ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថាប្រទសមួយចំនួនដែលធ្លាប់បានធ្វើកំហុសចំពោះកម្ពុជាកាលពីអតីតកាល គេមិនធ្វើកំហុសតទៅទៀតនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 66
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថាប្រទសមួយចំនួនដែលធ្លាប់បានធ្វើកំហុសចំពោះកម្ពុជាកាលពីអតីតកាល គេមិនធ្វើកំហុសតទៅទៀតនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថាប្រទសមួយចំនួនដែលធ្លាប់បានធ្វើកំហុសចំពោះកម្ពុជាកាលពីអតីតកាល គេមិនធ្វើកំហុសតទៅទៀតនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវសេចក្តីសង្ឃឹមថា ប្រទេសមួយចំនួនដែលធ្លាប់បានធ្វើកំហុសចំពោះកម្ពុជាកាលពីអតីតកាល គេមិនធ្វើកំហុសតទៅទៀតនោះទេ។ លោកក៏បានថ្លែងរំលឹកកាលពីលោកនៅអឺរ៉ុបថា សូមអ្នកកុំធ្វើកំហុសលើកទី៣ឱ្យសោះ ពីព្រោះអ្នកបានធ្វើកំហុសពីរដងរួចមកហើយគឺទី១ គាំទ្ររដ្ឋប្រហារយោធានៅឆ្នាំ១៩៧០ និងទី២គាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេសកម្ពុជា ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៊ីស្តានប៊ុល ប្រទេសតួកគី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នូវកំហុសទាំងពីរដែលប្រទេសមួយចំនួនធ្លាប់បានប្រព្រឹត្តដាក់កម្ពុជាដែលក្នុងនោះរួមមាន៖
កំហុសទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ក៏ប៉ុន្តែបានគាំទ្ររដ្ឋប្រហារយោធាមួយនៅឆ្នាំ១៩៧០ បង្កើតទៅជាសង្រ្គាមវិនាសកម្ម។ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារយោធាទៅវិញ ហើយថែមទាំងមិនបានសម្តែងនូវការសោកស្តាយបន្តិចនោះទេ។

 

កំហុសទី២៖ ប្រជាជនកម្ពុជាត្រូវបានសម្លាប់ជាង៣លាននាក់ ជាមួយនឹងសោកនាដកម្មរាប់មិនអស់ ប៉ុន្តែនៅពេលដែលកម្ពុជាបានតស៊ូវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គេបានគាំទ្រឱ្យខ្មែរក្រហមអង្គុយនៅកៅអីអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ។ មិនមែនគ្រាន់តែគាំទ្រនៅអង្គការសហប្រជាជាតិនោះទេ គេហ៊ុំព័ទ្ធកម្ពុជាទាំងនយោបាយ សេដ្ឋកិច្ច ថែមទៀតផង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះគេមិនត្រូវធ្វើកំហុសលើកទី៣ ដោយបណ្តែតបណ្តោយឱ្យប្រទេសកម្ពុជាត្រូវបានញាំញីទៅដោយក្រុមភេរវករ ឬក្រុមអ្នកធ្វើបដិវត្តន៍ពណ៌តាមបែបធ្វើរដ្ឋប្រហារដូចនៅប្រទេសតួកគី២០១៦កន្លងទៅនោះទេ។ លោកបានបន្តថា កម្ពុជានិងតួកគីមានភ័ព្វវាសនាប្រហាក់ប្រហែលគ្នា តួកគីមានរដ្ឋប្រហារឆ្នាំ២០១៦ ឯកម្ពុជាក៏មានក្រុមធ្វើបដិវត្តន៍ពណ៌ដែលតម្រូវឱ្យកម្ពុជាត្រូវតែប្រើប្រាស់ច្បាប់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រទេសទាំងមូល៕

អត្ថបទទាក់ទង