ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 46
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព»  កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងMLC លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» និងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក វុនណា ម៉ោង លី្វន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីទាំងអស់បានកោតសរសើរចំពោះការអភិវឌ្ឍរួមរបស់ MLC សម្រាប់ដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ០៦ឆ្នាំកន្លងមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានផ្លាស់ប្តូរយោបល់លើស្ថានភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៦ និងគោលដៅដែលបានដាក់ចេញនាឱកាសនៃកិច្ចប្រជុំកំពូល MLC លើកទី៣។ រដ្ឋមន្ត្រីទាំងអស់ ក៏បានស្វាគមន៍ចំពោះការបំពេញបន្ថែមនូវតួនាទីរបស់ MLC ក្នុងការលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតក្នងកាលៈទេសៈនៃការកើនឡើងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក រដ្ឋមន្ត្រីទាំងអស់បានអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាជំរុញការធ្វើសហកម្មរវាង MLC ជាមួយនឹងគំនិតផ្តួចផ្តើមអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលរួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។ រដ្ឋមន្ត្រីទាំងអស់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមរួម សំដៅរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជន និងប្រជាជន និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនៅតាមបណ្តាប្រទេសមេគង្គ-ឡានឆាង» ។

រដ្ឋមន្ត្រីទាំងអស់បានយល់ព្រមជាគោលការណ៍ លើផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលកិច្ចសហប្រតិការមេគង្គ-ឡានឆាង លើកទី៤ សម្រាប់អនុម័តនាពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកត្តាសំខាន់ៗ ដែលអំណោយផលដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ រួមមានការតភ្ជាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ សមត្ថភាពផលិត ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងការវិនិយោគក្នុងតំបន់ និងការសម្របសម្រួលពាណិជ្ជកម្ម។

រដ្ឋមន្ត្រីទាំងអស់បានពេញចិត្តចំពោះមូលនិធិពិសេស MLC ដែលចាប់តាំងពីការបង្កើតមក បានគាំទ្រគម្រោងជាង ៦០០ លើវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម ទេសចរណ៍ ការអប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងបានកោតសរសើរប្រទេសទាំង០៦ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង ។

នាឱកាសនៃកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ MLC ក្នុងរយៈពេល ៦ឆ្នាំកន្លងមក និងការបង្កើតស្ថាប័នចាំបាច់ដើម្បីគាំទ្រដល់ការអនុវត្តរាល់សកម្មភាព និងកម្មវិធីនានាដែលអំណោយផលដល់និរន្តរភាពនៃក្របខ័ណ្ឌ MLC។ បន្ថែមពីលើនោះ ស្ថិតចំពេលនៃវិបត្តិសុខភាពសកលនៃជំងឺកូវីដ-១៩ ប្រទេសមេគង្គ-ឡានឆាង បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវបំផុតនេះ ជាមួយនឹងការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង ៕

 

Ga

អត្ថបទទាក់ទង