ខ្មែរប៉ុស្ដិ៍ Close

ការមិនបង្ហាញខ្លួនរបស់ ចូ បៃឌិន នឹងផ្តល់ឱ្យលោក ស៊ី ជីនពីង នូវជ័យជម្នះនៅក្នុងកិច្ចប្រជុំ APEC

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 70
ការមិនបង្ហាញខ្លួនរបស់ ចូ បៃឌិន នឹងផ្តល់ឱ្យលោក ស៊ី ជីនពីង នូវជ័យជម្នះនៅក្នុងកិច្ចប្រជុំ APEC ការមិនបង្ហាញខ្លួនរបស់ ចូ បៃឌិន នឹងផ្តល់ឱ្យលោក ស៊ី ជីនពីង នូវជ័យជម្នះនៅក្នុងកិច្ចប្រជុំ APEC

អ្នកវិភាគនយោបាយបានលើកឡើងថា គេអាចនឹងយល់ថាប្រធានាធិបតីអាមេរិក ចូ បៃឌិន បានមើលងាយទៅលើប្រទេសជាយុទ្ធសាស្ត្រប្រសិនបើលោកមិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកានៅឯទីក្រុងបាងកក ហើយវាក៏នឹងអនុញ្ញាតឱ្យប្រទេសចិនអាចពង្រីកឥទ្ធិពលនៅក្នុងតំបន់បន្ថែមទៀត ប្រសិនបើប្រធានាធិបតីចិន ស៊ី ជីនពីង នឹងចូលរួម។

សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃទី ២ ខែវិច្ឆិកាថា «ប្រធានាធិបតីចិន ស៊ី ជីនពីង ស្ថិតនៅក្នុងចំណោមអ្នកដែលនឹងចូលរួម» បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai បានប្រកាសអំពីបច្ចុប្បន្នភាព APEC នៅចំពេលដែលគេកំពុងព្រួយបារម្ភអំពីការរីករាលដាលនៃកូវីដ-១៩ និងឧបសគ្គផ្សេងៗទៀត។

ប្រទេសដែលនឹងត្រូវចូលរួមនៅក្នុងកិច្ចប្រជុំ APEC រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ចិន ហុងកុង ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ អាមេរិក និងវៀតណាម។ ប្រសិនបើលោក ស៊ី ជីនពីង ពិតជាបានមកចូលរួមមែននោះ អវត្តមានរបស់ បៃឌិន នឹងកាន់តែលេចធ្លោនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល APEC នៅថ្ងៃ ទី ១៨-២០ ខែវិច្ឆិកាខាងមុខ។

សេតវិមានបានប្រកាសថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងចូលរួមជំនួសលោក បៃឌិន នៅក្នុងកិច្ចប្រជុំ APEC។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅវេលានោះលោក បៃឌិន នឹង «នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមនៅក្នុងពិធីមង្គលការរបស់ចៅស្រីលោក» ដែលនឹងត្រូវធ្វើឡើងនៅក្នុងសេតវិមាន។

លោក Benjamin Zawacki អ្នកឯកទេសកម្មវិធីជាន់ខ្ពស់របស់មូលនិធិអាស៊ីដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងជាអ្នកនិពន្ធសៀវភៅស្តីអំពីទំនាក់ទំនងអាមេរិក-ថៃ បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា «អវត្តមានរបស់លោក បៃឌិន នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ ព្រោះថាវាមិនទំនងទេដែលថាលោកនឹងត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំង៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នោះ»។ ព្រឹត្តិការណ៍ ២ ផ្សេងទៀតដែលលោក បៃឌិន នឹងចូលរួមនោះគឺកិច្ចប្រជុំ G20 នៅ ឥណ្ឌូណេស៊ី និងកិច្ចប្រជុំកំពូលអាស៊ាន/អាស៊ីបូព៌ានៅកម្ពុជា។

លោក Zawacki បាននិយាយទៀតថា «អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវនឹងធ្វើការកត់សម្គាល់ចំពោះភាពផ្ទុយគ្នានៃការចូលរួមរបស់លោក ស៊ី ជីនពីង»។

លោក Zawacki បានលើកឡើងទៀតថា «ឧបសគ្គចម្បងរបស់ទីក្រុងវ៉ាស៊ីនតោនគឺចម្ងាយ និងការរំខាន ឬភាពកង្វះភូមិសាស្ត្រនៅជិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយអាមេរិកចាំបាច់ត្រូវតែបង្វែរការយកចិត្តទុកដាក់ មកកាន់តំបន់នេះក្នុងនាមជាមហាអំណាចសកល» ។

លោកបានបញ្ជាក់ទៀតថា «មានមនុស្សតិចណាស់ដែលគិតថា សហរដ្ឋអាមេរិកជាមហាអំណាចតំបន់អាស៊ីឥប៉ាស៊ីហ្វិក ខណៈប្រទេសចិនគឺសឹងតែមានឋានៈដូចនឹងពាក្យនេះរួចទៅហើយ» ។

មន្ត្រីនៅក្នុងបណ្តាប្រទេស APEC បានធ្វើការថ្លឹងថ្លែងអំពីសារៈសំខាន់នៃអវត្តមានរបស់លោក បៃឌិន រួចទៅហើយ។

លោក Kantathi Suphamongkhon អតីតរដ្ឋមន្ត្រីការបរទេសថៃបាននិយាយថា «គណៈប្រតិភូដែលត្រូវទៅចូលរួមកិច្ចប្រជុំកំពូល APEC ជាធម្មតាត្រូវតែដឹកនាំដោយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល»។

លោក Kantathi បាននិយាយទៀតថា «និមិត្តរូបនៅទីនេះគឺពិតជាសំខាន់។ ការបញ្ជូនមន្ត្រីថ្នាក់ទាបម្នាក់ទៅចូលរួមកិច្ចប្រជុំកំពូល ទំនងជាអាចត្រូវបានគេមើលឃើញថា ជាការប្រមាថដល់កិច្ចប្រជុំ APEC»។

លោក Kantathi បានលើកឡើងថា «ប្រទេសចិននឹងទទួលបានអត្ថប្រយោជន៍ពីបញ្ហានេះ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចប្រជុំ APEC និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងកម្រិតរដ្ឋាភិបាលថ្នាក់ខ្ពស់បំផុតដែលនេះ ពិតជាមានភាពផ្ទុយពីសហរដ្ឋអាមេរិក»។

អតីតរដ្ឋមន្ត្រីការបរទេសថៃម្នាក់ទៀតគឺ Kasit Piromya ដែលជាអ្នកតំណាង APEC មុនរបស់ប្រទេសថៃ បាននិយាយថា «ការមិនចូលរួមរបស់ប្រធានាធិបតី បៃឌិន នឹងធ្វើឱ្យកិច្ចប្រជុំកំពូលមិនសូវមានការចាប់អារម្មណ៍ និងមានសារៈសំខាន់ឡើយ»។

លោកបានបន្ថែមទៀតថា «ជាទូទៅវានឹងមានការខកចិត្ត ហើយប្រទេសថៃនឹងមានអារម្មណ៍ថាបាក់មុខ ខណៈគេកំពុងយល់ឃើញថា អាមេរិកកំពុងជាប់រវល់ខ្លាំងនៅកន្លែងផ្សេង ហើយអាមេរិកក៏កំពុងស្ថិតនៅឆ្ងាយ» ។

លោកបានលើកឡើងទៀតថា «អ្វីដែលជាឧបសគ្គរបស់ទីក្រុងវ៉ាស៊ីនតោននោះគឺកង្វះឆន្ទៈនយោបាយ និងការលើកទឹកចិត្ត កង្វះជំនាញ និងទំនាក់ទំនងផ្ទៃក្នុងដើម្បីអាចដាក់ចេញនូវវិធានការគោលនយោបាយរួម។ មនុស្សជាទូទៅខ្លាចចំពោះការផ្លាស់ប្តូររបប» ។

លោក Joe Horn-Phathanothai ទីប្រឹក្សាហិរញ្ញវត្ថុនៅប្រទេសថៃនិងចិន បាននិយាយថា «សហរដ្ឋអាមេរិកកំពុងតែអវត្តមានកាន់តែច្រើនពីតំបន់អាស៊ីអាគ្នេយ៍» ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា «ពួកគេមិនមានឯកអគ្គរដ្ឋទូតប្រចាំប្រទេសថៃដែលជាដៃគូស្នូលរបស់ពួកគេនៅក្នុងតំបន់នោះទេសម្រាប់រយៈពេល ៣ ឆ្នាំកន្លះនៃរយៈពេល ៨ ឆ្នាំកន្លងមកនេះ»។ ព្រឹទ្ធសភាអាមេរិកទើបតែបានផ្តល់សេចក្តីទុកចិត្តដល់លោក Robert Godec ដែលជាឯកអគ្គរដ្ឋទូតថ្មីបំផុតប្រចាំប្រទេសថៃកាលពីថ្ងៃទី ៤ ខែសីហា។

លោក Horn-Phathanothai បានលើកឡើងទៀតថា «ប្រសិនបើលោក ស៊ី ជីនពីង ចូលរួមកិច្ចប្រជុំ APEC ខណៈពេលដែលលោក បៃឌិន មិនចូលរួមនោះ វានឹងធ្វើឱ្យប្រទេសចិនមើលទៅហាក់ដូចជាមានទំនាក់ទំនងជាមួយប្រទេសជាសមាជិកនៃកិច្ចប្រជុំ APEC ប្រសើរជាងសហរដ្ឋអាមេរិក» ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ គឺលោក Tanee Sangrat ហាក់ដូចជាមានភាពសុទិដ្ឋិនិយមជាង។ លោក Tanee បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា មេដឹកនាំអាមេរិកបានផ្តល់អាទិភាពដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកកំពុងមានជម្លោះជាមួយប្រទេសមហាអំណាចផ្សេងទៀត» ។

ដើម្បីជាការបន្ថែមមុខមាត់ដល់ប្រទេសចិន សារព័ត៌មាន China Daily ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ទីក្រុងប៉េកាំង បានធ្វើការបោះពុម្ពផ្សាយនូវអត្ថបទក្រោមចំណងជើងថា «អ្វីដែលទាំងអស់គ្នាត្រូវការចង់ដឹង ចិនមើល – All You Need To Know, China Watch» ដែលមានប្រវែង ២ ទំព័រនៅក្នុងកាសែត Bangkok Post ដែលជាកាសែតភាសាអង់គ្លេសដ៏ធំបំផុតរបស់ប្រទេសថៃ។

លោក Alexander MacDonald អតីតសមាជិកការិយាល័យសេវាកម្មយុទ្ធសាស្ត្រសហរដ្ឋអាមេរិក (OSS) ដែលបានបង្កើតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) បានបង្កើតកាសែតបាងកកប៉ុស្តិ៍បន្ទាប់ពីសង្គ្រាមលោកលើកទី២ ហើយបានកាន់តំណែងជានិពន្ធនិយកអស់រយៈពេល ៨ ឆ្នាំ។

ដើម្បីកុំឱ្យអ្នកអានយល់ច្រឡំ សារព័ត៌មាន Bangkok Post បានសរសេរបន្ថែមនៅក្នុងសារព័ត៌មានរបស់ខ្លួនថា «អត្ថបទដែលបានរៀបចំដោយសារព័ត៌មាន China Daily នៃសាធារណៈរដ្ឋប្រជាមានិតចិន មិនមានជាប់ពាក់ព័ន្ធនឹងផ្នែកព័ត៌មាន ឬវិចារណកថារបស់កាសែតបាងកកប៉ុស្តិ៍នោះទេ»។

អ្នកជំនាញបាននិយាយថា «ជាមួយនឹងទស្សនវិស័យសកល លោកប្រធានាធិបតីចិន ស៊ី ជីនពីង កំពុងដឹកនាំយុទ្ធសាស្ត្រនៅលើកប៉ាល់យក្ខរបស់ប្រទេសដែលបានចូលរួមទាំងនេះ និងបានដឹកនាំការធ្វើកែទម្រង់អភិបាលកិច្ចជាសកលដើម្បីធ្វើឱ្យប្រព័ន្ធអន្តរជាតិមាន ភាពយុត្តិធម៌ និងសមធម៌ជាងមុន នៅចំពេលមានការវិវត្តយ៉ាងលឿននៃទិដ្ឋភាពអន្តរជាតិ»។

សារព័ត៌មាន China Daily បានលើកឡើងបន្ថែមអំពីជំនួយអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ និងផ្លូវ របស់ទីក្រុងប៉េកាំងដែលតែងតែបានផ្តល់នូវអត្ថប្រយោជន៍ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុផងដែរ។

សារព័ត៌មានខាងលើក៏បានរំលេចផងដែរអំពីអ្នកជំនាញផ្នែកផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន ដែលពួកគេសុទ្ធតែធ្លាប់បានចូលរួមនៅក្នុងគម្រោង «ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung នៅក្នុងប្រទេសឥណ្ឌូណេស៊ី ផ្លូវដែកចិន-ឡាវ និងផ្លូវដែក Belgrade-Budapest ដែលភ្ជាប់ប្រទេសស៊ែប៊ី និងហុងគ្រី»។

ប្រទេសជាសមាជិក APEC ត្រូវបានគេរំពឹងថា ពួកគេនឹងអាចធ្វើការស្វែងយល់បន្ថែមអំពី «សមិទ្ធផល» ទាំងនេះ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតរបស់ចិនដោយផ្ទាល់ពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង៕

Asia Times