ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យឈ្មួញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ កុំទម្លាក់ថ្លៃស្រូវ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 25

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសំណូមពរទៅឈ្មួញប្រមូលទិញស្រូវ ក៏ដូចជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវក្នុងតម្លៃសមរម្យ ចៀសវាងការទម្លាក់ថ្លៃ ឬតម្លៃទាបខ្លាំងពេក។

ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងសម្រុកប្រមូលផលស្រូវ ហើយក៏បានផ្ទុះការរអ៊ូរទាំលើការធ្លាក់ថ្លៃស្រូវ របស់ខ្លួនផងដែរ។

នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅតាមវាលស្រែដែលកសិករកំពុងប្រមូលផល ដោយបានជួបជជែកជាមួយកសិករ និងស្វែងរកនូវដំណោះស្រាយជូនពួកគាត់ផងដែរ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ Fresh News ថា ក្នុងដំណើរចុះទៅជួបកសិករនេះ លោកបានពិនិត្យមើលស្ថានភាពជាក់ស្តែងលើកការងារប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ចុះក្នុងរយៈពេលប៉ន្មានសប្តាហ៍នេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកនឹងមានការប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករ ឱ្យមានតម្លៃសមរម្យ។

ជាមួយនឹងដំណើរចុះពិនិត្យបញ្ហាតម្លៃស្រូវរបស់កសិករនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវអាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករ ឱ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរកវិធីផ្សេងៗ ដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាពលរដ្ឋកំពុងប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់ ៧ ទៅ៨ម៉ឺនហិកតាទៀត។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករនេះ ក្រសួងកសិកម្ម ក៏កំពុងចាត់វិធានការសម្របសម្រួលជួយដល់ប្រជាកសិករផងដែរ៕

Fresh News

អត្ថបទទាក់ទង