ខ្មែរប៉ុស្ដិ៍ Close

តើផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម G7 អាចប្រកួតប្រជែងជាមួយផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 60
តើផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម G7 អាចប្រកួតប្រជែងជាមួយផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនបានដែរឬទេ? តើផែនការហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម G7 អាចប្រកួតប្រជែងជាមួយផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនបានដែរឬទេ?

ជាមួយនឹងការផ្លាស់ប្តូរភាពជាដៃគូ «Build Back Better World» ដែលបានចុះខ្សោយឥទ្ធិពលបន្ទាប់ពីបានដាក់ចេញកាលពីឆ្នាំមុន លោក Joe Biden បានប្រកាសអំពី «ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល – PGII» ដែលមានទំហំទឹកប្រាក់ចំនួន ៦០០ ពាន់លានដុល្លារនៅឯកិច្ចប្រជុំកំពូល G7 កាលពីខែមុន ក្នុងគោលបំណងប្រឆាំងនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។ សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​បរិច្ចាគ​ទឹកប្រាក់ចំនួន ១/៣ នៃគម្រោងនេះ ពោលគឺ ២០០ ​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់គោល​ដៅ​រយៈ​ពេល​ ៥ ​ឆ្នាំ។

បើទោះបីជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រុម G7 អាចទទួលបានការស្វាគមន៍ ក្នុងនាមជាការគាំទ្របន្ថែមដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍក៏ដោយ ក៏មនុស្សជាច្រើននៅតែមានចម្ងល់ថា «តើគំនិតផ្ដួចផ្ដើមនេះនឹងអាចប្រកួតប្រជែងជាមួយ ឬបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនបានក្នុងកម្រិតណា»។

ខុសគ្នាពីការវិនិយោគយ៉ាងទូលំទូលាយរបស់ចិននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ គំនិតផ្ដួចផ្ដើម PGII នឹងផ្តោតលើវិស័យចំនួន ៤ គឺ «ថាមពលស្អាត, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, ប្រព័ន្ធសុខាភិបាល និងសមភាពយេនឌ័រ»។

គំនិតផ្ដួចផ្ដើមថ្មីនេះបានងាកចេញពី​ការ​ប្រកួត​ប្រជែង​នៅក្នុងវិស័យដែល​​ចិនកំពុងមានប្រៀបជាង ដូចជា​វិស័យហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូនជាដើម។ នៅក្នុងឆ្នាំ ២០២១ «របាយការណ៍អំពីហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក – Report Card for America’s Infrastructure» ដែលដាក់ចេញដោយសហគមន៍វិស្វករស៊ីវិលអាមេរិក បានរកឃើញថា ប្រទេសនេះទទួល បានពិន្ទុ «D-»នៅក្នុងវិស័យដឹកជញ្ជូនសាធារណៈ, «D» សម្រាប់គុណភាពផ្លូវថ្នល់ និង «C» សម្រាប់គុណភាពស្ពាន។

ផ្ទុយទៅវិញ ប្រទេសចិនមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនលំដាប់ពិភពលោកនៅគ្រប់កម្រិតទាំងអស់ ដែលរួមមានដូចជា សម្រាប់ទីប្រជុំជន (មានរថភ្លើងក្រោមដី), សម្រាប់ថ្នាក់តំបន់ (មានផ្លូវរថភ្លើងឆ្លងទីក្រុង, ផ្លូវហាយវេ និងស្ពាន) និងសម្រាប់ថ្នាក់ជាតិ (មានរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋាន)។

ប្រទេសចិនគឺជាប្រទេសដែលនាំមុខគេនៅលើពិភពលោកខាងផ្នែករថភ្លើងល្បឿនលឿន ខណៈពេលដែលសហរដ្ឋអាមេរិកនៅខ្វះហេដ្ឋារចនាសម្ព័ន្ធបែបនេះ។ សូម្បីតែក្នុងចំណោមវិស័យដែល PGII បានផ្ដោតជាសំខាន់ ក៏ប្រទេសចិនបាននាំមុខនៅក្នុងវិស័យមួយចំនួនផងដែរ។

ជាក់ស្ដែង ប្រទេសចិនគឺជាប្រទេសនាំមុខគេខាងផ្នែកថាមពលស្អាត ដោយបានគ្របដណ្ដប់ប្រហែល ៧៥% នៃចំណែកទីផ្សារពិភពលោកក្នុងការផលិតបន្ទះសូឡា និង ៥០% នៃការផលិតថាមពលពីកង្ហារខ្យល់ (Wind Turbine) នៅទូទាំងពិភពលោក។

ចំពោះសមត្ថភាពក្នុងការផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងខ្យល់ ប្រទេសចិនធ្វើបានលើសពីទំហំដែលសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកអាចធ្វើបានរួមបញ្ចូលគ្នាទៅទៀត។ ប្រទេសចិនក៏មានសមត្ថភាពទូលំទូលាយជាង និងមានភាពច្បាស់លាស់ជាងនៅក្នុងការដំឡើងឧបករណ៍ទូរគមនាគមន៍ផងដែរ។

សហរដ្ឋអាមេរិកមានក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានឈានមុខគេមួយចំនួនដូចជា Intel, Texas Instruments, Broadcom និង Qualcomm ជាដើម ហើយភាគច្រើន ក្រុមហ៊ុនទាំងនេះលក់ផលិតផលរបស់ខ្លួនទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យានៅក្នុងបណ្តាប្រទេសអភិវឌ្ឍ និងប្រទេសចិន។

ប៉ុន្តែ​ចំពោះ​ប្រព័ន្ធ​ទូរគមនាគមន៍​ដែល​​ដំឡើង​នៅក្នុង​បណ្ដាប្រទេស​កំពុង​អភិវឌ្ឍ​វិញ មាន​តែក្រុមហ៊ុន Cisco មួយប៉ុណ្ណោះ​ដែលមានភាព​លេចធ្លោជាងគេ។ ប្រទេសចិនអាចផ្តល់នូវឧបករណ៍ បែបនេះបានយ៉ាងទូលំទូលាយដែលរួមមានទាំងបច្ចេកវិទ្យា 5G ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតម្លៃយ៉ាងសមរម្យ។

ទន្ទឹមនឹងនេះដែរ ប្រព័ន្ធថែទាំសុខភាពដែលមានតម្លៃខ្ពស់របស់សហរដ្ឋអាមេរិកកំពុងរងនូវការធ្លាក់ចុះឥទ្ធិពល។ អាមេរិកបានជាប់ចំណាត់ថ្នាក់ចុងក្រោយគេក្នុងចំណោមប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ចំនួន ១១ នៅក្នុងការសិក្សាមួយកាលពីឆ្នាំមុនដែលធ្វើឡើងដោយមូលនិធិ «Commonwealth Fund» ដែលមានមូលដ្ឋាននៅអាមេរិក។

ការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាមេរិកចំពោះគោលដៅ ២០០ ពាន់លានដុល្លារសម្រាប់គំនិតផ្ដួចផ្ដើម PGII អាចនឹងមិនមានទំហំធំបែបនេះទេ ដោយផ្អែកទៅលើឯកសារស្តីពីការពិត (Fact Sheet) របស់សេតវិមាន ដែលបានលើកឡើងថា «សម្រាប់ការវិនិយោគបន្ថែមទៀត គំនិតផ្តួចផ្តើមនេះនឹងបង្ហាញអំពីរបៀបដែលទឹកប្រាក់ចំនួនរាប់លានដុល្លារ អាចត្រូវបានប្រែក្លាយទៅជារាប់រយលានដុល្លារហើយចំនួនរាប់រយលានដុល្លារ អាចត្រូវបានប្រែក្លាយទៅជារាប់ពាន់លានដុល្លារ»។ ដោយផ្អែកលើបញ្ជីនៃគម្រោងធំៗរបស់ PGII ដែលសេតវិមានបានប្រកាស «រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងវិនិយោគប្រាក់មិនលើសពី ២-៣ ពាន់លានដុល្លារនោះឡើយ»។

«តើរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកអាចរកលុយមកពីណាបានដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស នៅពេលដែលអាមេរិកខ្លួនឯងកំពុងពឹងផ្អែកលើសាច់ប្រាក់ និងលើរដ្ឋាភិបាលក្នុងតំបន់ ដែលកំពុងជាប់ជំពាក់បំណុលដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុករបស់ខ្លួន?» ជាមួយនឹងការប្រើប្រាស់លុយរាប់ពាន់លានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយចិនដែលបាននិងកំពុងប្រើប្រាស់លុយក្នុងខ្ទង់ទ្រីលានដុល្លារ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្កើនប្រសិទ្ធភាពរបស់ខ្លួនឱ្យបានក្នុងកម្រិតដ៏អស្ចារ្យ។

«ហេតុអ្វីបានជាអ្នកវិនិយោគនិងបណ្តាក្រុមហ៊ុនលោកខាងលិច ដែលបានព្យាយាមស្វែងរកប្រាក់ចំណេញខ្ពស់នៅពាសពេញពិភពលោកអស់រយៈពេលជាយូរមកហើយនោះ ស្រាប់តែមករំជើបរំជួលនឹងគំនិតផ្ដួចផ្ដើម PGII ទៅវិញ?» «តើពួក​គេ​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិន​បានដោយ​របៀប​ណា ខណៈដែលចិនមានឆន្ទៈទទួល​យក​ផល​ចំណេញ​ទាបនិង​ហានិភ័យ​ខ្ពស់ ដែលខុសគ្នាពីក្រុមហ៊ុនលោកខាងលិច?»

សហរដ្ឋអាមេរិកហាក់មានភាពធូរលុងក្នុងការរាប់បញ្ចូលនូវគម្រោងនានាទៅក្នុងគំនិតផ្ដួចផ្ដើម PGII បើទោះបីជារដ្ឋាភិបាលអាមេរិក ឬស្ថាប័ន ឬក្រុមហ៊ុនអាមេរិកជាអ្នកដើរតួនាទីដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ។ ជាឧទាហរណ៍ គម្រោងមួយអាចត្រូវបានរាប់បញ្ចូលទៅក្នុងគំនិតផ្ដួចផ្ដើម PGII បើទោះបីជាអាមេរិកមានតួនាទីត្រឹមតែជាអ្នកម៉ៅការផ្នែកវិស្វកម្ម, លទ្ធកម្ម និងសំណង់ (EPC) ដែលមានទុនវិនិយោគតិចតួចបំផុតក៏ដោយ។

ជាក់ស្តែង វិនិយោគិនចិនអាចផ្តល់ហិរញ្ញប្បទានមួយចំនួនដល់គម្រោងនានាដែលមានសហរដ្ឋអាមេរិកជាអ្នកម៉ៅការ ឬជាអ្នកផ្គត់ផ្គង់។ ដូច្នេះ នៅក្នុងដំណើរការប្រកបដោយតម្លាភាព និងយុត្តិធម៌ ក្រុមហ៊ុនចិនមិនគួរត្រូវបានដកចេញពីការប្រកួតប្រជែងនៅក្នុងគម្រោងដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើគំនិតផ្ដួចផ្ដើម PGII ពិតជាប្រកាន់យកនូវគោលជំហរសីលធម៌ ដូចដែលខ្លួនបានអះអាងមែននោះ។

ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើនបំផុតដល់ប្រទេសដែល មានប្រាក់ចំណូលទាបនិងមធ្យម គំនិតផ្ដួចផ្ដើម PGII និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ អាចចូលរួមសហការគ្នាផង និងអាចប្រកួតប្រជែងគ្នាផង ដោយ សារតែតួនាទីរបស់អ្នកពាក់ព័ន្ធជាច្រើននៅក្នុងការអភិវឌ្ឍ, ការឧបត្ថម្ភធុន, ការផ្ដល់ហិរញ្ញប្បទាន, ការផ្គត់ផ្គង់ និងការអនុវត្តគម្រោង។

ពិភពលោកមិនត្រូវការផលិតផលលោកខាងលិច ដែលមានតម្លៃកាន់តែថ្លៃ និងដែលគ្មានការប្រកួតប្រជែងនោះទេ។ ប្រសិនបើដំណោះស្រាយដ៏ល្អប្រសើរជាង និងដែលមានប្រសិទ្ធភាពជាងរបស់ចិន មិនត្រូវបានរាប់បញ្ចូល ដោយសារតែហេតុផលភូមិសាស្ត្រនយោបាយ នោះភាពជឿជាក់របស់គំនិតផ្ដួចផ្ដើម PGII នឹងរងនូវការធ្លាក់ចុះ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលចាស់ទ្រុឌទ្រោម សហរដ្ឋអាមេរិកមានកម្រិតនៃភាពជឿជាក់តិចតួចណាស់ក្នុងការផ្តល់នូវការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស។ ដូច្នេះ «តើហេតុអ្វីបានជាអាមេរិកមានសន្ដានចិត្តល្អម៉្លេះ ក្នុងការផ្តល់ការគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈគំនិតផ្ដួចផ្ដើម PGII?»

ចម្លើយដ៏ខ្លីគឺដោយសារតែ «ប្រទេសចិន»។ ដូច្នេះ ពិភពលោកគួរតែអរគុណប្រទេសចិនដែលជាមូលហេតុជំរុញឱ្យមានគំនិតផ្ដួចផ្ដើម PGII នេះឡើង។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ គឺជាវេទិកាមួយដែលសហរដ្ឋអាមេរិកនិងប្រទេសចិនអាចប្រកួតប្រជែងគ្នាបាននៅក្នុងផ្នែកគុណភាពដើម្បីបម្រើផលប្រយោជន៍ដល់ពិភពលោក។

ប្រទេសចិននឹងស្វាគមន៍ឱ្យមានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើងនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដែលអាចត្រូវបានប្រែក្លាយទៅជាទីផ្សារធំៗ និងជាដៃគូសេដ្ឋកិច្ចកាន់តែប្រសើរ។ នៅក្នុងការប្រកួតប្រជែងនេះ ប្រទេសចិនហាក់ដូចជាមានអត្ថប្រយោជន៍ច្រើន លើសលប់ខាងផ្នែកបច្ចេកវិទ្យានិងហិរញ្ញវត្ថុ។

«តើ​អាមេរិក​ចង់ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដោយសុទ្ធចិត្ត ឬគ្រាន់តែចង់ទប់​ស្កាត់​ប្រទេសចិន​?» «តើអាមេរិកអាចបង្ហាញអំពីភាពខ្លាំងរបស់ខ្លួនតាមរយៈការយកឈ្នះដោយយុត្តិធម៌បានទេ?» ទាំងនេះនឹងក្លាយជាកត្តាវាស់វែងដ៏សំខាន់នៃភាពជោគជ័យរបស់គំនិតផ្ដួចផ្ដើម PGII។ ពិភពលោកទាំងមូលកំពុងតែរង់ចាំមើលហើយ៕

South China Morning Post

អត្ថបទទាក់ទង