ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ចេញផ្សាយលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាមានិតចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 56
ក្រសួងការបរទេស ចេញផ្សាយលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាមានិតចិន ក្រសួងការបរទេស ចេញផ្សាយលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែឧសភា – ១ខែមិថុនា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងការបរទេសកម្ពុជា៖

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ៣០ ខែឧសភា-០១ ខែមិថុនា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ កម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ ដោយឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីបានចូលជួបសម្តែងការគួរសម ជាមួយលោកនាយករដ្ឋមន្រ្តី លី ខឺឈាង និងជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

លោកនាយករដ្ឋមន្រ្តី លី ខឺឈាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាមានិតចិន និងបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការរឹតបន្តឹងទំនាក់ទំនងជាប្រពៃណីយូរអង្វែងរវាងកម្ពុជា និងចិនឲ្យកាន់តែមានភាពរឹងមាំ ឈរលើមូលដ្ឋាននៃការគោរពគ្នា ទៅវិញទៅមកដោយស្មើភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ លោកនាយករដ្ឋមន្រ្តី លី ខឺឈាង បានអះអាងជាថី្មថា ប្រទេសចិននឹងបន្តជួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ហើយនឹងគាំទ្រឲ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់ចិន ដល់វឌ្ឍនភាពប្រទេសកម្ពុជា លើវិស័យជាច្រើន ហើយបានអះអាងជាថ្មីអំពី ការប្តេជ្ញាចិត្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានជាអាទិ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង អាស៊ាន និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

កិច្ចពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងគ្របដណ្តប់ទៅលើ វិស័យជាច្រើន។ លោករដ្ឋមន្រ្តីការបរទេសទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនង និងទំនុកចិត្តផ្នែកនយោបាយរវាងកម្ពុជា និងចិនដែលបច្ចុប្បន្នល្អប្រសើរជាង ពេលណាៗទាំងអស់ គឺដោយសារតែមានការផ្លាស់ប្តូរទស្សនកិច្ចកំរិតខ្ពស់ជាញឹកញាប់ ដូច្នេះគួរតែបន្តរក្សាការអនុវត្តនេះ។

ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាជិតស្និទ្ធ ដើម្បីធានាការអនុវត្តឲ្យបានជោគជ័យនូវផែនការសកម្មភាពកសាងសហគមន៍ មានអនាគតរួមគ្នាកម្ពុជា-ចិន ឆ្នាំ២០១៩-២០២៣ ដែលបានចុះហត្ថលេខាកាលពីខែមេសាឆ្នាំនេះ ក្នុងគោលបំណងនាំមកនូវកិច្ចសហប្រតិបត្តិការសន្តិសុខ-នយោបាយកាន់តែស្អិតរមួត ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងជម្រុញកំណើនការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកទីប្រឹក្សារដ្ឋ វ៉ាង យី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងបានតាំងចិត្តខិតខំធ្វើឲ្យគម្រោងខែ្សក្រវ៉ាត់ និងផ្លូវនៅកម្ពុជា ក្លាយជាគំរូនៃជោគជ័យ។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះលោក វ៉ាង យី ដែលបានបញ្ជាក់ជាថ្មីថា ចិននឹងខិតខំអស់លទ្ធភាពក្នុងការលើកទឹកចិត្តក្រុមហ៊ុនចិនឲ្យមកបណ្តាក់ទុនវិនិយោគកាន់ តែច្រើនថែមទៀតនៅកម្ពុជា និងពង្រីកច្រកទីផ្សារចិនសម្រាប់ផលិតផលកម្ពុជា ហើយទន្ទឹមគ្នានេះជួយគាំទ្រដល់កំណែទំរង់ដែលកំពុងអនុវត្តនៅកម្ពុជា សំដៅធ្វើពិពិធកម្មឧស្សាហកម្ម និងលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ច។

ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រដ្ឋមន្រ្តីការបរទេសទាំងពីរបានប្តេជ្ញាចិត្តសហការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបានយល់ស្របគ្នាថា គួរគិតពិចារណាអំពីលទ្ធភាពជំរុញឲ្យមានថាមពលរួមគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ដើម្បីផលប្រយោជន៍សម្រាប់ការអភិវឌ្ឍក្នុងតំបន់។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ភាគីទាំងពីរបានអះអាងជាថ្មីអំពីការគាំទ្រការអនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងភាពចាំបាច់ត្រូវរក្សាសន្ទុះរីកចម្រើននៃកិច្ចសន្ទនាអាស៊ាន-ចិន និងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូត(COC)ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ភាគីចិន។

ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងទូលំទូលាយពីការវិវឌ្ឍនៃនិម្មាបនកម្មតំបន់ ផលប៉ះពាល់នៃសង្រ្គាម ពាណិជ្ជកម្មចិន-អាមេរិក និងការពង្រឹងកិច្ចសហប្រតិបត្តិការ ថែមទៀតនៅក្នុងវេទិកាអន្តរជាតិ ក៏ដូចជាការរួមចំណែកដល់សន្តិភាព សនិ្តសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លោក វ៉ាង យី ដែលបានផ្តល់បដិសណ្ធារកិច្ចយ៉ាងរាក់ទាក់ ក្នុងអំឡុងពេលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នាក់នៅទីក្រុងប៉េកាំង ៕

អត្ថបទទាក់ទង