អ្នកស្រាវជ្រាវនិយាយថា៖ សេដ្ឋកិច្ចពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣
ពិភពលោកនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ ដោយបណ្ដាលមកពីការចំណាយខ្ពស់ទៅលើការខ្ចីប្រាក់ ដើម្បីយកមកដោះស្រាយបញ្ហាអតិផរណាដែលនឹងបណ្តាលឱ្យប្រទេសមួយចំនួនមានកំណើនអវិជ្ជមាន នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (Centre for Economics and Business Research)។
ក្រុមហ៊ុនប្រឹក្សាយោបល់មួយរបស់អង់គ្លេសបាននិយាយនៅឯវេទិកាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (World Economic League Table) របស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកបានកើនឡើងលើសពី ១០០ ទ្រីលានដុល្លារជាលើកដំបូងក្នុងឆ្នាំ២០២២ ប៉ុន្តែនឹងជាប់គាំងទៅវិញនៅឆ្នាំ ២០២៣ នៅពេលដែលអ្នកបង្កើតគោលនយោបាយនាំគ្នាបន្តប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃទំនិញ។
លោក Kay Daniel Neufeld អគ្គនាយក និងជាប្រធានផ្នែកព្យាករណ៍នៅក្រុមហ៊ុនប្រឹិក្សាយោបល់ CEBR បាននិយាយថា «សេដ្ឋកិច្ចពិភពលោកទំនងជានឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់ ដែលត្រូវបានគេដំឡើងដើម្បីឆ្លើយតបទៅនឹងអតិផរណាដែលកាន់តែខ្ពស់»។
របាយការណ៍នោះបានបន្ថែមថា «ការប្រយុទ្ធប្រឆាំងនឹងអតិផរណានៅមិនទាន់ទទួលបានជោគជ័យ នៅឡើយនោះទេ។ យើងរំពឹងថា ធនាគារកណ្តាលនានានឹងបន្តប្រកាន់ខ្ជាប់នូវវិធានការគាំពាររបសពួកគេ នៅឆ្នាំ ២០២៣ បើទោះបីជាត្រូវខាតបង់ខាងសេដ្ឋកិច្ចក៏ដោយ។ ការចំណាយក្នុងការទាញទម្លាក់អត្រាអតិផរណាឱ្យចុះមកដល់កម្រិតប្រសើរជាងមុន នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត»។
របកគំហើញនេះ មានទុទិដ្ឋិនិយមជាងការព្យាករណ៍ចុងក្រោយបំផុតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ IMF បានព្រមានកាលពីខែតុលាថា មានប្រទេសច្រើនជាង ១/៣ នឹងមានកំណើនធ្លាក់ចុះ ហើយមានឱកាស ២៥% ដែល GDP របស់ពិភពលោកនឹងកើនឡើងតិចជាង ២% នៅឆ្នាំ ២០២៣ ដែលជាការកំណត់ថាជាវិបត្តិសេដ្ឋកិច្ចសកល។
ទោះជាយ៉ាងនេះក្តី នៅឆ្នាំ ២០៣៧ GDP របស់ពិភពលោកនឹងកើនឡើងទ្វេដង ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍នឹងតាមទាន់ប្រទេសអ្នកមាន។ ការផ្លាស់ប្តូរតុល្យភាពអំណាចនឹងកើតមាននៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកជាទីដែល ១/៣ នៃទិន្នផលសរុបរបស់ពិភពលោកនៅឆ្នាំ ២០៣៧ ប្រមូលផ្ដុំ ខណៈពេលដែលភាគហ៊ុនរបស់អឺរ៉ុបនឹងធ្លាក់ចុះមកនៅតិចជាង ១/៥។
ក្រុមហ៊ុនប្រឹក្សាយោបល់ CEBR បានប្រើប្រាស់ទិន្នន័យដែលបានមកពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF (World Economic Outlook) ហើយប្រើម៉ូដែលផ្ទៃក្នុងរបស់ខ្លួនដើម្បីព្យាករណ៍កំណើន, អតិផរណា និងអត្រាប្តូរប្រាក់។
បច្ចុប្បន្ននេះ គេបានព្យាករថា ប្រទេសចិននឹងមិនអាចវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកនៅមុនឆ្នាំ ២០៣៦ នោះទេ ពោលគឺវានឹងយឺតជាងការរំពឹងទុកកាលពីពេលមុនចំនួន ៦ ឆ្នាំ។ មូលហេតុនោះគឺដោយសារគោលនយោបាយ «សូន្យ Covid» របស់ប្រទេសចិន និងការកើនឡើងនៃភាពតានតឹងខាងផ្នែកពាណិជ្ជកម្មជាមួយនឹងលោកខាងលិចដែលនៅតែបន្ត ជាហេតុធ្វើឱ្យការពង្រីកសេដ្ឋកិច្ចរបស់ចិនមានភាពយឺតយ៉ាវ។
ដើមឡើយក្រុមហ៊ុនប្រឹក្សាយោបល់ CEBR បានរំពឹងទុកអំពីការវ៉ាដាច់របស់ចិននៅត្រឹមឆ្នាំ ២០២៨ ប៉ុន្តែក្រោយមកបានលើកទៅឆ្នាំ ២០៣០ វិញកាលពីឆ្នាំមុន។ ឥឡូវនេះ ស្ថាប័ននេះគិតថា ចំណុចវ៉ាដាច់នេះនឹងមិនកើតមានឡើងនោះទេនៅមុនឆ្នាំ ២០៣៦ ហើយអាចនឹងកើតមាននៅយូរជាងនេះទៀត ប្រសិនបើទីក្រុងប៉េកាំងព្យាយាមយកកោះតៃវ៉ាន់មកគ្រប់គ្រង និងព្យាយាមធ្វើការសងសឹកទៅនឹងការដាក់ទណ្ឌកម្មខាង ពាណិជ្ជកម្ម។
ក្រុមហ៊ុនប្រឹក្សាយោបល់ CEBR បានលើកឡើងថា «ផលវិបាកនៃសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងលោកខាងលិចនឹងកាន់តែធ្ងន់ធ្ងរជាងអ្វីដែលបានកើតពីសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែនរាប់ដងទៅទៀត។ វាស្ទើរតែប្រាកដណាស់ថា នឹងមានការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក និងការកើនឡើងវិញនៃអតិផរណា។ ប៉ុន្តែការខូចខាតចំពោះប្រទេសចិននឹងមានទំហំធំជាងនេះច្រើនដង ហើយវាអាចនឹងធ្វើឲ្យការប៉ុនប៉ងណាមួយរបស់ចិនក្នុងការដឹកនាំសេដ្ឋកិច្ចពិភពលោកត្រូវបាត់បង់»។
ក្រុមហ៊ុននេះក៏បានទស្សន៍ទាយផងដែរថា៖
- ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច ១០ ទ្រីលានដុល្លារលំដាប់ទី៣ នៅឆ្នាំ ២០៣៥ ហើយនឹងក្លាយជាមហាអំណាចលេខ ៣ របស់ពិភពលោកនៅឆ្នាំ ២០៣២។
- ចក្រភពអង់គ្លេសនឹងនៅតែជាមហាអំណាចសេដ្ឋកិច្ចទី ៦ របស់ពិភពលោកដដែល, ហើយបារាំងនៅលំដាប់ទី៧ នៅក្នុងរយៈពេល ១៥ ឆ្នាំខាងមុខទៀត ប៉ុន្តែចក្រភពអង់គ្លេសនឹងលែងមានកំណើនលឿនជាងបណ្ដាប្រទេសដៃគូរបស់ខ្លួននៅអឺរ៉ុបទៀតហើយ ដោយសារតែ «អវត្តមាននៃគោលនយោបាយតម្រង់ទិសនៃកំណើន និងកង្វះចក្ខុវិស័យច្បាស់លាស់ក្នុងតួនាទីរបស់ខ្លួននៅក្រៅសហភាពអឺរ៉ុប»។
- ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងដែលប្រកបទៅដោយធនធានធម្មជាតិនឹងទទួលបាននូវ «ការជំរុញកំណើនយ៉ាងលឿន» ដោយសារតែឥន្ធនៈហ្វូស៊ីលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញ។
- សេដ្ឋកិច្ចពិភពលោកនៅសល់ផ្លូវវែងឆ្ងាយទៀតណាស់ពីការឆ្ពោះទៅកាន់កម្រិត GDP ៨០ ០០០ ដុល្លារក្នុងមនុស្សម្នាក់ ជាពេលដែលការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅផែនដីនឹងទៅទាញទម្លាក់កំណើន ពោលវាមានន័យថា ការអន្តរាគមន៍តាមរយៈការបង្កើតគោលនយោបាយបន្ថែមទៀត នឹងមានភាពចាំបាច់ណាស់ក្នុងការសម្រេចឱ្យបានការឡើងកម្ដៅផែនដីត្រឹម ១,៥ អង្សារ ពីលើកម្រិតមុនបដិវដ្ដន៍ឧស្សាហកម្ម៕
Bloomberg