ខ្មែរប៉ុស្ដិ៍ Close

អ្វីដែលប្រទេសថៃចង់បានពីកិច្ចប្រជុំ APEC

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37
អ្វីដែលប្រទេសថៃចង់បានពីកិច្ចប្រជុំ APEC (ពីឆ្វេងទៅស្តាំ) លោក Shinzo Abe, លោក Moon Jae-in របស់កូរ៉េខាងត្បូង, លោក Mike Pence, លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad ថតរូបអនុស្សាវរីយ៍ក្នុងអំឡុងពេលប្រជុំ APEC នៅទីក្រុង Port Moresby កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨។ រូបថត៖ Saeed Khan/AFP

ការជួបប្រជុំប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩ វិច្ឆិកា ប៉ុន្តែវានឹងមានភាពមិនច្បាស់លាស់ និងមានការខកចិត្តខ្លះសម្រាប់ប្រទេសថៃដែលជាម្ចាស់ផ្ទះ។

ដោយមានការរំខានពីសំណាក់ព្រឹត្តិការណ៍ពិភពលោកដែលហួសពីការគ្រប់គ្រងរបស់ខ្លួន ប្រទេសថៃនឹងប្រឈមមុខនឹងកិច្ចប្រជុំកំពូល G-20 ដែលនឹងត្រូវធ្វើឡើងមុនកិច្ចប្រជុំ APEC តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី ហើយក៏នឹងត្រូវប្រឈមមុខនឹងផលប៉ះពាល់ពីសំណាក់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ។

ទោះបីជាមានរឿងរ៉ាវនយោបាយមួយចំនួនបានកើតឡើងនៅខាងក្រៅកិច្ចប្រជុំរបស់ APEC នៅក្នុងខែវិច្ឆិកាក៏ដោយ ក៏ប្រទេសថៃនៅអាចទទួលបានផលចំណេញខ្លះៗពីតំណែងជាប្រធានកិច្ចប្រជុំនៅឆ្នាំ ២០២២ ដែរ។ ប៉ុន្តែតើអ្វីដែលប្រទេសថៃរំពឹងថានឹងអាចសម្រេចបាន?

ប្រធានបទរបស់ប្រទេសថៃសម្រាប់ឆ្នាំនេះក្នុងនាមជាម្ចាស់ផ្ទះគឺ «បើកចំហ ការតភ្ជាប់ និងតុល្យភាព» ហើយវាក៏នឹងបែងចែកលទ្ធផលនៃកិច្ចប្រជុំដែលអាចកើតមានឡើងជា ៣ ប្រភេទ រួមមាន៖ ការបើកចំហតំបន់អាស៊ីប៉ាស៊ីហ្វិកទៅកាន់កាលានុវត្តភាពថ្មី, ការតភ្ជាប់សម្រាប់គ្រប់ទំហំពាណិជ្ជកម្ម និងការសម្រេចបាននូវតុល្យភាពគ្រប់ទិដ្ឋភាពនៃភាពជាដៃគូរបស់ APEC។

ភាគច្រើនពួកគេនឹងត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដែលនឹងរួមមានទាំងការរាប់បញ្ចូលផ្នែកហិរញ្ញវត្ថុ, បរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងការបន្តការសន្ទនាស្តីពីតំបន់ពាណិជ្ជកម្មសេរីនៃតំបន់អាស៊ីប៉ាស៊ីហ្វិក (FTAAP) ដែលជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មរបស់តំបន់នេះ។ ប្រទេសថៃនឹងត្រូវផ្តោតទៅលើការដោះស្រាយនូវបណ្តាឧបសគ្គទាំងផ្នែករូបវន្ត និងនយោបាយដែលបានកើតឡើងចំពោះវិស័យពាណិជ្ជកម្ម និងទេសចរណ៍ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

ប្រាក់ចំណូលពីវិស័យទេសចរណ៍បានធ្លាក់ចុះពីជិត ៤០ លានដុល្លារនៅក្នុងឆ្នាំ ២០១៩ មកនៅត្រឹម ៦,៧ លានដុល្លានៅឆ្នាំ ២០២០ ដែលការធ្លាក់ចុះនេះបានបង្កការបំផ្លិចបំផ្លាញដល់អាជីវកម្មក្នុងស្រុកជាខ្លាំង។ គេអាចនឹងមានគំនិតសុទិដ្ឋិនិយមខ្លះ ដោយសារតែប្រទេសថៃរំពឹងថានឹងទទួលបានប្រាក់ចំណូលប្រហែល ១១ ពាន់លានដុល្លារវិញ ក្រោយការត្រលប់មកវិញរបស់ភ្ញៀវទេសចរថ្មីជាង ៧,៥ លាននាក់នៅចន្លោះខែកក្កដា ដល់ចុងឆ្នាំ ២០២២ ដែលបានធ្វើដំណើរទៅកាន់គោលដៅចម្បងៗមួយចំនួនដូចជាទីក្រុងបាងកក ខេត្តភូកេត និងកោះសាមុយ។

ខណៈពេលដែលអ្នកខ្លះសង្ឃឹមថា ការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកថ្មី (CPTPP) កំពុងតែជិតសម្រេចបាន ទីក្រុងបាងកកកំពុងរៀបចំផែនការផ្តោតសំខាន់ទៅលើកិច្ចព្រមព្រៀង FTAPP ដែលអាចជួយជំរុញការនាំចេញពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកក្នុងតំបន់ឱ្យបានដល់ ៩% នៅឆ្នាំ ២០៣០ ហើយប្រទេសថៃអាចនឹងទទួលបានការកើនឡើងជាង ១៨%។ ប្រសិនបើវាត្រូវបានអនុម័ត កិច្ចព្រមព្រៀងនេះនឹងគ្របដណ្តប់ទៅលើមនុស្សជិត ២,៩ ពាន់លាននាក់ជាមួយនឹង GDP សរុបចំនួន ៥២ ទ្រីលានដុល្លារ ស្មើនឹង ៦២% នៃ GDP សរុបរបស់ពិភពលោក។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កំពុងតែមានទំនុកចិត្តទៅលើគំនិតដែលថាសមាហរណកម្មសេដ្ឋកិច្ចនឹងអាចជួយជំរុញគោលបំណងធំមួយចំនួនរបស់ប្រទេសថៃ ដូចជាសេដ្ឋកិច្ចឌីជីថល និងការបង្កើនសមត្ថភាពទៅវិញទៅមក។ ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលគឺជាការងារអាទិភាពមួយក្នុងរយៈពេលជាង ១ ទសវត្សរ៍កន្លងមកនេះ ដោយពួកគេរំពឹងទុកថា ពាណិជ្ជកម្មអេឡិចត្រូនិកនឹងមានភាពរីកចម្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ចាកចេញបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោកនៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២។ រូបថត៖ Jack Taylor/AFP

របាយការណ៍របស់ Google ស្តីពី «សេដ្ឋកិច្ច» ក្នុងឆ្នាំ ២០២១ បានបង្ហាញអំពីទំនាក់ទំនងរវាងការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាត និងការធ្វើពាណិជ្ជកម្មឌីជីថល។ ៣៤% នៃពាណិជ្ជករឌីជីថលជឿជាក់ថា ពួកគេនឹងមិនរួចផុតពីវិបត្តិជំងឺរាតត្បាតទេ ប្រសិនបើមិនមានថ្នាលឌីជីថលទេនោះ។

អាជីវកម្មរបស់ប្រទេសថៃជាច្រើនកំពុងប្រើប្រាស់មធ្យោបាយឌីជីថលដើម្បីទាក់ទងជាមួយអតិថិជនរបស់ពួកគេ ដោយក្នុងនោះ ៥៨% ក្នុងចំណោមពួកគេរំពឹងថានឹងអាចបង្កើនការប្រើប្រាស់ឧបករណ៍ទីផ្សារឌីជីថលបន្ថែមទៀតនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ប្រទេសថៃបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើការផ្លាស់ប្តូរតាមរយៈសេចក្តីព្រាងច្បាប់ «Thailand 4.0» ដែលត្រូវបានគេចាត់ទុកថាជាការបង្កើតថ្មីដើម្បីជម្រុញសេដ្ឋកិច្ច និងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលជាការភ្ជាប់ខេត្តជាយុទ្ធសាស្រ្តរបស់ប្រទេសថៃចំនួន៣ គឺខេត្ត Rayong ខេត្ត Chonburi និងខេត្ត Chachoengsao។ ផែនការ EEC មានគោលបំណងជំរុញការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងវិស័យចំនួន ១២ ផ្សេងគ្នា ដែលរួមមានទាំងវិស័យរថយន្ត គ្រឿងអេឡិចត្រូនិច ទេសចរណ៍វេជ្ជសាស្រ្ត កសិកម្ម ឡូជីស្ទីក និងថាមពល។

ប៉ុន្តែប្រទេសថៃ នៅតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ដោយសារកិច្ចប្រជុំ APEC ត្រូវបានបំបែកជា ២ ក្រុម។

នៅពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុបានជួបប្រជុំគ្នានៅទីក្រុងបាងកកដើម្បីពិភាក្សាអំពីការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត ដែលបានកើតឡើងចំពេលការកើនឡើងនៃអត្រាអតិផរណាលើតម្លៃអាហារ និងថាមពល រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith ត្រូវបានបង្ខំឱ្យចេញសេចក្តីថ្លែងការណ៍ក្នុងនាមជាប្រធាន ដោយសារប្រទេសជាសមាជិក APEC មិនអាចយល់ព្រមទៅលើសេចក្តីថ្លែងការណ៍រួមដូចធម្មតាបាន។ តាមពិត គ្មានការចេញផ្សាយនូវសេចក្តីថ្លែងការណ៍បែបនេះទេ ចាប់តាំងពីប្លុកនេះបានចាប់ផ្តើមកិច្ចប្រជុំកាលពីខែឧសភាមក។

មានកត្តាជំរុញចំនួន២ ដែលបង្កឱ្យមានការមិនចុះសម្រុងគ្នា នោះគឺភាពមិនប្រាកដប្រជាអំពីផលវិបាកអវិជ្ជមាននៅក្នុងតំបន់ពីសំណាក់ភាពមិនច្បាស់លាស់ក្នុងវិស័យលំនៅដ្ឋានរបស់ប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែន ខណៈប្រទេសជាសមាជិក APEC ជាច្រើន បានស្តីបន្ទោសថា ផលប៉ះពាល់អវិជ្ជមានទាំងនេះត្រូវបានបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។ ភាពតានតឹងទាំងនោះបានធ្វើឱ្យប្រទេសជាសមាជិក មួយចំនួនបានដាក់បញ្ចូលនូវការចោទប្រកាន់ផ្នែកនយោបាយខ្លះៗទៅក្នុងបរិយាកាសសេដ្ឋកិច្ចដែលតែងតែមានលក្ខណៈស្ងប់ស្ងាត់។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ជប៉ុន កូរ៉េខាងត្បូង និងញ៉ូហ្សេឡែន បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃព្រហស្បតិ៍ទី ២០ ខែតុលា ដោយជំរុញឱ្យរុស្ស៊ី «បញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន និងដកកងកម្លាំងរបស់ខ្លួនចេញ»។

ប្រទេសថៃក៏បានធ្វើឱ្យខ្លួនជួបប្រទះនឹងការលំបាកផងដែរ តាមរយៈការព្យាយាមសម្រុះសម្រួលភាគីទាំងពីរ និងការព្យាយាមការពារតំណែងជាប្រធានរបស់កិច្ចប្រជុំ APEC របស់ខ្លួន តាមរយៈការអញ្ជើញប្រធានាធិបតីរុស្ស៊ី Vladimir Putin ឱ្យចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា។

ខណៈពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នឹងត្រូវអវត្តមានដោយសារពិធីមង្គលការរបស់គ្រួសារ អនុប្រធានាធិបតីលោកស្រី Kamala Harris នឹងត្រូវចូលរួមជំនួសឱ្យការអវត្តមានរបស់គាត់។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ។

សូមអាន ការមិនបង្ហាញខ្លួនរបស់ ចូ បៃឌិន នឹងផ្តល់ឱ្យលោក ស៊ី ជីនពីង នូវជ័យជម្នះនៅក្នុងកិច្ចប្រជុំ APEC

អ្នកខ្លះបានលើកឡើងថា កង្វះតួរអង្គមហាអំណាចអាចធ្វើឱ្យតួនាទីនៃការដឹកនាំរបស់ប្រទេសថៃមានការធ្លាក់ចុះ ខណៈលោក បៃឌិន នឹងចូលរួមកិច្ចប្រជុំ G20 ដែលនេះគឺជាភាពផ្ទុយគ្នាស្រឡះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ជួបជាមួយសមភាគីថៃលោក Don Pramudwinai នៅទីក្រុងមូស្គូ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២។ រូបថត៖ ក្រសួងការបរទេសរុស្ស៊ី/AFP

មានករណីមួយក៏អាចត្រូវបានគេលើកឡើងផងដែរថា ប្រទេសថៃបានធ្វើនូវទង្វើដ៏គួរឱ្យខ្មាស់អៀន តាមរយៈការបដិសេធចំពោះដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើតំបន់ស៊ីវិលក្រោមហេតុផលថា វាអាចនឹងកាត់បន្ថយឱកាសសម្រាប់ការបន្តកិច្ចការការទូតរបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះទំនាក់ទំនងរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ជាពិសេសនៅពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មបានជួបប្រជុំគ្នាកាលពីខែឧសភា ហើយក៏មានការឈ្លោះប្រកែកគ្នារវាងក្រុមប្រទេសដែលគាំទ្ររុស្ស៊ី-ចិន និងក្រុមប្រទេសដែលជាសម្ព័ន្ធភាពយូរអង្វែងរបស់សហរដ្ឋអាមេរិក។ តំណាងប្រទេសលោកខាងលិចបានដើរចេញពីកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម នៅពេលដែលលោក Maksim Reshetnikov រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ី បានចាប់ផ្តើមថ្លែងសុន្ទរកថា។

ប្រទេសថៃត្រូវធ្វើការបង្វែរផលប្រយោជន៍សេដ្ឋកិច្ច និងការពឹងផ្អែករបស់វិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរទៅលើប្រទេសចិន។ ប្រទេសរុស្ស៊ីគឺជាកន្លែងដ៏ល្អមួយដើម្បីចាប់ផ្តើម ខណៈដែលមុនវិបត្តិជំងឺរាតត្បាតនៅឆ្នាំ ២០១៩ ប្រទេសរុស្ស៊ីគឺជាទីផ្សារទេសចរណ៍ធំជាងគេទី៧ សម្រាប់ប្រទេសថៃ ជាមួយនិងភ្ញៀវទេសចរណ៍ចំនួន ១,៤៨ លាននាក់ដែលបាននាំមកនូវថវិកាចំនួន ១០៣ ពាន់លានបាត ហើយប្រទេសរុស្ស៉ីក៏មានសារៈសំខាន់ផងដែរនៅក្នុងផែនការ EEC របស់ប្រទេសថៃ ។

ជាអកុសលសម្រាប់លោក ប្រាយុទ្ធ នយោបាយក្នុងតំបន់ទំនងជានឹងទាញទម្លាក់មហិច្ឆតារបស់កិច្ចប្រជុំ APEC របស់ប្រទេសថៃ។ វាក៏បានកើតឡើងផងដែរ មុនពេលដែលប្រទេស Papua New Guinea ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកាលពីឆ្នាំ ២០១៨ នៅចំពេលមានភាពតានតឹងរវាងរដ្ឋបាល ត្រាំ និងប្រទេសចិន ហើយនៅពេលនោះប្រទេសជាសមាជិកក៏មិនបានយល់ស្របគ្នាទៅលើសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីមានការរិះគន់ទៅលើការអនុវត្តពាណិជ្ជកម្មរបស់ប្រទេសចិនដូចគ្នា។

កិច្ចប្រជុំកំពូលរបស់ APEC ផ្សេងៗទៀតក៏មានកិច្ចការមិនច្បាស់លាស់ផងដែរ ជាពិសេសនៅពេលដែលលោក បារ៉ាក់ អូបាម៉ា អវត្តមានពីកិច្ចប្រជុំនៅកោះបាលីកាលពីឆ្នាំ ២០១៣ ខណៈដែលប្រទេសចិនបានពង្រឹងជំហររបស់ខ្លួននៅក្នុងរង្វង់ប្រទេសជាសមាជិកនៅពេលអវត្តមានរបស់គាត់។

ទោះបីជាមានភាពវឹកវរក៏ដោយ ក៏ប្រទេសថៃគួរតែផ្តោតទៅលើការដឹកនាំការសន្ទនាអំពីកិច្ចព្រមព្រៀង FTAAP ដើម្បីបង្កើនសន្ទុះសម្រាប់ការតភ្ជាប់តាមរយៈសេដ្ឋកិច្ចឌីជីថល និងការបង្កើនល្បឿននៃការស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត។ នយោបាយក្នុងតំបន់គឺជារឿងដែលចៀសមិនរួច ប៉ុន្តែជ័យជម្នះតូចៗដែលជារឿយៗបានកើតឡើងក្រោមការតាមដានរបស់ប្រព័ន្ធផ្សព្វផ្សាយនោះ ក៏នៅតែអាចសម្រេចបាន៕

Southeast Asia Globe

អត្ថបទទាក់ទង