ខ្មែរប៉ុស្ដិ៍ Close

លោក Marcos Jr កំពុងត្រូវការយ៉ាងខ្លាំងនូវគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 137
លោក Marcos Jr កំពុងត្រូវការយ៉ាងខ្លាំងនូវគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន លោក Ferdinand Marcos Jr ត្រូវការជំនួយផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន។ រូបភាព៖ Titlepress

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ទៅកាន់ប្រទេសចិនគឺជាដំណើរទស្សនកិច្ចនៅឯបរទេសដ៏សំខាន់បំផុតជាលើកដំបូងរបស់លោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៥ ខែមករា ក្រោយការកើតមានវិបត្តិហេដ្ឋារចនាសម្ព័ន្ធដ៏តានតឹងនៅក្នុងប្រទេស។

កាលពីចុងសប្តាហ៍មុន ការដាច់ចរន្តអគ្គិសនីបានបង្កឱ្យមានផលប៉ះពាល់ដល់ជើងហោះហើរចំនួន ៣៦១ ជើង និងអ្នកដំណើរជាង ៦៥ ០០០ នាក់នៅឯអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) នៅក្នុងទីក្រុងម៉ានីល។ ព្រឹត្តិការណ៍នេះត្រូវបានគេផ្សព្វផ្សាយនៅពាសពេញពិភពលោក ហើយវាបានលាតត្រដាងឱ្យឃើញអំពីជម្រៅនៃវិបត្តិនៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រទេសហ្វីលីពីន។

នេះគឺជាកង្វះខាតមួយដែលប្រទេសចិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអាចផ្តល់នូវការជួយដោះស្រាយតាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងកម្មវិធីកម្ចីផ្សេងៗទៀត។ ការដាច់ចរន្តអគ្គិសនីភ្លាមៗនេះបានធ្វើឱ្យមនុស្សជាច្រើនត្រូវឈរតម្រង់ជួរយ៉ាងវែង និងបានបង្កឱ្យមានភាពច្របូកច្របល់នៅតាមបញ្ជរ Check-in នៅទូទាំងប្រទេស ខណៈពេលដែលប្រជាជនហ្វីលីពីនរាប់ពាន់នាក់បានព្យាយាមកក់ជើងហោះហើររបស់ពួកគេឡើងវិញ ដើម្បីចៀសវាងការត្រូវជាប់គាំងរយៈពេលច្រើនថ្ងៃនៅក្នុងអាកាសយានដ្ឋានដ៏ទ្រុឌទ្រោមបំផុតមួយរបស់ពិភពលោក។

ភាពចលាចលនៅឯព្រលានយន្តហោះនេះបានគូសបញ្ជាក់យ៉ាងច្បាស់អំពីវិបត្តិថាមពលកាន់តែខ្លាំងធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីន។ កាលពីឆ្នាំមុន ការដាច់ចរន្តអគ្គិសនីដ៏ធំបានកើតមាននៅទូទាំងប្រទេស ស្របពេលជាមួយនឹងការដំឡើងថ្លៃអគ្គិសនីដែលបានជំរុញឱ្យក្រុមអ្នកធុរកិច្ចកំពូលៗចេញមកព្រមានអំពីការរំខានផ្នែកសេដ្ឋកិច្ច ដោយសារការផ្គត់ផ្គង់ថាមពលដែលមិនគួរឱ្យទុកចិត្តផង និងដែលមានតម្លៃថ្លៃផង។

រដ្ឋមន្ត្រីថាមពលរបស់ប្រទេសហ្វីលីពីនបានសារភាពថា «នៅឆ្នាំនេះវានឹងមានការលំបាកដូចគ្នា ខណៈដែលប្រភពឧស្ម័នធម្មជាតិដ៏សំខាន់របស់ប្រទេសគឺ Malampaya អាចនឹងត្រូវប្រើប្រាស់អស់ទាំងស្រុងនៅចុងឆ្នាំក្រោយ»។ ទន្ទឹមនឹងការប្រឈមមុខនឹងការកើនឡើងនៃបំណុលសាធារណៈ និងបញ្ហាអតិផរណា លោក Marcos Jr កំពុងខិតខំស្វែងរកដើមទុនពីបរទេស និងការវិនិយោគថ្មីៗសម្រាប់កម្មវិធីសេដ្ឋកិច្ចរបស់លោក។

ប្រាកដណាស់ លោក Marcos Jr បានទទួលមរតកនៃបញ្ហាទាំងនេះពីមេដឹកនាំមុនៗ។ ត្រឡប់ទៅកាន់ឆ្នាំ ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានព្រមានអំពីគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំចំនួន ៤៥៩ ពាន់លានដុល្លារនៅទូទាំងតំបន់។ នៅក្នុងប្រទេសហ្វីលីពីន គម្លាតនៃការចំណាយប្រចាំឆ្នាំ (Annual Spending Gap) គឺមានចំនួនខ្ពស់រហូតដល់ ១១ ពាន់លានដុល្លារឯណោះ។

គម្លាតនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់បំផុត តាមរយៈព្រលានយន្តហោះ NAIA ដែលជាអតីតអាកាយានដ្ឋានអន្តរជាតិដែលបានបើកដំណើរការកាលពី ៧៥ ឆ្នាំមុន។ ដោយមានទីតាំងនៅជិតបេះដូងនៃទីក្រុងម៉ានីល ព្រលានយន្តហោះ NAIA តែងតែជួបប្រទះនឹងបញ្ហាចរាចរណ៍ បូករួមនឹងការតភ្ជាប់មិនបានល្អអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

កាលពីឆ្នាំមុន របាយការណ៍សកលមួយបានវាយតម្លៃថា «ព្រលានយន្តហោះ NAIA គឺជាអាកាសយានដ្ឋានមួយដែលតែងបង្កការលំបាកបំផុតនៅក្នុងចំណោមអាកាសយានដ្ធានមិនល្អទាំង៣ នៅក្នុងតំបន់អាស៊ី»។ អាកាសយានដ្ឋាន NAIA ក៏បានជាប់ចំណាត់ថ្នាក់ជាព្រលានយន្តហោះដ៏អាក្រក់បំផុតសម្រាប់អ្នកធ្វើដំណើរធុរកិច្ចផងដែរ (យោងតាមការវាយតម្លៃនៅក្នុងរបាយការណ៍ Business Class Index របស់ក្រុមហ៊ុន Bounce)។

ការវាយតម្លៃរបស់ក្រុមហ៊ុន Bounce បានបញ្ជាក់ថា «ច្រកទ្វារដ៏សំខាន់សម្រាប់ចូលទៅកាន់ប្រទេសហ្វីលីពីនគឺអាកាសយានដ្ឋានទីក្រុងម៉ានីល បានទទួលពិន្ទុដ៏អាក្រក់បំផុតសម្រាប់បញ្ហា ៣ ផ្សេងៗគ្នាដែលរួមមានចំនួនគោលដៅ, ការដំណើរការបានទាន់ពេលវេលា និងការវាយតម្លៃពីសេវាកម្ម Skytrax»។ ក្រៅពីគ្រឿងបរិក្ខារ និងសេវាកម្មមិនល្អ អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសហ្វីលីពីនក៏បានប្រឈមមុខនឹងបញ្ហាដ៏ចម្រូងចម្រាសជាច្រើនផងដែរនៅក្នុងទសវត្សរ៍កន្លងមក ដោយរាប់ចាប់ពីវត្តមាននៃក្រុមចោរឆក់កាបូប រហូតដល់ការចាប់ជំរិតអ្នកដំណើរជាដើម។

​ព្រលានយន្តហោះ NINOY AQUINO នៅទីក្រុងម៉ានីលដែលបានជួបឧបទ្ទេវហេតុនៃការដាច់ចរន្តអគ្គិសនី។ រូបភាព៖ Twitter

នៅក្នុងអំឡុងការគ្រប់គ្រងរបស់រដ្ឋបាលរបស់លោក Benigno Aquino III ដែលឪពុករបស់លោកត្រូវបានគេធ្វើឃាតកាលពីជាង ៤ទសវត្សរ៍មុននៅក្នុងអាកាសយានដ្ឋាននេះ «ផែនការជំរិតទារប្រាក់តាមរយៈការដាក់គ្រាប់កាំភ្លើងចូលក្នុងកាបូបអ្នកដំណើរ» បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាធារណជន។ អ្នកដំណើរបានត្អូញត្អែរថា «អាជ្ញាធរនៅក្នុងអាកាសយានដ្ឋានបានដាក់គ្រាប់កាំភ្លើងចូលទៅក្នុងឥវ៉ាន់របស់អ្នកដំណើរ ជាថ្នូរនឹងការទទួលបានការសូកប៉ាន់ដើម្បីការដោះលែងឱ្យមានសេរីភាព»។

បញ្ហាចុងក្រោយបង្អស់របស់អាកាសយានដ្ឋាន NAIA បានបង្ហាញអំពីភាពចម្រូងចម្រាសដ៏សំខាន់មួយទៀត ដែលច្រកទ្វារអន្តរជាតិដ៏សំខាន់មួយនេះកំពុងជួបប្រទះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីដឹកជញ្ជូនលោក Jaime Bautista បានធ្វើការសុំទោសអ្នកដំណើរ និងបានប្តេជ្ញាថានឹងព្យាយាមលុបបំបាត់ឧប្បត្តិហេតុបែបនេះ។ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសនេះបានទទួលស្គាល់ថា «នេះគឺជាបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ប្រសិនបើអ្នកប្រៀបធៀបប្រទេសរបស់យើងជាមួយសិង្ហបុរី វាពិតជាមានភាពខុសគ្នាខ្លាំង ពីព្រោះពួកគេបានដើរលឿនជាងយើងយ៉ាងហោចណាស់ ១០ ឆ្នាំ»។

ក្នុងចំណោមអ្នកដំណើរដែលបានជាប់គាំងនៅឯព្រលានយន្តហោះ ក៏មានមហាសេដ្ឋីជំនួញម្នាក់ផងដែរ គឺលោក Manuel Pangilinan ដែលជាប្រធានក្រុមហ៊ុនទូរគមនាគមន៍ហ្វីលីពីន «PLDT Inc»។ លោកបានបង្ហោះសារថា «រយៈពេល ៦ ម៉ោងនៃការហោះហើរដ៏ឥតប្រយោជន៍! ភាពរអាក់រអួលបានបង្កផលប៉ះពាល់ដល់អ្នកដំណើរ និងការខាតបង់ចំពោះវិស័យទេសចរណ៍ និងអាជីវកម្ម! នេះគឺពិតជារឿងដ៏គួរឱ្យខកចិត្តណាស់ ហើយករណីនេះកើតមាននៅតែហ្វីលីពីនប៉ុណ្ណោះ»។

បន្ទាប់ពីមានការធ្វើឯកជនភាវូបនីយកម្មយ៉ាងប្រញាប់ប្រញាល់ និងគ្មានតុល្យភាពអស់រយៈពេលជាច្រើនឆ្នាំដែលត្រូវបានជំរុញដោយការក្ស័យធនជាសាធារណៈក្រោយការកើតមានអំពើពុករលួយអស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោមរបបផ្តាច់ការរបស់លោក Marcos ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនភាគច្រើនបានធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំៗ ដែលមានជាប់ពាក់ព័ន្ធនឹងការបង្កើតភាពផ្តាច់មុខនៅក្នុងទីផ្សារ។

ផលប៉ះពាល់នៃរឿងនេះបាននាំមកនូវថ្លៃចំណាយលើសេវាសាធារណៈខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដោយក្នុងនោះមានតែប្រទេសជប៉ុន និងសិង្ហបុរីប៉ុណ្ណោះ ដែលមានអត្រាចំណាយជាប្រវត្តិសាស្ត្រខ្ពស់ជាងប្រទេសហ្វីលីពីន។ កាលពីឆ្នាំមុន តុលាការឧទ្ធរណ៍ហ្វីលីពីន (CA) បានលុបចោលកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពលរបស់ក្រុមហ៊ុន «Manila Electric Company (Meralco)» និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម San Miguel បន្ទាប់ពីគណៈកម្មការគ្រប់គ្រងថាមពលរបស់ប្រទេសនេះបានសង្ស័យថា «ពួកគេបានដំឡើងថ្លៃថាមពលដោយមិនសមហេតុផល»។

ការដំឡើងថ្លៃត្រូវបានធ្វើឡើងស្របគ្នាជាមួយនឹងការផ្គត់ផ្គង់ថាមពលដែលមិនគួរឱ្យទុកចិត្ត។ កាលពីឆ្នាំមុន កោះ Luzon ភាគខាងជើងដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានជួបប្រទះនឹងការដាច់ភ្លើងយ៉ាងធំ ក្រោយរោងចក្រថាមពលចំនួន ១០ បានដួលរលំ។ នៅចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ក្រុមហ៊ុន «National Grid Corp of the Philippines» (NGCP) បានចេញការជូនដំណឹងពណ៌ក្រហមចំនួន ២២ ដង និងលឿងចំនួន ១៥៤ ដងនៅទូទាំងបណ្តាញសំខាន់ៗទាំងអស់នៅក្នុងប្រទេស។

ខណៈពេលដែលរោងចក្រដើរដោយធ្យូងថ្មបានផ្គត់ផ្គង់ច្រើនជាង ៥០% នៃថាមពលអគ្គិសនីសម្រាប់កោះ Luzon ក្នុងនោះការផ្គត់ផ្គង់ប្រហែល ៣០% ទៀតគឺមានប្រភពមកពីតំបន់ឧស្ម័ន Malampaya ទឹកជ្រៅដែលត្រូវបានកំណត់ថាអាចនឹងត្រូវប្រើអស់នៅឆ្នាំក្រោយ។ ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ សភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) បានព្រមានកាលពីឆ្នាំមុនថា «ការដាច់ចរន្តអគ្គិសនីអាចនឹងកើតមានកាន់តែញឹកញាប់ ជាពិសេសនៅក្នុងអំឡុងរដូវក្តៅ នៅពេលដែលទិន្នផលរបស់រោងចក្រវារីអគ្គិសនីមានការធ្លាក់ចុះខ្លាំង»។

ភាពគ្មានសណ្ដាប់ធ្នាប់នៃខ្សែភ្លើងបញ្ជូនចរន្តអគ្គិសនីនៅទីក្រុងម៉ានីល។ រូបភាព៖ Flickr

ឧស្សាហកម្មមួយចំនួន ដូចជាដែកថែប, ស៊ីម៉ងត៍ និងកញ្ចក់ បានបង្ហាញអំពីការបារម្ភរបស់ពួកគេកាន់តែខ្លាំង ចំពោះអត្រាផ្គត់ផ្គង់ថាមពលអគ្គិសនី ខណៈដែលវត្ថុធាតុដើមជាមូលដ្ឋាន ដូចជាធ្យូងថ្ម, ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) កំពុងក្លាយជាទំនិញដែលខ្វះខាត។ ក្រុមអ្នកធុរកិច្ចបានព្រមានថា «ការដំឡើងថ្លៃអគ្គិសនីកំពុងតែបង្កការរំខានដល់ឧស្សាហកម្មនិងអ្នកប្រើប្រាស់ ដោយក្នុងនោះប្រទេសនេះមានតម្លៃអគ្គិសនីចន្លោះពី ២៥% ទៅ ៨៧% ខ្ពស់ជាងប្រទេសជិតខាងនៅក្នុងអាស៊ានដូចជាម៉ាឡេស៊ី (៨៧,៥%), ឥណ្ឌូណេស៊ី (៨៧,៥%), វៀតណាម (៥០%) និងថៃ (៣៦%)។

ប្រទេសចិន ដែលជាភាគីពាក់ព័ន្ធដ៏សំខាន់នៅក្នុងក្រុមហ៊ុន NGCP អាចមានសមត្ថភាពក្នុងការជួយដោះស្រាយបញ្ហាកកស្ទះនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិបត្តិថាមពលរបស់ប្រទេសនេះ។ នៅក្នុងរយៈពេល ៦ ខែដំបូងនៃការចូលកាន់តំណែង លោក Marcos Jr បានហៅប្រទេសចិនថាជា «ដៃគូដ៏ល្អបំផុត» របស់ហ្វីលីពីន និងជា «ប្រភពដ៏គួរឱ្យទុកចិត្ត» នៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

ប្រធានាធិបតីហ្វីលីពីនមានបំណងចង់រក្សាការចំណាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធឱ្យស្ថិតនៅត្រឹមកម្រិតជាប្រវត្តិសាស្ត្រ ៥%-៦% នៃ GDP ។ ប៉ុន្តែខណៈពេលដែលប្រទេសហ្វីលីពីនកំពុងជួបប្រទះនឹងកម្រិតបំណុលដ៏ខ្ពស់នៅក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ មានតែគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតូចប៉ុណ្ណោះ (ដែលបានបន្សល់ទុកពីជំនាន់លោក Duterte) ដែលត្រូវបានបញ្ចប់ការសាងសង់។

លោក Marcos Jr ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយនឹងសំណើរមួយចំនួននៅក្នុងដៃ ដែលរួមមានការស្នើសុំការវិនិយោគលើការផលិតថាមពល និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពីប្រទេសចិន។ នៅពេលចូលកាន់តំណែង លោក Marco Jr បានទទួលភាពល្បីល្បាញតាមរយៈការលុបចោលគម្រោងធំៗចំនួន ៣ របស់ចិន ដោយសារតែបញ្ហាកង្វះហិរញ្ញប្បទាន។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅសប្តាហ៍នេះ មេដឹកនាំហ្វីលីពីនអាចនឹងព្យាយាមជំរុញឱ្យមានការវិនិយោគជាក់ស្តែងកាន់តែច្រើនពីសំណាក់ក្រុមហ៊ុនយក្សរបស់តំបន់អាស៊ី។

ភាគីទាំង២ ក៏ត្រូវបានគេរំពឹងថានឹងត្រួតពិនិត្យឡើងវិញផងដែរលើផែនការមុនៗ ពាក់ព័ន្ធនឹងគម្រោងរុករកថាមពលរួមគ្នានៅសមុទ្រចិនខាងត្បូង។ គេនឹងរង់ចាំមើលថា «តើលោក Marcos Jr នឹងមានឆន្ទៈក្នុងការផ្តល់អ្វីជាការតបស្នង ខណៈពេលដែលលោកកំពុងពង្រីកទំនាក់ទំនងយោធាយ៉ាងកក់ក្តៅជាមួយនឹងសហរដ្ឋអាមេរិកដែលជាដៃគូរប្រកួតប្រជែងរបស់ចិន»៕

Asia Times

អត្ថបទទាក់ទង