ខ្មែរប៉ុស្ដិ៍ Close

វិបត្តិសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបបានបង្កផលប៉ះពាល់ដល់អ្នកនាំចេញនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 30
វិបត្តិសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបបានបង្កផលប៉ះពាល់ដល់អ្នកនាំចេញនៅតំបន់អាស៊ីអាគ្នេយ៍ វិបត្តិសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបបានបង្កផលប៉ះពាល់ដល់អ្នកនាំចេញនៅតំបន់អាស៊ីអាគ្នេយ៍

ការនាំចេញរបស់តំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមទទួលរងការវាយប្រហារពីសំណាក់បញ្ហាប្រឈមសេដ្ឋកិច្ចដែលតំបន់អឺរ៉ុបកំពុងតែប្រឈមមុខ ដែលជាហេតុធ្វើឱ្យគេកាន់តែព្រួយបារម្ភថា វិបត្តិសេដ្ឋកិច្ចនៅបស្ចិមប្រទេសក៏នឹងអាចបង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ការកើនឡើងនៃអត្រាអតិផរណានិងតម្លៃថាមពល ក៏ដូចជាផលប៉ះពាល់សេដ្ឋកិច្ចផ្សេងទៀតដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន អាចនឹងធ្វើឱ្យសេដ្ឋកិច្ចតំបន់អឺរ៉ុបជួបប្រទះនឹងបញ្ហានៅក្នុងរយៈពេល ១២ ខែខាងមុខនេះ ខណៈអ្នកប្រើប្រាស់កំពុងតែកាត់បន្ថយការចំណាយ។

គេរំពឹងថា វាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្រុមហ៊ុននាំចេញនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺផ្នែកផលិតវាយនភណ្ឌដែលជាវិស័យនាំចេញដ៏ធំបំផុតសម្រាប់ប្រទេសមួយចំនួននៅក្នុងតំបន់នេះតែម្តង។

ធនាគារពិភពលោកបានព្រមានថា ពិភពលោកកំពុងឈានឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយដែលអាចនឹងបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសដែលមានទីផ្សារកំពុងតែរីកចម្រើន និងនៅប្រទេសកំពុងអភិវឌ្ឍន៍ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីខែមុន។

ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ Fitch Solutions រំពឹងថា «សហរដ្ឋអាមេរិកនឹងទទួលរងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលនៅចុងឆ្នាំ ២០២៣»។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានធ្វើការវាយតម្លៃផងដែរថា តំបន់ចាយប្រាក់អឺរ៉ូនឹងមានកំណើនត្រឹមតែ ៣,‌១% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២២ និងត្រឹមតែ ០,៥% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៣ នេះបើយោងតាមការ បញ្ជាក់នៅក្នុងទស្សនវិស័យចុង ក្រោយរបស់ខ្លួនដែលបានចេញផ្សាយនៅក្នុងខែនេះ។

លោក Brian Lee Shun Rong សេដ្ឋវិទូនៃក្រុមសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី Maybank បាននិយាយថា «ការធ្លាក់ចុះនៃការនាំចេញពីតំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែមានសភាពអាក្រក់ ទៅៗ»។

លោកបានប្រាប់សារព័ត៌មាន DW ថា «កំណើន ពិភពលោកទំនងជានឹងត្រូវធ្លាក់ចុះបន្ថែមទៀត ហើយហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកំពុងតែកើនឡើង។ សហភាពអឺរ៉ុបអាចនឹងឈានទៅរកវិបត្តិសេដ្ឋកិច្ច ខណៈដែលពួកគេកំពុងតែបន្តប្រឈមមុខនឹងបញ្ហាពាក់ព័ន្ធនឹងការផ្គត់ផ្គង់និងការកើនឡើងនៃតម្លៃដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។

តួលេខពាណិជ្ជកម្មច្បាស់លាស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ទំនងជានឹងត្រូវចេញផ្សាយនៅចុងឆ្នាំនេះ ប៉ុន្តែនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដីគោក តួលេខជាបឋមបានបង្ហាញថា ការនាំចេញបានធ្លាក់ចុះចាប់តាំងពីខែកក្កដាមកម្លេះ។

នៅឆ្នាំ ២០២២ ការនាំចេញទំនិញវាយនភណ្ឌរបស់ប្រទេសកម្ពុជាដែលបានគ្របដណ្តប់ច្រើនជាងពាក់កណ្តាលនៃការនាំចេញសរុបរបស់ប្រទេសនេះ បានកើនឡើង ៣៧% នៅចន្លោះខែមករា ដល់ខែ មិថុនា ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម ១៩,៩% ក្នុងខែកក្កដា និងត្រឹមតែ ២,៧% នៅក្នុងខែសីហា។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ការនាំចេញជារួមបានធ្លាក់ចុះ ៧,៥% នៅក្នុងខែកញ្ញា បើប្រៀបធៀបរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។

លោក Ken Loo អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលជាស្ថាប័នឧស្សាហកម្មមួយនោះបានប្រាប់ដល់សារព័ត៌មាន DW ថា «ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នឹងបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ និងរហូតដល់ឆ្នាំ ២០២៣»។

ប្រទេសវៀតណាមដែលជាប្រទេសមានការធ្វើពាណិជ្ជកម្មជាមួយទីផ្សារសហភាពអឺរ៉ុប កើនឡើងជាង ១៤,៨% កាលពីឆ្នាំមុន រហូតដល់ទំហំទឹកប្រាក់ ៦៤,៤ ពាន់លានដុល្លារនោះ ក៏កំពុងតែមើលឃើញនូវការធ្លាក់ចុះក្នុងការនាំចេញរបស់ខ្លួនចំនួន ១៤% នៅចន្លោះខែសីហានិងខែកញ្ញាដូចគ្នា ខណៈរោងចក្រជាច្រើនបានផ្អាកប្រតិបត្តិការរួចទៅហើយ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមដែលត្រូវបានគេរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោក Rong មកពីធនាគារ Maybank បាននិយាយថា «កំណើននៃការនាំចេញទំនិញប្រចាំខែរបស់វៀតណាមអាចនឹងធ្លាក់ចុះមកនៅត្រឹមលេខមួយខ្ទង់ ឬអាចធ្លាក់ចូលដល់ចំនួនអវិជ្ជមាននៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ និងនៅដើមឆ្នាំ ២០២៣»។

នៅក្នុងប្រទេសម៉ាឡេស៊ី កំណើននៃការនាំចេញមើលទៅហាក់ដូចជាមានភាពរឹងមាំនៅឆ្នាំ ២០២២ ក្នុងអត្រាប្រមាណ ២៦% ប៉ុន្តែគេរំពឹងថា តួលេខនេះនឹងធ្លាក់ចុះមកនៅត្រឹម ១,៣% វិញនៅឆ្នាំ ២០២៣ នេះបើ យោងតាមការឱ្យដឹងពីសំណាក់របាយការណ៍វិភាគរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។

ប្រទេសថៃនិងមីយ៉ាន់ម៉ា ដែលជាប្រទេសនាំចេញទំនិញវាយនភណ្ឌដ៏សំខាន់ផ្សេងទៀត ក៏បានរាយការណ៍អំពីការធ្លាក់ចុះនៃការនាំចេញទៅកាន់សហភាពអឺរ៉ុបផងដែរ។

លោក Lay Hwee Yeo នាយកមជ្ឈមណ្ឌលសហភាពអឺរ៉ុបនៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា «អត្រាអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប បានបង្កឱ្យមានការធ្លាក់ចុះនៃការនាំចេញរបស់តំបន់អាស៊ីអាគ្នេយ៍»។ លោកបានប្រាប់សារព័ត៌មាន DW ថា «ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប ពិតជានឹងជះឥទ្ធិពលដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយសារសហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ៤ នៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន»។

សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់អាស៊ាន ដោយបានគ្របដណ្តប់ប្រហែល ១/១០ នៃការធ្វើពាណិជ្ជកម្មប្រចាំឆ្នាំរបស់តំបន់ ហើយបានរួមចំណែកយ៉ាងច្រើនដល់ការនាំចេញសរុបរបស់តំបន់នេះ។

លោក Loo មកពីសមាគមរោងចក្រកាត់ដេរកម្ពុជាបាននិយាយថា «អ្នកទិញមកពីតំបន់អឺរ៉ុបជាច្រើន ឥឡូវនេះកំពុងតែនៅសល់អីវ៉ាន់ក្នុងស្តុកជាច្រើន បន្ទាប់ពីការកើនឡើងនៃការធ្វើពាណិជ្ជកម្មនៅដើមខែឆ្នាំ ២០២១ និងការផ្គត់ផ្គង់លើសនៅក្នុងអំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាត»។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជីវកម្មបានលើកឡើងអំពីតួលេខល្អៗ នៃការធ្វើពាណិជ្ជកម្មរវាងតំបន់អឺរ៉ុប និងអាស៊ីអាគ្នេយ៍ នៅមួយរយៈពេលចុងក្រោយនេះ។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច EU-ASEAN ដែលតំណាងឱ្យធុរកិច្ចអឺរ៉ុបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា «ការវិនិយោគរបស់អឺរ៉ុបនៅក្នុងតំបន់បានស្ទុះងើបឡើងវិញ យ៉ាងខ្លាំង និងបានឈានដល់ទំហំទឹកប្រាក់ ២៥,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១»។

លោកបានបន្ថែមទៀតថា «ការធ្វើពាណិជ្ជកម្មទ្វេភាគីរបស់អឺរ៉ុបជាមួយប្រទេសជាសមាជិកអាស៊ានទាំង ១០ បានស្ទុះងើបឡើងវិញជិតដល់តួលេខមុនវិបត្តិនៃជំងឺរាតត្បាតនៅឆ្នាំ ២០២១ ជាមួយនឹងទំហំទឹកប្រាក់ចំនួន ២៧០ ពាន់លានដុល្លារ»។

លោកបានប្រាប់សារព័ត៌មាន DW ថា «វាមានការងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងការធ្វើពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងអាស៊ាននៅក្នុងឆ្នាំ ២០២១ និងបានបន្តរហូតដល់ត្រីមាសទី១ នៃ ឆ្នាំ ២០២២ ខណៈដែលតំបន់ទាំងពីរបានចាប់ផ្តើមការងើបឡើងវិញរបស់ពួកគេក្រោយវិបត្តិជំងឺរាតត្បាតដ៏អាក្រក់បំផុត»។

លោក Humphrey បាននិយាយថា «ការបន្ថយពាណិជ្ជកម្មក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មិនមែនជារឿងដែលមិននឹកស្មានដល់នោះទេ ប៉ុន្តែយើងនៅតែមានទំនុកចិត្តទៅលើទំនាក់ទំនងពាណិជ្ជកម្ម និងការ វិនិយោគដ៏រឹងមាំរវាង EU និងអាស៊ាន ដែលនឹងឆ្ពោះទៅមុខ»។

លោកស្រី Trinh Nguyen សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារវិនិយោគបារាំង Natixis បានប្រាប់ដល់សារព័ត៌មាន DW ថា «ម្ចាស់អាជីវកម្មគួរតែរំពឹងថានឹងមានការធ្លាក់ចុះ ប៉ុន្តែមិនដល់ថ្នាក់បាត់បង់ការនាំចេញទាំងស្រុងនោះទេ»។

លោកស្រី Nguyen បានបន្ថែមថា «មិនមែនទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់នឹងទទួលរងផលប៉ះពាល់ដូចគ្នានោះទេ តែប្រទេសដែលផ្តោតលើការនាំចេញដូចជាវៀតណាម និងកម្ពុជា ជាដើម អាចត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចកាន់តែច្រើន ដោយសារការនាំចេញបានរួមចំណែកខ្ពស់ដល់ GDP របស់ពួកគេ»។

លោកស្រីបាននិយាយថា «បញ្ហាមួយទៀតសម្រាប់ប្រទេសក្នុងតំបន់ គឺតម្រូវការរបស់ចិនទំនងជាមិនអាចងើបឡើងវិញនៅក្នុងកម្រិតគ្រប់គ្រាន់មួយ ដើម្បីកាត់បន្ថយការធ្លាក់ចុះនេះទេ ខណៈទីផ្សារអឺរ៉ុបនិងអាមេរិកដែលជាអ្នកទិញដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍ ក៏នឹងអាចជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចតិចតួចនៅក្នុងពេលជាមួយគ្នានេះផងដែរ»៕

David Hutt/DW

អត្ថបទទាក់ទង