ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចនឹងបង្កបញ្ហាដល់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 91
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចនឹងបង្កបញ្ហាដល់អាស៊ាន លោក ពូ ទីន និងទង់របស់អាស៊ាន (រូបភាព Getty Images)

សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានអូសបន្លាយចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក ហាក់ដូចជាជម្លោះមួយដែលស្ថិតនៅសែនឆ្ងាយសម្រាប់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា សង្រ្គាមមួយនេះបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់យើងរាល់គ្នា ហើយអ្នកវិភាគជាច្រើនកំពុងឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ននូវការឆ្លើយតបរបស់ចិនចំពោះវិបត្តិនេះ។

មិនខុសពីរុស្ស៊ីទេ ចិនក៏ជាមហាអំណាចសេដ្ឋកិច្ចដែលមានអាវុធនុយក្លេអែរដែរ។ យើងមិនអាចចៀសវាងមិនធ្វើការប្រៀបធៀបបានទេ រវាងទស្សនៈរបស់រុស្ស៊ីចំពោះអ៊ុយក្រែន និងរបៀបដែលចិនកំពុងគំរាមកំហែងកោះតៃវ៉ាន់ ដែលមានទំនោរទៅរកលោកខាងលិច។

ប្រសិនបើចិនមើលឃើញថា មិនមានប្រតិកម្មរិះគន់ច្រើនប្រឆាំងនឹងរុស្ស៊ី ឬមួយមានដែរ តែពុំមានឥទ្ធិពលអ្វីជាដុំកំភួនទេនោះ វានឹងជំរុញទឹកចិត្តចិនកាន់តែខ្លាំងបន្ថែមទៀត ក្នុងការទាមទារអធិបតេយ្យភាពលើ កោះតៃវ៉ាន់ដោយប្រើវិធានការក្ដៅ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការអះអាងនូវសិទ្ធិអំណាចរបស់មហាអំណាចមួយនេះនៅក្នុងសមុទ្រចិនខាងត្បូង។

មិនខុសពីទ្វីបអឺរ៉ុប ដែលពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីនោះទេ (៤០% នៃឧស្ម័នរបស់អឺរ៉ុបបានមកពីប្រទេសរុស្ស៊ី) បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ជា ច្រើនមានអារម្មណ៍ថា ពួកគេជំពាក់គុណចិនតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាមួយគ្នា និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍មានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនដោយបាន រួមចំណែកប្រមាណ ២០% នៃការធ្វើពាណិជ្ជកម្មសរុបរបស់អាស៊ានកាលពីឆ្នាំ ២០២១។

ប្រទេសចិនក៏ជាអ្នកវិនិយោគធំជាងគេមួយ នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួនផងដែរ ដូចជានៅឥណ្ឌូណេស៊ី, ថៃ ហ្វីលីពីន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ប្រទេសចិន (និងទីក្រុងហុងកុង) គឺជាអ្នកវិនិយោគធំលំដាប់ទី២ នៅអាស៊ានកាលពីឆ្នាំ ២០២០ ហើយគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ចិន គឺជាប្រភពដ៏សំខាន់ សម្រាប់ផ្តល់មូលនិធិដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសទាំងនោះ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិននិងអាស៊ាន គឺមានតែការបន្ថែមល្បឿនទៅមុខប៉ុណ្ណោះ ដោយសារតែវត្តមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយគឺ «ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ និងបានចូលជាធរមានតាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។

បើយោងតាមក្រុមហ៊ុន Nikkei ប្រទេសចិនបានទាញយកប្រយោជន៍ពីការធ្លាក់ចុះនៃការវិនិយោគផ្ទាល់ពីបរទេសនៅអំឡុងពេលជំងឺរាតត្បាត ដើម្បី «បង្កើនការចំណាយ» របស់ខ្លួននៅក្នុងតំបន់នេះ ឱ្យបានលើសសហរដ្ឋអាមេរិក។

ប្រការនេះបានបង្កឱ្យមានទំនាក់ទំនងដ៏ស្មុគស្មាញនៅពេលនិយាយអំពីការទាមទាររបស់ចិន លើដែនទឹកព័ទ្ធជុំវិញអាស៊ាន ដោយមានការប៉ះទង្គិចផ្នែកយោធា និងជម្លោះដែនសមុទ្រនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើមានឱកាសណាខ្លះដែលអាស៊ីអាគ្នេយ៍អាចនឹងក្រោកឈរឡើងប្រឆាំងនឹងចិនបាន?

បន្ថែមពីលើយុទ្ធសាស្ត្រភូមិសាស្ត្រដែលបម្រើឱ្យវិស័យសន្តិសុខ និងការធ្វើពាណិជ្ជកម្ម សមុទ្រចិនខាងត្បូងក៏សម្បូរទៅដោយធនធានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ជាពិសេសគឺធនធាន ប្រេង, ឧស្ម័ន និងនេសាទ។

ប្រទេសចិនធ្លាប់បានទាមទារយកសមុទ្រចិនខាងត្បូងទាំងមូល ដោយលើកឡើងអំពីសិទ្ធិជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះតំបន់នេះ គិតចាប់តាំងពីសន្តិវង្ស Xia មក ព្រមទាំងការអនុម័តច្បាប់មួយស្តីពីដែនសមុទ្រនិងតំបន់ជាប់គ្នានោះកាលពីឆ្នាំ ១៩៩២ ទៀតផង។

បន្ថែមពីលើការបង្កើនការយាមល្បាត ប្រទេសចិនក៏បាននិងកំពុងសាងសង់កោះសិប្បនិមិត្តមួយចំនួនធំដើម្បីបម្រើជាមូលដ្ឋានយោធា ដូចអ្វីដែលគេបានឃើញតាមរយៈផ្កាយរណបតាំងពី ៨ ឆ្នាំមុនដូច្នោះដែរ។
ឧទាហរណ៍មួយក្នុងចំណោមកោះសិប្បនិម្មិតទាំងនោះ គឺថ្មប៉ប្រះទឹក Mischief ដែលមានចម្ងាយត្រឹមតែ ២៥០គមប៉ុណ្ណោះពីប្រទេសហ្វីលីពីន និង ៤៣៧គមប៉ុណ្ណោះពីរដ្ឋ Sabah ។

ទន្ទឹមនឹងនេះ អាមេរិក ជប៉ុន អូស្ត្រាលី និងចក្រភពអង់គ្លេស ក៏បានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ដោយទៀងទាត់នៅសមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ ២០១៣ មក និងបានអះអាងថា ប្រតិបត្តិការនេះគឺដើម្បីរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ ដែលជាគោលការណ៍មួយនៃច្បាប់ទម្លាប់អន្តរជាតិក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS)។ ទោះយ៉ាងណា ទង្វើនេះត្រូវបានគេមើលឃើញថា ជាការបង្ករឿងជាមួយប្រទេសចិន ដែលជាអ្នកបានទាមទារតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង។

ដោយសារអាស៊ានតែងតែរក្សានូវជំហរ «អព្យាក្រឹត» និងមិនជ្រៀតជ្រែកនោះ យើងស្ទើរតែមិនអាចពឹងផ្អែកលើការគាំទ្រពីមហាអំណាចលោកខាងលិចបានទេ បើសិនណាប្រទេសចិនបង្កើនជំហរឈ្លានពាននៅក្នុងបញ្ហាដែនសមុទ្រទាំងនោះ។

មេរៀនស្ដីពីសង្រ្គាមបច្ចុប្បន្ននៅអ៊ុយក្រែន ដែលអង្គការ NATO មិនបានផ្តល់នូវការគាំទ្រជាដុំកំភួនណាមួយ បន្ទាប់ពីខ្លួនបានសន្យាផ្តល់សមាជិភាពដល់អ៊ុយក្រែននោះ គឺជាភស្តុតាងដែលយើងមិនអាចពឹងផ្អែកលើមហាអំណាចខាងក្រៅដើម្បីដោះស្រាយជម្លោះនៅក្នុងតំបន់បានទេ។

មធ្យោបាយតែមួយគត់សម្រាប់អាស៊ានក្នុងការការពារខ្លួន គឺការរួមគ្នាជាសម្លេងតែមួយ។ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា បណ្ដារដ្ឋជាសមាជិកអាស៊ានប្រកាន់ខ្ជាប់នូវមាគ៌ាអាស៊ានដោយឈរលើគោលការណ៍កុងសង់ស៊ីស ដែលប្រសិនបើសមាជិកណាមួយជំទាស់នោះ សំណើនោះនឹងមិនអាចលេចចេញជារូបរាងបានទេ។

ជាការពិត បទដ្ឋានកុងសង់ស៊ីសនេះបានរងនូវការលូកដៃពីសំណាក់ប្រទេសចិនកាលពីឆ្នាំ ២០១៧ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នៅទីក្រុងម៉ានីល ដែលនៅពេលនោះ សមាជិកអាស៊ានមិនអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីថ្កោលទោសការដាក់ពង្រាយកម្លាំងយោធា និងការបង្កជម្លោះពីសំណាក់ប្រទេសចិន នៅសមុទ្រចិនខាងត្បូងបានទេ។

ការឆ្លើយតបរបស់ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ចំពោះទង្វើរបស់រុស្ស៊ី បានបង្ហាញឱ្យឃើញអំពីការបែកបាក់គ្នានៅក្នុងអាស៊ាន តាមរយៈការឆ្លើយតប ក៏ដូចជាការបញ្ចេញមតិខុសៗគ្នាពីសំណាក់មេដឹកនាំប្រទេសនីមួយៗ។

មានតែប្រទេសសិង្ហបុរីមួយគត់ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់រុស្ស៊ី និងបានដាក់ទណ្ឌកម្មទៅលើប្រទេសនេះ ខណៈពេលដែលសមាជិកអាស៊ានផ្សេងទៀត បានដាក់ក្ដីសង្ឃឹមទៅលើ ដំណោះស្រាយដោយសន្តិវិធី ទន្ទឹមនឹងការចៀសវាងមិនហៅរុស្ស៊ីថាជាអ្នកឈ្លានពាន។ ម៉្យាងវិញទៀត ប្រទេសមីយ៉ាន់ម៉ាបានកោតសរសើរ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះទង្វើររបស់រុស្ស៊ី។

ប្រទេសជាសមាជិកអាស៊ានភាគច្រើន បានទិញសម្ភារៈយោធា និងសព្វាវុធពីប្រទេសរុស្ស៊ី។ រុស្សីគឺជាប្រទេសនាំចេញសម្ភាៈការពារជាតិទៅកាន់តំបន់អាស៊ីអាគ្នេយ៍ឈានមុខគេ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដែលធំជាងឆ្ងាយ បើធៀបនឹងសហរដ្ឋអាមេរិក, បារាំង, អាល្លឺម៉ង់ ឬក៏ចក្រភពអង់គ្លេស។

ក្នុងចំណោមបណ្ដាប្រទេសដែលជាអតិថិជននៃឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី រួមមាន វៀតណាម ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, ឡាវ និងថៃ។ ដោយឈរលើមូលហេតុនេះ តើ​បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងអាច​ងាក​ទៅ​រកប្រទេសណាផ្សេងទៀតក្នុងការថែទាំនិងផ្គត់ផ្គង់គ្រឿងបន្លាស់សព្វាវុធ ក្រៅពី​រុស្ស៊ីបានឬទេ?

យើងអាចរំពឹងបានថា អាស៊ាននឹងមានការឆ្លើយតបស្រដៀងគ្នានេះ ប្រសិនបើចិននឹងគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង។ ការរក្សាទំនាក់ទំនងល្អជាមួយចិន គឺដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងកាលានុវត្តភាពនានា ដោយប្រទេសរបស់យើងម្នាក់ៗកំពុងប្រើប្រាស់ឥទ្ធិពលរបស់ប្រទេសចិនដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃការអភិវឌ្ឍ និងតម្រូវការខាងនយោបាយ៕ The Sun Daily

អត្ថបទទាក់ទង