ខ្មែរប៉ុស្ដិ៍ Close

ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន នៅសម័យក្រោយគោលនយោបាយ ZERO-COVID

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 148
ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន នៅសម័យក្រោយគោលនយោបាយ ZERO-COVID ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន នៅសម័យក្រោយគោលនយោបាយ ZERO-COVID

សេដ្ឋកិច្ចចិននៅក្នុងឆ្នាំ ២០២២ បានជួបប្រទះនឹងសភាពដ៏អាក្រក់ដែលមិនធ្លាប់កើតមានពីមុនមក។ នៅក្រោយកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាចំនួន ៤,៨% នៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចរបស់ចិនបានកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះនៅត្រីមាសទី២ ហើយករណីនេះ ភាគច្រើនគឺបណ្តាលមកពីការបិទខ្ទប់ក្រោមគោលនយោបាយ ZERO-COVID។

សេដ្ឋកិច្ចចិនក៏បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញនៅក្នុងត្រីមាសទី៣ ជាមួយនឹងកំណើនឈានដល់ ៣,៩% ប៉ុន្តែសុច្ចនាករលើសកម្មភាពសេដ្ឋកិច្ចនៅក្នុងផ្នែករោងចក្រ និងសេវាកម្មបានបង្ហាញនូវចក្ចុវិស័យយ៉ាងទុទិ្ទដ្ឋិនិយមសម្រាប់ត្រីមាសទី៤។

បញ្ហាប្រឈមគួរឱ្យកត់សម្គាល់បំផុតដែលអ្នកធ្វើគោលនយោបាយចិនបានប្រឈមមុខនៅក្នុងឆ្នាំ២០២២ គឺការបន្តអនុវត្តគោលនយោបាយ ZERO-COVID។ នៅក្រោយទប់ទល់ការរីករាលដាលកូវីដ-១៩ ដោយជោគជ័យនៅឆ្នាំ ២០២០ រដ្ឋាភិបាលចិននៅតែបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះការគ្រប់គ្រងជំងឺនោះ រហូតបានធ្វើឱ្យគេចាប់ផ្តើមដាក់ចេញនូវគោលនយោបាយ ZERO-COVID នៅក្នុងខែសីហា ឆ្នាំ២០២១។

នៅឆ្នាំ២០២២ មេរោគបំប្លែងខ្លួន Omicron បានបណ្តាលឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការបិទខ្ទប់ជារឿយៗនៅតាមបណ្តាទីក្រុងចិនជាច្រើន។ ខណៈគោលនយោបាយ ZERO-COVID ទទួលបានភាពជោគជ័យទៅលើការគ្រប់គ្រងការរីករាលដាលនៃវីរុស នោះការអនុវត្តគោលនយោបាយនេះកាន់តែមានភាព លំបាក ដោយសារតែមានការខាតបង់កាន់តែកើនឡើង។

ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវបានគេប៉ាន់ប្រមាណថា បានកាត់បន្ថយទិន្នផល GDP របស់ចិនប្រមាណ ៤% ទៅ ៥%។ ហើយនៅពេលដែលការបិទខ្ទប់ត្រូវបានពង្រីក ការមិនពេញចិត្ត និងការត្អូញត្អែរក្នុងចំណោមសារធារណជន បានបន្តរីកធំឡើង ដោយគ្រប់គ្នាយល់ស្របគ្នាថា គោលនយោបាយ ZERO-COVIDទ្រង់ទ្រាយធំនិងតឹងរ៉ឹងបែបនេះ មិនមានចីរភាពនោះទេ។

កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ក្រុមប្រឹក្សារដ្ឋក៏បានប្រកាសអំពីគោលនយោបាយថ្មីមួយ ដែលបានបន្ធូរបន្ថយការរឹតត្បិតទៅលើការធ្វើតេស្ត, ការពិនិត្យសុខភាព និងការបំលាស់ទីឆ្លងកាត់តំបន់ដែលនេះគឺជាសញ្ញាដែលបានបង្ហាញអំពីការងាកចេញពីគោលនយោបាយ ZERO-COVID។ ការកើនឡើងភ្លាមៗនៃការបម្លាស់ទី និងការប្រាស្រ័យទាក់ទងគ្នារបស់ពលរដ្ឋបានធ្វើឱ្យពលរដ្ឋចិនងាយឆ្លងនូវជំងឺនោះ ហើយមានមនុស្សជាច្រើនទទួលបានការឆ្លងជាលើកដំបូង។

ខណៈពិភពលោកទាំងមូលកំពុងតែប្រារព្ធពិធីបុណ្យ Christmas និងឆ្លងឆ្នាំសកលនោះ ពលរដ្ឋចិនកំពុងតែស្ថិតនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការរឹតត្បិតលើការធ្វើដំណើរក៏ត្រូវបានបន្ធូរបន្ថយបន្ថែមទៀត នៅពេលដែលរដ្ឋាភិបាលបានប្រកាសថា ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ តទៅ អ្នកធ្វើដំណើរចូលក្នុងប្រទេសចិននឹងលែងតម្រូវឱ្យមានការធ្វើចត្តាឡីស័កជាកំហិតទៀតហើយ។

ទីផ្សារអចលនទ្រព្យបានជួបប្រទះនឹងការធ្លាក់ទៅក្នុងឱនភាពយ៉ាងជ្រៅនៅឆ្នាំ ២០២២ ដោយសារតែការបន្តគាបសង្កត់ទៅលើគោលនយោបាយពាក់ព័ន្ធនឹងវិស័យនេះចាប់តាំងពីចុងឆ្នាំ ២០២០ មក។ បញ្ញត្តិកម្មទាំងនោះបានបង្ខំឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធ្វើការកាត់បន្ថយបំណុល និងកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ។

ជាលទ្ធផល តម្លៃលក់បានធ្លាក់ចុះដល់ចំនួន -២៦% និងការវិនិយោគបានធ្លាក់ចុះដល់ចំនួន -៩% នៅក្នុងខែតុលា ឆ្នាំ ២០២២។ ដោយហេតុថាវិស័យអចលនទ្រព្យធ្លាប់បានចូលរួមចំណែកប្រមាណ ២០% នៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ផលប៉ះពាល់ដោយប្រយោលដែលកើតចេញពីការដាក់កំហិតលើបញ្ញត្តិកម្មទៅលើកំណើនសេដ្ឋកិច្ចចិន នៅមិនទាន់កើតមានឡើងពេញទំហឹងនៅឡើយនោះទេ។

ការកែតម្រូវសម្រាប់ទីផ្សារអចលនទ្រព្យជិតត្រូវបានបញ្ចប់ហើយ បើទោះបីជាវាមិនទំនងជាថា ទីផ្សារអចលនទ្រព្យអាចនឹងវិលទៅរកសម័យកាលរុងរឿងឡើងវិញនៅឆ្នាំ ២០២៣ ក៏ពិតមែនក្តី។ អនាគតនៃវិស័យអចលទ្រព្យ គឺត្រូវបំពេញទៅតាមតម្រូវការនៃផ្ទះសម្បែង និងមិនមែនសម្រាប់ការវិនិយោគបែបបំប៉ោងតម្លៃនោះទេ។

នៅឆ្នាំ ២០២៣ គេរំពឹងថានឹងមានការដាក់ចេញនូវគោលនយោបាយគាំទ្រសម្រាប់ក្រុមហ៊ុនអភិវឌ្ឍគម្រោងដែលមានគុណភាពខ្ពស់ និងប្រភេទផ្ទះសម្បែងដែលមិនប្រណិត ខណៈអ្នកធ្វើគោលនយោបាយសង្ឃឹមថាវានឹងអាចជួយដល់ការងើបឡើងវិញនូវវិស័យផ្ទះសម្បែងនៅក្នុងកម្រិតមធ្យម។

សន្និសីទថ្នាក់មជ្ឈឹស្តីពីកិច្ចការសេដ្ឋកិច្ច (Central Economic Work Conference) ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៥-១៦ ខែធ្នូ បានបង្កើតនូវកម្មវត្ថុសេដ្ឋកិច្ច និងគោលនយោបាយជាអាទិភាពសម្រាប់ឆ្នាំខាងមុខ។ ចំណុចអាទិភាពកំពូលៗរបស់ទីក្រុងប៉េកាំងគឺផ្តល់ស្ថិរភាពដល់កំណើនសេដ្ឋកិច្ច, ទីផ្សារពលកម្ម និងអត្រាអតិផរណា។

នៅក្នុងចំណោមកម្មវត្ថុទាំងនេះ ការជំរុញការប្រើប្រាស់របស់ពលរដ្ឋឡើងវិញដោយប្រសិទ្ធភាពនឹងក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់រដ្ឋភិបាល។ ចំណុចនេះគឺពិតជាមានភាពលំបាក ដោយសារតែបណ្តាញសុខមាលភាពសង្គមដែលមិនមានលក្ខណៈពេញលេញ និងដាច់ជាដុំៗ។

បណ្តាអាជ្ញាធរនៅតាមខេត្តនិងតាមតំបន់ បានជួបប្រទះនឹងការលំបាកក្នុងការគាំទ្រដោយផ្ទាល់ដល់ការប្រើប្រាស់ជាលក្ខណៈឯកជន ដោយសារតែកង្វះយន្តការមួយចំនួនដូចជា ការផ្ទេររូបិយវត្ថុដោយផ្ទាល់ ដែលមានតែនៅតាមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍ។

បច្ច័យនៃការអូសបន្លាយរយៈពេលដ៏វែងនៃការបិទខ្ទប់ស្ថិតក្រោមគោលនយោបាយ ZERO-COVID បានធ្វើឱ្យបណ្តាអាជីវកម្មតូចៗជាច្រើនត្រូវរងគ្រោះផ្នែកហិរញ្ញវត្ថុ ហើយវាក៏បានក្លាយជាសម្ពាធកាន់តែធំ សម្រាប់កំណើននៃការប្រើប្រាស់។ រដ្ឋាភិបាលកណ្តាលចាំបាច់ត្រូវតែដាក់ចេញនូវគោលនយោបាយដែលផ្តោតទៅលើការប្រើប្រាស់ និងមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើការវិនិយោគដើម្បីផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចនោះទេ។

សេដ្ឋកិច្ចឌីជីថល អាចក្លាយជាក្បាលម៉ាស៊ីនអូសទាញមួយនៃកំណើនសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់, អាចជួយបង្កើនការប្រើប្រាស់ឡើងវិញ និងអាចជួយលើកតម្កើងការធ្វើនវានុវត្តន៍នៅក្នុងពេលទន្ទឹមគ្នានោះ។ សន្និសីទថ្នាក់មជ្ឈឹមស្តីពីការងារសេដ្ឋកិច្ច បានបង្ហាញនូវជំហរគាំទ្រដល់បណ្តាសហគ្រាសដែលបានបង្កើតថ្នាលអនឡាញ និងបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ពួកគេនៅក្នុងកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ និងការប្រកួតប្រជែងជាសកល ដែលនេះគឺជាការផ្លាស់ប្តូរជំហរចេញពីការរឹតត្បិតយ៉ាងតឹងរ៉ឹងទៅលើវិស័យឧស្សាហកម្មកាលពីឆ្នាំ ២០២១។

ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺពិតជាមានសារៈសំខាន់ដល់ការងើបឡើងវិញនៃការប្រើប្រាស់។ ការទិញទំនិញតាមអនឡាញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ស្ថិរភាពសម្រាប់ការប្រើប្រាស់នៅឆ្នាំ ២០២០-២០២១។

បើគ្មានគោលនយោបាយ ZERO-COVID នៅឆ្នាំ ២០២៣ ទេនោះ ការលក់រាយទាំងនៅតាមអនឡាញ និងក្រៅអនឡាញត្រូវបានគេរំពឹងថានឹងហក់ឡើងវិញ ដោយសារតែពលរដ្ឋបានបង្កើនសកម្មភាពប្រើប្រាស់ ទាំងនៅក្នុងការធ្វើដំណើរ និងវិស័យទេសចរណ៍ ដែលកន្លងមកត្រូវបានពន្យាពេលដោយសារតែការរឹតត្បិតនៃជំងឺកូវីដ-១៩។

កំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ នឹងនៅតែបន្តចុះខ្សោយខ្លាំង ដោយសារតែប្រទេសចិនបានឈានដល់ចំណុចកំពូលនៃការឆ្លងជំងឺ និងកំពុងជាប់ដៃដោះស្រាយជាមួយនឹងវិបត្តិសុខភាពនោះជាបន្តបន្ទាប់។ ទាំងការប្រើប្រាស់ និងផលិតកម្មអាចនឹងចាប់ផ្តើមហក់ឡើងវិញចាប់ពីត្រីមាសទី២ នៅពេលដែលការឆ្លងជំងឺបានធ្លាក់ចុះវិញ ហើយពលរដ្ឋភាគច្រើនបានបន្សាំខ្លួនទៅនឹងវីរុសនោះ។

គេអាចរំពឹងថា សកម្មភាពសេដ្ឋកិច្ចអាចនឹងមានការងើបឡើងវិញដោយស្ថិតស្ថិរ ចាប់ពីពាក់កណ្តាលឆ្នាំនេះតទៅ ប្រសិនបើរដ្ឋាភិបាលមជ្ឈឹមបានដាក់ចេញនូវគោលនយោបាយដែលផ្តល់ស្ថិរភាពដល់កំណើនសេដ្ឋកិច្ច និងគ្មានការផ្ទុះនៃជំងឺកូវីដ-១៩ ដែលនឹងបង្កការរំខានដល់ការវិលទៅបំពេញការងារ និងការងើបឡើងវិញនៃការប្រើប្រាស់ទេនោះ។

ដោយសម្លឹងហួសពីឆ្នាំ ២០២៣ ទីក្រុងប៉េកាំងចាំបាច់ត្រូវតែដោះស្រាយបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់ ដូចជាកត្តាទីផ្សារ (factor markets) ដែលមិនទាន់មានការកែទម្រង់ ដើម្បីផ្តល់ចីរភាពដល់កំណើនដែលមានគុណភាពខ្ពស់។ រដ្ឋាភិបាលចាំបាច់ត្រូវតែបន្តផ្តល់តុល្យភាពឡើងវិញដល់សេដ្ឋកិច្ចក្នុងស្រុក ដើម្បីឱ្យកាន់តែមានប្រសិទ្ធផល, កាន់តែមានសមភាព និងកាន់តែធន់រឹង ដើម្បីជម្នះទៅនឹងលើវិបត្តិពីខាងក្រៅ និងដើម្បីសម្រេចបាននូវកម្រិត GDP សម្រាប់ពលរដ្ឋម្នាក់ៗ ក្នុងនាមជាប្រទេសអភិវឌ្ឍកម្រិតមធ្យមនៅត្រឹមឆ្នាំ ២០២៣៥៕

East Asia Forum

អត្ថបទទាក់ទង