ខ្មែរប៉ុស្ដិ៍ Close

សន្ទុះទឹកចិត្តចង់បាននាវាមុជទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើឱ្យដែនទឹកក្នុងតំបន់កាន់តែកកស្ទះ និងកាន់តែមានហានិភ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 67
សន្ទុះទឹកចិត្តចង់បាននាវាមុជទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើឱ្យដែនទឹកក្នុងតំបន់កាន់តែកកស្ទះ និងកាន់តែមានហានិភ័យ នាវាមុជទឹក Illustrious ដែលជានាវាមុជទឹកមួយក្នុងចំនោមនាវាមុជទឹកកម្រិតខ្ពស់ (Invincible-class) ត្រូវបានដាក់ឱ្យដំណើរការនៅសិង្ហបុរី កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។ (រូបថត៖ CNA/Vanessa Lim)

នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កងទ័ពជើងទឺកសិង្ហបុរីបានដាក់ឱ្យដំណើរការនាវាមុខទឹកម៉ាក Invincible ទី២ ដែលមានឈ្មោះ Impeccable និងទី៣ ដែលមានឈ្មោះ Illustrious ក្នុងចំណោមនាវាមុជទឹកទាំង ៤ គ្រឿង។ ការដឹកជញ្ជូននាវាមុខទឹកទី១ ដែលត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ ២០១៩ ត្រូវបានពន្យារពេលដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ជំងឺរាតត្បាតកូវីដ-១៩ បានបង្អាក់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងបង្កជាគ្រោះមហន្តរាយដល់សេដ្ឋកិច្ចសកល នៅពេលពិភពលោកបានចំណាយថវិការាប់ទ្រីលានដុល្លារទៅលើវិធានការការពារជំងឺរាតត្បាត និងកញ្ចប់សង្គ្រោះសេដ្ឋកិច្ច។ ប៉ុន្តែការចំណាយលើវិស័យការពារជាតិនៅក្នុងអំឡុងពេលនោះ គឺមិនមានការថមថយនោះទេ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm International Peace Research Institute (SIPRI) បានវាយតម្លៃថា ការចំណាយទៅលើយោធាពិភពលោក បានកើនឡើងលើសពី ២ ទ្រីលានដុល្លារ ជាលើកដំបូងនៅឆ្នាំ ២០២១។ ប្រទេសកំពូលទាំង២ ក្នុងចំណោមប្រទេសទាំង ៥ គឺស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពោលគឺចិន និង ឥណ្ឌា។

ថ្មីៗនេះ ជប៉ុនក៏បានបង្កើនការចំណាយលើវិស័យយោធាផងដែរ ដោយគេបានរំពឹងថាចំនួនថវិកាចំណាយសរុបនឹងកើនឡើងដល់ ៣២៤ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០២៣ ដល់ ២០២៧។ វិទ្យាស្ថាន SIPRI ក៏បានរកឃើញទៀតថា បើទោះបីជាការធ្វើពាណិជ្ជកម្មសព្វាវុធសកលបានធ្លាក់ចុះបន្តិច ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ក៏ពិតមែន តែការនាំចូលសព្វាវុធរបស់តំបន់អាស៊ីបូព៌ា និងតំបន់ Oceania នៅតែបន្តកើនឡើង ។

ការវាយតម្លៃបែបនេះបានធ្វើឱ្យគេឈានទៅរកការសន្និដ្ឋានដែលថា ការប្រណាំងប្រជែងសព្វាវុធកំពុងតែពុះកញ្ជ្រោលនៅក្នុងទ្វីបអាស៊ី បើទោះបីជាប្រទេសទាំងឡាយនៅតែបន្តជួបប្រទះនឹងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល ដែលបង្កឡើងដោយជំងឺរាតត្បាត និងសង្គ្រាមនៅអ៊ុយក្រែនក្តី។

នាវាមុជទឹក Uzushio-class នៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ថតកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ Reuters/Issei Kato/Pool)

សន្ទុះលើការចំណាយទៅលើសព្វាវុធកាន់តែធំធេងនោះបានចាប់ផ្តើមតាំងពីមុនសង្គ្រាមអ៊ុយក្រែន ដែលទើបនឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នេះទៅទៀត។ ហើយមិនមាននរណាម្នាក់ដឹងទេថា ចាប់ពីពេលនេះទៅតើការប្រណាំងប្រជែងសព្វាវុធនោះនឹងរួមចំណែកប៉ុណ្ណាដល់ការបង្កើនថវិកាការពារជាតិនោះឡើយ។

តំបន់អាស៊ីប៉ាស៊ីហ្វិកដែនសមុទ្រតែងតែចាប់អារម្មណ៍ក្នុងការធ្វើទំនើបកម្មកងកម្លាំងជើងទឹក ជាពិសេសគឺនាវាមុជទឹកដែលជារឿយៗ ត្រូវបានគេចាត់ទុកថាជាឧបករណ៍ដែលអាចបង្កើនកម្លាំងសម្រាប់បណ្តាកងទ័ពជើងទឹកដែលទន់ខ្សោយ ដើម្បីអាចប្រឆាំងនឹងសត្រូវដែលខ្លាំងជាង។

រឿងរ៉ាវប្រវត្តិសាស្ត្រកាលពីអតីតកាលដែលភាគីខាងទន់ខ្សោយប្រើប្រាស់នាវាមុជទឹកដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតដែលខ្លាំងជាងនោះ ពិតជាបានជម្រុញនូវគំនិតដែលថា កម្លាំងក្រោមសមុទ្រពិតជាមានសារៈសំខាន់។ នាវាមុជទឹករបស់អាហ្សង់ទីន San Luis បានបង្កើតភាពចលាចលយ៉ាងខ្លាំងនៅក្នុងអំឡុងពេលសង្រ្គាម Falklands កាលពីឆ្នាំ ១៩៨២ រហូតធ្វើឱ្យចក្រភពអង់គ្លេសលះបង់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងនាវាមុជទឹកនោះ។

ការពង្រីកនាវាមុជទឹកនៅក្រោយវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញនូវរូបភាពដ៏ច្របូកច្របល់មួយ។ ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង កំពុងតែបង្កើនសមត្ថភាពក្រោមសមុទ្ររបស់ពួកគេ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺប្រទេសជប៉ុនបានពង្រីកចំនួនកងនាវាមុជទឹករបស់ខ្លួនពីចំនួន ២០ គ្រឿងនៅឆ្នាំ ២០១៩ ដល់ចំនួន ២២ គ្រឿងនៅចុង ឆ្នាំ ២០២២។ ក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានបង្កើនកងនាវាមុជទឹករបស់ខ្លួនពីចំនួន ១៦ គ្រឿងដល់ចំនួន ១៩ គ្រឿងផងដែរ។

វាមិនមែនគ្រាន់តែជាល្បែងនៃតួលេខនោះទេ ពោលគឺក្រុមប្រទេសដែលមានអំណាចជើងទឹកនៅក្នុងតំបន់ទាំងនេះ ក៏មាននាវាមុជទឹកកាន់តែធំ និងកាន់តែស្ងាត់ហើយអាចមានសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ បានកាន់តែល្អថែមទៀតផង។ នៅចុងឆ្នាំ ២០២១ មនុស្សជាច្រើនក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផែនការរបស់អូស្ត្រាលីសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ស្ថិតក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUS ជាមួយចក្រភពអង់គ្លេស និងអាមេរិកផងដែរ។

បណ្តាប្រទេសមួយចំនួនដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងវៀតណាម មានកម្មវិធីនាវាមុជទឹករបស់ខ្លួនរួចអស់ហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បណ្តាប្រទេសដែលចង់មាននាវាមុជទឹកថ្មីៗ ក៏បានលេចជារូបរាងឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ហ្វីលីពីននិងថៃ មានផែនការទិញនាវាមុជទឹកជាយូរមកហើយ។ ដូច្នេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ។ កម្មវិធីរបស់ប្រទេសហ្វីលីពីនកំពុងជួបប្រទះនឹងការរាំងស្ទះដោយសារតែបញ្ហាផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ដែលបានធ្វើឱ្យកម្មវិធីនោះត្រូវបានគេលើកទុកមួយឡែក ខណៈប្រទេសនេះកំពុងផ្តោតទៅលើចំណុចអាទិភាពក្នុងការទិញនាវានៅលើផ្ទៃទឹកឱ្យបានកាន់តែច្រើន ដូចជានាវាចម្បាំងនិងនាវាល្បាតនៅផ្ទៃសមុទ្រ ដើម្បីបង្កើតវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។

កម្មវិធីនាវាមុជទឹករបស់ថៃ ក៏បានជាប់គាំងផងដែរ ដោយសារការខ្វែងគំនិតគ្នាជាមួយក្រុមហ៊ុនផលិតរបស់ប្រទេសចិនពាក់ព័ន្ធនឹងបញ្ហាម៉ាស៊ីន។ ការសម្រេចចិត្តចំពោះបញ្ហាដែលថា តើគួរទទួលយកម៉ាស៊ីនដែលផលិតដោយចិន យកទៅដាក់ជំនួសម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់នោះ ត្រូវបានគេពន្យារហូតដល់ខែមិថុនា។

បញ្ហាខាងលើបានក្លាយជាបញ្ហាបន្ថែមពីលើបញ្ហាជាច្រើនដែលបានកើតមានឡើងជាយូរមកហើយ ដែលរួមមានបញ្ហានយោបាយក្នុងស្រុក ជាពិសេសគឺការចោទប្រកាន់អំពីភាពមិនប្រក្រតីនៃកិច្ចសន្យា និងសម្ពាធផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ ដែលត្រូវជំរុញឱ្យទ័ពជើងទឹកត្រូវកាត់បន្ថយថវិកាដើម្បីទិញនាវាមុជទឹក។

ប៉ុន្តែអ្វីដែលបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនោះ គឺប្រទេសមីយ៉ាន់ម៉ាបានទទួលនាវាមុជទឹកមួយទឹកមួយពីប្រទេសឥណ្ឌានៅឆ្នាំ ២០២០ នៅចំពេលមានការរាតត្បាតកូវីដ-១៩ ខ្លាំង និងមួយគ្រឿងទៀតនៅឆ្នាំ ២០២១ ដែលទទួលបានពីប្រទេសចិន។

មីយ៉ាន់ម៉ាគឺជាប្រទេសតែមួយគត់ដែលបានបង្កើនសន្ទុះផ្នែកនាវាមុជទឹកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយតំបន់នេះនឹងមិនអាចមានការកើនឡើងនៃចំនួននាវាមុជទឹកច្រើនដូចកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ នោះទេ។

ទោះបីជាតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញនូវរូបភាពច្របូកច្របល់មួយពាក់ព័ន្ធនឹងការកើនឡើងនៃនាវាមុជទឹកក៏ពិតមែន តែគេក៏មិនស្រណុកក្នុងចិត្តនោះឡើយ ដោយហេតុថាផ្ទៃបាតសមុទ្រតំបន់កាន់តែមានភាពចង្អៀតឡើងៗ។ ក្រៅពីនាវាមុជទឹកដែលមានមនុស្សបើក គេក៏កំពុងតែមានបញ្ហាប្រឈមដែលបង្កឡើងដោយការកើនឡើងនៃយានក្រោមសមុទ្រដែលគ្មានមនុស្សបើក ដោយពេលខ្លះក៏ត្រូវគេហៅថាជាដ្រូនក្រោមសមុទ្រផងដែរ។

គោលការណ៍ណែនាំគតិយុត្តិអន្តរជាតិដែលមានស្រាប់ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មានចំណុចចន្លោះប្រហោងក្នុងការបង្កើតបញ្ញត្តិកម្មទៅលើការប្រើប្រាស់នាវាគ្មានមនុស្សបើកទាំងនេះ។

Indonesian submarine KRI Nanggala 402. (Photo: Facebook/Pusat Penerangan TNI)

បើយើងនិយាយតែពីនាវាមុជទឹកដែលមានមនុស្សបើកនោះ គ្រាន់តែនៅក្នុងឆ្នាំ ២០២១ គេបានឃើញនូវឧបត្តិហេតុចំនួន ៣ រួចទៅហើយ គឺការបាត់បង់នាវាមុជទឹកយ៉ាងសោកនាដកម្មរបស់ប្រទេសឥណ្ឌូណេស៊ី ឈ្មោះ KRI Nanggala, ការបុកគ្នារវាងនាវាមុជទឹកជប៉ុន JS Soryu ជាមួយនាវាស៊ីវិលនៅមហាសមុទ្រប៉ាស៊ីហ្វិក និងការបើកបុកថ្មសមុទ្រនៅសមុទ្រចិនខាងត្បូងពីសំណាក់នាវាអាមេរិក USS Connecticut។ ឧបត្តិហេតុទាំងនេះ គឺជាការឆ្លុះបញ្ចាំងនូវគ្រោះថ្នាក់ដ៏ធំនៃការកើនឡើងនៃចំនួននាវាមុជទឹក និងការអំពាវនាវឱ្យមានវិធានការបង្ការដើម្បីទប់ស្កាត់ហានិភ័យទាំងនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រទេសសិង្ហបុរីបានស្នើឡើងនូវក្រមមួយកាលពីប៉ុន្មានឆ្នាំមុនដល់ទ័ពជើងទឹកក្នុងតំបន់ ហើយដែលក្រមនោះគ្រាន់តែជាយន្តការស្ម័គ្រចិត្ត និងគ្មានចំណងខាងផ្លូវច្បាប់ ស្តីអំពីការប៉ះទង្គិចគ្នាដែលមិនបានគ្រោងទុកនៅបាតសមុទ្រ និងបណ្ដុំព័ត៌មានស្តីពីសុវត្ថិភាពនាវាមុជទឹកដើម្បីពិចារណាធ្វើការអនុម័តយក។ មានប្រទេសក្នុងតំបន់ខ្លះមានការចាប់អារម្មណ៍ ប៉ុន្តែការអនុម័តទទួលយកនឹងមិនអាចកើតមានឡើយ ដោយសារតែផលប្រយោជន៍ជាតិផ្សេងៗគ្នាពាក់ព័ន្ធនឹងប្រតិបត្តិការរបស់នាវាមុជទឹក។

ទោះបីជាបែបនោះក្តី កងទ័ពជើងទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកអាចមានឱកាសច្រើនក្នុងការដោះស្រាយហានិភ័យជាក់ស្តែង ដែលបង្កឡើងដោយការកើនឡើងនៃនាវាមុជទឹកនេះ។ ច្បាស់ណាស់ថា វាមានភាពស្រដៀង គ្នាទៅនឹងការគ្រប់គ្រងចរាចរណ៍ដែនអាកាស ដែលមានលក្ខណៈចង្អៀតដោយសារតែវត្តមាននៃយន្តហោះយោធា និងយន្តហោះស៊ីវិលផងនោះ។

ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះ គឺវាមានលើសពីលក្ខណៈបច្ចេកទេសសម្រាប់ការបង្កើតយន្តការគ្រប់គ្រងលំហទឹក និងយន្តការទប់ស្កាត់លើការជ្រៀតជ្រែកគ្នា។ សម្រាប់បរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្នដែលកំពុងតែជួបប្រទះនឹងភាពខ្វះទំនុកចិត្តខាងយុទ្ធសាស្ត្រ និងការប្រណាំងប្រជែងដែលកំពុងតែវិវត្តខ្លួននោះ វាមានន័យថា ផ្នែកប្រតិបត្តិការនៅក្រោមសមុទ្រគឺជារឿងដ៏រសើប។

ចេតនារបស់តំបន់ក្នុងការទទួលបានយន្តការគ្រប់គ្រងលំហទឹក និងយន្តការទប់ស្កាត់ លើការជ្រៀតជ្រែកគ្នានោះ នឹងត្រូវជួបប្រទះនឹងបញ្ហាប្រឈមដោយសារតែតួអង្គសំខាន់ ២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺប្រទេសចិន និងសហរដ្ឋអាមេរិក មិនទំនងជាអាចយល់ស្របតាមយន្តការណាដែលអាចតម្រូវឱ្យពួកគេគោរពតាមការរឹតត្បិតខ្លាំង ហើយអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិរបស់ពួកគេនោះទេ។

ប៉ុន្តែផលប្រយោជន៍នៃការគោរពតាមយន្តការគ្រប់គ្រងផ្ទៃក្រោមសមុទ្ររបស់តំបន់ដែលត្រូវបានគេមើលឃើញនៅក្នុងបរិបទនៃភាពតានតឹងនៅក្នុងតំបន់នោះ តម្រូវឱ្យមានការគិតគូឡើងវិញជាបន្ទាន់អំពីលទ្ធភាពនៃយន្តការគ្រប់គ្រងលំហដែនទឹក និងយន្តការទប់ស្កាត់ទៅលើការជ្រៀតជ្រែកគ្នានោះ។ វាគឺជាពេលវេលាដ៏ជាក់ច្បាស់មួយដែលយើងត្រូវគិតថា «យន្តការការពារដ៏សមរម្យ» នេះគឺពិតជាមានសារៈសំខាន់ជាងអ្វីៗទាំងអស់ ជាជាងការរង់ចាំឱ្យមានឧបត្តិហេតុធំមួយទៀតដែលបង្កឡើងដោយនាវាមុជទឹក៕

Channel News Asia

អត្ថបទទាក់ទង