អាមេរិកអាចនឹងបង្ខំហ្វីលីពីនឱ្យបំពេញតាមបំណងរបស់ខ្លួន
ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ កាលពីពេលថ្មីៗនេះរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ទៅកាន់ប្រទេសហ្វីលីពីន បានធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងគេរបស់រដ្ឋបាល Biden ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ។ មិនបង្អង់យូរ លោកស្រី Harris បានលើកឡើងដោយត្រង់ៗឱ្យគេឯងដឹងថា «តើនរណាជាអ្នកត្រួតត្រានៅក្នុងតំបន់នេះ» និងថា «តើអ្នកណាជាអ្នកធ្វើឱ្យតំបន់នេះមានភាពល្អប្រសើរឡើងនៅសម័យក្រោយសង្គ្រាម»។
លោកស្រី Harris បានជួបជាមួយប្រធានាធិបតី Ferdinand “Bongbong” Marcos Jr និងបន្ទាប់មកបានធ្វើដំណើរទៅកាន់ខេត្ត Palawan ដែលស្ថិតនៅជិតដែនទឹកនៃសមុទ្រចិនខាងត្បូងដែលជាទីតាំងជម្លោះនាពេលបច្ចុប្បន្នរវាងប្រទេសចិន និងហ្វីលីពីន។ នៅចំពោះមុខកងទ័ពជើងទឹក និងប្រជានេសាទ ដែលបានមកប្រមូលផ្តុំគ្នានៅទីនោះ លោកស្រីបានបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្រឥតងាករេរបស់សហរដ្ឋអាមេរិកនៅចំពោះមុខ «ការបំភិតបំភ័យ» និង «ការគាបសង្កត់» ពីសំណាក់ទីក្រុងប៉េកាំង។
សេតវិមានបានលើកសរសើរអំពីទំនាក់ទំនង «ដែកថែប» រវាងប្រទេសទាំងពីរ ដូចដែលត្រូវបានបង្ហាញដោយកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរបស់សហរដ្ឋអាមេរិកនិងហ្វីលីពីន ឆ្នាំ ២០១៤ (EDCA) ដែលបានអនុញ្ញាតឱ្យទាហានអាមេរិកអាចធ្វើប្រតិបត្តិការនៅតាមមូលដ្ឋានយោធាហ្វីលីពីនមួយចំនួន។ រដ្ឋបាល Biden ក៏បានប្រកាសផងដែរអំពីការកើនឡើងទ្វេដងនៃចំនួនមូលដ្ឋានយោធារួមគ្នា, ការទម្លាក់កញ្ចប់ថវិកាចំនួន ៨២ លាន ដុល្លារអាមេរិកសម្រាប់កិច្ចព្រមព្រៀង EDCA ព្រមទាំងទឹកប្រាក់ជាច្រើនទៀត ដែលនឹងមកដល់នៅពេលខាងមុខ។
ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោកស្រី Harris បាននាំមកនូវលទ្ធផលចំនួន ៣ ដែល៖
- ទី១ គឺ «សេចក្តីថ្លែងការណ៍ដោយផ្ទាល់ទៅកាន់ប្រទេសចិន ពីសំណាក់រដ្ឋបាល Biden ពាក់ព័ន្ធនឹងអធិបតេយ្យភាពដែនសមុទ្រ រួមជាមួយនឹងប្រតិបត្តិការរបស់កងទ័ពជើងទឹកអាមេរិកជាញឹកញាប់ នៅសមុទ្រចិនខាងត្បូង»។
- ទី២ គឺ «វាបានអនុញ្ញាតឱ្យលោកស្រី Harris អាចបញ្ចេញសាច់ប្រាក់ដើម្បីទុកគាំទ្រដល់ការប្តេជ្ញាចិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក»
- និងទី៣ គឺ «ជាមួយនឹងការកាន់តំណែងថ្មីរបស់លោក Marcos វាបានរំលឹកដល់ហ្វីលីពីនអំពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូររឿងរ៉ាវភូមិសាស្ត្រនយោបាយនៅក្នុងតំបន់»។
ថ្នាក់ដឹកនាំហ្វីលីពីនភាគច្រើនមានទំនោរងាកទៅរកសហរដ្ឋអាមេរិក ដោយគិតចាប់ពីប្រទេសនេះបានទទួលឯករាជ្យពីសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៤៦។ លោក Ferdinand Marcos Sr ដែលជាមេដឹកនាំផ្តាច់ការ នៅទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ និងជាឪពុករបស់ប្រធានាធិបតីបច្ចុប្បន្ន ក៏ស្ថិតក្នុងចំណោមមេដឹកនាំដែលគាំទ្រអាមេរិកយ៉ាងក្លៀវក្លាបំផុតផងដែរ។ អតីតប្រធានាធិបតី Rodrigo Duterte ដែលមានភាពលេចធ្លោក្នុងការមិនចុះសម្រុងជាមួយលោក Donald Trump ក៏ដោយសារតែទំនាក់ទំនងដ៏ស្មុគស្មាញរបស់លោកជាមួយសហរដ្ឋអាមេរិក។
នៅមិនទាន់ទាំងគ្រប់ ៦ ខែនៃអាណត្តិដឹកនាំរបស់លោកផង លោក Marcos Jr បានបន្តបន្ទរអំពីការពេញចិត្តរបស់ឪពុកលោកចំពោះការដឹកនាំរបស់អាមេរិក។ បើទោះបីជាមានការពិភាក្សាអំពី «គោលនយោបាយការបរទេសឯករាជ្យ»កាលពីខែកក្កដាក៏ដោយ ក៏លោកបានប្រាប់ទៅលោកស្រី Harris ថា «ខ្ញុំមើលមិនឃើញអំពីអនាគតរបស់ហ្វីលីពីន ដោយគ្មានវត្តមានរបស់សហរដ្ឋអាមេរិកឡើយ»។
កាលពីខែកញ្ញា លោក Marcos បានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Joe Biden នៅទីក្រុងញូវយ៉ក បើទោះបីជាមានដីការពីតុលាការសហរដ្ឋអាមេរិកទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តឡើងដោយគ្រួសាររបស់លោកក៏ដោយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលស្គាល់អភ័យឯកសិទ្ធិការទូតរបស់លោក Marcos និងបានអនុញ្ញាតឱ្យរូបលោកអាចចូលទៅកាន់សហរដ្ឋអាមេរិក។
នៅប៉ុន្មានសប្តាហ៍ក្រោយមក មន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការរៀបចំធ្វើសមយុទ្ធយោធារួមគ្នាបន្ថែមទៀតក្នុងគោលបំណងបង្កើនចំនួនកងទ័ពឱ្យលើសពីចំនួន ៩០០០ នាក់ ដែលជាចំនួនបំបែកកំណត់ត្រាកាលពីសមយុទ្ធខែមេសាឆ្នាំមុន។ បន្ទាប់មកនៅខែតុលារដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយយោធាបរទេសដែលមានទឹកប្រាក់ ១០០ លានដុល្លារដល់ប្រទេសហ្វីលីពីន។
ហ្វីលីពីនមានប្រវត្តិរកាំរកូសច្រើនពាក់ព័ន្ធនឹងវត្តមានយោធារបស់អាមេរិក។ បន្ទាប់ពីរយៈពេល ៤៨ ឆ្នាំក្រោមនឹមអាណានិគមរបស់អាមេរិក ច្បាប់សហសម័យ, គោលនយោបាយសេដ្ឋកិច្ចនានា និងប្រព័ន្ធអប់រំជាច្រើនរបស់ប្រទេសហ្វីលីពីន សុទ្ធតែត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក។
ក្នុងនោះក៏មានរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងយោធាដ៏ចម្រូងចម្រាសផងដែរ ដែលបើទោះបីជាមានការហាមឃាត់មិនឱ្យមានមូលដ្ឋានទ័ពអាមេរិកក្រោមការសម្រេចចិត្តជាប្រវត្តិសាស្ត្រដោយសភាហ្វីលីពីនក្នុងឆ្នាំ ១៩៩១ និងការដកទ័ពរបស់អាមេរិកជាបន្តបន្ទាប់ចេញពីមូលដ្ឋានទ័ពជើងទឹកនៅឈូងសមុទ្រ Subic ក៏ដោយ ក៏ហ្វីលីពីននៅតែអនុញ្ញាតឱ្យទាហានអាមេរិកមានវត្តមានជានិច្ចនៅក្នុងប្រទេសរបស់ខ្លួន។ យោងតាមកិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ចឆ្នាំ ១៩៩៩ (Visiting Forces Agreement) សហរដ្ឋអាមេរិកមានយុត្តាធិការលើទាហានទស្សនកិច្ចទាំងឡាយណាដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសហ្វីលីពីន ដែលជាហេតុនាំមកនូវការការពារផ្នែកការទូត។
ដោយសារការដាក់ឱ្យដំណើរការឡើងវិញនូវកិច្ចព្រមព្រៀង EDCA ក្រុមមនុស្សមួយចំនួន ដូចជាសម្ព័ន្ធអន្តរជាតិនៃការតស៊ូរបស់ប្រជាជន (ILPS) និងអ្នកជំនាញគោលនយោបាយការបរទេសជាច្រើន បាននឹកឃើញឡើងវិញនូវឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយទាហានអាមេរិកនៅលើទឹកដីហ្វីលីពីន។ ក្រុម ILPS បានព្រមានថា «ហ្វីលីពីនអាចក្លាយជាមូលដ្ឋានសាកល្បងមួយសម្រាប់បម្រើឱ្យសកម្មភាពកាន់តែខ្លាំងក្លារបស់អាមេរិកនៅក្នុងតំបន់»។
ការពង្រឹងកិច្ចព្រមព្រៀង EDCA បានបង្ហាញអំពីសញ្ញានៃការបោះជំហានយ៉ាងធំនៅក្នុងការតាំងជំហររបស់អាមេរិក។ ប្រទេសហ្វីលីពីនច្បាស់ជានឹងមានតួនាទីណាមួយនៅក្នុងការទាក់ទាញបណ្ដាសម្ព័ន្ធមិត្តជាច្រើនទៀតនៅទូទាំងតំបន់ឱ្យមកចូលរួមនៅក្នុងយុទ្ធសាស្ត្ររបស់លោក Biden ស្តីពី «ការរារាំងរួមគ្នា» សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
គំនិតផ្ដួចផ្ដើមរារាំងប៉ាស៊ីហ្វិក (Pacific Deterrence Initiative – PDI) ដែលត្រូវបានបង្កើតឡើងកាលពីខែមេសា ឆ្នាំ ២០២២ បានបង្ហាញអំពីជំហាននៃការបង្កើនវត្តមានរបស់សហរដ្ឋអាមេរិក ឱ្យបានកាន់តែខ្លាំងក្លាជាងមុននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធ, ឥទ្ធិពលខាងវិស័យឌីជីថល និងការឃ្លាំមើល។ សភាអាមេរិកបានផ្តល់ជំនួយដល់កម្មវិធីនេះចំនួន ៧,១ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២២-២០២៣។
បណ្តាប្រទេសអាស៊ានគឺជាដៃគូដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ដោយក្នុងនោះកិច្ចព្រមព្រៀងយោធាជាច្រើនត្រូវបានចុះហត្ថលេខារួចរាល់ហើយជាមួយនឹងប្រទេសវៀតណាម និងសិង្ហបុរី។ ប៉ុន្តែហ្វីលីពីន គឺជាប្រទេសដែលមានឆន្ទៈជាងគេជាប្រវត្តិសាស្ត្រ ក្នុងការទទួលយកសហរដ្ឋអាមេរិកតាមរយៈការដើរតួនាទីជាកម្លាំងគាំទ្រនៅក្នុងជម្លោះមួយចំនួនដូចជាសង្រ្គាមកូរ៉េ, សង្គ្រាមវៀតណាម និងសង្គ្រាមនៅអាហ្វហ្គានីស្ថានជាដើម។
បើទោះបីជាមានឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ក៏ដោយ ក៏ដៃគូអាស៊ានភាគច្រើនអាចនៅតែស្ទាក់ស្ទើរក្នុងការត្រូវបានអូសទាញឱ្យចូលទៅក្នុងស្ថានភាពណាមួយដែលអាចបង្ខំពួកគេឱ្យជ្រើសយកភាគីណាមួយរវាងចិន និងសហរដ្ឋអាមេរិក ក៏ប៉ុន្តែប្រទេសហ្វីលីពីនអាចមានគំនិតខុសប្លែកពីគេ។
ការសម្រេចចិត្តអាចនាំមកនូវគ្រោះថ្នាក់ជានិច្ច ហើយពេលនេះប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកជាមួយនឹងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃការញុះញង់ និងការសន្យាផ្តល់ជំនួយយោធានិងទាហានរដ្ឋាភិបាលរបស់លោក Marcos កំពុងតែដើរឆ្ពោះទៅរកគ្រោះថ្នាក់នៃជម្លោះដែលអាចនឹងផ្ទុះឡើងនៅគ្រប់ពេល៕
The Interpreter