ខ្មែរប៉ុស្ដិ៍ Close

ឆ្នាំ ២០២៣ មិនមែនជាឆ្នាំល្អនោះទេសម្រាប់ទំនាក់ទំនងការបរទេសរបស់សហរដ្ឋអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 84
ឆ្នាំ ២០២៣ មិនមែនជាឆ្នាំល្អនោះទេសម្រាប់ទំនាក់ទំនងការបរទេសរបស់សហរដ្ឋអាមេរិក លោក Ferdinand Marcos Jr (ឆ្វេង) និងប្រធានាធិបតីចិន Xi Jinping កំពុងគោរពទង់ជាតិនៃប្រទេសរបស់ពួកគេនៅលើឆាកមួយ នៅក្នុងពិធីស្វាគមន៍នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធទី ៤ ខែមករា ឆ្នាំ ២០២៣។ រូបថត៖ Xinhua

កិច្ចការសំខាន់បំផុតរបស់អ្នកការទូតកំពូលរបស់អាមេរិក Antony Blinken សម្រាប់ឆ្នាំថ្មីនេះ គឺការធានាឱ្យមានកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping ។ ឱកាសដែលលោក Blinken អាចធ្វើវាបាន គឺស្ទើរតែគ្មាន។ ហេតុផលនោះ​គឺ​ថា ​ចិន​កំពុង​តែ​នឿយណាយ​នឹងការមិនគោរពពាក្យសម្ដីរបស់លោក Biden ម្ដងហើយម្ដងទៀត។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានប្រាប់លោក Blinken តាមទូរសព្ទថា «ទង្វើលួងលោមយ៉ាងកក់ក្តៅ ទន្ទឹមនឹងការចាក់មួយកាំបិទពីក្រោយខ្នង កំពុងធ្វើឱ្យចិនធុញទ្រាន់»។

ពីកោះបាលី លោក Biden បានប្តេជ្ញាថានឹងមិនជ្រៀតជ្រែកទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ចិន, មិនបញ្ឆេះសង្រ្គាមត្រជាក់មួយថ្មីជាមួយចិន, មិនជ្រើសរើសសម្ព័ន្ធមិត្តដើម្បីចូលរួមប្រឆាំងនឹងចិន និងមិនលើកកម្ពស់ ឬគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ ហើយក៏នឹងមិនបដិសេធគោលការណ៍ចិនតែមួយដែរ។ លោក Biden ក៏ បានសន្យាទៀតថា សហរដ្ឋអាមេរិកមិនមានបំណងចង់បង្កើតជម្លោះយោធា, ធ្វើសង្គ្រាមសេដ្ឋកិច្ច, កាត់បន្ថយកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឬរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននោះឡើយ។

អ្នកសង្កេតការណ៍ឯករាជ្យរូបណាដែលគិតថា បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ម៉ោងដ៏ផ្អែមល្ហែមនោះមក លោក Biden នឹងចាប់យកឱកាសនោះដើម្បីចាត់វិធានការបន្ធូរបន្ថយភាពតានតឹងទ្វេភាគី គឺមិនមានកំហុសនោះទេ។

លោក Biden អាចលុបចោលសង្គ្រាមពន្ធគយដ៏ល្ងង់ខ្លៅដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតី Donald Trump និងបន្តដោយរដ្ឋបាលរបស់លោកផ្ទាល់បាន។ សង្រ្គាមពាណិជ្ជកម្មបានប្រឆាំងនឹងផលប្រយោជន៍របស់អាមេរិកដោយសារតែឱនភាពពាណិជ្ជកម្មបានបន្តផ្ដល់ប្រយោជន៍ដល់ប្រទេសចិន ខណៈដែលអាករលើតម្លៃបន្ថែមលើការនាំចូលរបស់ចិនបានបង្កើនសម្ពាធអតិផរណាសម្រាប់អ្នកប្រើប្រាស់ដែលជាជនជាតិអាមេរិក។ ប៉ុន្តែលោក Biden មិនបានលុបវាចោលនោះទេ។

លោក Biden ​អាច​លុបចោលការ​ហ៊ុមព័ទ្ធខាងវិស័យបន្ទះឈីបកុំព្យូទ័រ ដែល​លោក​បាន​ដាក់​លើ​ប្រទេស​ចិន​ដោយទុកជា​កាយវិការ​​សុច្ឆន្ទៈ។ ប៉ុន្តែលោក​មិនបានលុបវាចោលនោះទេ។

ផ្ទុយទៅវិញ លោក Biden បានចុះហត្ថលេខាលើច្បាប់ការពារជាតិ (National Defense Authorization Act – NDAA) ដែលរួមបញ្ចូលនូវជំនួយយោធាចំនួន ១០ ពាន់លានដុល្លារ ដល់កោះតៃវ៉ាន់ក្នុងទម្រង់ជាប្រាក់កម្ចី។ ដោយផ្តល់ក្នុងទំហំ ២ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លោក Biden បាន​បញ្ជា​ទិញជាមុនទៅកាន់​ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​អាមេរិក​ក្នុង​នាមកោះ​តៃវ៉ាន់​ និង​បាន​ផ្ញើ​វិក្កយបត្រ​ជាមួយនឹងការប្រាក់ទៅឱ្យរដ្ឋាភិបាល​ក្រុងតៃប៉ិ​។

ល្បិចរបស់ទីក្រុង Washington មួយនេះ គឺទីក្រុងតៃប៉ិត្រូវចំណាយប្រាក់ជាមុន មុននឹងអាវុធទំនើបៗអាចមកដល់នៅពេលអនាគតបាន។ ដោយផ្អែកលើកំណត់ត្រាកន្លងមក ការដែលថាទីក្រុងតៃប៉ិមិនចំណាយអ្វីសោះនោះ គឺមិនមែនជាការពិតនោះទេ។

បន្ទាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ទីក្រុង​វ៉ាស៊ីនតោន​ក៏​ត្រូវ​បាន​គេ​និយាយ​ថា បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បញ្ជូនអ្នក​សង្កេតការណ៍ឱ្យទៅ​អង្គុយ​នៅក្នុងបណ្ដា​ការិយាល័យ​របស់រដ្ឋាភិបាល​កោះតៃវ៉ាន់​សម្រាប់​រយៈពេល​​ ២ ​ឆ្នាំ។ ជាការពិតណាស់ អ្នកសង្កេតការណ៍តែងមានមធ្យោបាយក្នុងការក្លាយជាទីប្រឹក្សា ហើយនៅទីបំផុត នឹងក្លាយជារដ្ឋាភិបាលស្រមោលដែលនឹងធ្វើកិច្ចការជំនួស ដោយបង្វែររដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ឱ្យទៅជារដ្ឋាភិបាលខ្មោចឆៅ។

លោក Biden ក៏​បាន​ផ្ញើ​សារទៅ​កាន់ទីក្រុង​តៃប៉ិ​ផងដែរ​ថា រយៈពេល​នៃ​កាតព្វកិច្ច​យោធាសកម្ម​ត្រឹម ៤ ខែ ​គឺ​ខ្លី​ពេក។ លោកស្រីប្រធានាធិបតី Tsai ក៏បាន​បញ្ជា​ឱ្យ​កែប្រែ​លក្ខន្តិកៈ​នេះឱ្យ​ទៅ​ជា ១២ ខែជំនួសវិញ ដោយ​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០២៤។

អ្នករិះគន់នៅតៃវ៉ាន់បានសើចចំអកទង្វើនេះ ដោយពួកគេយល់ឃើញថា ការហ្វឹកហ្វឺនរយៈពេល ១២ ខែនឹងធ្វើឱ្យទាហានវ័យក្មេងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់និងបាញ់កាំភ្លើង (rifle) បាន ប៉ុន្តែមិនអាចមានឱកាសប្រឈមមុខនឹងកម្លាំងកាំភ្លើងទំនើបៗបាននោះទេ ប្រសិនបើកងទ័ពរំដោះប្រជាជនចិន (PLA) ចូលឈ្លានពានមែន។ ទោះយ៉ាងណា ការធ្វើឱ្យមនុស្សវ័យក្មេងទាំងនេះស្លាប់នៅក្នុងសង្គ្រាម នឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនពេញចិត្តក្នុងការធ្វើឱ្យកោះតៃវ៉ាន់ដើរតួជាកូនអុកប្រឆាំងនឹងប្រទេសចិន ដូចអ្វីដែលអ៊ុយក្រែនកំពុងដើរតួនៅក្នុងសង្គ្រាមកូនអុកជាមួយរុស្ស៊ីដូច្នោះដែរ។

ជាការពិតណាស់ ការវិវត្តទាំងអស់ដែលទាក់ទងនឹងកោះតៃវ៉ាន់ គឺផ្ទុយគ្នា ១៨០ អង្សារទៅនឹងការសន្យាដ៏ឧឡារិក ដែលលោក Biden បានធ្វើនៅឯកិច្ចប្រជុំកំពូល G20 នៅកោះបាលី។

មានមេរៀនចំនួន២ ដែលពិភពលោកអាចរៀនសូត្របានពីបទពិសោធន៍នេះ។ ទី១: គឺថា «អ្វីដែលមេដឹកនាំអាមេរិកនិយាយ គឺមិនអាចជឿទុកចិត្តបានទេ» «ពោលគឺការសន្យារបស់ពួកគេ មិនមែនជាកាតព្វកិច្ចនោះទេ»។ ទី២: អាមេរិក​នឹង​ធ្វើសកម្មភាព​ទាំងឡាយណាដែលបម្រើដល់​ផលប្រយោជន៍ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ ហើយ​ប្រទេសនេះមិន​ខ្វល់ខ្វាយ​ពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឡើយ។ ការចាត់ទុកកោះតៃវ៉ាន់ជារដ្ឋចំណុះមួយដ៏គួរឱ្យអាណិតអាសូរ គឺគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។

សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកបានមើលឃើញរួចមកហើយនូវការបង់ថ្លៃក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ជុំវិញការគាំទ្រសង្គ្រាមកូនអុកនៅអ៊ុយក្រែន។ ខណៈពេលដែលអ៊ុយក្រែននិងរុស្ស៊ីត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកចាញ់ដ៏ធំនៅក្នុងជម្លោះនេះ អឺរ៉ុបមិនបានរំពឹងទេថា ខ្លួននឹងក្លាយជាជនរងគ្រោះនៃអតិផរណាដ៏គំហុក (runaway inflation)។ ការកើនឡើងនៃអតិផរណា គឺដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ី ដែលរុស្ស៊ីបានសងសឹកវិញតាមរយៈការបញ្ឈប់ការបញ្ជូនឧស្ម័ន និងប្រេងទៅកាន់សហភាពអឺរ៉ុប។

ដូចដែលប្រធានាធិបតីបារាំង Emmanuel Macron បានសង្កេតឃើញយ៉ាងជូរចត់ហើយថា ប្រជាជននៅអឺរ៉ុបត្រូវបានផ្តល់ការសង្គ្រោះជាមួយនឹងឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ប៉ុន្តែក្នុងតម្លៃដែលថ្លៃជាងតម្លៃក្នុងស្រុកអាមេរិកចំនួន ៤ ដង។ ដូច្នេះ ទន្ទឹមនឹងការដែលសហភាពអឺរ៉ុបចំណាយប្រាក់ស្ទើររីងខ្លួនដើម្បីទទួលបានថាមពលមកប្រើប្រាស់ ជនជាតិអាមេរិកឯណោះវិញបានប្រមូលប្រាក់ចំណេញកប់ក្ដោង។ វាគឺស្ទើរ​តែមិនមែន​ជាទង្វើដែលប្រកបដោយ​សីលធម៌​ ឬ​កិត្តិយសនោះទេចំពោះ​សម្ព័ន្ធមិត្ត។

អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានមើលឃើញនូវភាពច្រំដែលរបស់អាមេរិកដែរ ហើយលោកក៏បានរៀបចំយ៉ាងរហ័សនូវដំណើរទស្សនកិច្ចរយៈពេល ១១ ម៉ោងទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយលោក Xi Jinping នៅដើមខែវិច្ឆិកា មុនពេលនៃកិច្ចប្រជុំ G20។ លោកបានដឹកនាំគណៈប្រតិភូនាយកប្រតិបត្តិជាន់ខ្ពស់ដើម្បីបញ្ជាក់សាជាថ្មី និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឡើងវិញជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ ជាពិសេសគឺវាមានសារៈសំខាន់ណាស់នៅពេលដែលអឺរ៉ុបត្រូវប្រឈមមុខនឹងអតិផរណាដែលកំពុងបន្តកើនឡើង។

លោក Macron ក៏មើលឃើញអំពីភាពបន្ទាន់នៃការកសាងទំនាក់ទំនងសេដ្ឋកិច្ចរបស់បារាំងជាមួយប្រទេសចិន និងកំពុងមមាញឹករៀបចំដំណើរទស្សនកិច្ចផ្ទាល់ខ្លួនលោកទៅកាន់ប្រទេសចិនផងដែរ។ វាពិបាកណាស់ថា តើទស្សនកិច្ចរបស់លោកនឹងត្រូវធ្វើឡើងនៅពេលណា។

ប្រមុខរដ្ឋនៃប្រទេសអ៊ីតាលី អូស្ត្រាលី និងនូវែលសេឡង់ ក៏កំពុងស្វះស្វែងចូលជួបជាមួយលោក Xi ផងដែរ។ ពួកគេទាំងអស់មើលឃើញថា ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនទោះក្នុងទម្រង់ណាក៏ដោយ គឺជាចំណុចអាទិភាពនៅលើរបៀបវារៈថ្នាក់ជាតិរបស់ពួកគេ។

ទោះយ៉ាង​ណា​ មេដឹកនាំ​ដំបូង​គេដែល​បានទៅ​ជួប​លោក Xi ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. ដែល​លោក​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃនៅទីនោះ។ ដូចដែល Asia Times បានរាយការណ៍ហើយថាប្រទេសហ្វីលីពីនកំពុងត្រូវការការវិនិយោគមូលធនពីបរទេសយ៉ាងខ្លាំង ជាពិសេសគឺជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ចិន។

សូមអាន លោក Marcos Jr កំពុងត្រូវការយ៉ាងខ្លាំងនូវគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

ដោយត្រូវបានស្នើឡើងជាលើកដំបូងដោយលោក Xi ក្នុងឆ្នាំ ២០១៣ គំនិតផ្ដួចផ្ដើម BRI បានក្លាយជាយន្តការការទូតរបស់ប្រទេសចិន។ មានប្រទេសជិត ១៥០ បានចុះឈ្មោះដើម្បីក្លាយជាសមាជិកនៃ BRI នៅចុងឆ្នាំ ២០២២។ គម្រោង BRI ជាច្រើនពាក់ព័ន្ធនឹងការកសាងច្រករបៀងដឹកជញ្ជូនតាមរយៈរថភ្លើង ឬផ្លូវហាយវេព្រមទាំងកំពង់ផែ និងកន្លែងចូលចតនាវា (harbors)។

គម្រោងហេដ្ឋារចនាសម្ព័ន្ធរបៀបនេះបានអនុញ្ញាតឱ្យប្រទេសម្ចាស់ផ្ទះចូលរួម ឬពង្រីកនូវការចូលរួមរបស់ខ្លួននៅក្នុងការធ្វើពាណិជ្ជកម្មរបស់ពិភពលោក។ គម្រោងផ្សេងទៀតពាក់ព័ន្ធនឹងមន្ទីរពេទ្យ បណ្ណាល័យ និងសាលារៀន។ គម្រោងទាំងអស់ត្រូវបានបង្កើតឡើងដើម្បីជួយដល់កំណើនសេដ្ឋកិច្ចនៃប្រទេសម្ចាស់ផ្ទះ។

គម្រោងទាំងនោះត្រូវបានផ្តល់ហិរញ្ញប្បទានដោយ ប្រទេសចិនក្នុងអត្រាការប្រាក់ទាបជាងទីផ្សារ ហើយសូម្បីតែក្នុងករណីខ្លះ ប្រទេសចិនថែមទាំងមិនយកការប្រាក់ទៀតផង។ ក្រុមហ៊ុនចិនជាអ្នកដឹកនាំគម្រោង, គ្រប់គ្រង និងជាអ្នកផ្ដល់បច្ចេកវិទ្យាដើម្បីដំណើរការគម្រោងនីមួយៗ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនធុញទ្រាន់នឹងការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងពីអ្នកនយោបាយក្រុងវ៉ាស៊ីនតោន។ ឥឡូវនេះ ជាមួយនឹងគម្រោងរាប់រយដែលកំពុងដំណើរការនៅជុំវិញពិភពលោក គំនិតផ្ដួចផ្ដើម BRI ត្រូវបានគេទទួលយកយ៉ាងច្រើននៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ ប្រទេសលោកខាងលិចទាំងឡាយណាដែលនៅតែព្រមានអំពី «អន្ទាក់បំណុលការទូតរបស់ចិនទៀត» នឹងត្រូវទទួលរងនូវការមាក់ងាយ និងការមិនរាប់រក។

សាររបស់ចិនគឺងាយស្រួលយល់ណាស់។ វាគឺជាការបម្រើឱ្យការធ្វើពាណិជ្ជកម្មដោយបើកចំហ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ វា​មិន​តម្រូវ​ឱ្យ​មាន​ការ​សន្យា​ខាងភូមិសាស្ត្រ​នយោបាយ​ តាមរយៈការបង្ហាញ អំពី​ភក្ដីភាព ​ឬ​ការចូលរួមជាមួយនោះឡើយ​។ ហើយ​វា​ក៏មិនចង់ឈ្លោះប្រកែកទេថា តើនរណា​មាន​និយមន័យស្ដី​ពីសិទ្ធិមនុស្ស ឬ​លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវជាង ឬថាតើនរណាជាអ្នកត្រូវនោះដែរ។

បន្ទាប់ពីសមាជប្រជាជនលើកទី ២៥ កាលពីចុងខែតុលា មក លោក Xi បានចាប់ផ្តើមជួបជាមួយមេដឹកនាំមកពីបណ្ដាប្រទេសផ្សេងៗ។ ប្រធានបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយភ្លាមៗបន្ទាប់ពីនោះ គឺលោក Scholz របស់អាល្លឺម៉ង់។

បន្ទាប់មក លោក Xi បានចាកចេញពីទីក្រុងប៉េកាំងទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅ ប្រទេសថៃ។ មេដឹកនាំជាច្រើន បានតម្រង់ជួរគ្នាដើម្បីជួបជាមួយលោក Xi នៅក្រៅកិច្ចប្រជុំកំពូលទាំងពីរ ដោយមានបំណងចង់បង្កើតទំនាក់ទំនងទ្វេភាគីឡើងវិញ និងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេស ដែលមានទំហំពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
ក្រោយ​មក​ប្រធានាធិបតី Xi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ៣ ថ្ងៃ​ទៅ​កាន់ប្រទេស​អារ៉ាប៊ីសាអូឌីត។ នៅទីក្រុងរីយ៉ាដ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រេងតម្លៃ ២៥ ពាន់លានដុល្លារ។

ប្រទេសអារ៉ាប៊ីសាអូឌីតក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងរដ្ឋចិន-អារ៉ាប់នៅអំឡុងពេលនៃទស្សនកិច្ចរបស់លោក Xi និងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រផងដែរ ដែលរួមមានអារ៉ាប៊ីសាអូឌីត, បារ៉ែន, គុយវ៉ែត, អូម៉ង់, កាតា និង អារ៉ាប់រួម។

ក្រៅពីភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២៥ ឆ្នាំរបស់ចិនជាមួយអ៊ីរ៉ង់ ឥឡូវនេះចិនអាចអះអាងអំពីការចងមិត្តភាពជាមួយប្រជាជនជាង ១,៨ ពាន់លាននាក់នៃពិភពអ៊ីស្លាម មិនថាពួកស៊ុននីស ឬពួកស៊ីអ៊ីតនោះទេ។

នៅមុនដំណាច់ឆ្នាំ ២០២២ ប្រទេសចិនក៏បានចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអេក្វាឌ័រដែលជាកិច្ចព្រមព្រៀងទី ៤ នៅតំបន់ក្បែរខាងសហរដ្ឋអាមេរិក បន្ថែមពីលើប្រទេសឈីលី កូស្តារីកា និងប៉េរូ។

ផ្ទុយពីអ្វីដែលបុរសចំណាស់ដ៏ឈ្លាសវៃនៃលោកខាងលិចកំពុងប្រាប់ទីក្រុងវ៉ាស៊ីនតោន, ការធ្វើពាណិជ្ជកម្មនៃពិភពលោកនិងសកលភាវូបនីយកម្មគឺមិនទាន់ទៅណាឆ្ងាយទេ ហើយវាកំពុងមានប្រជាប្រិយភាពជាងពេលណាៗទាំងអស់ ជាមួយប្រទេសដែលមិនមែនជាសមាជិកនៃក្រុម G7។

សម្រាប់ឆ្នាំ ២០២៣ មានការវិវឌ្ឍដ៏ធំមហិមាចំនួន ២ ដែលអាចធ្វើឱ្យអាមេរិកមានការ ភ្ញាក់ផ្អើល។ ទី១: គឺ​ការ​ទម្លាប់ប្រើ​ប្រាស់​ប្រាក់យ័នរបស់ចិនជា​មធ្យោបាយ​ទូទាត់​ថ្លៃថាមពល​ពី​មជ្ឈិមបូព៌ា។

អន្តរភាវូបនីយកម្មនៃប្រាក់យ័នបានវិវឌ្ឍទៅមុខបន្តិចម្តងៗ ហើយទីក្រុងវ៉ាស៊ីនតោនអាចនឹងមានការភ្ញាក់ផ្អើល ដូចជាកង្កែបនៅក្នុងឆ្នាំងទឹកក្ដៅដូច្នោះដែរ។ ការជំនួសទាំងស្រុងនៃការប្រើប្រាស់ប្រាក់ដុល្លារ នឹងមិនទំនងកើតមាននៅក្នុងឆ្នាំ ២០២៣ នោះទេ ប៉ុន្តែការប្រើប្រាស់ប្រាក់យ័នចិននៅក្នុងការទូទាត់ថ្លៃថាមពលអាចនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនជួបនូវសុបិន្តអាក្រក់ទាំងកណ្ដាលថ្ងៃត្រង់។

ទី២: កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ គឺ​ជាការបន្ត​ពិភាក្សា​រវាង​រុស្ស៊ី​និង​ចិន​សម្រាប់​កិច្ច​សហការ​ដ៏​ធំ​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​តំបន់​ស៊ីបេរី។ ដូចដែលបាន ពិភាក្សានៅក្នុង Asia Times រួចមកហើយ ការដាក់ទណ្ឌកម្មនិងសម្ពាធរបស់អាមេរិកទៅលើប្រទេសរុស្ស៊ី បានបង្ខំឱ្យប្រធានាធិបតី Vladimir Putin ធ្វើឱ្យសម្ព័ន្ធភាពនិងការពឹងផ្អែកលើប្រទេសចិនកាន់តែមានភាពស៊ីជម្រៅ។

សូមអាន លោក Vladimir Putin និងហានិភ័យនៃសង្គ្រាមលោកលើកទី៣

បើតាមប្រវត្តិសាស្ត្រ រុស្ស៊ីតែងតែមានការប្រុងប្រយ័ត្នក្នុងការបើកទ្វារតំបន់ស៊ីបេរីដើម្បីទទួលការវិនិយោគរបស់ចិន ដោយសារខ្លាចបាត់បង់ការគ្រប់គ្រងលើទឹកដីនេះ ព្រោះតែចំនួនដ៏ច្រើននៃប្រជាជនចិនដែលអាចនឹងហៀរចេញទៅជន់លិចតំបន់ដែលគ្របដណ្ដប់ដោយទឹកកកមួយនេះ។ ឥឡូវនេះ លោក Putin កំពុងចង់ដឹងយ៉ាងខ្លាំងអំពីសក្ដានុពលទាំងស្រុងនៃផ្ទៃដីចំនួន ៤០% ដែលកំពុងលាក់ខ្លួននៅក្រោមទឹកកក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កិច្ចព្រមព្រៀងដែលមានស្រាប់ពាក់ព័ន្ធនឹងប្រទេសចិន រួមមានការវិនិយោគចំនួន ១៦០ ពាន់លានដុល្លារលើគម្រោងចំនួន ៧៩។ គម្រោង​ទាំង​នោះ​មិន​ត្រឹម​តែ​រួម​បញ្ចូល​ទាំង​ការ​ទាញ​យក​ប្រេង ឧស្ម័ន និង​រ៉ែ​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏​នឹង​គ្រប​ដណ្តប់​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម យានយន្ត គ្រឿងចក្រ និង​ទូរគមនាគមន៍​ផង​ដែរ។

ប្រទេសចិនមានលុយ បច្ចេកវិទ្យា ចំណេះដឹង ហើយសំខាន់បំផុតគឺធនធានមនុស្សដែលប្រឹងប្រែង និងឧស្សាហ៍ព្យាយាមធ្វើការ។ រុស្ស៊ីត្រូវការការអភិវឌ្ឍសេដ្ឋកិច្ចដែលកើតចេញពីវិស័យឧស្សាហកម្ម។

ឥឡូវនេះ បើនិយាយតាមន័យធៀប ខណៈពេលដែលលោក Blinken កំពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវរង់ចាំការកោះហៅដើម្បីទៅពិភាក្សាអំពីកិច្ចប្រជុំកំពូល Biden-Xi មួយផ្សេងទៀត លោកត្រូវតែត្រៀមខ្លួនដើម្បីឆ្លើយនឹងសំណួរចំនួន ២ ពីលោក Qin Gang ដែលជារដ្ឋមន្ត្រីការបរទេសចិនទើបតែងតាំងថ្មី។ សំណួរទាំង ២ នោះមានដូចជា:

១-តើអ្វីទៅជាការចង់បានពីកិច្ចប្រជុំកំពូលថ្មីមួយនេះ?
២-តើមានអ្វីដែលត្រូវលើកមកនិយាយទៀត?

មេដឹកនាំស្ទើរតែគ្រប់ប្រទេសទាំងអស់ត្រូវបានអញ្ជើញឱ្យទៅជួបជាមួយលោក Xi នៅទីក្រុងប៉េកាំង។ ប្រហែលជាមានឱកាសបន្តិចបន្តួចដែលលោក Xi នឹងស្នើ​សុំ​ជួបលោក Biden នៅទីក្រុង Xiamen។

ក្រៅពីទីក្រុង​ប៉េកាំង ទីក្រុង Xiamen បង្ហាញ​និម្មិតរូបច្រើនយ៉ាង។ បើមើលពីទីក្រុង Xiamen គេនឹងឃើញកោះ Kinmen ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលទីក្រុងតៃប៉ិ។

ទីក្រុងXiamen មិនត្រជាក់ពេក ហើយប្រកបដោយទេសភាពស្អាតៗ ប៉ុន្តែប្រហែលជាលោក Biden នឹងមិនខ្វល់នោះឡើយ។ លោក Biden ប្រហែលជាគិតថា លោកត្រូវបានគេដឹកទៅកាន់តំបន់ Caribbean ផងក៏មិនដឹង។

ជាការពិតណាស់ លោកBiden ក៏អាចប្រគល់ត្រឡប់មកវិញនូវការសរសើរ និងការផ្តល់ជូនប្រទេសម្ចាស់ផ្ទះនូវការត្រឡប់មកវិញនៃកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងតៃប៉ិ។ ទោះយ៉ាងណា សហរដ្ឋអាមេរិក​បាន​កាន់កាប់​ទីក្រុង​ និង​រដ្ឋាភិបាល​នៅ​ទីនោះ​រួចស្រេចទៅហើយ​៕

Asia Times