ខ្មែរប៉ុស្ដិ៍ Close

លោក Vladimir Putin និងហានិភ័យនៃសង្គ្រាមលោកលើកទី៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 58
លោក Vladimir Putin និងហានិភ័យនៃសង្គ្រាមលោកលើកទី៣ លោក Vladimir Putin និងហានិភ័យនៃសង្គ្រាមលោកលើកទី៣

ការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើអ៊ុយក្រែនតាំងពីថ្ងៃទី ២៤ ខែកុម្ភៈ គឺជាការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣ ហើយសង្គ្រាមនេះអាចនឹងបង្កឱ្យមានការបំផ្លាញដល់អរិយធម៌របស់យើង។

ការលុកលុយនេះត្រូវបានធ្វើឡើង ក្រោយជំនួបដ៏យូររវាងប្រធានាធិបតីរុស្ស៊ី Vladimir Putinជាមួយនិងប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី៤ ខែកុម្ភៈ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ មេដឹកនាំទាំងពីរ បានបញ្ចេញនូវឯកសារដែលមានចំនួន ៥០០០ពាក្យ ដើម្បីប្រកាសអំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកសារនោះពិតជាមានឥទ្ធិពលខ្លាំងជាងសន្ធិសញ្ញានានា ហើយឯកសារនេះក៏ជាលទ្ធផលដែលទទួលបានពីការជជែកគ្នាយ៉ាងលម្អិតផងដែរ។

ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះការដែលលោក Xi បានផ្តល់ឱ្យលោក Putin នូវសេរីភាពពេញលេញដើម្បីឈ្លានពាននិងធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ លោក Xi ពិតជាជឿជាក់ជាខ្លាំងថា វិធីដើម្បីតែងតាំងលោកធ្វើជាមេដឹកនាំប្រទេសចិនពេញមួយជីវិត គឺគ្រាន់ជាតែជារូបភាពនៃការរៀបចំជាផ្លូវការតែប៉ុណ្ណោះ។

ក្រោយការប្រមូលផ្តុំអំណាចទាំងអស់នៅក្នុងដៃរបស់លោកបានហើយ លោក Xi កំពុងតែរៀបចំសេណារីយ៉ូយ៉ាងប្រុងប្រយ័ត្ន ដើម្បីលើកកម្ពស់ខ្លួនគាត់ឱ្យស្មើនឹងកម្រិតលោក Mao Zedong និងលោក Deng Xiaoping។

ដោយទទួលបានការគាំទ្រពីលោក Xi លោក Putin បានធ្វើការសម្រេចនូវក្តីសុបិនក្នុងជីវិតរបស់គាត់ដោយការប្រើប្រាស់អំពើឃោរឃៅដែលមិនគួរឱ្យជឿ។ ឈានចូលដល់អាយុ ៧០ ឆ្នាំ លោក Putin ដឹងថា ប្រសិនបើគាត់ចង់ធ្វើអ្វីមួយដើម្បីឱ្យគេកត់ត្រាឈ្មោះរបស់លោកចូលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ីនោះ គឺគាត់ត្រូវតែធ្វើនៅពេលនេះ។

ប៉ុន្តែគោលគំនិតរបស់លោក Putin អំពីតួនាទីរបស់ប្រទេសរុស្ស៊ីនៅក្នុងពិភពលោក ហាក់ដូចជាត្រូវបានផ្លាស់ប្តូរ ហើយលោកជឿថា ប្រជាជនរុស្ស៊ីត្រូវការអធិរាជ (Czar) ដើម្បីដឹកនាំពួកគេ។ នេះគឺជាគោលគំនិត ដែលមានភាពផ្ទុយស្រឡះពីសង្គមប្រជាធិបតេយ្យ ហើយវាក៏ជាចក្ខុវិស័យមួយដែលបានធ្វើឱ្យប្រជាជនរុស្ស៊ីគ្រប់រូបយល់ខុសផងដែរ។

កាលនៅពីក្មេង ខ្ញុំបានជួបទាហានរុស្ស៊ីជាច្រើនដងនៅពេលពួកគេចូលមកកាន់កាប់ប្រទេសហុងគ្រីក្នុងឆ្នាំ១៩៤៥។ ខ្ញុំបានដឹងថា ពួកគេអាចនឹងចែករំលែកនំប៉័ងចុងក្រោយរបស់ពួកគេជាមួយអ្នក ប្រសិនបើអ្នកស្នើសុំពួកគេ ហើយក្រោយមក នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំក៏បានចាប់ផ្ដើមអនុវត្តនូវអ្វីដែលខ្ញុំតែងតែហៅថា «ការធ្វើនយោបាយសប្បុរសធម៌»។

ដំបូង ខ្ញុំបានបង្កើតមូលនិធិមួយនៅប្រទេសហុងគ្រីដែលជាប្រទេសកំណើតរបស់ខ្ញុំ ហើយបន្ទាប់មក ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការបំបែកចក្រភពសូវៀត។ នៅពេលដែលលោក Mikhail Gorbachev បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ ការបែកបាក់បានចាប់ផ្តើមកើតមានរួចទៅហើយ។

ខ្ញុំបានបង្កើតមូលនិធិនៅក្នុងប្រទេសរុស្ស៊ី ហើយបន្ទាប់មកក៏បានបន្តបង្កើតនៅក្នុងរដ្ឋនីមួយៗផ្សេងៗទៀត។ នៅអ៊ុយក្រែន ខ្ញុំក៏បានបង្កើតមូលនិធិមួយតាំងពីប្រទេសនេះមិនទាន់ក្លាយជាប្រទេសឯករាជ្យមកម្លេះ។

ខ្ញុំក៏បានទៅលេងនៅប្រទេសចិននៅ ក្នុងឆ្នាំ១៩៨៤ ហើយខ្ញុំគឺជាជនបរទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យបង្កើតមូលនិធិនៅទីនោះ ប៉ុន្តែខ្ញុំបានបិទមូលនិធិនោះវិញនៅឆ្នាំ១៩៨៩ មុនពេលមានការសម្លាប់រង្គាលនៅទីលាន Tiananmen។

ខ្ញុំមិនស្គាល់លោក Putin ដោយផ្ទាល់នោះទេ ប៉ុន្តែខ្ញុំបានឃ្លាំមើលការរីកចម្រើនរបស់គាត់យ៉ាងយកចិត្តទុកដាក់ ហើយក៏បានដឹងអំពីភាពឃោរឃៅរបស់គាត់ផងដែរ។ គាត់បានធ្វើឱ្យរដ្ឋធានីនៃប្រទេស Chechnya ឈ្មោះ Grozny ត្រូវខ្ទេចខ្ទី ដូចអ្វីដែលគាត់កំពុងតែគំរាមថា នឹងធ្វើចំពោះរដ្ឋធានី Kyiv របស់អ៊ុយក្រែនផងដែរ។

លោក Putin ធ្លាប់ធ្វើជាប្រតិបត្តិកររបស់ទីភ្នាក់ងារសន្តិសុខ KGB ដ៏កាចសាហាវ ប៉ុន្តែគាត់ហាក់ដូចជាបានផ្លាស់ប្តូរច្រើននៅពេលថ្មីៗនេះ។

គាត់ប្រាកដជាយល់ខុសអំពីស្ថានការណ៍នៅអ៊ុយក្រែន ដោយគាត់រំពឹងថា ប្រជាជនអ៊ុយក្រែនដែលនិយាយភាសារុស្សីនឹងស្វាគមន៍ទាហានរបស់រុស្ស៊ីយ៉ាងកក់ក្តៅ។ ប៉ុន្តែវាខុសស្រឡះ ពួកគេមិនខុសពីប្រជាជនដែល និយាយភាសាអ៊ុយក្រែននោះទេ។ ប្រជាជនអ៊ុយក្រែន បានធ្វើការតស៊ូដ៏ក្លាហានមិនគួរឱ្យជឿប្រឆាំងនឹងការឈ្លានពាននេះ។

នៅក្នុងខែកក្កដា ឆ្នាំ២០២១ លោក Putin បានចេញផ្សាយនូវអត្ថបទដ៏វែងមួយ ដោយបានលើកឡើងថា ជនជាតិរុស្សី និងអ៊ុយក្រែនគឺជាមនុស្សតែមួយ ហើយបានលើកឡើងទៀតថា ជនជាតិអ៊ុយក្រែនត្រូវបានបោកបញ្ឆោតដោយពួកណាហ្ស៊ីនិយម។ គាត់បានលើកឡើងអំពីរឿងប្រវត្តិសាស្ត្រមួយចំនួននៅក្នុងផ្នែកដំបូងនៃអំណះអំណាងរបស់គាត់ ដោយបានចាត់ទុកទីក្រុង Kyiv គឺជាទីកន្លែងដើមនៃព្រះវិហារគ្រិស្ត Orthodox របស់រុស្ស៊ី។

នៅផ្នែកទី២ លោក Putin គឺជាអ្នកដែលយល់ខុស ហើយគាត់គួរតែដឹងរឿងនេះឱ្យបានច្បាស់។ ប្រជាជនអ៊ុយក្រែនជាច្រើនបានចេញមក ប្រយុទ្ធដោយក្លាហាន នៅក្នុងអំឡុងពេលនៃការតវ៉ា Euromaidan កាល ពីឆ្នាំ២០១៤ ហើយព្រឹត្តិការណ៍កាលពីឆ្នាំនោះ ពិតជាបានធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង។

កងទ័ពរុស្ស៊ីធ្វើមិនបានល្អទាល់តែសោះនៅក្នុងការវាយប្រហារប្រទេសអ៊ុយក្រែន ហើយអំពើពុករលួយក្នុងការផ្តល់ក្របខណ្ឌការពារជាតិដល់ទាហាន ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើសកម្មភាពមិនបានល្អរបស់កងទ័ពរុស្សីនេះ។

ជាជាងការបន្ទោសមកលើខ្លួនឯង លោកពូទីនហាក់ដូចជាឆ្កួតមែនទែនហើយ ដោយគាត់បានសម្រេចដាក់ទណ្ឌកម្មប្រទេសអ៊ុយក្រែនចំពោះការក្រោកឈរប្រឆាំងនឹងគាត់ ហើយក៏គ្មានអ្វីដើម្បីមករារាំងគាត់មិនឱ្យធ្វើសកម្មភាពនោះបានដែរ។

គាត់បានបញ្ជាឱ្យកងទ័ពរុស្ស៊ីទាំងមូលចូលទៅក្នុងសមរភូមិ ដោយមិនអើពើអំពីច្បាប់នៃសង្គ្រាម និងបានធ្វើការទម្លាក់គ្រាប់បែកមកលើប្រជាជនស៊ីវិលដោយមិនរើសមុខ។ មន្ទីរពេទ្យជាច្រើនត្រូវបានកងទ័ពរុស្សីវាយប្រហារ ហើយបណ្តាញអគ្គិសនី ដែលត្រូវបានផ្គត់ផ្គង់ដោយរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកាន់កាប់ដោយទាហានរុស្ស៊ី ត្រូវបានខូចខាត។

នៅក្នុងការឡោមព័ទ្ធទីក្រុង Mariupol មានមនុស្ស ៤០ម៉ឺននាក់កំពុងតែជួបនឹងការខ្វះខាតទឹកស្អាតនិងអាហារអស់រយៈពេលជិតមួយសប្តាហ៍មកហើយ។

រុស្ស៊ីអាចនឹងចាញ់សង្គ្រាម ព្រោះសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប កំពុងតែបញ្ជូនអាវុធការពារទៅកាន់ប្រទេសអ៊ុយក្រែន ហើយពួកគេក៏កំពុងខិតខំប្រឹងប្រែងដើម្បីទិញយន្តហោះចម្បាំង MIG ដែលផលិតដោយរុស្ស៊ី ហើយក៏ជាប្រភេទយន្តហោះដែលកងទ័ពអ៊ុយក្រែនចេះបើក ដើម្បីផ្តល់ឱ្យប្រទេសអ៊ុយក្រែនទៀតផង។ អ្វីៗទាំងអស់នេះអាចនឹងធ្វើឱ្យលទ្ធផលនៃការធ្វើសង្គ្រាមមានការផ្លាស់ប្តូរ។

ដោយមិនបានគិតអំពីលទ្ធផលនេះ លោកពូទីនថែមទាំងបានធ្វើនូវកិច្ចការដ៏អស្ចារ្យជាច្រើនក្នុងការពង្រឹងការតាំងចិត្ត និងការឯកភាពរបស់ សហភាពអឺរ៉ុប ។

ទន្ទឹមនឹងនោះ លោក Xi ហាក់ដូចជាដឹងថា លោក Putin កំពុងតែវង្វេងស្មារតីហើយ ដោយនៅថ្ងៃទី ៨ ខែមីនា គឺនៅមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទទូចថា មិត្តភាពរវាងចិន និងរុស្ស៊ីនៅតែ «រឹងមាំ» លោក Xi បានហៅទូរសព្ទទៅកាន់ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ដើម្បីនិយាយថា «លោកពិតជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុង
ការស្វែងរកសន្តិភាពរបស់ពួកគេ ហើយគាត់ចង់ឱ្យគ្រប់ភាគីមានការអត់ធ្មត់ជាអតិបរមាដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌»។

វានៅមិនទាន់ប្រាកដទេថា លោក Putin អាចនឹងធ្វើតាមការចង់បានរបស់លោក Xi ឬយ៉ាងណា តែយើងគ្រាន់តែសង្ឃឹមថា លោក Putin និងលោក Xi នឹងត្រូវបានគេដកចេញពីអំណាច មុនពេលដែលពួកគេអាចបង្កការបំផ្លាញដល់អរិយធម៌របស់យើង៕ Project Syndicate

អត្ថបទទាក់ទង