ខ្មែរប៉ុស្ដិ៍ Close

ការត្រួតពិនិត្យឡើងវិញលើយុទ្ធសាស្រ្តរបស់លោក Biden ៖ ផលប៉ះពាល់ចំពោះសន្តិសុខសកល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 45
ការត្រួតពិនិត្យឡើងវិញលើយុទ្ធសាស្រ្តរបស់លោក Biden ៖ ផលប៉ះពាល់ចំពោះសន្តិសុខសកល ការត្រួតពិនិត្យឡើងវិញលើយុទ្ធសាស្រ្តរបស់លោក Biden ៖ ផលប៉ះពាល់ចំពោះសន្តិសុខសកល

នៅរដូវស្លឹកឈើជ្រុះនេះ រដ្ឋបាល Biden បានចេញផ្សាយនូវការត្រួតពិនិត្យឡើងវិញលើឯកសារគោលនយោបាយសំខាន់ៗចំនួន ៤ ដែលបានផ្តល់នូវការយល់ដឹងថ្មីមួយពាក់ព័ន្ធនឹងការគិតគូរជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី ១២ តុលា សេតវិមានបានចេញផ្សាយនូវយុទ្ធសាស្រ្តសន្តិសុខជាតិចុងក្រោយបំផុត (NSS) របស់រដ្ឋបាល Biden។

នៅ ២ សប្តាហ៍ក្រោយមក គឺនៅថ្ងៃទី ២៧ តុលា ក្រសួងការពារជាតិអាមេរិកក៏បានរួមគ្នាចេញផ្សាយនូវកំណែគោលនយោបាយចំនួន៣ ផ្សេងទៀតដែលរួមមានយុទ្ធសាស្ត្រការពារជាតិ (NDS), ការត្រួតពិនិត្យឡើងវិញលើឥរិយាបថនុយក្លេអ៊ែរ (NPR) និងការត្រួតពិនិត្យឡើងវិញលើការការពារផ្នែកមីស៊ីល (MDR)។

ឯកសារទាំងនេះ បានផ្តល់នូវការយល់ដឹងមួយចំនួនអំពីទិសដៅនៃគោលនយោបាយរបស់រដ្ឋបាល Biden ដែលបានហៅទសវត្សរ៍បច្ចុប្បន្នជា «យុគសម័យនៃការសម្រេចចិត្ត»។ យុទ្ធសាស្ត្រគោលនយោបាយចុងក្រោយបំផុតនេះ (បើទោះបីជាពឹង ផ្អែកលើនិន្នាការសន្តិសុខដែលមានស្រាប់ក៏ដោយ) មានចំណុចថ្មីៗមួយចំនួនដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិសុខពិភពលោក។

ទន្ទឹមនឹងការសង្កត់ធ្ងន់ទៅលើតួនាទីដឹកនាំរបស់សហរដ្ឋអាមេរិក និងការពង្រឹងសម្ព័ន្ធភាពគោលនយោបាយថ្មីៗទាំងនេះបានផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ (ដែលមិនធ្លាប់មានពីមុនមក) លើការគំរាមកំហែងពីសំណាក់សាធារណរដ្ឋ ប្រជាមានិតចិន។ «ផែនការងាកឆ្ពោះទៅរកតំបន់អាស៊ី» (Pivot to Asia) របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមនៅក្នុងអំឡុងរដ្ឋបាល Obama នៅពេលដែលការលេចត្រដែតឡើងរបស់ចិន បានក្លាយជាកង្វល់មួយនៅក្នុងការគិតគូរផ្នែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ វាទើបតែនៅក្នុងអំឡុងរដ្ឋបាល Trump ប៉ុណ្ណោះដែលប្រទេសចិនបានជំនួសប្រទេសរុស្ស៊ី ដោយបានក្លាយជាដៃគូប្រកួតប្រជែងលំដាប់ទី​១ របស់សហរដ្ឋអាមេរិក។ ការគិតគូរឡើងវិញអំពីទំនាក់ទំនងចិន-អាមេរិកត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងឯកសារផ្លូវការជាបន្តបន្ទាប់ ដូចជាយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ ២០១៧ ដែលបានលើកឡើងថា «ប្រទេសចិនបានព្យាយាមប្រកួតប្រជែងអំណាច, ឥទ្ធិពល និងផលប្រយោជន៍ជាមួយសហរដ្ឋអាមេរិក»។

ស្រដៀងគ្នានេះដែរ យុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០១៨ បានហៅទីក្រុងប៉េកាំងថាជា «ដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រ» ដែលកំពុងព្យាយាមបង្កើត «អនុត្តរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ និងកំពុងព្យាយាមរុញច្រានសហរដ្ឋអាមេរិកឱ្យចេញពីតំបន់នេះ ដើម្បីសម្រេចបាននូវភាពលេចធ្លោជាសកលរបស់ខ្លួននៅពេលអនាគត»។

ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យយុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាល Biden ដូចដែលត្រូវបានបង្ហាញនៅក្នុងឯកសារកាលពីពេលថ្មីៗនេះត្រូវបានពង្រឹងទ្វេដង ជាមួយនឹងការហៅប្រទេសចិនថាជា «បញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិក»។ សហរដ្ឋអាមេរិកក៏បានកំណត់គោលដៅចម្បងក្នុងការ «យកឈ្នះ» លើទីក្រុងប៉េកាំងផងដែរ។

ផ្ទុយទៅវិញ រុស្សី បើទោះបីជាកំពុងមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ នៅតែត្រូវបានចាត់ទុកជាការគំរាមកំហែងបន្ទាប់បន្សំ ដែលចាំបាច់ត្រូវតែទប់ស្កាត់។ ការផ្តោតអារម្មណ៍ មិនធ្លាប់មានពីមុនមកលើប្រទេសចិននៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅពេលនេះ ត្រូវបានលើកឡើងនៅក្នុងការត្រួតពិនិត្យឥរិយាបថនុយក្លេអ៊ែរ និងការត្រួតពិនិត្យលើការការពារខាងមីស៊ីល។

ផ្ទុយទៅនឹងការសន្យានៅមុនការបោះឆ្នោតរបស់លោក Biden ដែលថា «លោកនឹងអនុម័តគោលនយោបាយដែលមានគោលបំណងតែមួយគត់ ដែលនោះគឺការស្តុកទុកអាវុធនុយក្លេអ៊ែររបស់អាមេរិក ក្នុងគោលបំណងរារាំងសត្រូវរបស់ខ្លួន», ការពិនិត្យឡើងវិញលើឥរិយាបថនុយក្លេអ៊ែរ NPR ឆ្នាំ ២០២២ បានពង្រឹងសារៈសំខាន់របស់អាវុធនុយក្លេអ៊ែរនៅក្នុងគោលនយោបាយសន្តិសុខរបស់សហរដ្ឋអាមេរិក នៅចំពេលកើតមានការគំរាមកំហែងពីសំណាក់សត្រូវរបស់ខ្លួន។

ការផ្លាស់ប្តូរការផ្តោតអារម្មណ៍លើលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះអាចនឹងបង្កឱ្យមានបញ្ហាសន្តិសុខដ៏ស្រួចស្រាវនៅក្នុងប្រទេសចិននិងរុស្ស៊ី ដោយក្នុងនោះវាអាចជំរុញឱ្យប្រទេសទាំងពីរ បង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេរៀងៗខ្លួន។ ការផ្តោតជាថ្មីលើអាវុធនុយក្លេអ៊ែរបែបនេះនឹងបង្កផលប៉ះពាល់កាន់តែខ្លាំងដល់សន្តិសុខរបស់សហរដ្ឋអាមេរិក ហើយក៏អាចនឹងបង្កើនហានិភ័យនៃការកើនឡើងនៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

បញ្ហាប្រឈមដ៏សំខាន់មួយទៀតជុំវិញការសង្កត់ធ្ងន់ជាថ្មីលើសារៈសំខាន់របស់អាវុធនុយក្លេអ៊ែរ នឹងកាត់បន្ថយចំណង់របស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនៅពេលអនាគត ជាពិសេស គឺពីសំណាក់ប្រទេសចិននិងរុស្ស៊ី ដោយសារពួកគេច្បាស់ជានឹងឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ធាតុផ្សំដ៏គួរឱ្យព្រួយបារម្ភមួយទៀតគឺការផ្តោតអារម្មណ៍សារជាថ្មីនេះមិនត្រឹមតែធ្វើឡើងលើការធ្វើទំនើបកម្មនៃប្រព័ន្ធសព្វាវុធដែលមានស្រាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏នឹងផ្តោតលើការអភិវឌ្ឍអាវុធថ្មីៗផងដែរ។ សហរដ្ឋអាមេរិកមានលទ្ធភាពធ្វើកិច្ចការនេះ ដោយមានជំនួយពីបច្ចេកវិទ្យាកុំព្យូទ័រកម្រិតខ្ពស់ៗ ដោយមិនចាំបាច់បំពានលើការផ្អាកជាបណ្ដោះអាសន្ន នៃការធ្វើតេស្តនុយក្លេអ៊ែរ។

ទោះជាយ៉ាងណាក៏ដោយ វាអាចជំរុញឱ្យមានការធ្វើតេស្តអាវុធនុយក្លេអ៊ែរកាន់តែច្រើននៅក្នុងបណ្ដារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដែលជាហេតុអាចបង្កផលប៉ះពាល់ដល់គុណតម្លៃស្តង់ដាររបស់អង្គការសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយស្តីពីការហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរ (CTBTO)។ យុទ្ធសាស្ត្រថ្មីរបស់រដ្ឋបាល Biden ក៏បានសង្កត់ធ្ងន់កាន់តែខ្លាំងផងដែរទៅលើការរួមគ្នាទប់ស្កាត់។

យោងតាមរបាយការណ៍យុទ្ធសាស្រ្តសន្តិសុខជាតិ (NSS) ចុងក្រោយបំផុត «ការរារាំងគួរតែត្រូវបានរួមបញ្ចូលមិនត្រឹមតែនៅក្នុងវិស័យជាក់លាក់ណាមួយ ដូចជាវិស័យយោធា និងមិនមែនយោធាប៉ុណ្ណោះទេ ប៉ុន្តែវាគួរធ្វើឡើងនៅគ្រប់វិស័យទាំងអស់នៅទូទាំងតំបន់, គ្រប់មជ្ឈដ្ឋាននៃជម្លោះ និងនៅក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូទាំងអស់របស់សហរដ្ឋអាមេរិក»។

ម៉្យាងវិញទៀត វាក៏អាចនឹងបង្កើនហានិភ័យនៃការជាប់ផុងនៅក្នុងជម្លោះផងដែរ ហើយសមរភូមិជាក់ស្ដែងជាច្រើនអាចនឹងត្រូវបានបង្កើតឡើងដោយនឹងបន្សល់ទុកនូវឱកាសតិចតួចសម្រាប់បណ្តាប្រទេសណាដែលចង់រក្សាតុល្យភាពទំនាក់ទំនងនិងដែលមិនចង់ក្លាយខ្លួនជាដៃគូផ្តាច់មុខទាំងជាមួយចិន ឬជាមួយសហរដ្ឋអាមេរិក ជាពិសេសគឺបណ្ដាប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទស្សនៈដ៏តូចចង្អៀតដែលបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រ អាចនាំមកនូវបញ្ហាប្រឈមសម្រាប់ដៃគូដែលមានស្រាប់របស់អាមេរិកនៅក្នុងតំបន់ដែលគោលបំណងនៃគោលនយោបាយរបស់ពួកគេអាចមានភាពមិនស៊ីសង្វាក់គ្នាទាំងស្រុងជាមួយនឹងគោលបំណងរបស់សហរដ្ឋអាមេរិក បើធៀបនឹងជាមួយប្រទេសចិន។

ជាឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូងកំពុងព្យាយាមស្វែងរកភាពជាដៃគូ និងសន្តិសុខជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ក៏ប៉ុន្តែប្រទេសនេះមិនចង់ធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនរងនូវការខូចខាតនោះទេ។ ស្រដៀងគ្នានេះដែរ ឥណ្ឌាត្រូវបានគេចាត់ទុកជាដៃគូការពារដើម្បីទប់ស្កាត់នឹងការឈ្លានពានរបស់ចិន ក៏ប៉ុន្តែឥណ្ឌានៅមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយនោះទេក្នុងការដើរស្របទាំងស្រុងតាមខ្សែបន្ទាត់របស់សហរដ្ឋអាមេរិកនៅក្នុងគ្រប់គោលនយោបាយការបរទេស តួយ៉ាងដូចជាជំហររបស់ឥណ្ឌាចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

បើទោះបីជាប្រទេសនេះកំពុងមានបញ្ហាព្រំដែនជាមួយចិនក៏ដោយ ក៏ឥណ្ឌានៅតែបន្តអនុវត្តគោលនយោបាយមិនបង្កហេតុចំពោះប្រទេសចិនដដែល។ សហរដ្ឋអាមេរិក និងឥណ្ឌាក៏មានចំណុចអាទិភាពផ្សេងគ្នាផងដែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោលគឺការផ្តោតសំខាន់ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកគឺទៅលើសមុទ្រចិនខាងត្បូង ខណៈដែលផលប្រយោជន៍ចម្បងរបស់ឥណ្ឌាគឺការផ្តោតកាន់តែខ្លាំងទៅលើតំបន់មហាសមុទ្រឥណ្ឌាខាងលិច (Western Indian Ocean Region – WIOR)។

បើទោះបីជាការបង្កើនសមត្ថភាពយោធារបស់ឥណ្ឌា ដោយមានជំនួយពីសហរដ្ឋអាមេរិកប្រហែលជាមិនអាចទទួលបានជោគជ័យក្នុងការទប់ស្កាត់ប្រទេសចិនក៏ដោយ ក៏វាអាចបង្កផលប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់នៅអាស៊ីខាងត្បូង ជា​ពិសេសគឺការ​បង្ក​អស្ថិរភាព​បន្ថែម​ទៀត​ដល់តំបន់កាស្មៀរ។

ឯកសារគោលនយោបាយថ្មីនេះ បានកំណត់គោលដៅក្នុង «ការផ្លាស់ប្តូរយ៉ាងសកម្មនូវសណ្តាប់ធ្នាប់អន្តរជាតិ» ឱ្យស្របទៅតាមអ្វីដែលអាមេរិកចង់បាន។ សេចក្តីប្រាថ្នានេះនឹងត្រូវពឹងផ្អែកខ្លាំងលើធនធាន ក៏ដូចជា លើបណ្តាញនៃសម្ព័ន្ធមិត្ត និងបណ្តាប្រទេសជាដៃគូ ដែលឆន្ទៈក្នុងការអនុវត្តនូវគោលនយោបាយនេះអាចស្ថិតនៅក្នុងកម្រិតខុសៗគ្នានៅក្នុងពេលបច្ចុប្បន្ននេះ៕

The Diplomat

អត្ថបទទាក់ទង