ខ្មែរប៉ុស្ដិ៍ Close

ដល់ពេលហើយ ក្នុងការចាប់ផ្តើមនូវវិធានការដើម្បីឈានទៅសម្រេចគោលដៅតភ្ជាប់រួមរវាង EU និង ASEAN

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 71
ដល់ពេលហើយ ក្នុងការចាប់ផ្តើមនូវវិធានការដើម្បីឈានទៅសម្រេចគោលដៅតភ្ជាប់រួមរវាង EU និង ASEAN ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrell (ស្តាំ) ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ រូបថត៖ Tang Chhin Sothy/AFP

ការតភ្ជាប់គឺជាពាក្យដ៏សំខាន់មួយដែលត្រូវបានលើកឡើងជាញឹកញាប់នៅក្នុងកិច្ចការការទូតសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបចំពោះអាស៊ាន។ ដូចដែលបានកំណត់ដោយគណៈកម្មការអឺរ៉ុប «ការតភ្ជាប់» អាចរាប់បញ្ចូលនូវការបង្កើតបណ្តាញនៅគ្រប់វិស័យ ដែលរួមមានការដឹកជញ្ជូន, ថាមពល និងប្រព័ន្ធឌីជីថល ក៏ដូចជាទំនាក់ទំនងរវាងមនុស្ស ដូចជាវិស័យអប់រំ ទេសចរណ៍, ការស្រាវជ្រាវ និងការធ្វើនវានុវត្ត។

បើទោះបីជាមានការលើកឡើងនូវគំនិតល្អៗមួយចំនួននៅក្នុងឯកសារផ្លូវការក៏ដោយ ក៏វានៅតែមានសំណួរធំៗចំនួន២ ដែលភាគីពាក់ព័ន្ធនានាទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុបចាំបាច់ត្រូវឆ្លើយ។

ទី១៖ គឺ «តើការតភ្ជាប់រវាងអាស៊ាន និងសហភាពអឺរ៉ុប ពិតជាសំខាន់មែនឬ?» ហើយប្រសិនបើវាពិតជាសំខាន់មែន «តើសហភាពអឺរ៉ុបមានបានចាត់វិធានការដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅរួមស្តីពីការតភ្ជាប់រវាងអាស៊ាន និងសហភាពអឺរ៉ុបដែរឬទេ?»

ការតភ្ជាប់អាស៊ាន-សហភាពអឺរ៉ុប មានសារៈសំខាន់ ដោយសារមូលហេតុមួយចំនួន។

សហភាពអឺរ៉ុបនិងអាស៊ានគឺជាប្រភពនៃគំនិតផ្តួចផ្តើមស្តីពីការធ្វើសមាហរណកម្មតំបន់ដ៏ទំនើបជាងគេបំផុតនៅក្នុងពិភពលោក។ សហភាពអឺរ៉ុបមិនត្រឹមតែជាអ្នកសម្របសម្រួលដ៏សំខាន់បំផុតរបស់អាស៊ាននៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែប្លុកទាំងពីរក៏ជាដៃគូពាណិជ្ជកម្មរវាងគ្នាធំជាងគេលំដាប់ទី៣ ផងដែរនៅឆ្នាំ ២០១៩ និង ២០២០។

តាមរយៈការបន្តភាពជាដៃគូនេះ ជាពិសេសតាមរយៈទំនាក់ទំនងពាណិជ្ជកម្មសហភាពអឺរ៉ុបនិងអាស៊ាន ត្រូវបានគេព្យាករថានឹងក្លាយជាកម្លាំងសេដ្ឋកិច្ចសកលដ៏ធំមួយ។ សហភាពអឺរ៉ុបហាក់មានភាពម៉ឺងម៉ាត់ចំពោះគោលដៅស្តីពីការពង្រឹងការតភ្ជាប់ដ៏ធំនេះ។ ជារួម សហភាពអឺរ៉ុបបានរួមចំណែកជាង ៣២៧,៩៦ លានដុល្លារ តាមរយៈគម្រោងអភិវឌ្ឍនៅទូទាំងសសរស្តម្ភនយោបាយ, សន្តិសុខ, សេដ្ឋកិច្ច និងវប្បធម៌សង្គម ហើយគម្រោងដែលកំពុងបន្ត និងដែលគួរឱ្យកត់សម្គាល់បំផុតមួយគឺ «ARISE+»។

ប្រធានគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុបលោក Federica Mogherini (កណ្តាល) ថតរូបរួមគ្នានាអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុបនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងបាងកក ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៩ ។ កិច្ចប្រជុំកំពូលទាំងនេះគឺជាវេទិកាសម្រាប់ការពិភាក្សារវាងប្រទេសទាំងពីរជាយូរមកហើយ ដោយឈរលើគោលដៅរួម ដូចជាការតភ្ជាប់ជាដើម។ រូបថត៖ Lillian Suwanrumpha/AFP។

គំនិតផ្តួចផ្តើមនេះមានគោលដៅលើកកម្ពស់ការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះការធ្វើសមាហរណកម្មអាស៊ាន ជាមួយនឹងការផ្តល់ប្រាក់ចំនួន ៤៦ លានដុល្លារសម្រាប់រយៈពេលចន្លោះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ និងទឹកប្រាក់បន្ថែមចំនួន ៥៨ លានដុល្លារ ចាប់ពីឆ្នាំ ២០១៩ តទៅ សម្រាប់កម្មវិធីគាំទ្រការធ្វើពាណិជ្ជកម្មកម្រិតប្រទេស។

គម្រោងនេះមានគោលដៅធ្វើសមាហរណកម្មសេដ្ឋកិច្ចដែលផ្តោតលើការសម្របសម្រួល និងតម្លាភាពពាណិជ្ជកម្ម សុខដុមនីយកម្មនៃស្តង់ដារ, នីតិវិធីគយ និងការដឹកជញ្ជូន។ វាក៏មានគោលដៅពង្រឹងសមត្ថភាពរបស់លេខាធិការដ្ឋានអាស៊ានផងដែរ។

គម្រោងនេះបានចូលរួមសហការយ៉ាងជោគជ័យជាមួយស្ថាប័ន និងក្រុមការងារតាមវិស័យរបស់លេខាធិការដ្ឋានអាស៊ាន, បានរៀបចំសិក្ខាសាលា និងអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជាប្រព័ន្ធផ្ទុកទិន្នន័យពាណិជ្ជកម្ម (Trade Repository), សេវាគ្រប់គ្រងទិន្នន័យ (Solutions Services) ការវិនិយោគនិងពាណិជ្ជកម្ម (Investments and Trade ឬ ASSIST) និងប្រព័ន្ធឆ្លងកាត់គយ (Custom Transit System ឬ ACTS)។

ប្រព័ន្ធ ACTS ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងគោលបំណងជួយសម្រួលដល់បណ្តាម្ចាស់ធុរកិច្ច ក្នុងការចល័តទំនិញឆ្លងកាត់ព្រំដែន។ ការដាក់ឱ្យដំណើរការប្រព័ន្ធ ACTS ដែលស្ថិតនៅក្រោមគម្រោង «ARISE+» ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែវាបានបង្កើតឱ្យមាននីតិវិធីគយរួមដែលបានជួយសម្រួលដល់ពាណិជ្ជករក្នុងការដឹកជញ្ជូនទំនិញរបស់ពួកគេដោយសេរីនៅក្នុងអាស៊ាន។

រថយន្តដឹកទំនិញមួយអាចធ្វើដំណើរពីចំណុចលើកដាក់ទំនិញមួយទៅកាន់ប្រទេសអាស៊ានផ្សេងមួយទៀត ដោយពុំចាំបាច់ត្រូវឆ្លងកាត់នីតិវិធីគយនៅតាមព្រំដែនប្រទេសនីមួយៗនោះទេ ហើយក៏ពុំចាំបាច់ត្រូវផ្ទេរទំនិញទៅកាន់រថយន្តមួយផ្សេងទៀតនោះដែរ។ ពន្ធគយនិងអាករត្រូវបានរៀបចំក្នុងទម្រង់តែមួយសម្រាប់ប្រទេសអាស៊ានទាំងអស់។

អាស៊ាននិងសហភាពអឺរ៉ុបក៏បានទទួលស្គាល់ផងដែរនូវសារៈសំខាន់នៃការតភ្ជាប់រវាងពលរដ្ឋនិងពលរដ្ឋដើម្បីសម្រេចឱ្យបាននូវភាពធន់នៃសេដ្ឋកិច្ចសង្គម។ ដើម្បីសម្រេចបាននូវគោលដៅនេះ សហភាពអឺរ៉ុបបានផ្តល់អាហារូបករណ៍ជាច្រើន បូករួមទាំងអាហារូបករណ៍ Erasmus mundus និង SHARE សម្រាប់និស្សិតអាស៊ីអាគ្នេយ៍ដែលមានបំណងបន្តការសិក្សានៅបណ្តាប្រទេសអឺរ៉ុប។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (កណ្តាល) ធ្វើសញ្ញារូបបេះដូងជាមួយនិស្សិតអាហារូបករណ៍ Erasmus ។ រូបថត៖ Jean-Francois Badias/Pool/AFP

សហភាពអឺរ៉ុបក៏បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់យុវជនជាច្រើនផងដែរដើម្បីចូលរួមក្នុងសិក្ខាសាលានានា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងមេដឹកនាំវ័យក្មេងរបស់ប្លុកទាំងពីរ បូករួមទាំងតាមរយៈគម្រោង «EANGAGE Project»។ គម្រោងនេះមានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្លុកទាំងពីរ នៅក្នុងវិស័យសន្តិសុខ, ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកសារស្តីពីការប្តេជ្ញាចិត្តរួមគ្នារវាងអាស៊ាននិងសហភាពអឺរ៉ុប ក៏បានលើកឡើងផងដែរអំពីកិច្ចសហការក្រោមគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, និងនវានុវត្តន៍ (ASEAN Committee on Science, Technology, and Innovation) និងកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនៅក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (EU-ASEAN Dialogue in Science and Technology)។

កិច្ចសហការទាំងនេះនឹងគូសបញ្ជាក់នូវសមាសភាពតភ្ជាប់ថ្មីៗ ក្នុងគោលបំណងផ្តល់ការគាំទ្រដល់កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ, ការរៀបចំផែនទីបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍ បូករួមនឹងកម្មវិធីផ្សេងៗទៀត ជាពិសេស តាមរយៈការកសាងសមត្ថភាពស្រាវជ្រាវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន។

គោលដៅសំខាន់ៗមួយចំនួន ដែលមានភាពចាំបាច់ក្នុងការលើកកម្ពស់ការតភ្ជាប់រួមគ្នារវាងសហភាពអឺរ៉ុបនិងអាស៊ាន នៅមិនទាន់ត្រូវបានបំពេញនៅឡើយនោះទេ។ ពាក់ព័ន្ធនឹងការតភ្ជាប់ការធ្វើពាណិជ្ជកម្ម បណ្តារដ្ឋអាស៊ានកំពុងចរចាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ (Partnership Cooperation Agreements) ជាមួយសហភាពអឺរ៉ុប ជាមួយនឹងគោលដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប- អាស៊ាន (EU-ASEAN Free Trade Agreement)។

មន្ត្រីមកពីតំបន់ទាំងពីរ ចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីបង្កើតឱ្យមានក្របខណ្ឌមួយដែលនឹងកំណត់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃអនាគត។ វាអាចចាប់ផ្តើមតាមរយៈការបង្កើតឱ្យមានក្រុមប្រឹក្សា ពាណិជ្ជកម្មដើម្បីជួយតំបន់ទាំងពីរ ក្នុងការផ្តល់ព័ត៌មានស្តីអំពីបញ្ហាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម។

បន្ថែមពីលើនេះ លក្ខខណ្ឌទិដ្ឋាការបានក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ពលរដ្ឋអាស៊ាន ដែលមានបំណងធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប ដោយក្នុងនោះមានតែសិង្ហបុរី និងម៉ាឡេស៊ីប៉ុណ្ណោះដែលអាចធ្វើដំណើរបានដោយពុំចាំបាច់តម្រូវឱ្យមានទិដ្ឋាការ។ ការដកចេញនូវលក្ខខណ្ឌទិដ្ឋាការអាចជួយសម្រួលដល់ការបម្លាស់ទី និងថែមទាំងអាចជួយពង្រឹងទំនាក់ទំនងរវាងតំបន់ទាំងពីរទៀតផង។

បើទោះបីជាសហភាពអឺរ៉ុបនិងអាស៊ានអាចមិនមានភាពស៊ីសង្វាក់គ្នានៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងប្រកបដោយចីរភាពរវាងប្លុកទាំងពីរ ដោយផ្អែកលើស្តង់ដារ និងវិធានច្បាប់គ្រប់ជ្រុងជ្រោយនឹងអាស្រ័យលើការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់គ្នានេះ៕

Southeast Asia Globe

អត្ថបទទាក់ទង