ខ្មែរប៉ុស្ដិ៍ Close

មូលហេតុ ៥ យ៉ាងដែលយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នឹងពិបាកស្វែងរកការគាំទ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
មូលហេតុ ៥ យ៉ាងដែលយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នឹងពិបាកស្វែងរកការគាំទ្រ មូលហេតុ ៥ យ៉ាងដែលយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នឹងពិបាកស្វែងរកការគាំទ្រ

នៅខែក្រោយ សហរដ្ឋអាមេរិកមានគម្រោងបង្កើតផែនការថ្មីមួយក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដែលនោះគឺក្របខណ្ឌ IPEF ឬក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework)។

បន្ទាប់ពីការប្រកាសអំពីផែនការនេះកាលពីឆ្នាំមុន ជាមួយនឹងការចាត់ទុកវាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមស្តីពី «ការកសាងពិភពលោកឱ្យប្រសើរឡើងវិញ» «Build Back Better World» ប្រធានាធិបតីអាមេរិក Joe Biden បានចាត់ទុកក្របខណ្ឌនេះជាការចាប់ផ្តើមយុគសម័យថ្មីនៃការដឹកនាំរបស់អាមេរិកនៅទូទាំងតំបន់អាស៊ី។

វិធានការទាំងនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការដែលចង់ឱ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែច្រើននៅក្នុងតំបន់ បន្ថែមពីលើការផ្តោតអាទិភាពលើបញ្ហាសន្តិសុខនិងយោធានៅតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូង។ វាក៏ជាចេតនាក្នុងការស្តារឡើងវិញក្នុងន័យស្ថាបនាផងដែរបន្ទាប់ពីលោក Donald Trump បានលុបចោលនូវការចូលរួមជាច្រើន។

វានៅមានរឿង ដែលមិនទាន់ច្បាស់លាស់ជាច្រើន ក៏ប៉ុន្តែរឿងដ៏ច្បាស់លាស់បំផុតមួយនោះគឺ «ផែនការនេះនឹងមិនរាប់បញ្ចូលប្រទេសចិននោះទេ ហើយវានឹងព្យាយាមទប់ស្កាត់ឥទ្ធិពលរបស់ចិន»។

ក្រុមរបស់លោក Biden បាននិយាយថា «ក្របខណ្ឌ IPEF នឹងឈរលើគោលការណ៍គ្រឹះចំនួន ៤ ដែលរួមមានការធ្វើពាណិជ្ជកម្មដោយស្មើភាពគ្នា និងប្រកបដោយភាពធន់, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏រឹងមាំ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកថាមពលស្អាត និងការកាត់បន្ថយកាបូន និងកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកពន្ធដារ និងការប្រឆាំងនឹងអំពើពុករលួយ។

ក្របខណ្ឌនេះនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិក និងក្រសួងពាណិជ្ជកម្ម ហើយវាមានគោលបំណងចម្បងមួយ ដែលនោះគឺ «ការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយនៅត្រឹមខែវិច្ឆិកាឆ្នាំនេះនៅក្នុងកិច្ចប្រជុំថ្នាក់មេដឹកនាំ Apec ដែលអាមេរិកធ្វើជាប្រធាន»។

ប៉ុន្តែនៅមុនពេលដែលក្របខណ្ឌ IPEF ត្រូវបានបង្កើតឡើង មនុស្សមួយចំនួនបានលើកឡើងនូវការសង្ស័យអំពីប្រសិទ្ធភាពរបស់វា ដោយក្នុងនោះបញ្ហា ទី១ គឺ «ក្តីកង្វល់ទៅ លើសមត្ថភាពរបស់ក្រុមរបស់លោក Biden ក្នុងការអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ខណៈដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនូវបញ្ហាក្នុងការបង្កើតការងារនៅក្នុងស្រុក ក៏ដូចជាការ បង្កើនឱកាសនាំចេញសម្រាប់រោងចក្ររបស់អាមេរិក»។

គណបក្សប្រជាធិបតេយ្យតែងតែមានមន្ទិលសង្ស័យលើអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើពាណិជ្ជកម្ម និងសាកលភាវូបនីយកម្ម ហើយការធ្វើពាណិជ្ជកម្មបានក្លាយជាបញ្ហាដ៏ស្មុគស្មាញមួយនៅអាមេរិក។

មនុស្សជាច្រើននៅជុំវិញលោក Biden អាចនឹងលើកឡើងថា «ការលើកឡើងអំពីការផ្តួចផ្តើមគំនិតទាក់ទងនឹងការធ្វើពាណិជ្ជកម្មនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ នឹងបង្កើនហានិភ័យនៃការឈានទៅរកការចាញ់ឆ្នោត»។

នៅមុនពេលការ ប្រកាសអំពីសេចក្តីលម្អិតនៃក្របខណ្ឌនេះ មជ្ឈមណ្ឌលស្តីពីការសិក្សាអំពីយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) បានចេញផ្សាយនូវការវាយតម្លៃដ៏ទូលំទូលាយមួយ។ ដោយផ្អែកលើបទសម្ភាសន៍ជាមួយបណ្តារដ្ឋាភិបាលនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របាយការណ៍នោះបានលើកឡើងថា «បណ្តារដ្ឋាភិបាលភាគច្រើននឹងស្វាគមន៍ការចូលរួមផ្នែកសេដ្ឋកិច្ចប្រកបដោយអត្ថន័យនៅទូទាំងតំបន់ប៉ាស៊ីហ្វិក ក៏ប៉ុន្តែពួកគេបានលើកឡើងនូវក្តីកង្វល់ជាច្រើន»។

ទី១ ៖ វាមានពាក់ព័ន្ធនឹងការលើកទឹកចិត្ត (Incentive)

របាយការណ៍របស់ CSIS បានកត់សម្គាល់ថា «សំណើររបស់អាមេរិកមានរួមបញ្ចូលនូវការងារជាច្រើន ក៏ប៉ុន្តែវាមិនមានផ្តល់នូវការលើកទឹកចិត្តច្រើននោះទេ»។

សម្រាប់រដ្ឋាភិបាលទាំងអស់នៅក្នុងតំបន់ដែលបានចូលរួមនៅក្នុងកិច្ចសម្ភាសន៍ ពួកគេចង់បានការចូលទៅកាន់ទីផ្សារអាមេរិកឱ្យបានកាន់តែច្រើនជាងមុន ក៏ប៉ុន្តែគណបក្សប្រជាធិបតេយ្យរបស់លោក Biden អាចនឹងមិនផ្តល់ឱកាសបែបនេះ ដល់ពួកគេទេ។

ទី២ ៖ ក្របខណ្ឌ IPEF មានបង្កប់នូវគុណតម្លៃប្រហាក់ប្រហែលគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃទៀត មិនថាជាកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនោះទេ

រដ្ឋាភិបាលជាច្រើន នៅទូទាំងតំបន់អាចនឹងមើលឃើញនូវការផ្តោតជាសំខាន់លើវិស័យឌីជីថល ក៏ប៉ុន្តែវឌ្ឍនភាពដ៏យឺតយ៉ាវនៅក្នុងវេទិការពាណិជ្ជកម្មផ្សេងៗទៀត អាចនឹងជះឥទ្ធិពលអវិជ្ជមានលើវឌ្ឍនភាពផ្នែកឌីជីថលដែលផ្តល់ឱ្យដោយក្របខណ្ឌ IPEF។

ទី៣ ៖ សំណួរពាក់ព័ន្ធនឹងសមាជិកភាព

មនុស្សមួយចំនួនយល់ស្របថា «ក្របខណ្ឌ IPEF គួរផ្តោតតែទៅលើសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានរបស់អាមេរិកនៅក្នុងតំបន់ ដូចជាអូស្ត្រាលី, នូវែលសេឡង់, ជប៉ុន, កូរ៉េខាងត្បូង និងអាចបូករួមទាំងសិង្ហបុរី»។

ចំណុចអវិជ្ជមាននោះគឺថា «មនុស្សជាច្រើនអាចនឹងគិតថា ក្របខណ្ឌនេះនឹងក្លាយជាការបញ្ជាក់ថា សហរដ្ឋអាមេរិកខ្វាយខ្វល់តែលើបញ្ហាសន្តិសុខ-យោធានៅក្នុងតំបន់ប៉ុណ្ណោះ និងមិនបានការខ្វល់ខ្វាយលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនោះទេ»។

ចំណុចសំខាន់មួយគឺ «តើតៃវ៉ាន់នឹងត្រូវបានរាប់បញ្ចូលនៅក្នុងក្របខណ្ឌនេះដែរឬទេ»។ ប្រទេសភាគច្រើនចង់ឱ្យសមាជិកភាពមានលក្ខណៈទូលំទូលាយ ពីព្រោះការធ្វើបែបនេះនឹងជួយពង្រីកការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ជាពិសេសពីព្រោះសមាជិកអាស៊ានទាំង ១០ ចង់ចូលរួមក្នុងនាមជាប្លុកមួយ។

ទី៤ ៖ បញ្ហាទាក់ទងនឹងចិន

រដ្ឋាភិបាលជាច្រើន នៅក្នុងតំបន់បានលើកឡើងនូវមន្ទិលសង្ស័យលើគុណតម្លៃនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចដែលមិនរាប់បញ្ចូលចិន ហើយសម្រាប់ប្រទេសជាច្រើន ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាវិនិយោគិនដ៏សំខាន់របស់ពួកគេ។ រឿងនេះអាចនឹងនាំ មកនូវបញ្ហាប្រឈមជាច្រើន។

សូម្បីតែសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ដូចជាអូស្ត្រាលីជាដើម ក៏មានការនាំចេញទំនិញទៅកាន់ប្រទេសចិនច្រើនជាងសហរដ្ឋអាមេរិករហូតដល់ទៅ ១៣ ដងផងដែរ ហើយបណ្តាបប្រទេសអាស៊ីអាគ្នេយ៍ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតផងដែរជាមួយខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅចិន។

នៅឆ្នាំ២០២១ ការធ្វើពាណិជ្ជកម្មរវាងចិន និងអាស៊ានមានចំនួន ៨៧៨ ពាន់លានដុល្លារ ដែលច្រើនជាងការធ្វើពាណិជ្ជកម្មរវាងអាស៊ានជាមួយនឹងអាមេរិក ដែលមានចំនួនត្រឹមតែ ៣៨៤ ពាន់លានដុល្លារប៉ុណ្ណោះ។

ចំណុចចុងក្រោយគឺមានជាប់ពាក់ព័ន្ធនឹងភាពគង់វង្សយូរអង្វែង

ការមិនអើពើចំពោះពហុភាគីនិយមនៅក្រោមសម័យកាលដឹកនាំរបស់លោក Trump បានបង្កជាមន្ទិលសង្ស័យលើការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកិច្ចព្រមព្រៀងនៅក្រោមក្របខណ្ឌ IPEF។

ទោះបីជាការសន្យារបស់ Biden អាចជឿទុកចិត្តបានក៏ដោយ ក៏លទ្ធភាពនៃការបាត់បង់ការគ្រប់គ្រងលើសភានៅខែវិច្ឆិកា បូករួមនឹងឥទ្ធិពលសេសសល់របស់លោក Trump នៅក្នុងគណបក្សសាធារណរដ្ឋបានបង្កក្តីកង្វល់ខ្លាំងអំពីភាពគង់វង្សនៃភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្រោយឆ្នាំ ២០២២។

របាយការណ៍របស់ CSIS បានសន្និដ្ឋានថា «ភាពជោគជ័យអាចកើតមាន ប្រសិនបើបណ្តាប្រទេសជាដៃគូយល់ថា ពួកគេនឹងទទួលបានផលប្រយោជន៍ពីការចូលរួម និងប្រសិនបើពួកគេបានឃើញថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តចំពោះការចូលរួមរយៈពេលវែង»។

របាយការណ៍នោះបានស្នើឱ្យលោក Biden បង្ហាញមហិច្ឆិតាឱ្យបានកាន់តែខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដែលអាចផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយអត្ថន័យ និងប្រកបដោយបរិយាប័ន្ន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនផ្សេងទៀតត្រូវបានបង្កើតឡើងនៅទូទាំងតំបន់ ដែលរួមមានដូចជា Apec, CPTPP ដែលលោក Trump បោះបង់ចោល និងកិច្ចព្រមព្រៀង RCEP។

កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ នឹងមិនសូវមានសារៈប្រយោជន៍នោះទេ ប្រសិនបើវាមិនរាប់បញ្ចូលប្រទេសសេដ្ឋកិច្ចធំជាងគេទាំង ២ របស់ពិភពលោក។ អត្ថប្រយោជន៍នឹងទទួលបានកាន់តែច្រើនតាមរយៈការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។ South China Morning Post

អត្ថបទទាក់ទង