ខ្មែរប៉ុស្ដិ៍ Close

វិស័យទេសចរណ៍នៅអាស៊ាន ៖ ភាពចាំបាច់ក្នុងការប្រែក្លាយសុបិនឱ្យក្លាយជាការពិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 38
វិស័យទេសចរណ៍នៅអាស៊ាន ៖ ភាពចាំបាច់ក្នុងការប្រែក្លាយសុបិនឱ្យក្លាយជាការពិត វិស័យទេសចរណ៍នៅអាស៊ាន ៖ ភាពចាំបាច់ក្នុងការប្រែក្លាយសុបិនឱ្យក្លាយជាការពិត

ជាថ្មីម្តងទៀត ការចាប់អារម្មណ៍ជាច្រើនបានបាញ់ឆ្ពោះមករកប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានថ្មី និងដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាកាលពីដើមខែមករានេះ។ ទោះយ៉ាងណា លើកនេះ ការចាប់អារម្មណ៍ទាំងនោះគឺផ្តោតលើការប៉ុនប៉ងរបស់កម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងតំបន់ ដែលត្រូវបានញាំញីដោយជំងឺរាតត្បាតកូវីដ-១៩។

កាលពីថ្ងៃទី ១៩ ខែមករា កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី ២៥ នៅក្រុងទេសចរណ៍មាត់សមុទ្រ នាខេត្តព្រះសីហនុ។ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ានបានព្រមព្រៀងគ្នាប្រកាសនូវការបើកឱ្យដំណើរការទេសចរណ៍អាស៊ាន ដើម្បីស្តារវិស័យនេះឡើងវិញ នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន មិនត្រឹមតែមានសុទិដ្ឋិនិយមចំពោះការបើកដំណើរការឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏បានជឿជាក់ដែរថា: វិស័យទេសចរណ៍នឹងអាចវិលត្រឡប់មកវិញជាមួយនឹងភាពធន់ជាងមុន និងកាន់តែមាននិរន្តរភាពទៀតផង។

កិច្ចប្រជុំកម្រិតខ្ពស់បំផុតមួយស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នៅក្នុងអាស៊ាន (ធ្វើឡើងទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ) បានប្រព្រឹត្តទៅដោយភ្ជាប់ជាមួយវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ឆ្នាំ ២០២២ (ATF 2022)។

ប្រធានបទនៃវេទិកានេះគឺ «អាស៊ាន – សហគមន៍សន្តិភាព និងអនាគតរួមគ្នា» «ASEAN – A Community of Peace and Shared Future» ដែលបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការស្តារវិស័យទេសចរណ៍ឡើងវិញ ប្រកបដោយនិរន្តរភាព។

មានក្រុមហ៊ុនជាង ៤០ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន ២០ មកពីជាង ២៧ ប្រទេសបានចូលរួម នៅក្នុងវេទិកា ATF 2022 នេះ ដើម្បីចូលរួមលើកកម្ពស់តំបន់អាស៊ាន ថាជាគោលដៅទេសចរណ៍តែមួយគត់ ដែលចម្រុះទៅដោយវប្បធម៌, ម្ហូបអាហារ និងសហគមន៍រស់នៅ។

នៅលើកនេះ កម្ពុជាបានឈានមុខគេនៅក្នុងអាស៊ាន ដោយបានក្លាយជាប្រទេសដំបូងគេដែលបានបើកប្រទេសរបស់ខ្លួនឡើងវិញ សម្រាប់ទទួលអ្នកដំណើរអន្តរជាតិទាំងអស់ដែលបានចាក់វ៉ាក់សាំងរួច រួមទាំងការរៀបចំកិច្ចប្រជុំ ATF 2022 ដោយផ្ទាល់មុខ បើទោះបីជាមានវិធានការសុវត្ថិភាពខ្លះៗក៏ដោយ។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បណ្ដាប្រទេសអាស៊ានបានផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអនុវត្តច្បាប់ និងវិធានការត្រួតពិនិត្យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានធ្វើឡើងក្នុងលក្ខណៈមិនច្បាស់លាស់ និងទទួលបានលទ្ធផលខុសៗគ្នាពីការឆ្លើយតបទៅនឹងកូវីដ-១៩ ។

បច្ចុប្បន្ននេះ អាស៊ានបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាឱ្យមានការបើកឡើងវិញជាបណ្តើរៗ និងយ៉ាងមាននិរន្តរភាពនៅក្នុងតំបន់ ដោយសារការភ័យខ្លាចពីការដើរក្រោយគេក្នុងការប្រកួតប្រជែងជាសកលនៃវិស័យទេសចរណ៍ដោយប្រើប្រាស់ប្រាក់ដុល្លារ។

ក្នុងចំណោមសំណើដែលបានលើកឡើងជាបន្តបន្ទាប់ ក៏មានផងដែរប្រព័ន្ធទទួលស្គាល់ស្តង់ដាវ៉ាក់សាំងកូវីដ-១៩ ក្នុងតំបន់អាស៊ាន ស្របពេលដែលការចាក់វ៉ាក់សាំងនៅតែបន្ត។

គំនិតផ្តួចផ្តើមផ្សេងៗទៀតរួមមាន: ត្រាសម្គាល់របស់អាស៊ានសម្រាប់ការធ្វើទេសចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីធានាដល់អ្នកដំណើរនៅផ្ទៃក្នុងអាស៊ាន នូវស្តង់ដារអនាម័យ និងសុវត្ថិភាព, ការធ្វើឌីជីថលូបនីយកម្មកាន់តែច្រើននៃវិស័យទេសចរណ៍អាស៊ាន, ការពង្រឹងបណ្តាញទិន្នន័យ និងព័ត៌មាន ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់ និងការសម្របសម្រួលដល់ការធ្វើដំណើរទៅកាន់ និងនៅផ្ទៃក្នុងអាស៊ាន។

សំណើទាំងនេះ គឺពិតជាសេចក្តីប្រាថ្នាដ៏មានតម្លៃបំផុត។ ទោះយ៉ាងណា និយាយតាមត្រង់ វិស័យទេសចរណ៍ទំនងជាមិនអាចវិលមករកប្រក្រតីភាពវិញបាននោះទេនៅឆ្នាំ ២០២២ នេះ។

អត្រាចាក់វ៉ាក់សាំងទាបនៅក្នុងប្រទេសដូចជាហ្វីលីពីន និងមីយ៉ាន់ម៉ា ព្រមទាំងការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសប្រ៊ុយណេ, ឡាវ, ឥណ្ឌូណេស៊ី និងវៀតណាម នឹងបន្តរារាំងដល់ការរស់ឡើងវិញនៃវិស័យទេសចរណ៍។ ជាងនេះទៅទៀត ភ្ញៀវទេសចរចិនដែលមានចំនួន ១/៣ នៃភ្ញៀវទេសចរណ៍ទាំងអស់ នឹងមិនវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះទេ ដោយសារតែប្រទេសចិនរឹតបន្តឹងការធ្វើដំណើរទៅក្រៅប្រទេស។

អ្នក​ដែល​ប្រាថ្នា​ចង់​ដើរកំសាន្ត នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន ដែលរួមមានដូចជា ការ​ធ្វើ​តេស្ត, ការ​រឹត​បន្តឹង​លើការស្នាក់នៅនៅតាម​សណ្ឋាគារ, ការ​ផ្លាស់​ប្តូរ​បទប្បញ្ញត្តិនានា, កង្វះ​ជើង​ហោះ​ហើរ​ត្រង់ និង​វិធានការសង្គម​មួយចំនួនផ្សេង​ទៀត ដែលនឹងបន្តធ្វើឱ្យការធ្វើដំណើរកំសាន្តមានធ្លាក់ចុះ។

នៅមុនពេលជំងឺរាតត្បាតមកដល់ វិស័យទេសចរណ៍មានទំហំ ១៤,៣% នៃ GDP សរុបរបស់អាស៊ានទាំងមូល និងបង្កើតការងារនៅក្នុងតំបន់នេះបានច្រើនជាង ១៣% ទៀតផង។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន អត្រាកំណើនទេសចរណ៍របស់អាស៊ាន បានកើនឡើងប្រហែល ៦% កាលពីឆ្នាំ ២០១៩ ហើយឧស្សាហកម្មនេះ បានបង្កើតការងារបានប្រមាណ ៣០ លានកន្លែង។ នៅអំឡុងពេលនៃជំងឺរាតត្បាត ចំនួនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះជាង ៨០% ហើយប្រាក់ចំណូលពីទេសចរណ៍បានធ្លាក់ចុះជាង ៧៥% ។

បើទោះ​ជា​មាន​វិធានការ​ដែល​អាស៊ាន​បាន​ដាក់​ឲ្យ​អនុវត្ត​ក្ដី ក៏​តំបន់នេះនៅមានឧបស្គដ៏ធំមួយទៀតដែលត្រូវប្រឈមមុខផងដែរ។ នៅឯវេទិកា ATF 2022 សមាគមទេសចរណ៍អាស៊ាន (ASEANTA) បានបន្ថែមថា នៅឆ្នាំ ២០២១ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានទទួលស្គាល់ថា ជាតំបន់ដែលមាន «ការរឹតបន្តឹងការធ្វើដំណើរច្រើនជាងគេនៅលើពិភពលោក» ដោយអង្គការទេសចរណ៍ពិភពលោក។

សមាគម ASEANTA កំពុងគាំទ្រ និងតាមដានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍របស់អាស៊ាន តាមរយៈវេទិកាឌីជីថលនានា, ការតាំងពិពណ៌អាជីវកម្មដើម្បីអាជីវកម្ម ព្រមទាំងទីផ្សារលក់រាយផងដែរ។ សមាគមនេះក៏កំពុងអំពាវនាវឱ្យអាស៊ាន ពង្រីកក្របខណ្ឌនៃការរៀបចំច្រករបៀងទេសចរណ៍អាស៊ាន (ATCAF) ដែលត្រូវបានគាំទ្រដោយមេដឹកនាំអាស៊ាន ដើម្បីរួមបញ្ចូលការធ្វើដំណើរកម្សាន្តទូទៅផងដែរ។

មេដឹកនាំអាស៊ានបាននិងកំពុងជំរុញឱ្យសមាជិកនីមួយៗ រៀបចំច្រករបៀងធ្វើដំណើរ ដែលជាក្របខណ្ឌមួយដើម្បីជួយសម្រួលដល់ការធ្វើដំណើរសំខាន់ៗ និងផ្លូវការ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន បន្ទាប់ពីបានអនុម័តកាលពីខែសីហាឆ្នាំមុន ដើម្បីជួយក្នុងការបើកព្រំដែនឡើងវិញ និងជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់រស់ឡើងវិញ។ ទោះយ៉ាងណា ក្របខណ្ឌនេះ មានសុពលភាពសម្រាប់តែប្រជាពលរដ្ឋ, អ្នកដែលមានលំនៅអចិន្ត្រៃយ៍ និងអ្នកដែលកាន់លិខិតឆ្លងដែនរយៈពេលវែងមកពីបណ្ដាប្រទេសអាស៊ានតែប៉ុណ្ណោះ។

បើទោះបីជាក្របខណ្ឌនេះនៅមិនទាន់ក្លាយជាការពិត ដោយសារការធ្វើបដិការនៃការបើករវាងប្រទេសអាស៊ាននៅមានកម្រិតក៏ដោយ ក៏រដ្ឋមន្ត្រីទេសចរណ៍អាស៊ានសង្ឃឹមថា ការរៀបចំច្រករបៀងធ្វើដំណើរ នឹងដើរតួជាមូលដ្ឋានគ្រឹះមួយសម្រាប់ពង្រីកឱ្យលើសពីការធ្វើដំណើរសំខាន់ៗ ដោយរួមបញ្ចូលទាំងការធ្វើដំណើរកម្សាន្តទូទៅផងដែរ។ វិធានការនេះនឹងជួយឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយនៅឆ្នាំ ២០២៥ និងធានាថា ប្លុកនេះនៅតែបន្តប្រកួតប្រជែងនៅក្នុងវិស័យនេះ ជាពិសេសនៅបន្ទាប់ពីជំងឺរាតត្បាតត្រូវបានបិទបញ្ចប់។

វីរុសបំប្លែងខ្លួនថ្មី Omicron ហាក់ដូចជាបានជះឥទ្ធិពលដល់ការងារនេះ ដោយសារបណ្ដាប្រទេសអាស៊ានមួយចំនួន បានរឹតបន្តឹងព្រំដែនរបស់ពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែលោក Manu Bhaskaran បានធ្វើការកត់សម្គាល់នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅក្នុងកាសែត The Edge Malaysia ថា ផលវិបាកនាពេលបច្ចុប្បន្ននៅក្នុងសេដ្ឋកិច្ចពិភពលោក ទំនងជាមិនមានរយៈពេលវែងទេ ដែលជាការផ្តល់នូវឱកាសមួយក្នុងការពង្រីកសេដ្ឋកិច្ចដែលរឹងមាំមួយរយៈពេល ហើយគំរូនៅក្នុងការងើបឡើងវិញនេះ «គួរតែផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ីអាគ្នេយ៍» ។

មនោសញ្ចេតនានេះ ហាក់ដូចជាត្រូវបានចែករំលែកដោយអ្នកដទៃទៀតនៅក្នុងតំបន់។ បន្ទាប់ពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ានបន្ទាប់នៅឆ្នាំ ២០២៣ ខាងមុខ។

គេរំពឹងថា វេទិកានេះនឹងប្រព្រឹត្តទៅនៅទីក្រុង Yogyakarta ហើយប្រទេសឥណ្ឌូណេស៊ីនឹងចូលកាន់តំណែងជាប្រធានទេសចរណ៍អាស៊ាននៅឆ្នាំ ២០២២-២០២៣ ។ ជាមួយនឹងប្រធានបទបន្ទាប់ «ការផ្ដល់អំណាចដល់អ្នកមានទេពកោសល្យ, ការចាប់យកបច្ចេកវិទ្យា, ការស្តារទេសចរណ៍ឡើងវិញ» «Empower Talents, Embrace Technology, Recover Tourism» រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី លោក Sandiaga Uno បានប្រកាសថា ឥណ្ឌូណេស៊ីនឹងជំរុញ «ការងើបឡើងវិញនៃវិស័យទេសចរណ៍» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់អាស៊ាន។

នៅពេលដែលស្មារតី «រួមគ្នា» របស់អាស៊ានត្រូវជួបបញ្ហាប្រឈម កិច្ចសហប្រតិបត្តិការទេសចរណ៍អាចផ្តល់នូវកម្លាំងរុញច្រានថ្មីមួយនៅក្នុងតំបន់។

ការដាក់ឱ្យដំណើរការនូវម៉ាកយីហោទេសចរណ៍ «ទស្សនាតំបន់អាស៊ីអាគ្នេយ៍ – Visit Asia Southeast» ថ្មីរបស់អាស៊ាន និងពាក្យស្លោក «គោលដៅទេសចរណ៍មួយសម្រាប់គ្រប់ក្ដីសុបិនទាំងអស់ – A Destination for Every Dream» នឹងជួយឱ្យអាស៊ានអាចចាប់យកសុបិនដែលខ្លួនបានបាត់បង់មកវិញ និងនាំមកនូវក្តីសង្ឃឹម និងភាពធន់កាន់តែច្រើន ដល់ប្រជាជនរបស់ខ្លួន។

សំណួរដែលត្រូវចោទសួរនៅេពេលនេះ គឺថា: តើអាស៊ាននឹងអាចប្រែក្លាយផែនការរបស់ខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍ ឱ្យក្លាយជាការពិតបានដែរឬទេ? Fulcrum

អត្ថបទទាក់ទង