ខ្មែរប៉ុស្ដិ៍ Close

ការស្ទង់មតិរបស់ JCER/Nikkei ៖ សេដ្ឋកិច្ចអាស៊ាននឹងធ្លាក់ចុះនៅឆមាស ទី2 នៃឆ្នាំ 2022

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 44
ការស្ទង់មតិរបស់ JCER/Nikkei ៖ សេដ្ឋកិច្ចអាស៊ាននឹងធ្លាក់ចុះនៅឆមាស ទី2 នៃឆ្នាំ 2022 ការស្ទង់មតិរបស់ JCER/Nikkei ៖ សេដ្ឋកិច្ចអាស៊ាននឹងធ្លាក់ចុះនៅឆមាស ទី2 នៃឆ្នាំ 2022

សេដ្ឋវិទូបានបង្កើនការព្យាករកំណើនឆ្នាំ ២០២២ សម្រាប់ប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន និងថៃ ដោយក្នុងនោះពួកគេរំពឹងថា «កំណើននៅក្នុងឆមាសទី១ នៃឆ្នាំនេះ នឹងមានកម្រិតខ្ពស់ជាងការព្យាករមុនៗ ដោយ សារតែការបន្ធូរបន្ថយវិធានការរឹតបន្តឹងលើវីរុសកូវីដ-១៩»។

ទោះបីជាយ៉ាងណាក៏ដោយ ការព្យាករត្រូវបានទម្លាក់ចុះទាបជាងមុននៅឆមាសទី២ នៃឆ្នាំ២០២២ សម្រាប់ប្រទេសនីមួយៗ ដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច បន្ទាប់ពីការដំឡើងអត្រាការ ប្រាក់របស់សហរដ្ឋអាមេរិក និងការបន្តកើនឡើងនៃអត្រាអតិផរណា។

យោងតាមការស្ទង់មតិប្រចាំត្រីមាសចុងក្រោយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) និង Nikkei ដែលបានធ្វើឡើងនៅក្នុងខែមិថុនា «GDP របស់សមាជិកអាស៊ានធំបំផុតទាំង ៥ ដែលរួមមានឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងថៃ នឹងកើនឡើង ៥% នៅក្នុងឆ្នាំ ២០២២»។ តួរលេខនេះឆ្លុះបញ្ចាំងអំពីការកើនឡើង ០,១% បើធៀបនឹងការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងខែមីនា។

បណ្តាប្រទេសអាស៊ីកំពុងព្យាយាមស្តារសេដ្ឋកិច្ចរបស់ពួកគេចេញពីវីរុសរាតត្បាត ជាមួយនឹងការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មឡើងវិញ បូករួមទាំងការស្វាគមន៍ភ្ញៀវទេសចរ។ ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌូណេស៊ីត្រូវបានបង្កើនដល់ ៥,១% ពីចំនួន ៥% ខណៈដែលហ្វីលីពីនបានឡើងដល់ ៦,៦% ពីចំនួន ៦,៣% ហើយតួរលេខរបស់ថៃបានឡើងដល់ ៣,២% ពីចំនួន ៣,១%។

លោក Juniman ដែលជាប្រធានសេដ្ឋវិទូនៅធនាគារ «Maybank Indonesia» បាននិយាយថា «ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីត្រូវបានជំរុញដោយភាពប្រសើរឡើងវិញនៃបរិយាកាសសេដ្ឋកិច្ចពិភពលោក ដែលជាហេតុបង្កើនការនាំចេញ និងការវិនិយោគ»។

ប៉ុន្តែ អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះមកនៅត្រឹម ៦% ពីចំនួន ៦,១% ខណៈដែលប្រទេសសិង្ហបុរីបានធ្លាក់ចុះមកនៅត្រឹម ៤,៣% ពី ៤,៦%។ កំណើនរបស់ប្រទេសឥណ្ឌាក៏ត្រូវបានបន្ទាបផងដែរមកនៅត្រឹម ៧,២% ពី ៧,៨%។

បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ការផ្លាស់ប្តូរនៃកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកនៅក្នុងប្រទេសភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិសម្រាប់ឆមាសទី២ នៃឆ្នាំ២០២២ សម្រាប់ប្រទេសនីមួយៗត្រូវបានទម្លាក់ចុះទាបជាងមុន បើប្រៀបធៀបនឹងការព្យាករកាលពីពេលមុន ហើយហេតុផលចម្បងមួយគឺ «ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក»។

ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលនៅថ្ងៃទី ១៥ ខែមិថុនា ដល់ចំនួន ៧៥ ពិន្ទុ ដែលជាការដំឡើងដ៏ធំបំផុតបើគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ១៩៩៤ ខណៈដែលការដំឡើងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ស្កាត់អត្រាអតិផរណាដ៏អាក្រក់បំផុតដែលប្រទេសនេះបាននិងកំពុងជួបប្រទះ។

ធនាគារកណ្តាលក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់អាមេរិកនៅឆ្នាំ ២០២២ ផងដែរពីចំនួន ២,៨% ដែលបានព្យាករក្នុងខែមីនា មកនៅត្រឹម ១,៧%។ ធនាគារកណ្តាលភាគច្រើននៅក្នុងបណ្តាប្រទេសអាស៊ីក៏កំពុងចាត់វិធានការដំឡើងអត្រាការប្រាក់គោលនយោបាយផងដែរ ដោយមានការនាំមុខដោយប្រទេសឥណ្ឌា ក៏ដូចជាម៉ាឡេស៊ី និងហ្វីលីពីន។

លោក Vincent Loo Yeong Hong ដែលជាសេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន «KAF Research» នៅ ប្រទេសម៉ាឡេស៊ី បានកត់សម្គាល់ថា «ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាច នឹងនាំមកនូវកំណើន ទាបខ្លាំង ឬការធ្លាក់ ចុះនៃសេដ្ឋកិច្ច»។

លោក Wisnu Wardana ដែលជាសេដ្ឋវិទូនៅធនាគារ «Danamon Indonesia» យល់ថា «ជាមួយនឹងការកើនឡើងនៃអតិផរណា Bank Indonesia ត្រូវការកែតម្រូវអត្រាគោលនយោបាយរបស់ខ្លួន នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២»។

ក្រុមហ៊ុន «Krungsri Research» របស់ធនាគារ Ayudhya ក៏បានលើកឡើងផង ដែរថា «យើងអាចនឹងធ្វើការដំឡើងអត្រាការប្រាក់ជាលើកដំបូងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែសីហា ក៏ប៉ុន្តែល្បឿននៃការដំឡើងនឹងមានសភាពយឺតជាងប្រទេសជិតខាង ដោយសារតែការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសថៃនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងសម្របសម្រួលការរំពឹងទុក នៃអតិផរណាជាជាងការកាត់បន្ថយតម្រូវការក្នុងស្រុក»។

បន្ថែមពីលើការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណដែលមានជាប់ពាក់ព័ន្ធនឹងអត្រាការប្រាក់កាន់តែខ្ពស់ អតិផរណាដែលបណ្តាលមកពីកត្តាមួយចំនួន ដូចជាតម្លៃសម្ភារៈខ្ពស់ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចនឹងនាំមកនូវហានិភ័យកាន់តែខ្លាំងនៅឆមាសទី២ នៃឆ្នាំនេះ។

លោក Randolph Tan ដែលមកពី «Singapore University of Social Science» បាននិយាយថា «សេដ្ឋកិច្ចរបស់សិង្ហបុរីបន្តស្ថិតនៅក្នុងគន្លងមិនស្ថិតស្ថេរ ដោយសារការប្រឈមមុខនឹងហានិភ័យភូមិសាស្ត្រនយោបាយ និងផលប៉ះពាល់ដែលបង្កឡើងដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន»។

លោក Dharmakirti Joshi ដែលជាប្រធានសេដ្ឋវិទូនៅ «CRISIL» ក៏បានលើកឡើងដែរថា «ផលប៉ះពាល់មកលើកំណើនបានបន្តកើនឡើងដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងការរំខាននៅក្នុងការផ្គត់ផ្គង់សកល»។

ការផ្លាស់ប្តូរនៃការគំរាមកំហែងចំពោះសេដ្ឋកិច្ចអាស៊ីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់មតិមួយ ដែលអ្នកសេដ្ឋកិច្ចបានចាត់ទុកជាហានិភ័យកំពូលសម្រាប់រយៈពេល ១២ ខែខាងមុខនេះ។ «អតិផរណា» បានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុង ចំណោមប្រទេសទាំង៦ ខណៈដែល «គោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក» បានជាប់ចំណាត់ថ្នាក់ជាហានិភ័យធំលំដាប់ទី២ នៅក្នុងប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី។

មានអ្នកជំនាញតិចតួចណាស់ដែលបានចាត់ទុក «ការឆ្លងវីរុសកូវីដ-១៩ ជាកត្តាហានិភ័យ» លើកលែងតែនៅក្នុងប្រទេសម៉ាឡេស៊ីដែលកត្តានេះត្រូវបានជាប់ចំណាត់ថ្នាក់ទី ៦។ «ការធ្លាក់ចុះសេដ្ឋកិច្ចចិន» ក៏ត្រូវបានចាត់ថ្នាក់ជាកត្តាហានិភ័យចម្បងមួយនៅក្នុងប្រទេសថៃផងដែរ ដោយសារទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២។

លោកស្រី Lalita Thienprasiddhi ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ «Kasikorn» បាននិយាយថា «សេដ្ឋកិច្ចចិនបានរងនូវការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់រួចទៅហើយដោយសារតែគោលនយោបាយ Zero Covid និងវិធានការចាក់បិទខ្ទប់របស់ចិន»។

លោកស្រីបានបន្តថា «បើទោះបីជាប្រទេសចិនបានបន្ធូរបន្ថយការបិទខ្ទប់នៅពេលថ្មីៗនេះហើយក៏ដោយ ក៏គោលនយោបាយ Zero Covid របស់ចិននៅតែបន្តអនុវត្ត ដែលជាហេតុនឹងបន្តជះឥទ្ធិពលដល់សតិអារម្មណ៍របស់អ្នកប្រើប្រាស់ចិន និងដល់ដំណើរការផលិតកម្មរបស់ចិន»។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ០៣ ខែមិថុនា ដល់ថ្ងៃទី ២៣ ខែមិថុនា ដោយមានការចូលរួមពីសំណាក់អ្នកសេដ្ឋកិច្ច និងអ្នកវិភាគចំនួន ៣៦ រូប៕ Nikkei Asia

អត្ថបទទាក់ទង