Asia Times ៖ សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង
ការប្រកួតប្រជែងខាងផ្នែកយោធារវាងចិននិងអាមេរិក នៅក្នុងដែនទឹករបស់ទ្វីបអាស៊ី បានឈានទៅកម្រិតកំពូលហើយ ជាមួយនឹងផលវិបាកដ៏មហន្តរាយសម្រាប់តំបន់នេះ។
នៅដើមខែនេះ នាវាផ្ទុកយន្តហោះ USS Carl Vinson បានធ្វើសមយុទ្ធកងទ័ពជើងទឹករយៈពេល ៥ថ្ងៃ ជាមួយនឹងក្រុមនាវាប្រយុទ្ធ Essex Amphibious Ready (ARG) នៅជិតក្រុមប្រជុំកោះស្ព្រែតលី ជាទីដែលកំពុងមានជម្លោះយ៉ាងក្តៅគគុកនៅសមុទ្រចិនខាងត្បូង។
សមយុទ្ធនេះបានចាប់ផ្តើមលឿនជាងឆ្នាំមុនចំនួន ២ សប្ដាហ៍ ដែលជាការបង្ហាញអំពីទឹកចិត្តពុះកញ្ជ្រោលរបស់មន្ទីរបញ្ចកោណ ក្នុងការប្រឆាំងនឹងការអះអាងរបស់កងទ័ពជើងទឹកចិននៅក្នុងតំបន់នេះ។
មេដឹកនាំអាស៊ីជាច្រើនបានភ័យខ្លាចថា សហរដ្ឋអាមេរិកអាចនឹងដកថយនូវវិធីសាស្រ្តដ៏រឹងមាំរបស់ខ្លួនចំពោះប្រទេសចិន បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែង។ ប៉ុន្តែរឿងផ្ទុយពីនេះបានកើតឡើង។
បន្ទាប់ពីជ័យជម្នះរបស់លោក ចូ បៃឌិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ការភ័យស្លន់ស្លោមួយកម្រិតបានស្ថិតនៅជាមួយសម្ព័ន្ធមិត្តអាមេរិកមួយចំនួននៅអាស៊ី។
ទោះបីជាមិនមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចនិងអាស៊ីបូព៌ា ដូចជាប្រទេសជប៉ុននិងកូរ៉េខាងត្បូងក្ដី ក៏អតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេកោតសរសើរជាទូទៅនៅបណ្ដាប្រទេសដែលកំពុងប្រឈមមុខជាមួយចិន ដូចជាកោះតៃវ៉ាន់, វៀតណាម, ហ្វ៊ីលីពីន និងឥណ្ឌា ថាលោក ជារបាំងដែលជួយពួកគេប្រឆាំងនឹងចិន។
ជាមួយនឹងការវិលត្រឡប់របស់គណបក្សប្រជាធិបតេយ្យមកកាន់សេតវិមានវិញ មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវិធីសាស្រ្តដ៏អាក្រក់របស់អាមេរិកចំពោះប្រទេសចិន។
នៅកោះតៃវ៉ាន់ លោកស្រីប្រធានាធិបតី សៃ អ៊ីង វែង បានសារភាពថា រដ្ឋាភិបាលរបស់លោកស្រីបាន «តាមដានការបោះឆ្នោតនៅអាមេរិក» យ៉ាងដិតដល់ ប៉ុន្តែបានព្យាយាមធានាចំពោះអ្នកគាំទ្ររបស់លោកស្រី ដែលកំពុងភ័យស្លន់ស្លោរថា «មិនថា លទ្ធផលនៃការបោះឆ្នោតនឹងទៅជាអ្វីនោះទេ ទំនាក់ទំនងទៅមករវាងអាមេរិកជាមួយកោះនេះនឹងមិនផ្លាស់ប្ដូរនោះទេ។ យើងនឹងបន្តពង្រឹងទំនាក់ទំនងរវាងកោះតៃវ៉ាន់ជាមួយនិងអាមេរិកដោយផ្អែក លើមូលដ្ឋានដែលមានស្រាប់នេះ»។
ប៉ុន្តែសមាជិកនៃគណបក្សរបស់លោកស្រី ដូចជាសមាជិកសភា លោក Huang Shih-chieh បានសម្តែងនូវការភ័យខ្លាចថានឹងមានការបង្វែរទិសដៅនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកមកជា «មិត្តរបស់ចិន» វិញព្រោះ «លោក បៃឌិន អាចនឹងកែសម្រួលគោលនយោបាយរបស់គាត់បាន» ។
ក្តីបារម្ភស្រដៀងគ្នានេះបានកើតឡើង នៅទីក្រុងហាណូយ, ម៉ានីលនិងញូវដេលី ដែលបានរីករាយនឹងទំនាក់ទំនងដ៏រឹងមាំជាមួយរដ្ឋបាលលោក ត្រាំ និងបានចែករំលែកការព្រួយបារម្ភរបស់ពួកគេចំពោះការកើនឡើងនៃការអះអាងរបស់ចិននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទោះយ៉ាងណា អស់រយៈពេលមួយឆ្នាំនៃការឡើងកាន់តំណែង រដ្ឋបាលលោក បៃឌិន បានបង្ហាញអំពីរូបភាពនៃការបន្តគោលនយោបាយដ៏តឹងតែងចំពោះប្រទេសចិនពីរដ្ឋបាលរបស់លោក ត្រាំ។ បន្ថែមពីលើនេះ លោក បៃឌិន ថែម ទាំងបានប្រឆាំងនឹងចិន កាន់តែខ្លាំងក្លាជាងមុនទៀតផង ជុំវិញការអះអាងរបស់ចិនលើផ្លូវនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។
ទិន្នន័យចុងក្រោយបានបង្ហាញថា កាលពីឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំងបន្ថែមទៀតទៅកាន់ដែនទឹកដែលមានជម្លោះ ស្របតាមច្បាប់អន្តរជាតិ និងជាការបង្ហាញយ៉ាងច្បាស់នូវការគាំទ្រចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ បច្ចុប្បន្ននេះគេឃើញ មាននាវាចម្បាំងរបស់អាមេរិកច្រើនជាងកាលពីឆ្នាំចុងក្រោយរបស់រដ្ឋបាល ត្រាំ ទៅទៀត។
ប៉ុន្តែការពង្រីកមូលដ្ឋានទ័ពរបស់មហាអំណាចទាំង២ នៅក្នុងតំបន់នេះ ក៏បានបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ និងឧប្បត្តិហេតុដែលគេមិនបានរំពឹងទុកជាមុន ដូចជាការធ្លាក់យន្តហោះរបស់អាកាស យានិកតៃវ៉ាន់ និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះជាដើម។
នៅ ១ ឆ្នាំដំបូងនៃការកាន់តំណែងរបស់លោក បៃឌិន មន្ទីរបញ្ចកោណបានបញ្ជូនកងនាវាចម្បាំងជា ច្រើនគ្រឿងឱ្យចូលទៅកាន់សមុទ្រចិនខាងត្បូងស្ទើរតែរៀង រាល់ខែ (១០ ដងក្នុងរយៈពេល ១២ ខែ) នេះបើយោងតាម «ស្ថាប័នគំនិតផ្តួចផ្តើមនៃការស៊ើបអង្កេតនៅ សមុទ្រចិនខាងត្បូងរបស់សាកលវិទ្យាល័យប៉េកាំង» «Peking University’s South China Sea Probing Initiative (SCSPI)»។
ផ្ទុយមកវិញ រដ្ឋបាលរបស់លោក ត្រាំ បានបញ្ជូនកងនាវាចម្បាំងតែ ៦ គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០១៩ មានតែ ៥ គ្រឿងប៉ុណ្ណោះ។
នាយកស្ថាប័ន SCSPI លោក Hu Bo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា «ចាប់តាំងពីឆ្នាំមុនមក យោធាអាមេរិកត្រូវបានដាក់ពង្រាយកាន់តែច្រើនទៅៗនៅសមុទ្រចិនខាងត្បូង ក្នុងទម្រង់ជាការធ្វើសមយុទ្ធ, ការហោះហើរឆ្លងកាត់ និងការត្រៀមសេណារីយ៉ូ» ដែលជាការបង្ហាញនូវការកើនឡើងនៃការព្រួយបារម្ភពីសំណាក់ទីក្រុងប៉េកាំងចំពោះការបង្កើនចំនួននាវាចម្បាំងរបស់អាមេរិកនៅសមុទ្រចិនខាងត្បូង។
ស្ថាប័នស្រាវជ្រាវ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ ក៏បានកត់សម្គាល់ពីការកើនឡើងនៃភាពកាន់តែជឿនលឿនរបស់អាមរិកក្នុងការដាក់ពង្រាយនិងការធ្វើសមយុទ្ធនៅក្នុងតំបន់នោះ ដោយថា «ក្បួនធ្វើសមយុទ្ធរបស់អាមេរិកកាន់តែ មានលក្ខណៈស្មុគស្មាញទៅៗ និងមិនអាចទាយទុកជាមុនបាន»។
ជាក់ស្ដែង នាវាផ្ទុកយន្តហោះ USS Carl Vinson បានបើកចូល មកក្នុងសមុទ្រចិនខាងត្បូងតាមច្រកសមុទ្រ Balabac ដោយឆ្លងកាត់កោះ Palawan របស់ហ្វីលីពីនដែលជាការឆ្លុះបញ្ចាំងអំពីភាពទំនើបរបស់នាវាចម្បាំងអាមេរិកមួយនេះ ក្នុងការរុករកផ្លូវទឹកថ្មីៗនៅក្នុងតំបន់ និងដែលមានលក្ខណៈតូចចង្អៀត។ ប្រការនេះបានអនុញ្ញាតឱ្យកងនាវាផ្ទុកយន្តហោះអាមេរិក អាចគេចចេញពីបណ្តាញរ៉ាដា និងប្រព័ន្ធឃ្លាំមើលនៅទូទាំងកោះដែលចិនកាន់កាប់ និងកោះសិប្បនិម្មិតរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។
សហរដ្ឋអាមេរិកបានបង្កើនចំនួននាវាចម្បាំងកាន់តែច្រើន និងកាន់តែមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់នេះ ជាមួយនឹងការធ្វើសង្គ្រាមតាមផ្លូវច្បាប់ ដែលរួមមានទាំងការចេញផ្សាយនាពេលថ្មីៗនេះ នូវឯកសារ ស្រាវជ្រាវចំនួន ៤៧ ទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានច្រានចោលទាំងស្រុងនូវការទាមទារពង្រីកដែនទឹករបស់ចិន នៅទូទាំងអាងសមុទ្រចិនខាងត្បូង។
ប្រទេសចិនបានឆ្លើយតបទៅវិញតាមរយៈការបង្កើនចំនួននាវាចម្បាំងរបស់ខ្លួន ដែលរួមបញ្ចូលទាំងការធ្វើសមយុទ្ធ «សមុទ្រ៤» ចំនួន ២លើកនៅទូទាំងដែនសមុទ្រនេះ ក៏ដូចជាការបញ្ចេញយន្តហោះចម្បាំងឱ្យហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។
ថ្មីៗនេះ កងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជន (PLA) បានបញ្ចេញ យន្តហោះចម្បាំងចំនួន ៣៩ គ្រឿងឱ្យហោះចូលទៅកាន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស របស់តៃវ៉ាន់ (ADIZ) ដែលជាការរំលោភបំពានដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីខែតុលាឆ្នាំមុនមកដើម្បីប្រឆាំងនឹងការដាក់ពង្រាយយោធាពីសំណាក់សហរដ្ឋ អាមេរិកនៅក្នុងតំបន់នេះ។
ទោះយ៉ាងណា មានសញ្ញាមួយចំនួនបានបង្ហាញថា ការបង្ហាញសាច់ដុំដាក់គ្នា រវាងប្រទេសមហាអំណាចទាំង២ កំពុងបង្កឱ្យមានការប៉ះពាល់មួយ។
ម៉្យាង អ្នកបើកយន្តហោះចម្បាំងរបស់ចិនកាន់តែមានភាពគឃ្លើនក្នុងការធ្វើសមយុទ្ធរបស់ពួកគេ នៅក្នុងដែនទឹកជាប់គ្នានោះ បន្ទាប់ពីមានការពង្រីកការជ្រើសរើសអ្នកបើកយន្តហោះរបស់ប្រទេសនេះអស់ជាច្រើនឆ្នាំ ជាមួយនឹងការកើនឡើងនៃស្មារតីជាតិនិយម ដែលពេញនិយមក្នុង ចំណោមអ្នកប្រឆាំងនៅក្នុងប្រទេស។
គេក៏មានការភ័យខ្លាចផងដែរចំពោះសកម្មភាពដ៏កម្រោលណាមួយ ដែលធ្វើឡើងដោយកងនាវាចម្បាំងដ៏ទំនើបរបស់ចិន ក៏ដូចជាកងនាវាយោធាប៉ារ៉ា ដែលបានបង្កើនការយាយីទៅលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនៅទូទាំងសមុទ្រចិនខាងត្បូងនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីឆ្នាំ ២០១៩ នាវាចម្បាំងមួយគ្រឿងរបស់ចិនត្រូវបានគេសង្ស័យថា បានបុកពន្លិចទូកនេសាទមួយរបស់ហ្វីលីពីននៅតំបន់ Reed Bank ដែលជាតំបន់សម្បូរទៅដោយធនធានថាមពលនៅសមុទ្រចិនខាងត្បូង និងបានបង្កឱ្យមានវិបត្តិការទូតដ៏ធំរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល។
ប៉ុន្តែភាពញឹកញាប់នៃការបង្កើនចំនួនយោធារបស់ចិន ក៏កំពុងបង្កហានិភ័យដល់ខ្លួនឯងផ្ទាល់ផងដែរ។ កាលពីដើមខែនេះ ភាពនឿយហត់បានធ្វើឱ្យអ្នកបើកយន្តហោះតៃវ៉ាន់ជើងចាស់ម្នាក់ដែលបានបើកបរយន្តហោះចម្បាំង F-16V ដ៏ទំនើបបំផុតរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ភ្លាមៗ បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស Chiayi បានបន្តិច។
អ្នកបើកយន្តហោះឈ្មោះ Chen Yi អាយុ ២៨ ឆ្នាំដែលបាន ហោះហើរលើសពី ៣០០ម៉ោង ដែលក្នុង នោះ ៦០ម៉ោងនៅលើ យន្តហោះ F-16V ដ៏ទំនើបហើយនោះ នៅតែបន្តបាត់ខ្លួននៅឡើយ។
លោក Lu Li-Shih អ្នកជំនាញការពារជាតិនៃកោះតៃវ៉ាន់បានព្រមានថា «ឧបទ្ទវហេតុនេះ គួរតែត្រូវបានស្តីបន្ទោសលើកង្វះអ្នកបើកយន្តហោះដើម្បីមកបំពេញតម្រូវការនៃការកើនឡើងនៃយន្តហោះចម្បាំងដែលទីក្រុងតៃប៉ិគ្រោងនឹងទិញពីសហរដ្ឋអាមេរិក – អ្នកបើកបរយន្តហោះវ័យក្មេងៗ កំពុងត្រូវបានជំរុញឱ្យបង្កើនល្បឿននៃការបណ្តុះបណ្តាល» ។
គ្រោះថ្នាក់នៃការហ្វឹកហ្វឺនដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងទំនើបៗនេះ បាននិងកំពុងស្ថិតក្នុងគន្លងនៃការកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និង នៅចំពេលដែលមាន ការកើនឡើងនៃការធ្វើសមយុទ្ធយោធា នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទៀតផង។ កាលពីដើមខែមករា នេះ យន្តហោះចម្បាំង F-35A របស់កូរ៉េខាងត្បូងត្រូវចុះចតជាបន្ទាន់នៅអំឡុងពេលនៃការធ្វើសមយុទ្ធមួយ។ កាលពី២ ឆ្នាំមុនយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ជប៉ុនបានធ្លាក់ នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយកាល ពីខែវិច្ឆិកា យន្តហោះចម្បាំង F-35 របស់អង់គ្លេសក៏បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
នៅពេលនេះ សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងក៏កំពុងទទួលរងនូវឧប្បត្តិហេតុស្រដៀងគ្នានេះដែរ ចំពេលដែលមានការកើនឡើងនៃការដាក់ពង្រាយទ័ពទៅកាន់តំបន់នោះ។ កាលពីថ្ងៃចន្ទ បុគ្គលិកយោធាអាមេរិកចំនួន ៧ នាក់ បានរងរបួសបន្ទាប់ពីជួប «ឧប្បត្តិហេតុនៅពេលចុះចត» នៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson ក្នុងសមុទ្រចិនខាងត្បូង។
មន្ទីរបញ្ចកោណ បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅអំឡុង ពេលនៃការធ្វើ «ប្រតិបត្តិការ ហោះហើរជាប្រចាំ» នៅក្នុងសមុទ្រចិនខាងត្បូង និងថា «អ្នកបើកយន្តហោះបានលោតចេញពីយន្តហោះដោយសុវត្ថិភាព និងត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រយោធាអាមេរិក»។ ក្នុងចំណោមនាវិកដែលរងរបួសទាំង ៧ នាក់នោះ មាន ៤ នាក់ ត្រូវបានព្យាបាលនៅលើនាវា ខណៈ ៣នាក់ផ្សេងទៀតត្រូវជម្លៀសទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុងម៉ានីល។
បើយោងតាមកងទ័ពជើងទឹកអាមេរិក មូលហេតុនៃ «ឧប្បត្តិហេតុដ៏អកុសលក្នុងពេលហោះហើរនេះ» នៅ តែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ទន្ទឹមនឹងនេះដែរយន្តហោះចម្បាំង F-35C ដែលធ្លាក់នោះ មិនទាន់ត្រូវបានរកគេឃើញវិញនៅឡើយទេ ដែលបានបង្កនូវការភ័យខ្លាចថា ចិនអាចនឹងរកយន្តហោះនោះឃើញ ហើយនឹងអាចលួចយកបច្ចេកវិទ្យាដ៏ទំនើបបំផុតនៃយន្តហោះចម្បាំងរបស់អាមេរិកមួយនោះ។
ការធ្លាក់នេះគឺជា លើកទី២ហើយ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-35 ក្នុងរយៈពេលជាង ២ខែមកនេះ ដែលជាការឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែខ្លាំងឡើងៗនៅក្នុងចំណោមបុគ្គលិកយោធា ខណៈដែលការប្រជែងគ្នារវាងចិន និងអាមេរិកនៅក្នុងតំបន់កាន់តែឈានដល់កម្រិតផុយស្រួយខ្លាំង៕ Asia Times