ខ្មែរប៉ុស្ដិ៍ Close

ការនាំចេញអង្ករទៅក្រៅប្រទេសរយៈពេល៤ខែដើមឆ្នាំ២០២០នេះ មានការកើនឡើងជាង ៤០%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50

(AKP) ៖ ប្រទេសកម្ពុជា នាំចេញអង្ករទៅក្រៅប្រទេសរយៈពេល៤ខែដើមឆ្នាំ២០២០នេះ មានការកើនឡើងជាង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដោយសារតែមានតម្រូវការ ស្បៀងអាហារទូទាំងពិភពលោក ក្នុងកាលៈទេសៈប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក លន់ យេង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៏ថា សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករជាង ៣០ម៉ឺនតោន ដែលមានការកើនឡើងជាង ៤០ភាគរយ ក្នុងនោះអង្ករសមានចំនួន១៥ភាគរយ ។ លោក បន្ថែមថា ទោះបីជារយៈពេលខ្លីកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទការនាំចេញអង្ករស ដើម្បីទុកផ្គត់ផ្គង់ត្រូវការក្នុងស្រុក ខណៈដែលវីរុសកូវីដ-១៩ បានរាតត្បាតនៅក្នុងប្រទេស ប៉ុន្តែការនាំចេញអង្ករក្រអូបមិនមានបញ្ហានោះទេ។បច្ចុប្បន្ននេះកម្ពុជា មានអង្ករសប្រមាណ១៣ម៉ឺនតោន កំពុងត្រូវបានរក្សាទុកក្នុងស្តុក ដែលភាគច្រើននាំចេញទៅប្រទេសវៀតណាមនិងថៃ ។

លោកបន្តថា កំណើននៃការនាំអង្ករចេញនៅឆ្នាំ ២០២០នេះ អាចមកពីកត្តាសំខាន់ៗ ៣ យ៉ាង ដែលទាក់ទងនឹងកំណើននៃតំរូវការទីផ្សារសហគមន៍អឺរ៉ុប ការថយចុះតម្លៃពន្ធនាំចូលពីកម្ពុជាទៅទីផ្សារសហគមន៍អឺរ៉ុប និងកំណើនតម្រូវការអង្ករពីប្រទេសចិន ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២០នេះ ការនាំអង្ករចេញទៅប្រទេសចិនមានប្រមាណ ៤១ភាគរយ ស្មើនឹងជាង១២ម៉ឺនតោន សហគមន៍អឺរ៉ុបនិងចក្រភពអង់គ្លេស មានប្រមាណ ៣២ភាគរយ ស្មើនឹង៩ម៉ឺន៧ពាន់តោន និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន គឺព្រុយណេ និងម៉ាឡេស៊ី មានប្រមាណ១៣ភាគរយ ស្មើនឹង៣ម៉ឺន៧ពាន់តោន និងបណ្តាប្រទេសផ្សេងទៀត មានដូចជាអូស្ត្រាលី នូវេសេឡង់ ជាដើម ។យើងនាំទៅអតិថិជនយើងធម្មតា ព្រោះអីយើងរាល់ថ្ងៃរាជរដ្ឋាភិបាលមិនបានបិទអង្ករទូទៅទេ គឺបិទតែអង្ករសមួយរយៈទេ រាល់ដងយើងចេញរៀងរាល់ខែ ចេញធម្មតាអង្ករក្រអូប ហើយរាល់ថ្ងៃនេះ មាន ជាង100ប្រទេសគ្រប់តែកន្លែងហ្នឹង មានទៅអឺរ៉ុប មានទៅចិន មានតែអូស្ត្រាលីមានអីច្រើនណាស់ អញ្ចឹងការនាំចេញអត់មានការរាំងស្ទះនោះទេ ដូចជាលើអង្ករក្រអូបអីហ្នឹងអត់មានការរាំងស្ទះទេ អញ្ចឹងផ្នែកកំណើនយើងមានការកើនឡើងធម្មតា ហើយរាជរដ្ឋាភិបាលដែលគាត់សម្រេចឱ្យបើកចេញនេះ គឺបើកចេញអង្ករសធម្មតាវិញ មានន័យថា អាចចេញគ្រប់មុខបានចង់ចេញអង្ករប្រភេទអីក៏បាន ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ ៕