ផលប៉ះពាល់ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន នឹងមានសភាពធ្ងន់ធ្ងរបំផុត
នៅពេលដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ខែទី២ ភាពមិនច្បាស់លាស់នៃសង្រ្គាមកំពុងចាប់ផ្តើមរលាយបាត់បន្តិចម្តងៗ ហើយផលលំបាកមួយចំនួនបាននិងកំពុងលេចចេញជារូបរាង ដោយក្នុងនោះផលលំបាកមួយចំនួន គឺជាការគំរាមកំហែងចំពោះភាពរស់រានរបស់ពិភពលោកនៅពេលអនាគត។
វាបានបង្ហាញកាន់តែច្បាស់ថា «សង្រ្គាមនេះត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកនឹងទទួលបានផលប្រយោជន៍ ប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយ»។
គ្មានសមាជិកណាម្នាក់នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន បាននិយាយអំពីការបញ្ចប់សង្រ្គាមនោះទេ ដោយក្នុងនោះគឺមា តែការបន្តផ្តល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែនដើម្បីបន្តការប្រយុទ្ធ បូករួមនឹងការបន្តដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
លោក បៃឌិន បានប្រកាសថា «ការបង្កើនទណ្ឌកម្មលើរុស្ស៊ីត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កផលប៉ះពាល់ដល់ប្រទេសនេះ រហូតដល់ប្រជាជនរុស្ស៊ី ងើបឡើងបះបោរដើម្បីផ្តួលរំលំប្រធានាធិបតី ពូទីន ចេញពីអំណាច»។ ដូចដែលពិភពលោកបានរៀនសូត្រពីបទពិសោធន៍មុនៗ នៃបណ្តាប្រទេសដែលបានប្រឈមមុខនឹងកំហឹងដ៏ខ្លាំងក្លារបស់អាមេរិក ដូចជាប្រទេសគុយបា, អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ការដាក់ទណ្ឌកម្មគឺជា ឧបករណ៍ធ្វើទារុណកម្មដោយផ្ទាល់ និងដោយមិនរើសមុខ។
ឥស្សរជននៃប្រទេសដែលរងទណ្ឌកម្មអាចនឹងទទួលរងនូវផលប៉ះពាល់ខ្លះ ក៏ប៉ុន្តែជនស៊ីវិលស្លូតត្រង់ ជាពិសេសស្ត្រី និងកុមារនឹងក្លាយជាជនរងគ្រោះខ្លាំងបំផុតពីការដាក់ទណ្ឌកម្ម។ ជាជាងការជំរុញឱ្យប្រជាជនងើបឡើងប្រឆាំងនឹងមេដឹកនាំរបស់ពួកគេ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មអាចនឹងជំរុញឱ្យប្រជាជនគាំទ្រមេដឹកនាំរបស់ពួកគេកាន់តែខ្លាំង និងកាន់តែមានការខឹងសម្បារចំពោះអ្នកដាក់ ទណ្ឌកម្ម។
យូរៗទៅជនរងគ្រោះនឹងរៀនរស់នៅជាមួយអ្វីដែលពួកគេមាន ហើយនឹងមានភាពរឹងប៉ឹងជាងមុនក្នុងការក្រោកឈរប្រឆាំងនឹងការគំរាម កំហែងពីខាងក្រៅ។
ម្យ៉ាងវិញទៀត ដើម្បីឱ្យទណ្ឌកម្មអាចក្លាយជាអាវុធដ៏ខ្លាំងក្លា វាទាមទារឱ្យមានការគាំទ្រជាសកលពីសហគមន៍អន្តរជាតិទាំងមូល។ ហេតុដូច្នេះហើយទើបបានជារដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលទាំងបណ្តាប្រទេសជាមិត្ត និងសត្រូវឱ្យចូលរួមនៅក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ប៉ុន្តែ ការឆ្លើយតបបានក្លាយជារឿងដ៏គួរឱ្យខកចិត្តបំផុតសម្រាប់សហរដ្ឋអាមេរិក។ ប្រទេសប្រេស៊ីល, ឥណ្ឌា និង អាហ្រ្វិកខាងត្បូង បានបោះឆ្នោតគាំទ្ររុស្ស៊ី ហើយប្រទេសម៉ិកស៊ិកក៏បានបដិសេធមិនបានចូលរួមផងដែរនៅក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងថា «សមាជិកនៃអង្គការសហប្រជាជាតិចំនួន ១៤០ នៅមិនទាន់បានចុះហត្ថលេខាព្រមព្រៀងនៅឡើយទេ ដែលនេះមានន័យថា ជាងពាក់កណ្តាលនៃប្រជាជនពិភពលោក មិនបានចូលរួមនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីទេ»។
ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃស្រូវសាលី, ផលិតផលកសិកម្ម និងជីកសិកម្មផ្សេងៗទៀត បូករួមទាំងប្រេង និងឧស្ម័នធម្មជាតិ។ ការហាមឃាត់រុស្ស៊ីពីការចូលរួមនៅក្នុងទីផ្សារពិភពលោកនឹងនាំមកនូវកង្វះខាតនៅក្នុងការផ្គត់ផ្គង់ ក៏ដូចជាបញ្ហាអតិផរណា។
លោក បៃឌិន បានរំពឹងថា «សាធារណជនអាមេរិកនឹងមានឆន្ទៈក្នុងការទទួលរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោក» ហើយលោកក៏រំពឹងដែរថា «ប្រជាជនអឺរ៉ុបនឹងបន្តចូលរួមនៅក្នុងរឿងនេះ» បើទោះបីជាតម្លៃនៃការរស់នៅរបស់ពួកគេនឹងត្រូវកើនឡើងដល់កម្រិតកំពូលក៏ដោយ។
៤០% នៃឧស្ម័នធម្មជាតិ បូករួមនឹង ២៧% នៃប្រេងរបស់សហភាពអឺរ៉ុបបានពឹងផ្អែកលើការនាំចូលពីប្រទេសរុស្ស៊ី ហើយរុស្ស៊ីក៏ជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់របស់អាល្លឺម៉ង់ផងដែរ។ មនុស្សមួយចំនួនបានលើកឡើងនូវសំណួរថា «តើសហភាពអឺរ៉ុបអាចនៅបន្តដើរតាមគោលនយោបាយការ បរទេសឯកតោភាគីរបស់អាមេរិកបានដល់ពេលណា?»
ការកើនឡើងនៃអតិផរណានឹងនាំមកនូវភាពចលាចលនៅក្នុងប្រទេស ហើយអាចឈានទៅបង្កការប្រេះឆារនៅក្នុងសម្ព័ន្ធភាពអឺរ៉ុប។ តំបន់អឺរ៉ុបដែលកាន់តែទន់ខ្សោយ និងដែលមិនចុះសម្រុងជាមួយរុស្ស៊ីនឹងរងនូវផលប៉ះពាល់ ហើយការលុបបំបាត់សហភាពអឺរ៉ុបចេញពីបញ្ជីគូប្រជែងអាចជាផែនការមួយរបស់អាមេរិកក្នុងការដណ្តើមការគ្រប់គ្រងពិភពលោកត្រឡប់មកវិញ។
លោក បៃឌិន បានបង្កកទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី ហើយបន្ទាប់មកលោកបានសម្រេចដាក់សម្ពាធលើលោក ពូទីន ដោយបានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិឯកជនដែលមានដូចជាទូកកំសាន្ត (Yatch) តម្លៃ ១០០ លានដុល្លារអាមេរិកពីសេដ្ឋីរុស្ស៊ី និងការដករុស្ស៊ីចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ «SWIFT» ដែលមានន័យស្មើនឹងការដករុស្ស៊ីចេញពីការធ្វើពាណិជ្ជកម្មអន្តរជាតិ។
បន្ទាប់ពីការប្រកាសរបស់លោក បៃឌិន តម្លៃនៃប្រាក់រូប បានរងនូវការធ្លាក់ចុះ ហើយសហរដ្ឋអាមេរិកនិងបណ្តាសម្ព័ន្ធមិត្តបានសម្តែងនូវការរីករាយជាខ្លាំង។ បន្ទាប់មកលោក ពូទីន បានប្រកាសថា «លោកនឹងទទួលយកការទូទាត់តែជាប្រាក់ រូប ប៉ុណ្ណោះសម្រាប់ការលក់ឧស្ម័នធម្មជាតិ និងប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសដែលមិនមែនជាមិត្ត»។ បន្ទាប់មកទៀត លោក ពូទីន បានលើកឡើងថា «លោកយល់ព្រមទទួលយកការទូទាត់ជាមាស ដោយគិតក្នុងអត្រា ១ ក្រាមមាស ស្មើនឹង ៥០០០ រូប»។
តាមរយៈការភ្ជាប់រូបិយបណ្ណរុស្ស៊ីទៅនឹងទ្រព្យសកម្ ពិភពលោកបានប្រឈមមុខនឹងជម្រើសដ៏លំបាក ហើយនៅទីបំផុតទំនុកចិត្តលើប្រាក់ រូប ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ដោយក្នុងនោះ អត្រាប្តូរប្រាក់ រូប ធៀបនឹងប្រាក់ដុល្លារអាមេរិកបានវិលត្រឡប់ទៅជិតដល់កម្រិតដូចនៅមុនពេលកើតមានសង្រ្គាម។
សកម្មភាពជាឯកតោភាគី និងតាមអំពើចិត្តរបស់រដ្ឋបាល បៃឌិន បាននិងកំពុងបង្កើនការសង្ស័យលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះប្រទេសឥណ្ឌាគឺជាឧទាហរណ៍ដ៏ល្អមួយ។ បើទោះបីជាប្រទេសជប៉ុន (ដែលជាកូនអុករបស់អាមេរិក) បានផ្តល់ជូននូវការវិនិយោគដែលមានតម្លៃ ៤៣ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំក៏ដោយ ក៏វានៅតែមិនអាចទាក់ទាញលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ឱ្យចូលរួមក្នុងការដាក់ទណ្ឌកម្មបានទេ។ ផ្ទុយទៅវិញ លោក ម៉ូឌី បាននិងកំពុងចរចាកិច្ចព្រមព្រៀងស្តីពីការដោះដូរប្រាក់ រូពីរបស់ឥណ្ឌា និងប្រាក់ រូប ដើម្បីបញ្ជាទិញប្រេងពីរុស្ស៊ី។
នៅមុនពេលកើតមានសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបានចុះកិច្ចព្រមព្រៀងមួយស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងដល់ប្រទេសចិនដោយគិតតាមអត្រាប្រាក់យ័ន។ ប្រទេសអារ៉ាប៊ីសាអូឌីតក៏បានព្រមព្រៀងលក់ប្រេងទៅឱ្យប្រទេសចិន ដោយនឹងធ្វើការទូទាត់ជាប្រាក់យ័នជំនួសឱ្យប្រាក់ដុល្លារផងដែរ។
ការដាក់ទណ្ឌកម្មរបស់លោក បៃឌិន លើប្រទេសរុស្ស៊ី បាននាំមកនូវមេរៀនមួយយ៉ាងច្បាស់លាស់ថា «ទុនបម្រុងបរទេសនឹងមិនមានសុវត្ថិភាពនោះទេ ប្រសិនបើត្រូវបានដាក់នៅក្នុងធនាគារ ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ហើយវាអាចនឹងត្រូវប្រឈមមុខនឹងការរឹបអូសតាមតែអំពើចិត្តរបស់រដ្ឋាភិបាលទាំងនោះ»។
សាធារណជនអាមេរិកប្រហែលជានៅមិនទាន់បានដឹងនៅឡើយទេថា «ផលប៉ះពាល់មួយនៃសង្គ្រាមនេះ គឺការបាត់បង់ទំនុកចិត្តជាសកលលើប្រាក់ដុល្លារអាមេរិក ដែលជារូបិយបណ្ណមួយ ដែលមិនត្រូវបានភ្ជាប់ទៅនឹងមាស ឬអចលនទ្រព្យណាមួយ ហើយវាក៏នឹងបង្កផលប៉ះពាល់ផងដែរដល់ជំនឿចិត្តដែលថា សហរដ្ឋអាមេរិកនៅតែជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់ការរក្សាទុកលុយ»។
ប្រសិនបើសហរដ្ឋអាមេរិកលែងត្រូវបានគេចាត់ទុកជាកន្លែងដ៏មានសុវត្ថិភាពសម្រាប់ការរក្សាទុកទុនបម្រុងបរទេសរបស់ប្រទេសមួយ ឬសម្រាប់ការរក្សាទ្រព្យសម្បត្តិឯកជនរបស់សេដ្ឋីណាមួយនោះ ប្រាក់ដុល្លារនឹងរងនូវការធ្លាក់ចុះតម្លៃដែលជាហេតុអាចឈានទៅ ដល់ការដួលរលំសេដ្ឋកិច្ចរបស់អាមេរិក ហើយភាពល្ងង់ខ្លៅរបស់លោក បៃឌិន នឹងត្រូវរងនូវការស្តីបន្ទោសដោយផ្ទាល់។
ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅលោកខាងលិចបានផ្តោតតែទៅលើការលុកលុយដ៏ឃោរឃៅរបស់លោក ពូទីន ចូលទៅក្នុងអ៊ុយក្រែន ឯកសារមួយចំនួនបានលើកឡើងអំពីការឈ្លានពានមួយជំហានម្តងៗរបស់សហរដ្ឋអាមេរិក និងអង្គការ NATO ដែលជាហេតុញុះញង់រុស្ស៊ីឱ្យឈានទៅបង្កសង្រ្គាម។
សង្គ្រាមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីធ្លាក់ចុះខ្សោយជាងសហរដ្ឋអាមេរិក។
នៅពេលដែល Blinken ស្នើសុំឱ្យចិនចូលរួមនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី មនុស្សមួយចំនួនបានសម្តែងនូវការភ្ញាក់ផ្អើល។ ប្រទេសចិនមិនល្ងង់ពេកទេ ដោយពួកគេបានដឹងថា «បន្ទាប់ពីការដួលរលំនៃប្រទេសរុស្ស៊ី ប្រទេសចិននឹងក្លាយជាប្រទេសបន្ទាប់»។
ផ្ទុយពីគោលនយោបាយការបរទេសរបស់លោក បៃឌិន ប្រធានាធិបតីចិន ស៊ី ជីនពីង បានទាក់ទងលោក ពូទីន នៅមួយថ្ងៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីស្នើឱ្យមានការចរចាជាមួយអ៊ុយក្រែន ដោយសន្តិវិធី។
ខុសប្លែកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការ NATO ប្រទេសចិនបានធ្វើការស្ងាត់ៗជាមួយប្រទេសបារាំង និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការចរចាដែលនឹងធានានូវការនាំមកនូវសន្តិភាព។ កិច្ចប្រជុំថ្មីៗបំផុត ដែលបានធ្វើឡើងនៅទីក្រុង Istanbul គឺជាកិច្ចប្រជុំលើកទី៤ នៅក្នុងដំណើរការកិច្ចពិភាក្សាស្តីអំពីបទឈប់បាញ់។
ក្នុងនាមជាម្ចាស់ផ្ទះ លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិងកំពុងតាមដាន និងរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចចរចា។ បើទោះបីជាមានការចោទប្រកាន់អំពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអំពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅនៅក្នុងសង្គ្រាមក៏ដោយ ក៏លោក ពូទីន តែងតែមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់លើអាយុជីវិតរបស់ជនស៊ីវិល។
អ្នកវិភាគរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអាមេរិក (CIA) បាននិយាយថា «ខ្ញុំបានដឹងអំពីព័ត៌មាន ដែលបានបន្តលើកឡើងដដែលៗថា លោក ពូទីន កំពុងផ្តោតគោលដៅលើជនស៊ីវិល។ ក៏ប៉ុន្តែវានៅមិនមានភស្តុតាងដើម្បីបញ្ជាក់នោះទេ។ ជាក់ស្តែង រុស្សីអាចសម្លាប់ជនស៊ីវិលជាច្រើនពាន់នាក់ទៀត ប្រសិនបើរុស្ស៊ីពិតជាចង់មែន»។
ប៉ុន្តែ លោក Blinken បានបន្តចោទប្រកាន់លោក ពូទីន ពីបទបង្កឧក្រិដ្ឋកម្មសង្គ្រាម។ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានចោទប្រកាន់លោក ពូទីន ពីការទម្លាក់គ្រាប់បែក, ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើពិធីអាពាហ៍ពិពាហ៍ ឬការធ្វើទារុណកម្មលើអ្នកទោសសង្គ្រាមដោយប្រើវិធីសាស្ត្រ ស្រោចទឹកពីលើ (Waterboarding) នោះទេ។ ទាំងអស់នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលអាមេរិកគួរតែប្រឈមមុខនឹងការចោទប្រកាន់។
សូចនាករមួយទៀតដែលបង្ហាញថា «លោក ពូទីន ពិតជាមានបំណងងាកមករកការចរចានៅអ៊ុយក្រែន» គឺរបាយការណ៍មួយដែលបានបង្ហាញថា «យោធារុស្ស៊ីបានយល់ព្រមដោះលែងអភិបាលក្រុង Slavutych ជាថ្នូរនឹងការដកហូតអាវុធចេញពីទីក្រុង និងការដកទាហានរុស្ស៊ីចេញ»។ សកម្មភាពទាំងនេះបានបញ្ជាក់អំពីការមិនមានចេតនាចង់កាន់កាប់រយៈពេលវែង។
ប្រភពពីប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា «នៅមុនពេលផ្ទុះអរិភាព ប្រទេសរុស្ស៊ីបានដាក់ពង្រាងសេចក្តីស្នើមួយសម្រាប់ការបង្កើតសន្ធិសញ្ញាសន្តិសុខ ទៅវិញទៅមកថ្មីរវាងរុស្ស៊ី និងអង្គការ NATO ដោយក្នុងនោះ មាន ៩ មាត្រាដែលត្រូវធ្វើការចរចា»។ ប៉ុន្តែរដ្ឋបាលរបស់លោក បៃឌិន បានច្រានចោលសំណើទាំងអស់របស់រុស្ស៊ី។
ដោយមើលឃើញពីអាកប្បកិរិយារបស់រដ្ឋបាល បៃឌិន ក្នុងការចង់បន្តជម្លោះឱ្យបានយូរតាមតែអាចធ្វើទៅបាន វាគឺជារឿងសមហេតុផលក្នុងការប៉ាន់ស្មានថា «ខណៈដែលភាគីទាំងពីរកំពុងងាកទៅរកវិធីសាស្ត្រដោះស្រាយបញ្ហាដោយសន្តិវិធី តើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អាចប្រឈមមុខនឹងការធ្វើឃាតដោយក្រុមណាហ្ស៊ីនៅខាងក្នុង ឬដោយអ្នកលបបាញ់របស់ CIA ដែរឬទេ»។
ដើម្បីបង្ហាញថា «រុស្ស៊ីមិនមែនជាខ្លាកំសាក» រុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ដែលមានឈ្មោះថា «Kinzhal» ពីសមុទ្រខ្មៅ ឆ្លងកាត់ប្រទេសអ៊ុយក្រែន និងបានផ្ទុះនៅក្នុងឃ្លាំងអាវុធក្រោមដី និងឃ្លាំងរំសេវនៅក្នុងតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសអ៊ុយក្រែន។ ហេតុផលមួយដែលនាំឱ្យមានការបាញ់កាំជ្រួចមីស៊ីលនេះគឺ ដោយសាររុស្ស៊ីចង់ប្រាប់មន្ទីរបញ្ចកោណថា «ខ្លួនបានមើលស្រាលសមត្ថភាពរបស់រុស្ស៊ីខ្លាំងណាស់»។
លោក Putinបានព្រមានសហរដ្ឋអាមេរិកម្តងហើយម្តងទៀតថា «រុស្ស៊ីនឹងមិនត្រូវបានរុញឱ្យទាល់ច្រកនោះទេ ហើយរុស្ស៊ីនឹងចាប់ផ្តើមការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនៅក្នុងករណីចាំបាច់»។
ជាក់ស្តែង រដ្ឋបាលរបស់លោក បៃឌិន មិនចង់ចុះចាញ់នោះទេ ហើយក៏មិនចង់រងនូវការបាក់មុខនោះដែរ។ ដូច្នេះ សហរដ្ឋអាមេរិកអាចនឹងត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចជាមួយរុស្ស៊ី បើទោះបីជាត្រូវប្រឈមមុខនឹងហានិភ័យនៃការសម្លាប់រង្គាលដោយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោកក៏ដោយ។
«ប្រសិនបើអាមេរិកមិនអាចទទួលបានជោគជ័យលើរុស្ស៊ីទេ តើលោក បៃឌិន នឹងចាត់វិធានការបែបណាខ្លះជាមួយប្រទេសចិន?»
ទី (១) ៖ សហរដ្ឋអាមេរិកអាចបន្តដាក់សម្ពាធលើចិន ដោយការគំរាមកំហែងដាក់ទណ្ឌកម្ម ក៏ប៉ុន្តែប្រសិនបើទណ្ឌកម្មមិនអាចបង្ខំរុស្ស៊ីឱ្យធ្វើតាមការចង់បានរបស់អាមេរិកទេ ចិនក៏អាចនឹងមិនខ្វល់នឹងការគំរាមកំហែងនេះដែរ។
បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ប្រទេសចិនបានមើលឃើញភាពរង្គោះរង្គើនៃប្រាក់ដុល្លារ ហើយចិនក៏បានចាប់ផ្តើមចុះកិច្ចព្រមព្រៀងផ្តោះប្តូររូបិយបណ្ណជាមួយបណ្តាប្រទេសដទៃទៀត។ កិច្ចព្រមព្រៀងបែបនេះអនុញ្ញាតឱ្យដៃគូពាណិជ្ជកម្ម ២ អាចបង់ប្រាក់ឱ្យគ្នាទៅវិញទៅមកជារូបិយបណ្ណរបស់ពួកគេ ហើយមិនចាំបាច់ទូទាត់ជាប្រាក់ដុល្លារអាមេរិក។ សរុបមក ប្រទេសចំនួន ៤០ មានកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេសចិន។
ចាប់តាំងពីប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេស្ទើរតែជាមួយគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក មនុស្សកាន់តែច្រើនអាចនឹងមិនសូវចាប់អារម្មណ៍ក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការលើការធ្វើជំនួញជាមួយប្រទេសចិនឡើយ។
ប៉ុន្តែ រដ្ឋបាល បៃឌិន បានព្យាយាមដាក់ទណ្ឌកម្មលើប្រទេសចិន តាមរយៈការហាមឃាត់ការនាំចូលកប្បាសពីតំបន់ ស៊ីនជាំង។ ជាការឆ្លើយតប ប្រទេសចិនបានកំណត់ថា «គ្រប់ម៉ាស់ (Face Mask) ទាំងអស់ដែលផលិតសម្រាប់ការនាំចេញត្រូវតែធ្វើពីកប្បាសដែលនាំមកពីតំបន់នេះ»។
បន្ទាប់មកលោក បៃឌិន ក៏បានហាមឃាត់ការនាំចូលរាល់គ្រប់ផលិតផលដែលផលិតនៅក្នុងតំបន់ ស៊ីនជាំង នេះផងដែរ។ ជាការឆ្លើយតប ប្រទេសចិនបានបង្រួបបង្រួមក្រុមហ៊ុនរុករករ៉ែកម្រទាំងអស់របស់ខ្លួនឱ្យទៅជាក្រុមហ៊ុនដែលស្ថិតក្រោមការកាន់កាប់តែមួយ និងបានចុះបញ្ជីក្រុមហ៊ុននោះនៅតំបន់ ស៊ីនជាំង។
សហរដ្ឋអាមេរិកប្រហែលជាគ្មានបញ្ហាប្រឈមនោះទេ ជាមួយនឹងការមិននាំចូលម៉ាស់ពីប្រទេសចិន ក៏ប៉ុន្តែវាគឺជាបញ្ហាប្រឈមដ៏ពិតប្រាកដមួយសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើគ្មានលោហៈ និងសារធាតុរ៉ែកម្រ។
ទី (២) ៖ កម្រិតជំនាញរបស់ក្រុមអ្នកការទូតរបស់លោក បៃឌិន គឺមិនអាចប្រៀបនឹងប្រទេសចិនបានទេ។ នៅពេលដែលលោក Blinken និងក្រុមការងារបានធ្វើ ការអំពាវនាវរបស់ពួកគេគឺនៅដដែល ដែលនោះគឺ «ធ្វើតាមការដឹកនាំរបស់យើង បើមិនដូច្នេះទេ យើងនឹងដាក់ទណ្ឌកម្មអ្នក ក្នុងកម្រិតដែលអ្នកមិននឹកស្មានដល់»។ សាររបស់ពួកគេមិនមានការផ្តល់ជូននូវការលើកទឹកចិត្តណាមួយឡើយ ហើយវាបានបង្ហាញឱ្យឃើញតែពីភាពក្រអឺតក្រទមរបស់ពួកគេប៉ុណ្ណោះ។
អ្នកការទូតចិនមិនបានធ្វើការគំរាមកំហែងផ្នែកយោធា ឬគំរាមកំហែងដាក់ទណ្ឌកម្មអ្វីឡើយ។ ពួកគេផ្តល់កិច្ចសហការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ហើយទំនាក់ទំនងថ្មីៗរវាងចិននិងឥណ្ឌា ក៏បាននិងកំពុងកើតមានផងដែរ។ នៅមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចក្រភពអង់គ្លេស ក្រោមការដឹកនាំដោយប្រធានសភា លោក Lindsay Hoyle ទៅកាន់ប្រទេសឥណ្ឌា មន្ត្រីការបរទេសចិន លោក Wang Yi ក៏បានអញ្ជើញមកផងដែរ។
គណៈប្រតិភូចក្រភពអង់គ្លេសមានបំណងចង់ប្រៀនប្រដៅអតីតអាណានិគមរបស់ពួកគេអំពីតម្រូវការក្នុងការចូលរួមនៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក៏ប៉ុន្តែចុងក្រោយ រដ្ឋាភិបាលឥណ្ឌាបានសម្រេចលុបចោលដំណើរទស្សនកិច្ចរបស់ចក្រភពអង់គ្លេសភ្លាមៗ ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Wang ជំនួសវិញ។
លោក Wang បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីបង្ហាញថា «ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ អាចត្រូវបានដោះស្រាយដោយសន្តិវិធី ហើយការរួបរួមគ្នាដើម្បីក្រោកឈរឡើងប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក/ចក្រភពអង់គ្លេស/អង្គការ NATO គឺមានសារៈសំខាន់ណាស់»។
ប្រទេសឥណ្ឌា ដែលបានរងនូវការប្រមាថដ៏ក្រអឺតក្រទមរបស់មន្ទីរបញ្ចកោណ បានទទួលស្តាប់ចិន យ៉ាងយកចិត្តទុកដាក់។ ទាំងរុស្ស៊ីនិងឥណ្ឌា បានព្យាយាមធ្វើសមាហរណកម្មជាមួយលោកខាងលិច ក៏ប៉ុន្តែបានបរាជ័យ។ ឥឡូវនេះ វាដល់ពេលដែលពួកគេត្រូវងាកទៅកាន់ទិសខាងកើត ដើម្បីចូលរួមជាមួយតំបន់អាស៊ីបូព៌ា និងអាស៊ីកណ្តាលហើយ។
«ប្រសិនបើការគំរាមដាក់ទណ្ឌកម្មលើចិនមិនទទួលបានជោគជ័យ តើរដ្ឋបាល បៃឌិន អាចជំនួសអ៊ុយក្រែនជាមួយនឹងតៃវ៉ាន់ តាមរយៈការរុញច្រានចិនឱ្យឈានទៅបង្កសង្រ្គាមដើម្បីដណ្តើមយកកោះនេះដែរឬទេ?» មនុស្សជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា «ការជំរុញឱ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែនគឺជាការហាត់សម សម្រាប់ការធ្វើដូចគ្នាជាមួយចិន ដែលនោះគឺការជំរុញឱ្យចិនឈ្លានពានតៃវ៉ាន់»។
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo និងអ្នកផ្សេងទៀតបានលើកឡើងថា «មធ្យោបាយក្នុងការបង្កជម្លោះជាមួយប្រទេសចិនគឺការប្រកាសទទួលស្គាល់តៃវ៉ាន់ជាប្រទេសឯករាជ្យ និងអធិបតេយ្យ»។ ការប្រកាសបែបនេះនឹងដើរផ្ទុយពី «គោលការណ៍ចិនតែមួយ» (One-China Principle) ដែលថា «តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន» ហើយវាក៏នឹងបំពានលើអធិបតេយ្យភាព, ច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិរបស់ចិនផងដែរ។
សហរដ្ឋអាមេរិកមិនដែលខ្វល់អំពីការជាន់ឈ្លីលើសណ្តាប់ធ្នាប់អន្តរជាតិទេ ហើយសណ្តាប់ធ្នាប់តែមួយគត់ដែលអាមេរិកគោរព គឺច្បាប់ដែលអាមេរិកជាអ្នកកំណត់។ ការគាំទ្រដោយបើកចំហចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ នឹងបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែដើម្បីធ្វើឱ្យជម្លោះផ្ទុះឡើង សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ចុះបញ្ចូលទីក្រុងតៃប៉ិឱ្យចាប់ផ្តើមសកម្មភាពអរិភាពផ្នែកយោធា។
យោងតាមការស្ទង់មតិដែលបានធ្វើឡើងនៅតៃវ៉ាន់នៅពេលថ្មីៗនេះ បន្ទាប់ពីបានឃើញអំពីរបៀបដែលសហរដ្ឋអាមេរិកបង្កការញុះញង់ឱ្យរុស្ស៊ីឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយបន្ទាប់មកអាមេរិកបានឈរឱបដៃមើលសង្រ្គាមនៅម្ខាង «ប្រជាជនតៃវ៉ាន់ត្រឹមតែ ១/៣ ប៉ុណ្ណោះ ដែលមានទំនុកចិត្តថា ពួកគេនឹងទទួលបានការគាំទ្រផ្នែកយោធា ដោយផ្ទាល់ពីសហរដ្ឋអាមេរិក ប្រសិនបើចិនបើកការលុកលុយ»។
មនុស្សម្នាក់ក្នុងចំណោម ៦នាក់ បានលើកឡើងនូវការភ័យខ្លាចថា «តៃវ៉ាន់អាចនឹងត្រូវទុកឱ្យនៅប្រយុទ្ធតែម្នាក់ឯងជាមួយចិន»។ ចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជិតពាក់កណ្តាល បើប្រៀបធៀបនឹងការស្ទង់មតិដែលបានធ្វើឡើងកាលពី ៦ ខែមុន។ ប្រជាជនតៃវ៉ាន់ពិតជាមិនចង់ឃើញកោះរបស់ពួកគេក្លាយទៅជាប្រទេសអ៊ុយក្រែន មួយទៀតឡើយ។
ប្រទេសចិនបានលើកឡើងថា «ខ្លួនមានអាវុធល្បឿនលឿនជាងសំឡេង» ក៏ប៉ុន្តែចិននៅមិនទាន់បានបង្ហាញអំពីអាវុធនេះនៅឡើយទេ។ ប៉ុន្តែគេបានដឹងថា «ប្រទេសចិនកំពុងអភិវឌ្ឍការដឹកជញ្ជូននៅលើផ្លូវដែកល្បឿនលឿនដើម្បីចល័តអាវុធនុយក្លេអ៊ែររបស់ខ្លួន»។
គំនិតនៃការចល័តទីអាវុធនុយក្លេអ៊ែរនៅលើបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិនគឺដើម្បីបង្កើនលទ្ធភាពនៃការទប់ទល់នឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល និងដើម្បីរក្សាសមត្ថភាពក្នុងការវាយប្រហារបកទៅវិញ។
សាធារណជនអាមេរិក ត្រូវតែទទួលស្គាល់ថា «ផលវិបាក ទី៣ មានជាប់ពាក់ព័ន្ធនឹងឆន្ទៈរបស់មេដឹកនាំនយោបាយនៅអាមេរិកក្នុងការបង្កឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនលើប្រទេសចិន និងលើពិភពលោក»។
ដើម្បីបង្វែរអាមេរិកឱ្យត្រឡប់ទៅរកទិសដៅសន្តិភាពវិញ អ្នកបោះឆ្នោតអាមេរិកត្រូវតែប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលពិភពលោកកំពុងប្រឈមមុខ ហើយត្រូវអនុវត្តសិទ្ធិរបស់ពួកគេតាមរយៈការមិនបោះឆ្នោតឱ្យមនុស្សអាក្រក់ដែលចង់បង្កឱ្យមានសង្គ្រាម។ យើងកំពុងឈរនៅផ្លូវប្រសព្វដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយយើងសង្ឃឹមថា «ពិភពលោកនឹងមានសុវត្ថិភាពដើម្បីឈានឆ្ពោះទៅកាន់អនាគតកាន់តែភ្លឺស្វាង»៕ Asia Times