ខ្មែរប៉ុស្ដិ៍ Close

សូចនាករចំនួន ៥ ដែលត្រូវឃ្លាំមើលនៅឆ្នាំ ២០២៣ ដែលអាចបង្កផលប៉ះពាល់ដល់ជម្រើសនៃការវិនិយោគរបស់អ្នក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 61
សូចនាករចំនួន ៥ ដែលត្រូវឃ្លាំមើលនៅឆ្នាំ ២០២៣ ដែលអាចបង្កផលប៉ះពាល់ដល់ជម្រើសនៃការវិនិយោគរបស់អ្នក អ្នកថ្មើរជើងដើរឆ្លងកាត់ផ្សារហ៊ុនញូវយ៉ក (NYSE) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣។ រូបថត៖ Bloomberg

ចាប់តាំងពីឆ្នាំ ១៨៧១ មក វាមិនដែលមានឆ្នាំណាដែលមូលបត្របំណុលសកលនិងភាគហ៊ុន បានធ្លាក់ចុះយ៉ាងខ្លាំងបែបនេះឡើយ។ យើងបានឃើញទីផ្សាររងនូវការបាត់បង់នូវតម្លៃ ៣០ ទ្រីលានលានដុល្លារនៅក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ ដែលនេះមានទំហំស្មើនឹង ២ ដងនៃទិន្នផលប្រចាំឆ្នាំនៃសេដ្ឋកិច្ចអាមេរិក។ សន្ទស្សន៍ផ្សារភាគហ៊ុន S&P500 បានធ្លាក់ចុះ ២០% ដូចភាគហ៊ុនរបស់ចិនដែរ។ ផ្សារហ៊ុន Nasdaq បានធ្លាក់ចុះ ១/៣ ខណៈដែលក្រុមហ៊ុន Meta (Facebook), Tesla និង Bitcoin ក៏បានរងនូវការធ្លាក់ ចុះ ២/៣ ផងដែរ។

មូលបត្របំណុលសកលបានធ្លាក់ចុះ ១៦%។ ប៉ុន្តែសន្ទស្សន៍ FTSE 100 របស់ចក្រភពអង់គ្លេសបានទទួលនូវភាពវិជ្ជមាន បន្ទាប់ពីសង្រ្គាមរបស់លោក Vladimir Putin បានផ្តល់ការគាំទ្រដល់ទីផ្សារថាមពល, ការជីកយករ៉ែ និងការស្តុកឱសថ ក៏ដូចជាការធ្លាក់ចុះជិត ១២% នៃប្រាក់ផោន។ នៅចុងឆ្នាំ អ្នកវិភាគជាច្រើនបានលើកឡើងអំពីការកើនឡើងនៃទីផ្សារ ដោយក្នុងនោះពួកគេបាននិយាយថា «ទីផ្សារនឹងងើបឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២២ ហើយធនាគារកណ្តាលអាមេរិកនឹងកាត់បន្ថយការដំឡើងអត្រាការប្រាក់»។

នៅក្នុងឆ្នាំ ២០២៣ ការធ្លាក់ចុះខ្លាំងដូចកាលពីឆ្នាំមុនអាចនឹងមិនកើតឡើងម្តងទៀតទេ ក៏ប៉ុន្តែយើងអាចនឹងមើលឃើញអ្វីមួយដែលកាន់តែអាក្រក់ជាងមុននៅ Wall Street។ ដើម្បីជួយឱ្យវិនិយោគិនអាចវាយតម្លៃបានដោយខ្លួនឯង ខាងក្រោមនេះគឺជាសូចនាករចំនួន ៥ ដែលគួរឃ្លាំមើលនៅក្នុងឆ្នាំ ២០២៣។

១. អត្រាអតិផរណានឹងបន្តកើនឡើងខ្ពស់

អ្នកជួញដូរភាគហ៊ុននៅផ្សារហ៊ុនញូវយ៉ក (NYSE) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣។ រូបថត៖ Bloomberg

អតិផរណាគឺជាបញ្ហាដ៏ធំសម្រាប់ឆ្នាំ ២០២២ ក៏ដូចជាសម្រាប់ឆ្នាំ ២០២៣។ មានមនុស្សមិនច្រើនទេដែលអាចនៅចងចាំអំពីផលប៉ះពាល់ដែលបង្កឡើងដោយអត្រាអតិផរណាខ្ពស់ លុះត្រាតែអ្នកអាចចងចាំអំពីប្រធានាធិបតី Ronald Reagan ដែលបាននិយាយនៅក្នុងឆ្នាំ ១៩៨១ ថា «អតិផរណាគឺមានលក្ខណៈឃោរឃៅដូចចោរប្លន់, គួរឱ្យភ័យខ្លាចដូចចោរប្លន់ប្រដាប់អាវុធ និងសាហាវដូចឃាតករ»។

ប៉ុន្តែនៅក្នុងទសវត្សរ៍ចុងក្រោយនេះ បណ្តាធនាគារកណ្តាលនានាបានសង្កត់ធ្ងន់ម្តងទៀតទៅលើ «ប្រាក់កម្ចី ឬការបោះពុម្ពប្រាក់» ដើម្បីផ្តល់មូលនិធិដល់ការចំណាយរបស់រដ្ឋាភិបាល។ សូចនាករអតិផរណាសម្រាប់វិនិយោគិននៅឆ្នាំនេះនឹងអាស្រ័យលើបញ្ហាថា «តើអាជ្ញាធរអន្តរជាតិអាចពង្រឹងភាពអាចជឿទុកចិត្តបានដែរឬទេ ដោយផ្អែកលើគោលនយោបាយនេះ»។

២. អត្រាការប្រាក់នឹងបន្តកើនឡើង

អតិផរណាបានឡើងដល់ ២ ខ្ទង់នៅអឺរ៉ុប និង ១ ខ្ទង់ដ៏ខ្ពស់នៅសហរដ្ឋអាមេរិក ខណៈដែលនៅហុងកុង តម្លៃបានកើនឡើងប្រមាណ ២០%។ ជាមួយអត្រាការប្រាក់ ៤% ធនាគារកណ្តាលអាមេរិកមិនអាចយកឈ្នះលើបញ្ហាអតិផរណាដែលមានចំនួន ៨% បានទេ។ តួលេខនេះត្រូវតែមានចំនួនប្រហាក់ប្រហែលគ្នា ក៏ប៉ុន្តែការបន្តបង្កើនអត្រាការប្រាក់ អាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច ខណៈដែលការកាត់បន្ថយអត្រាការប្រាក់នឹងធ្វើឱ្យអត្រាអតិផរណាកើនឡើងកាន់តែលឿន។

ដូច្នេះអត្រាការប្រាក់និងអតិផរណា នឹងបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ របាយការណ៍នៅពេលថ្មីៗនេះស្តីអំពីកម្ចីដោយប្រើទ្រព្យបញ្ចាំ បានបង្ហាញអំពីការកើនឡើងចំនួន ២០% ដែលជាការកើនឡើងជាលើកដំបូងនៅក្នុងរយៈពេលប្រហែល ២ ទសវត្សរ៍កន្លងមកនេះ។ ការកើនឡើងយ៉ាងគំហ៊ុកនៃការចំណាយរបស់មនុស្សអាចនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងការកើនឡើងនៃតម្លៃថាមពល ហើយវិនិយោគិនត្រូវតែបន្តឃ្លាំមើលថា «តើបញ្ហានេះនឹងក្លាយជាប្រធានបទដ៏ក្តៅគគុកដែរឬទេ នៅក្នុងរយៈពេល ៦ ខែខាងមុខ»។

៣. ភាពអត់ការងារធ្វើនឹងបន្តកើនឡើង

អគារធនាគារកណ្ដាលអាមេរិក ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។ រូបថត៖ Bloomberg

បច្ចុប្បន្ននេះ នៅក្នុងបណ្តាប្រទេសធំៗ អត្រានៃភាពមានការងារធ្វើនៅមានកម្រិតខ្ពស់ ក៏ប៉ុន្តែអតិផរណាកាន់តែខ្ពស់នឹងធ្វើឱ្យមនុស្សកាន់តែច្រើនបាត់បង់ការងារធ្វើ ដោយសារការកាត់បន្ថយការចំណាយ។ ភាពអត់ការងារធ្វើខ្ពស់ នឹងបង្កើនការចំណាយរបស់រដ្ឋាភិបាល, បំណុល និងអត្រាការប្រាក់។

៤. វិស័យអចលនទ្រព្យនឹងរងនូវផលប៉ះពាល់

អតិផរណាគឺជារឿងល្អសម្រាប់អចលនទ្រព្យ ក៏ប៉ុន្តែការកើនឡើងនៃអត្រាការប្រាក់គឺជារឿងអាក្រក់។ អ្នកដែលមានបំណុលច្រើន អាចនឹងមានបំណងចង់បង្កើនសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្មដែលអាចធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ។

៥. ព្រឹត្តិការណ៍ទាំងនេះនឹងផ្លាស់ប្តូរផែនការរបស់អ្នក

«ព្រឹត្តិការណ៍ Dear Boy» គឺជាការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Harold Macmillan នៅពេលដែលលោកត្រូវបានគេសួរថា «តើអ្វីដែលធ្វើឱ្យលោកព្រួយបារម្ភ»។ ទីផ្សារមិនមានការភ័យខ្លាចចំពោះព្រឹត្តិការណ៍ដែលធ្លាប់បានកើតមានពីមុនមកទេ ក៏ប៉ុន្តេវាគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់បានឃើញ ដែលអាចបង្កឱ្យមានការខូចខាតដល់ទីផ្សារដែលកំពុងរីកចម្រើន។

វីរុសរាតត្បាតបានមកដល់នៅក្នុងឆ្នាំ ២០២០ ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនបានមកដល់នៅក្នុងឆ្នាំ ២០២២។ វិនិយោគិននឹងត្រូវបង្កើនភាពសកម្មរបស់ខ្លួន ពីព្រោះនៅឆ្នាំនេះពួកគេអាចនឹងមិនមានពេលវេលាដើម្បីឈប់សម្រាកឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាអាចនៅមានចំណុចវិជ្ជមានមួយដែលនោះគឺ «ប្រទេសចិន» ដែលកំពុងងើបចេញការធ្លាក់ចុះ ដែលបណ្ដាលមកពីវីរុសកូវីដ-១៩។

ផ្អែកលើបទពិសោធន៍របស់សហរដ្ឋអាមេរិកនិងអឺរ៉ុប ការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចនៅក្នុងត្រីមាសនៃការបិទខ្ទប់ តែងជួបប្រទះនឹងការងើបឡើងវិញយ៉ាងខ្លាំងនៅពេលបន្ទាប់។ ហេតុដូច្នេះហើយ សេដ្ឋកិច្ចចិនក៏ប្រហែលជាអាចនឹងជួបប្រទះនឹងរឿងដូចគ្នានេះដែរ៕

South China Morning Post