ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិន នឹងចុះអនុស្សរណៈទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
កម្ពុជា-ចិន នឹងចុះអនុស្សរណៈទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ កម្ពុជា-ចិន នឹងចុះអនុស្សរណៈទិញអង្ករ៤០ម៉ឺនតោនពីកម្ពុជា នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២

កម្ពុជា-ចិន បានឯកភាពគ្នាលើសេចក្តីព្រាងអនុស្សរណៈមួយពាក់ព័ន្ធនឹងការទិញអង្ករ៤០ម៉ឺនពីកម្ពុជាចូលទៅប្រទេស ហើយអនុស្សរណៈនេះ នឹងត្រូវចុះហត្ថលេខា នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ នៅទីក្រុងប៉េកាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរ ជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជាសេនាធិការ បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជា មានិតចិន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លើការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) សម្រាប់ពាណិជ្ជកម្មទំនិញអង្ករកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន។

ក្រសួងបានបន្តថា ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នាលើសេចក្តីព្រាងអនុស្សារណៈ ដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

សម្រាប់ចំណុចសំខាន់ៗ នៅក្នុងអនុស្សារណៈដែលភាគីទាំងពីរ បានឯកភាពគ្នា មានដូចតទៅ៖

* ពាណិជ្ជកម្មអង្ករ៖ ភាគីចិន យល់ព្រមទិញអង្ករ ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ របស់ប្រទេសកម្ពុជា ក្នុងបរិមាណ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។

* យន្តការអនុវត្ត៖ អនុស្សរណៈនេះនឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគ ជ័យនូវអនុស្សារណៈដំបូង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្តីពីការចូលអង្ករចំនួន ៣០ម៉ឺនតោន។

* យន្តការត្រួតពិនិត្យធុរកិច្ច៖ គូភាគី នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សរណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុប្រសិនបើកើតឡើងក្នុងកំឡុងពេលអនុវត្តអនុស្សរណៈនៃការ យោគយល់គ្នានេះ។

សូមបញ្ជាក់ថា ការប្រកាសទិញអង្ករពីកម្ពុជាកើនដល់ ៤០ម៉ឺនតោនក្នុង១ឆ្នាំ របស់មហាយក្សចិននេះ បានធ្វើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាទីក្រុងប៉េកាំង កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ ស្របពេលដែលអឺរ៉ុបបានប្រកាសយកពន្ធអង្ករពីកម្ពុជា។ ជាមួយគ្នានេះ ចិននឹងប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន ឲ្យកើនឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើន ឡើងដល់៥,៦ពាន់លានដុល្លារ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង