ខ្មែរប៉ុស្ដិ៍ Close

ទិសដៅតែមួយគត់សម្រាប់របបដឹកនាំផ្តាច់ការរបស់លោក ស៊ី ជីនពីង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 82
ទិសដៅតែមួយគត់សម្រាប់របបដឹកនាំផ្តាច់ការរបស់លោក ស៊ី ជីនពីង លោក ស៊ី ជីនពីង

បន្ទាប់ពីបានកាន់អំណាចអស់រយៈពេល ១ ទសវត្សរ៍មក លោក ស៊ី ជីនពីង នឹងត្រូវបានតែងតាំងជាប្រធានាធិបតីសម្រាប់អាណត្តិទី ៣ ដែលជាលើកដំបូងបង្អស់របស់ប្រទេសចិន នៅក្នុងសមាជជាតិលើកទី ២០ របស់គណបក្សកុម្មុយនីស្តចិន។ ប៉ុន្តែនៅមុនពេលដែលពួកគេសម្រេចធ្វើឱ្យលោក ស៊ី ជីនពីង ក្លាយជាមេដឹកនាំផ្តាច់ការដែលអាចកាន់តំណែងអស់មួយជីវិត ក្រុមអ្នកស្មោះស្ម័គ្រនឹងគណបក្សកុម្មុយនីស្តត្រូវតែចងចាំថា «នៅទីបញ្ចប់របបផ្តាច់ការមិនដែលទទួលបានលទ្ធផលល្អនោះទេ»។

ដើម្បីត្រួតពិនិត្យមើលថា «តើរបបផ្តាច់ការរបស់លោក ស៊ី ជីនពីង នឹងបោះជំហានទៅមុខក្នុងទិសដៅបែបណានោះ» សមាជិកគណបក្សកុម្មុយនីស្តចិនចាំបាច់ត្រូវក្រឡេកមើលការធ្វេសប្រហែសដ៏គ្រោះថ្នាក់របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ជម្រើសមួយទៀត គឺពួកគេអាចទៅពិនិត្យមើលប្រវត្តិសាស្ត្រផ្ទាល់របស់ពួកគេដែលរួមមានដូចជាភាពចលាចល និងការវាយប្រយុទ្ធគ្នាដ៏សាហាវដែលត្រូវបានគេស្គាល់ថាជា «បដិវត្តន៍វប្បធម៌ – Cultural Revolution» ដែលបានកើតឡើងនៅក្នុងអំឡុងការដឹកនាំរបស់លោក ម៉ៅ សេទុង។

ការដឹកនាំយ៉ាងឃោរឃៅរបស់លោក ម៉ៅ បានជំរុញឱ្យអ្នកដឹកនាំបន្ទាប់ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសព្វ គឺលោក តេង ស៊ាវពីង ចាប់ផ្តើមកំណត់រយៈពេលនៃការដឹកនាំនៅត្រឹមតែ ២ អាណត្តិ ដែលនេះគឺជាអ្វីដែលលោក ស៊ី ជីនពីង កំពុងព្យាយាមលុបបំបាត់ចោល។ ដើម្បីទប់ស្កាត់បុគ្គលម្នាក់ពីការពង្រឹងអំណាចខ្លាំងហួសហេតុពេក លោក តេង ស៊ាវពីង បានបង្កើតប្រព័ន្ធមួយ ដោយក្នុងនោះ «មេដឹកនាំកំពូលត្រូវតែបំពេញ ការងារតាមការណែនាំរបស់ព្រឹទ្ធាចារ្យគណបក្ស និងដោយមានការពិគ្រោះយោបល់ជាមួយសមាជិកជាន់ខ្ពស់ដទៃទៀត»។

ប៉ុន្តែលោក ស៊ី ជីនពីង បានបោះចោលគំរូនេះ ហើយនៅឆ្នាំ ២០១៨ លោកបានឱ្យសមាជិកសភាចិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស ដើម្បីបើកផ្លូវឱ្យមានការកាន់តំណែងសម្រាប់អាណត្តិទី៣។ ប៉ុន្តែ «តើលោក ស៊ី ជីនពីង នឹងធ្វើការដឹកនាំដោយរបៀបណា នៅពេលដែលភាពជាអ្នកដឹកនាំរបស់លោកត្រូវបានពង្រឹងយ៉ាងរឹងមាំ?»

សូមអាន ការខ្វែងគំនិតគ្នាក្នុងការដឹកនាំប្រទេស ១៨០ ដឺក្រេ រវាងលោក ស៊ី ជីនពីង និងលោក តេង ស៊ាវពីង

ក្នុងនាមជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់គណបក្សដែលត្រូវបានដាក់ឱ្យជាប់ពន្ធនាគារដោយលោក ម៉ៅ ដោយសារការចោទប្រកាន់ថាជាអ្នកស្តាំនិយម លោក ស៊ី ជីនពីង ដែលមានអាយុត្រឹមតែ ១៥ ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់តំបន់ជនបទដើម្បីទទួលការហាត់ពត់លុតដំនៅក្នុងអំឡុងបដិវត្តន៍វប្បធម៌។

ស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ជោគវាសនារបស់គ្រួសាររបស់លោក ស៊ី ជីនពីង មានភាពប្រសើរជាងមុន ដោយក្នុងនោះឪពុករបស់លោក ស៊ី ជីនពីង បានក្លាយជាចៅហ្វាយខេត្តដែលមាននិន្នាការធ្វើកែទម្រង់ ខណៈដែលលោក ស៊ី ជីនពីង ក៏បានក្លាយជាទីប្រឹក្សានយោបាយរបស់យោធា និងក្រោយមកបានក្លាយជាកម្មាភិបាលគណបក្ស។ បើទោះបីជាលោកមិនមានភាពលេចធ្លោរខាងជំនាញនយោបាយក៏ដោយ ក៏លោកនៅតែអាចបន្តទទួលបានការដំឡើងតួនាទីជាបន្តបន្ទាប់នៅក្នុងគណបក្ស។

ឋានៈរបស់លោកក្នុងនាមជាកូនអ្នកធំ បានដើរតួនាទីដ៏សំខាន់។ ដោយសារតែឪពុករបស់លោកគឺជាអ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ច ពលរដ្ឋជាច្រើនបាននាំគ្នាសន្និដ្ឋានថា «លោក ស៊ី ជីនពីង ក៏ជាអ្នកកែទម្រង់ម្នាក់ដែរ»។ មានកត្តាសំខាន់ៗមួយចំនួនដែលបានជួយនាំលោក ស៊ី ជីនពីង មកកាន់តំណែងជាប្រធានាធិបតី។ គណបក្សកុម្មុយនីស្តចិនបានចាប់ផ្តើមពង្រឹងការក្តោបក្តាប់អំណាច នៅពេលដែលលោក ស៊ី ជីនពីង បានក្លាយជាមេដឹកនាំកំពូលរបស់គណបក្ស។

ស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ូ ជីនតៅ បណ្តាមេដឹកនាំគណបក្សមានការព្រួយបារម្ភថា «ពួកគេអាចនឹងបាត់បង់អំណាចក្នុងការគ្រប់គ្រងលើសេដ្ឋកិច្ច» និងបានព្យាយាមបង្កើនការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើវិស័យឯកជន។ ជាងនេះទៅទៀត ទស្សនៈដែលថា «គណបក្សកុម្មុយនីស្តចិនត្រូវតែចូលរួមនៅក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីប្រឆាំងនឹងគុណតម្លៃលោកខាងលិច» បានទទួលនូវការឯកភាពគ្នាតាំងពីមុនពេលលោក ស៊ី ជីនពីង ឡើងមកកាន់អំណាចម្ល៉េះ។

បន្ទាប់ពីឡើងមកកាន់អំណាចភ្លាម លោក ស៊ី ជីនពីង បានចាប់ផ្តើមធ្វើការប្រកួតប្រជែងនេះយ៉ាងពេញទំហឹង។ ស្រដៀងគ្នានេះដែរ នៅឆ្នាំ ២០១២ បណ្តាមេដឹកនាំគណបក្សមានការភ័យព្រួយខ្លាំងចំពោះចេតនាដណ្តើមអំណាចរបស់ឥស្សរជននយោបាយដ៏លេចធ្លោរ ២ នាក់ គឺលោក Bo Xilai ដែលជាអតីតចៅហ្វាយខេត្ត Chongqing និងលោក Zhou Yongkang ដែលជាអតីតប្រធានផ្នែកសន្តិសុខរបស់គណបក្ស។

ទន្ទឹមនឹងនោះដែរ ការរះឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បូករួមនឹងឥទ្ធិពលនៃសាកលភាវូបនីយកម្ម និងនគរភាវូបនីយកម្ម បានធ្វើឱ្យឥស្សរជនកំពូលៗរបស់គណបក្សកុម្មុយនីស្តចិនមានការព្រួយបារម្ភកាន់តែខ្លាំង។ ដូច្នេះ នៅពេលលោក ស៊ី ជីនពីង ទទូចសុំឱ្យមានការផ្តល់អំណាចដល់លោកឱ្យបានច្រើនជាងអ្នកដឹកនាំមុនៗ នៅមុនពេលលោកឡើងមកកាន់អំណាចពួកគេមិនបានប្រកែកអ្វីនោះទេ។

បន្ទាប់ពីបានឡើងកាន់អំណាចភ្លាម លោក ស៊ី ជីនពីង បានបង្ហាញឱ្យឃើញនូវភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់ភាពភ័យព្រួយរបស់មនុស្សទាំងនោះ មកពង្រឹងការគ្រប់គ្រងរបស់លោកលើគណបក្ស, រដ្ឋាភិបាល និងប្រទេស។ បំណងប្រាថ្នារបស់លោក ស៊ី ជីនពីង ក្នុងការរក្សាអំណាចរបស់គណបក្សនៅលើគ្រប់វិស័យទាំងអស់បានបណ្តុះឱ្យមាន «លទ្ធិទំយើបុគ្គលដែលផ្តល់ជំនឿយ៉ាងខ្លាំងទៅលើលោក ស៊ី ជីនពីង អំពីការសម្រេចនូវ «ក្តីសុបិនរបស់ចិន – Chinese Dream» ។

ជាមួយនិងការជឿកាន់តែខ្លាំងថា «បណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកកំពុងតែរងនូវការធ្លាក់ចុះ ហើយអនាគតនឹងពឹងផ្អែកលើគំរូនៃអភិបាលកិច្ចផ្តាច់ការរបស់លោក លោក ស៊ី ជីនពីង ក៏បានដឹកនាំការផ្លាស់ប្តូរនូវគោលនយោបាយការបរទេសចិនឆ្ពោះទៅរក «គោលនយោបាយជាតិនិយម ដោយយកភាពមិនសប្បាយចិត្តជាគោល»។

ការបង្កើនការគ្រប់គ្រងលើកោះតៃវ៉ាន់គឺជាស្នូលមួយនៃរបៀបវារៈនេះ។ ជនរងគ្រោះដោយសារកិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ី ជីនពីង ក្នុងការគ្រប់គ្រងអំណាចដូចលោក ម៉ៅ រួមមានពួកម៉ូស្លីមនៅតំបន់ ស៊ីនជាំង, ពលរដ្ឋនៅហុងកុង, បណ្តាប្រទេសជិតខាងដែលត្រូវបានចិនគំរាមកំហែង, ក្រុមសាសនា, និងក្រុមសង្គមស៊ីវិលចិន។ ហើយបច្ចុប្បន្ន ការកើនឡើងយ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់ចិន (Economic Boom) អាចជាគ្រោះដ៏ធំមួយទៀត ដែលបង្កឡើងដោយការដឹកនាំតាមរបៀប «ជិះសេះលែងដៃ» របស់លោក។

ដោយសារភាពទន់ខ្សោយជាច្រើន បួករួមនឹងការរងគ្រោះដោយសារគោលនយោបាយ «Zero-COVID» របស់លោក ស៊ី ជីនពីង កំណើនសេដ្ឋកិច្ចចិនត្រូវគេរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ២,៨% នៅឆ្នាំនេះ។ ការកើតមានវិបត្តិសេដ្ឋកិច្ចនឹងធ្វើឱ្យអត្រាអត់ការងារធ្វើក្នុងចំណោមយុវជនកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន។

លើសពីនេះទៅទៀត បច្ចុប្បន្នបំណុលរបស់ចិនមានចំនួនជិត ៣០០% នៃ ផ.ស.ស ដោយសារតែការវិនិយោគដែលមិនទទួលបានផ្លែផ្កា និងការផ្តល់ការឧបត្ថម្ភធនដល់បណ្តាសហគ្រាសរដ្ឋ។ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលមានចំណែកប្រហែល ១/៤ នៃកំណើនសេដ្ឋកិច្ច ក៏កំពុងជួបប្រទះនឹងបញ្ហាផងដែរ។

សូមអាន មូលហេតុ ៥ យ៉ាង​ដែល​បញ្ជាក់ថា ​សេដ្ឋកិច្ច​របស់ចិនកំពុង​ជួប​បញ្ហា

ប៉ុន្តែជំនួសឱ្យការផ្លាស់ប្តូរវិធានការ និងការផ្តោតទៅលើការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ លោក ស៊ី ជីនពីង បានបង្កើនការប្រមូលផ្តុំអំណាច ដោយមិនខ្វល់អំពីការខាតបង់នៅក្នុងវិស័យឯកជន។ វិធីសាស្ត្រដ៏តឹងរ៉ឹងខ្លាំងរបស់លោក ស៊ី ជីនពីង ចំពោះការរាតត្បាតនៃវីរុស បានពង្រឹងការឃ្លាំមើលរបស់រដ្ឋទៅលើពលរដ្ឋរបស់ខ្លួន ខណៈដែលលោក ស៊ី ជីនពីង នៅតែបន្តច្រានចោលការនាំចូលវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់។ ការបន្តបិទខ្ទប់ប្រទេសនឹងបន្តបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច។

លោក ស៊ី ជីនពីង ហាក់ដូចជាកំពុងចម្លងគោលនយោបាយសេដ្ឋកិច្ចរបស់លោក ម៉ៅ យកមកប្រើ។ សេដ្ឋកិច្ចចិនធ្លាប់ត្រូវគេរំពឹងថា នឹងវ៉ាដាច់សេដ្ឋកិច្ចអាមេរិកនៅត្រឹមឆ្នាំ ២០៣០។ ក៏ប៉ុន្តែនៅពេលនេះអ្នកខ្លះជឿថា «កំណើនសេដ្ឋកិច្ចចិនបានឈានដល់ចំណុចកំពូល ហើយវានឹងចាប់ផ្តើមធ្លាក់ចុះមកវិញ»។ គេនៅរង់ចាំមើលថា «តើលោក ស៊ី ជីនពីង នឹងដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា»។

ប៉ុន្តែជាមួយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសចិនក្រោមការដឹកនាំរបស់អ្នកកាន់អំណាចផ្តាច់មុខដ៏មានឥទ្ធិពលបំផុត នឹងបង្កើតឱ្យមានភាពមិនប្រាកដប្រជា និងអស្ថិរភាពកាន់តែខ្លាំងនៅក្នុងពិភពលោក។ ប្រសិនបើរបៀបដឹកនាំ ២ អាណត្តិដំបូងរបស់លោក ស៊ី ជីនពីង នៅតែបន្តកើតមាន នោះយើងទាំងអស់គ្នាត្រូវតែត្រៀមសម្របខ្លួន៕

Project Syndicate

អត្ថបទទាក់ទង