ខ្មែរប៉ុស្ដិ៍ Close

ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាជាមួយនឹងការឡើងថ្លៃនៃប្រាក់ដុល្លារ តើនឹងមានអ្វីកើតឡើងចំពោះបណ្តាប្រទេសផ្សេងៗទៀត?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 48
ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាជាមួយនឹងការឡើងថ្លៃនៃប្រាក់ដុល្លារ តើនឹងមានអ្វីកើតឡើងចំពោះបណ្តាប្រទេសផ្សេងៗទៀត? ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាជាមួយនឹងការឡើងថ្លៃនៃប្រាក់ដុល្លារ តើនឹងមានអ្វីកើតឡើងចំពោះបណ្តាប្រទេសផ្សេងៗទៀត?

ពិភពលោកប្រហែលជានៅមិនទាន់បានជួបប្រទះនឹងសង្គ្រាមរូបិយបណ្ណទាំងស្រុង (Full-blown Currency) នៅឡើយនោះទេ ក៏ប៉ុន្តែភាពចលាចលបានបន្តកើតមានកាន់តែខ្លាំងឡើងៗនៅក្នុងទីផ្សាររូបិយបណ្ណ ខណៈពេលដែលដើមទុនជាច្រើនកំពុងហូរចេញពីប្រទេសចិន, ពីទីផ្សារដែលកំពុងរីកចម្រើន និងពីប្រទេសជប៉ុន។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ «រូបិយបណ្ណតែមួយគត់ដែលបង្ហាញពីភាពខ្លាំង គឺរូបិយបណ្ណ Rouble របស់រុស្ស៊ី»។

គួររំលឹកផងដែរថា «សណ្តាប់ធ្នាប់រូបិយវត្ថុសកលដែលត្រូវបានដាក់ឱ្យដំណើរការដោយសហរដ្ឋអាមេរិកដើម្បីបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក មិនអាចផ្តល់នូវផលប្រយោជន៍ដ៏ល្អបំផុតដល់សេដ្ឋកិច្ចសកលបាននោះទេ»។ ពិភពលោកត្រូវការអាជ្ញាធររូបិយវត្ថុសកល ក៏ប៉ុន្តែពិភពលោកប្រហែលជាត្រូវឆ្លងកាត់វិបត្តិជាមុនសិន។

បញ្ហាអាទិភាព រូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិកបានផ្តោតតែទៅលើបញ្ហាក្នុងស្រុកដែលរួមមានការប្រយុទ្ធប្រឆាំងនឹងអតិផរណា, ការបង្កើនអត្រាការប្រាក់ និងការជំរុញប្រាក់ដុល្លារ។ គោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកបាននាំមកនូវផលប៉ះពាល់ជាសកលដោយសារតែតួនាទីអន្តរជាតិដ៏សំខាន់របស់ប្រាក់ដុល្លារនៅក្នុងយុគសម័យនៃលំហូរមូលធនដោយសេរី។

ធនាគារកណ្តាលអាមេរិកមានភាពយឺតយ៉ាវក្នុងការចាត់វិធានការប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា ដែលជាហេតុធ្វើឱ្យពិភពលោកទាំងមូលត្រូវទទួលរងនូវផលវិបាក។ នៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិនបានជួបប្រទះនូវលំហូរចេញនៃមូលធនដ៏ធំបំផុតប្រចាំត្រីមាស ដោយក្នុងនោះ អ្នកវិនិយោគបរទេសបាននាំគ្នាលក់ភាគហ៊ុន និងមូលបត្របំណុលរបស់ពួកគេដែលមាននៅក្នុងប្រទេសចិន។

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) បាននិយាយថា «បញ្ហានេះបានកើតឡើងមួយផ្នែកដោយសារតែការទាក់ទាញនៃការកើនឡើងនៃប្រាក់ដុល្លារ ដោយសារភាពខុសគ្នានៃអត្រាការប្រាក់»។

វិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩ បូករួមនឹងហានិភ័យនៃការវិនិយោគនៅក្នុងប្រទេសដែលមានទំនាក់ទំនងមិនល្អជាមួយលោកខាងលិចបានជំរុញឱ្យមានលំហូរនៃមូលធនចេញពីប្រទេសចិន។

លំហូរចេញពីទីផ្សារកំពុងរីកចម្រើនផ្សេងទៀតមិនសូវមានសន្ទុះខ្លាំងក្លាទេ ក៏ប៉ុន្តែធនាគារកណ្តាលអាមេរិកទើបតែបានចាប់ផ្តើមដំណើរការរឹតបន្តឹងរបស់ខ្លួនប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ការហូរចេញកាន់តែច្រើននៃមូលធនពីទីផ្សារដែលកំពុងរីកចម្រើននៅទូទាំងតំបន់អាស៊ី និងនៅក្រៅតំបន់អាចនឹងកើតមាននៅថ្ងៃខាងមុខ ជាពិសេសនៅពេលដែលធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់។

បាតុភូតនេះមិនបានកើតមានតែនៅក្នុងទីផ្សារកំពុងរីកចម្រើនប៉ុណ្ណោះទេ។ ប្រាក់ Yen បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារ ដោយសារមូលនិធិសោធននិវត្តន៍របស់ជប៉ុន, ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនផ្សេងៗទៀតបានផ្លាស់ប្តូរទ្រព្យសម្បត្តិជាប្រាក់ Yen ទៅជារូបិយបណ្ណអាមេរិកជំនួសវិញ។

រូបិយបណ្ណរបស់ប្រទេសចិនក៏បានធ្លាក់ចុះផងដែរបើធៀបនឹងប្រាក់ដុល្លារ។ ដូច្នេះ «តើនៅពេលណាដែលព្រឹត្តិការណ៍ទាំងនេះនឹងបង្កឱ្យមានសង្គ្រាមរូបិយបណ្ណដ៏ខ្លាំងក្លាដែលអាចមានជាប់ពាក់ព័ន្ធនឹងប្រាក់ Yen និងប្រាក់ Yuan?»

ទីក្រុងវ៉ាស៊ីនតោនបានបន្តរក្សាភាព ស្ងប់ស្ងាត់ខុសធម្មតា បន្ទាប់ពីបានរងនូវការ ចោទប្រកាន់អំពីការក្លែងបន្លំរូបិយបណ្ណ។

រដ្ឋបាល Biden និងប្រធានធនាគារកណ្តាល លោក Jerome Powell បានផ្តោតការយកចិត្តទុកដាក់លើការរក្សាប្រាក់ដុល្លារឱ្យនៅរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា ហើយភាពទន់ខ្សោយនៃប្រាក់ Yen និងប្រាក់ Yuan នឹងជួយកាត់បន្ថយតម្លៃការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកដែលគិតជាប្រាក់ដុល្លារ។

ប៉ុន្តែដំណើរការនេះដែលអាចត្រូវបានគេចាត់ទុកជាប្រភេទមួយនៃការក្លែងបន្លំរូបិយបណ្ណ អាចនឹងនៅតែបន្តអនុវត្តបាន ប្រសិនបើវាមិនបង្កឱ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តាប្រទេសអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត ដែលផ្តោតលើការនាំចេញ និងដែលមានបំណងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានបង្ហាញអំពីការផ្លាស់ប្តូរទិសដៅដែលអាចកើតមាននៅក្នុងគោលនយោបាយរូបិយបណ្ណ ដោយក្នុងនោះលោកស្រីបានលើកឡើងថា «សហរដ្ឋអាមេរិកអាចនឹងពិចារណាកាត់បន្ថយពន្ធមួយចំនួនដែលបានដាក់លើប្រទេសចិននៅក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្ម»។ វិធានការនេះអាចនឹងនាំមកនូវប្រសិទ្ធភាពដូចគ្នានឹងការទម្លាក់តម្លៃប្រាក់ Yuan។

អ្នកវិភាគជប៉ុនជើងចាស់ លោក Jesper Koll បានកត់សម្គាល់ថា «ប្រទេសចិនអាច នឹងរិះគន់អំពីភាពទន់ខ្សោយហួសហេតុ នៃប្រាក់ Yen ដូចអ្វីដែលបានកើតឡើង នៅក្នុងឆ្នាំ ១៩៩៨ នៅពេលដែលប្រាក់ Yen បានធ្លាក់ចុះដល់ ១៣០-១៤០ ក្នុងមួយដុល្លារ»។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកមិនចង់បង្កឱ្យមានសង្រ្គាមរូបិយបណ្ណជាមួយជប៉ុនទេ ពីព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក។

ទោះជាយ៉ាងណាក៏ដោយ គេគួរជៀសវាងការប្រើប្រាស់រូបិយបណ្ណជាឧបករណ៍នៃការធ្វើពាណិជ្ជកម្ម និងជាគោលនយោបាយយុទ្ធសាស្រ្ត ដូចដែលសហរដ្ឋអាមេរិកបានធ្វើ ដោយសារតែតួនាទីដ៏សំខាន់របស់ប្រាក់ដុល្លារ ពីព្រោះ «ឧបាយកលបែបនេះ» អាចនាំមកនូវផលវិបាកដោយអចេតនា។

ទណ្ឌកម្មហិរញ្ញវត្ថុ ដែលបានដាក់ប្រឆាំងនឹងរុស្ស៊ី ដោយសហរដ្ឋអាមេរិកនិងបណ្តាសម្ព័ន្ធមិត្ត បន្ទាប់ពីកើតមានការលុកលុយនៅអ៊ុយក្រែន ត្រូវបានធ្វើឡើងក្នុងគោលបំណងទម្លាក់តម្លៃប្រាក់ Rouble។ ក៏ប៉ុន្តែ វាបែរជាបានធ្វើឱ្យតម្លៃ Rouble កើនឡើងទៅវិញ បន្ទាប់ពីរុស្ស៊ីបានតម្រូវឱ្យមានការទូទាត់ជាប្រាក់ Rouble សម្រាប់ការនាំចេញថាមពលរបស់ខ្លួន។

លោក Hung Tran ដែលមកពីក្រុមប្រឹក្សា «Atlantic Council» បាននិយាយថា «ដូច្នេះ អាមេរិកអាចនឹងត្រូវគិតគូរឱ្យបានហ្មត់ចត់អំពីការប្រើប្រាស់ទណ្ឌកម្មបែបនេះប្រឆាំងនឹងប្រទេសចិន ក្នុងករណីកើតមានការផ្ទុះព្រឹត្តិការណ៍តានតឹងណាមួយនៅតៃវ៉ាន់។ ប្រទេសចិនមានឱកាសច្រើនក្នុងការសងសឹកវិញ ហើយការខាតបង់នឹងមានលក្ខណៈធ្ងន់ធ្ងរសម្រាប់ភាគីទាំងសងខាង»។

ដោយសារតែផលប៉ះពាល់មានលក្ខណៈជាសកល គោលនយោបាយរូបិយវត្ថុនិងរូបិយបណ្ណ ចាំបាច់ត្រូវតែអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍ពិភពលោក ហើយរឿងនេះនឹងមិនអាចកើតឡើងបានទេ ប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើងនៅពីក្រោយទ្វារបិទជិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន៕