ប ហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 65

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.ម) នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំរួមមួយ ដោយហាមមិនឱ្យបក្សនយោបាយ កៀរគរកម្លាំងពីរាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី/ខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។

តាមសេចក្តីណែនាំរួម ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ម និង លោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប បានបញ្ជាក់ឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងធានាឲ្យដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.ម) ធ្វើការណែនាំដូចខាងក្រោម៖

  • គណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
  • គណបក្សនយោបាយ ឬ/និងបេក្ខជននិងប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឲ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាព ណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់ គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាធរមាន។

គ.ជ.ប និង គ.ស.អ សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមាន ឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោតព្រម ទាំងយន្តការ រចនាសម្ព័ន្ធនៃ គ.ស.អ គ្រប់លំដាប់ថ្នាក់ និងសហការអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈសម្បត្តិធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កាលពីពេលថ្មីៗនេះ ក៏មានការទម្លាយតាមបណ្តាញសង្គមអំពីផែនការសម្ងាត់របស់ ទណ្ឌិត សម រង្ស៉ី ដែលបានបញ្ជូនមនុស្សជំនិតម្នាក់ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីរៀបចំបណ្ដាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ហើយប៉ុនប៉ងបង្កចលាចលដល់ការបោះឆ្នោតនាពេលខាងមុខនេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោយពេលរាជរដ្ឋាភិបាល បានដឹងផែនការនេះ ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ដែលជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី ក៏បានរត់គេចខ្លួនទៅប្រទេសបារាំងវិញហើយផងដែរ។

តាមរយៈហ្វេសបុករបស់ខ្លួន «Jasmine Angkor» ដែលបានចូលរួមទម្លាយអំពីការសម្ងាត់នេះ ក៏បានរៀបរាប់ថា៖ «តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពី លោកសម រង្សី ប្រមូលកម្លាំងពីខេត្តឡើងភ្នំពេញឱ្យបានយ៉ាងតិច៣ម៉ឺននាក់ដោយឱ្យ ជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp ឱ្យបានជាងមួយពាន់គ្រឿង»៕

អត្ថបទទាក់ទង