ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាសហភាពអឺរ៉ុបមានភាពស្ងប់ស្ងាត់ចំពោះផែនការប្រហារជីវិតនៅមីយ៉ាន់ម៉ា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 67
ហេតុអ្វីបានជាសហភាពអឺរ៉ុបមានភាពស្ងប់ស្ងាត់ចំពោះផែនការប្រហារជីវិតនៅមីយ៉ាន់ម៉ា? ហេតុអ្វីបានជាសហភាពអឺរ៉ុបមានភាពស្ងប់ស្ងាត់ចំពោះផែនការប្រហារជីវិតនៅមីយ៉ាន់ម៉ា?

សហភាពអឺរ៉ុបគឺជា ម្ចាស់ជំនួយធំជាងគេ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការកាត់ទោសប្រហារជីវិតនៅទូទាំងពិភពលោក។ បណ្តារដ្ឋទាំងអស់ដែលជាសមាជិករបស់សហភាពអឺរ៉ុបបានលុបវាចោលអស់ហើយ ហើយទីក្រុងព្រុចស៊ែលក៏បានចេញសេចក្តីសម្រេច និងបើកការជជែកដេញដោលជាប្រចាំក្នុងការថ្កោលទោសបណ្តាប្រទេសណា ដែលនៅតែប្រើប្រាស់ទោសប្រហារជីវិត។

បញ្ហានេះបានធ្វើឱ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយហេតុថា «កន្លងមកនេះ សហភាពអឺរ៉ុបបានរក្សាភាពស្ងៀមស្ងាត់ខ្លាំងចំពោះការ ប្រកាសរបស់របបយោធាមីយ៉ាន់ម៉ានៅថ្ងៃទី០៣ ខែមិថុនា អំពីការអនុវត្តទោសប្រហារជីវិតលើមនុស្ស ៤ នាក់» ដែលរួមមាន Phyo Zeyar Thaw ដែលជាសមាជិកសភារបស់រដ្ឋាភិបាលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និង Kyaw Min Yu (ដែលគេស្គាល់ថា Ko Jimmy) ដែលជាសកម្មជនជើងចាស់គាំទ្រលទ្ធិប្រជាធិបតេយ្យ។

ពួកគេទាំងពីរ ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ប្រឆាំងនឹងភេរវកម្ម ខណៈដែលមនុស្ស ២ នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសប្រហារជីវិតដែរបន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទសម្លាប់ស្ត្រីម្នាក់ដែលពួកគេ យល់ថាជាអ្នកស៊ើបការណ៍ឱ្យយោធា។

មនុស្សប្រមាណ ១១០ នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតដែលភាគច្រើនត្រូវបានកាត់ទោសកំបាំងមុខចាប់តាំងពីយោធាធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ ២០២១ មក។ ប៉ុន្តែនេះគឺជាលើកទី១ ហើយដែលរបបយោធានិយាយថា «ខ្លួនមានបំណងអនុវត្តទោសប្រហារជីវិត ដែលនឹងត្រូវធ្វើឡើងដោយការព្យួរករ»។

ប្រសិនបើគេអនុវត្តទោសនេះមែន អំពើហិង្សាអាចនឹងមានការកើនឡើងកាន់តែខ្លាំងនៅមីយ៉ាន់ម៉ា។ វាគឺជាការបង្កហេតុកាន់តែខ្លាំងលើកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយវានឹងក្លាយជាអំពើយង់ឃ្នងបំផុតនៅមីយ៉ាន់ម៉ា។ បើទោះជាមីយ៉ាន់ម៉ាបានរក្សាទោសប្រហារជីវិតនៅក្នុងច្បាប់ក៏ដោយ ក៏គេមិនបានយកវាមកប្រើអស់ច្រើនទសវត្សរ៍មកហើយ។

ការឆ្លើយតបរបស់លោកខាងលិចនៅពេលកន្លងមកមានភាពយឺតយ៉ាវ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានហៅអំពើនេះថាជា «ការរំលោភយ៉ាងងងើលលើសិទ្ធិរស់រាន, សេរីភាព និងសន្តិសុខរបស់មនុស្ស» ខណៈដែលអង្គការលើកលែង ទោសអន្តរជាតិបានអំពាវនាវឱ្យរបបយោធាបញ្ឈប់ភ្លាមៗនូវផែនការបែបនេះ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើអន្តរាគមន៍។

នៅថ្ងៃទី ១០ មិថុនា គឺនៅ ៧ ថ្ងៃក្រោយការប្រកាសរបស់របបយោធា អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប Nabila Massrali បានសរសេរអំពីជំហររបស់សហភាពអឺរ៉ុបថា «សហភាពអឺរ៉ុបសូមថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរបស់យោធាក្នុងការអនុវត្តទោសប្រហារជីវិតលើសកម្មជនគាំទ្រប្រជាធិបតេយ្យ និងអ្នកទោសផ្សេងទៀត»។

«សហភាពអឺរ៉ុបសូមអំពាវនាវឱ្យយោធារក្សាការអត់ធ្មត់ជុំវិញការអនុវត្តទោស ទាំងនេះ ហើយ សហភាពអឺរ៉ុបប្រឆាំងនឹងការប្រហារជីវិត ដោយសារវាជាទណ្ឌកម្មអមនុស្សធម៌ និងឃោរឃៅ»។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ០៤ ខែមិថុនា គឺនៅ ១ ថ្ងៃក្រោយការប្រកាសរបស់របបយោធារដ្ឋាភិបាលបារាំងបាននិយាយថា «ខ្លួនសូមថ្កោលទោសទាំងស្រុងចំពោះការសម្រេចចិត្តនេះ»។

សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា «វាគឺជាការសម្រេចចិត្តដ៏គួរឱ្យស្អប់ខ្ពើមថ្មីមួយទៀត ដែលបានផ្តោតគោលដៅលើអ្នកការពារសេរីភាព។ ប្រទេសបារាំងសូមបញ្ជាក់នូវការប្រឆាំងដ៍ខ្លាំងបំផុតចំពោះទោស ប្រហារជីវិតនៅគ្រប់ទិសទី និងនៅគ្រប់កាលៈទេសៈ»។ របបយោធាបានប្រតិកម្មខ្លាំងទៅនឹងផ្នែកមួយនៃសេចក្តីថ្លែងការណ៍ដែលបាន លើកឡើងថា «គោលនយោបាយដ៏គួរឱ្យភ័យខ្លាចកំពុងត្រូវបានអនុវត្តដោយរបបយោធាខុសច្បាប់»។

ទោះជាយ៉ាងណាក៏ដោយ «វាស្ទើតែគ្មានការឆ្លើយតប សោះពីបណ្តាប្រទេសមហាអំណាចផ្សេងៗទៀតនៅអឺរ៉ុប បូករួមទាំងអាល្លឺម៉ង់និងអង់គ្លេស»។ ទីក្រុងឡុងដ៍បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមីយ៉ាន់ម៉ាបន្ថែមទៀត នៅថ្ងៃទី ១៦ ខែមិថុនា ក៏ប៉ុន្តែគេមិនឃើញមានការលើកឡើងណាមួយអំពីផែនការកាត់ទោសប្រហារជីវិតនោះទេ។ សកម្មជនបានបញ្ជូនលិខិតទៅកាន់រដ្ឋាភិបាលអឺរ៉ុបមួយចំនួន ក៏ប៉ុន្តែគេនៅមិនទាន់ឃើញមានការ
រិះគន់ខ្លាំងៗណាមួយដូចដែលគេរំពឹងទុក នោះទេ។ «តើបញ្ហាបណ្តាល នេះមកពីមូលហេតុអ្វី?»

យើងយល់ថា «ការបញ្ចុះបញ្ចូលខ្លះត្រូវបានធ្វើឡើង ដើម្បីលើកទឹកចិត្តបណ្តារដ្ឋអាស៊ានដូចជាកម្ពុជាដែលជា ប្រធានអាស៊ាននៅឆ្នាំនេះឱ្យប្រកាន់ជំហរ លើបញ្ហានេះ»។ ដោយសារសហភាពអឺរ៉ុបគាំទ្រការឆ្លើយតបដែលដឹកនាំដោយអាស៊ានជុំវិញវិបត្តិនៅមីយ៉ាន់ម៉ាការរិះគន់លើផែនការ ប្រហារជីវិតរបស់របបយោធានឹងមានទម្ងន់ជាង ប្រសិនបើវាត្រូវបានធ្វើឡើងដោយប្រទេសជិតខាងរបស់ មីយ៉ាន់ម៉ា។

វាក៏បានកើតចំពេលដែលប្រេសិតពិសេសរបស់អាស៊ានទទួលបន្ទុកលើមីយ៉ាន់ម៉ា គឺលោក ប្រាក់ សុខុន គ្រោងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើក ទី២ នៅថ្ងៃទី ២៩ ខែមិថុនា ផងដែរ។ តាមពិតទៅមានតែ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ ប៉ុណ្ណោះ គឺកម្ពុជា ទីម័រឡេស្ត និង ហ្វីលីពីន ដែលបានលុបចោលទោសប្រហារជីវិតជាផ្លូវការ។ ហេតុដូច្នេះហើយ «វាអាចនឹងមិនមានការ រិះគន់មកពីរដ្ឋាភិបាលផ្សេងទៀតដែលមាន ទោសប្រហារជីវិតដូចគ្នានោះទេ»។

«នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅទីបំផុតក៏បានឆ្លើយតប»។ នៅក្នុងលិខិតមួយទៅកាន់មេដឹកនាំរបបយោធាលោក Min Aung Hlaing ដែល បែកធ្លាយទៅកាន់អ្នកកាសែតនោះ លោកហ៊ុន សែន បានលើកឡើងថា «ដោយមានកង្វល់ខ្លាំង និងជាមួយនឹងចេតនាស្មោះត្រង់ក្នុងការជួយ មីយ៉ាន់ម៉ាសម្រេចឱ្យបាននូវសន្តិភាពនិងការផ្សះផ្សារជាតិខ្ញុំសូមស្នើឱ្យអ្នក និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋពិចារណាឡើងវិញអំពីការកាត់ទោសនេះ និងសូមរក្សាភាពអត់ធ្មត់ចំពោះការអនុវត្តទោសប្រហារជីវិតទៅលើអ្នកប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ»។

ទោះជាយ៉ាងណាក៏ដោយយោងតាមការរាយការណ៍ «លិខិតរបស់លោក ហ៊ុន សែន ត្រូវបានបញ្ជូននៅថ្ងៃទី ១១ ខែមិថុនា» គឺនៅរយៈពេល ៨ ខែក្រោយការប្រកាសរបស់របបយោធា និងនៅ ១ ថ្ងៃនៅក្រោយសហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍។ សហភាពអឺរ៉ុបអាចនឹងយល់ថា «អាស៊ានចាត់វិធានការយឺតពេកលើបញ្ហានេះ»។

ប៉ុន្តែ វាមិនមែនជាលិខិតសាធារណៈនោះទេ ហើយវាត្រូវបានបែកធ្លាយទៅកាន់បណ្តាញផ្វព្សផ្សាយ។ «ទោះជាយ៉ាងណាកម្ពុជាប្រហែលជាសប្បាយចិត្តនឹងការបែកធ្លាយនេះ»។ «លោកហ៊ុន សែន អាចអះអាងថា «លោកបានរក្សា ពិធីសារការទូតតាមរយៈការសរសេរជាលាយលក្ខណ៍អក្សរជាលក្ខណៈឯកជនទៅកាន់លោក Min Aung Hlaing»។

ទន្ទឹមគ្នានេះដែរ លោកអាចទទួលបានការកោតសរសើរខ្លះពីសហគមន៍អន្តរជាតិចំពោះការប្រឆាំងនឹងផែនការប្រហារជីវិតរបស់មីយ៉ាន់ម៉ា។ ក្រៅពីនេះ គ្មានរដ្ឋអាស៊ានណាផ្សេងបានចេញមុខមករិះគន់របបយោធាមីយ៉ាន់ម៉ាទេ ហើយវាអាចមិនមែនជារឿងចៃដន្យទេ ដែលរដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសនៅថ្ងៃ ១០ ខែមិថុនាថា «ខ្លួនបានយល់ស្របលុបចោលការកាត់ ទោសប្រហារជីវិតលើបទល្មើសចំនួន ១១»។

វិទ្យុ BBC ដែលផ្សាយជាភាសាភូមាបានរាយការណ៍នៅសប្តាហ៍នេះថា «របបយោធាបានច្រាន ចោលការស្នើសុំរបស់លោកហ៊ុន សែន ហើយនឹងបន្តដំណើរការប្រហារជីវិត»។

វាអាចមានមូលហេតុផ្សេងទៀត ដែរសម្រាប់ភាព ស្ងប់ស្ងាត់របស់សហភាពអឺរ៉ុបនោះ។ ប្រសិនបើសហភាពអឺរ៉ុបឆ្លើយតបដោយការគំរាមលើរបបយោធាឱ្យបញ្ឈប់ការអនុវត្តទោសព្យួរករ អឺរ៉ុបអាចនឹងរងសម្ពាធខ្លាំងក្នុងការបង្កើនទណ្ឌកម្មលើរបបយោធា ប្រសិនបើទោសប្រហារជីវិតនៅតែបន្តអនុវត្ត។

ប៉ុន្តែ គណៈកម្មការអឺរ៉ុបគ្មានជម្រើសច្រើនទេពាក់ព័ន្ធនឹងវិបត្តិនៅមីយ៉ាន់ម៉ា ហើយរបបយោធាក៏អាចនឹងមិនផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន ដោយសារតែការគំរាមដាក់ទណ្ឌកម្មពីអឺរ៉ុបនោះដែរ។ ទណ្ឌកម្ម ៤ ឈុត ត្រូវបានដាក់លើប្រទេសមីយ៉ាន់ម៉ាបូករួមទាំងលើវិស័យឧស្ម័នរបស់មីយ៉ាន់ម៉ា។

គេមិនច្បាស់ទេថា «តើទីក្រុងព្រុចស៊ែលអាចបង្កើនទណ្ឌកម្មដោយរបៀបណា»។ ប្រសិនបើសហភាពអឺរ៉ុបមិនអាចបង្កើនទណ្ឌកម្មបានទេនោះរាល់ការរិះគន់ពីសហភាពអឺរ៉ុបលើផែនការប្រហារជីវិត នេះនឹងក្លាយជារឿងគ្មានប្រយោជន៍។

ជាងនេះទៀត ទណ្ឌកម្មនីមួយៗត្រូវការពេលជាច្រើនសប្តាហ៍ដើម្បីអាចទទួលបានការយល់ព្រមពីបណ្តារដ្ឋជាសមាជិក។ ប្រសិនបើទោស ប្រហារជីវិតនេះត្រូវបានអនុវត្តក្នុងពេលឆាប់ៗ សហភាពអឺរ៉ុបនឹងមិនអាចព្រមព្រៀងគ្នាលើទណ្ឌកម្មថ្មីៗបានទាន់ពេលវេលា នោះទេ។

សហភាពអឺរ៉ុបអាចនឹងត្រូវបង្ខំចិត្តឈានទៅរកជំហរមួយដែលខ្លួនមិនចង់បាន។ ការឆ្លើយតបតាមរយៈការទណ្ឌកម្មផ្សេងទៀតគឺ «សហភាពអឺរ៉ុបត្រូវទទួលស្គាល់រដ្ឋាភិបាលបង្រួបបង្រួមជាតិជាផ្លូវការ»។ វិធានការនេះនឹងទទួលបានការគាំទ្រពីសភាអឺរ៉ុប ខណៈដែលកាលពីខែតុលាឆ្នាំមុន សភាអឺរ៉ុបបានអនុម័តញត្តិមួយដោយបានហៅរដ្ឋាភិបាលបង្រួបបង្រួមជាតិថាជា «អ្នកតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនមីយ៉ាន់ម៉ា»។

ប៉ុន្តែ គ្មានប្រទេសលោកខាងលិចណាមួយត្រៀមផ្តល់ការទទួលស្គាល់ជាផ្លូវការ ចំពោះរដ្ឋាភិបាលបង្រួបបង្រួមជាតិនោះទេ ហើយសហភាពអឺរ៉ុបក៏មិនចង់បន្ថែមបន្ទុកលើខ្លួនឯងនោះ ដែរ ដោយសារតែទីក្រុងព្រុចស៊ែលកំពុងជាប់ផុងជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន។

ការទទួលស្គាល់រដ្ឋាភិបាលបង្រួប បង្រួមជាតិនឹងមានន័យថា «សហភាពអឺរ៉ុបបានច្រានចោលការឆ្លើយតបរបស់អាស៊ាន» ក៏ប៉ុន្តែទីក្រុងព្រុចស៊ែលពិតជាមិនចង់បង្កការអាក់អន់ចិត្តដល់អាស៊ាននោះទេ ដោយក្នុង នោះ សហភាពអឺរ៉ុបចង់មានទំនាក់ទំនងកាន់តែល្អប្រសើរឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

និយាយរួមទៅ ទីក្រុងព្រុចស៊ែលទំនងជានឹងមិនបង្កើនវោហាសាស្ត្រនិងការឆ្លើយតបរបស់ខ្លួនទេ បើទោះបីជាការប្រហារជីវិតនៅតែបន្តធ្វើនៅមីយ៉ាន់ម៉ាក៏ដោយ។ គេនៅមិនទាន់ដឹងទេថា «តើទោសប្រហារជីវិតនឹងអនុវត្តនៅ ពេលណា» ក៏ប៉ុន្តែវាមានសញ្ញាដែលបង្ហាញថា «គេអាចធ្វើវានៅក្នុងពេលឆាប់ៗនេះ»៕ The Diplomat