ខ្មែរប៉ុស្ដិ៍ Close

គោលនយោបាយដ៏ខ្សោយរបស់លោក Biden ចំពោះតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 13
គោលនយោបាយដ៏ខ្សោយរបស់លោក Biden ចំពោះតំបន់អាស៊ីអាគ្នេយ៍ គោលនយោបាយដ៏ខ្សោយរបស់លោក Biden ចំពោះតំបន់អាស៊ីអាគ្នេយ៍

បើទោះបីជាអាស៊ីអាគ្នេយ៍គឺជាតំបន់យុទ្ធសាស្ត្រមួយ ដែលជាចំណុចកណ្តាលនៃការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងចិនក៏ដោយ ក៏គោលនយោបាយរបស់រដ្ឋបាល Biden ឆ្ពោះមកកាន់តំបន់នេះនៅឆ្នាំ ២០២១ មិនបានផ្តល់នូវលទ្ធផលដូចអ្វីដែលគ្រប់គ្នាបានរំពឹងទុកនោះទេ។ នៅក្នុងអំឡុងឆ្នាំដំបូងនៃការកាន់តំណែង ក្រុមការងាររបស់លោក Biden មិនមានយុទ្ធសាស្ត្រគ្រប់គ្រាន់សម្រាប់តំបន់នេះទេ តួយ៉ាងដូចជាកង្វះឯកអគ្គរដ្ឋទូត និងកង្វះការយកចិត្តទុកដាក់ទៅលើការពង្រឹងទំនាក់ទំនងកម្រិតខ្ពស់។

ប៉ុន្តែនៅក្នុងឆ្នាំ ២០២២ រដ្ឋបាលនេះបានបង្កើនយុទ្ធសាស្រ្តរបស់ខ្លួនចំពោះតំបន់ តាមរយៈការបង្ហាញវត្តមានដោយផ្ទាល់, ការបញ្ជាក់អំពីវិធីសាស្រ្តរបស់ខ្លួននៅក្នុងឯកសារយុទ្ធសាស្ត្រសំខាន់ៗ និងការជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើមមួយចំនួន ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងអាស៊ាន។

ប៉ុន្តែ វានៅតែមានចន្លោះប្រហោងមួយចំនួន ដោយក្នុងនោះរដ្ឋបាលនេះនៅតែមិនមានយុទ្ធសាស្ត្រសេដ្ឋកិច្ចរឹងមាំ, ការសង្កត់ធ្ងន់របស់អាមេរិកលើការទប់ស្កាត់ប្រទេសចិនបានបង្កការគំរាមកំហែងដល់ការរក្សាទំនាក់ទំងជាមួយបណ្តាប្រទេសសំខាន់ៗនៅក្នុងតំបន់ ហើយការផ្តោតអាទិភាពនៃគោលនយោបាយការបរទេសលើគុណតម្លៃ មិនមែនជាការចាប់ផ្តើមដ៏ល្អនៅក្នុងតំបន់នេះទេ ខណៈពេលដែលរដ្ឋភាគច្រើន គឺជារដ្ឋផ្តាច់ការនិងពាក់កណ្តាលផ្តាច់ការ។

ការពង្រឹងដ៏សំខាន់មួយនៅក្នុងឆ្នាំ ២០២២ គឺថា «ការបង្ហាញវត្តមានរបស់រដ្ឋបាលនេះ»។ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩ កិច្ចប្រជុំទល់មុខគ្នាកម្រិតខ្ពស់ ត្រូវបានចាត់ទុកជាលក្ខខណ្ឌកំណត់សម្រាប់ភាពជោគជ័យចំពោះបញ្ហាប្រឈម និងគោលនយោបាយ។ កាលពីខែវិច្ឆិកាឆ្នាំមុន លោកប្រធានាធិបតី Joe Biden បានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំពហុភាគីសំខាន់ៗចំនួន ៣ ដែលរួមមានកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជា ក៏ដូចជាកិច្ចប្រជុំកំពូល G-20 នៅឥណ្ឌូណេស៊ី។

បើទោះបីជាលោក Biden មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅក្នុងប្រទេសថៃក៏ដោយ ក៏ប៉ុន្តែលោកបានបញ្ជូនអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ឱ្យចូលរួមជំនួស។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ផ្សេងទៀតរួមមាន ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken មកកាន់ប្រទេសកម្ពុជា, ឥណ្ឌូណេស៊ី, ថៃ និងហ្វីលីពីន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ក៏បានធ្វើ ដំណើរមកកាន់ប្រទេសកម្ពុជា, ឥណ្ឌូណេស៊ី និងសិង្ហបុរីផងដែរ ខណៈដែលអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ, ហ្វីលីពីន និងវៀតណាម។ ប៉ុន្តែការបង្ហាញខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនមែនជាវិធីតែមួយគត់ដែលរដ្ឋបាលអាមេរិកបានប្រើដើម្បីបង្កើនការចូលរួមរបស់ខ្លួននោះឡើយ។

កាលពីខែឧសភា លោក Biden បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ជាលើកដំបូងបង្អស់នៅសេតវិមាន ដោយបាននាំមេដឹកនាំអាស៊ានស្ទើរតែទាំងអស់ឱ្យមកចូលរួម។ បើទោះបីជាវាបានផ្តល់នូវលទ្ធផលជាក់ស្តែងតិចតួចក៏ដោយ ក៏កិច្ចប្រជុំកំពូលនេះបានបង្ហាញថា «សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពលយ៉ាងសំខាន់» បើទោះបីជាឥទ្ធិពលរបស់ចិននៅក្នុងតំបន់កំពុងមានការកើនឡើងទាំងនៅក្នុងផ្នែកនយោបាយ, សេដ្ឋកិច្ច និងយោធាក៏ដោយ។

សូមអាន កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ៖ ភាពក្លាហានលាក់មុខ

រដ្ឋបាលរបស់លោក Biden ក្នុងឆ្នាំ ២០២២ ក៏បានចេញផ្សាយនូវឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនផងដែរ ដែលរួមមានការបញ្ជាក់អំពីវិធីសាស្រ្តរបស់ខ្លួនចំពោះតំបន់អាស៊ីអាគ្នេយ៍។ អ្វីដែលសំខាន់បំផុតនោះគឺ «យុទ្ធសាស្ត្រថ្មីស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិកបានបង្វែរការសន្ទនាចេញឆ្ងាយពីការប្រកួតប្រជែងជាមួយប្រទេសចិន ដែលនេះគឺជាប្រធានបទមួយដែលអាចបង្កការមិនសប្បាយចិត្តចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ផ្ទុយទៅវិញ យុទ្ធសាស្ត្រនេះបានផ្តោតលើការកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណង «ពង្រឹងសន្តិសុខសុខភាព, ដោះស្រាយបញ្ហាប្រឈមនៅដែនសមុទ្រ, បង្កើនការតភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែមានភាពស៊ីជម្រៅ»។ ទាំងនេះគឺជាបញ្ហាបន្ទាន់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ដែលសហរដ្ឋអាមេរិកអាចផ្តល់ឱ្យបានច្រើនជាងប្រទេសចិន។

ឯកសារសំខាន់មួយទៀតគឺ «យុទ្ធសាស្ត្រសន្តិសុខជាតិ» របស់រដ្ឋបាលលោក Biden ដែលត្រូវបានចេញផ្សាយកាលពីខែតុលា និងជាឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយផ្អែក លើគោលការណ៍ណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិបណ្តោះអាសន្ន (Interim National Security Strategic Guidance)។

សូមអាន ភាពតានតឹងជាមូលដ្ឋាននៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោក Biden

នៅក្នុងយុទ្ធសាស្ត្រថ្មីនោះ ក្រុមការងាររបស់លោក Biden បានកត់សម្គាល់ថា «នឹងផ្តោតលើការពង្រឹងសម្ព័ន្ធភាពសន្ធិសញ្ញាក្នុងតំបន់ទាំង ៥ របស់យើង ក៏ដូចជាភាពជាដៃគូដ៏ជិតស្និទ្ធបំផុតរបស់យើង»។ នេះគឺជាការផ្លាស់ប្តូរដ៏ល្អមួយ។ គោលការណ៍ណែនាំបណ្តោះអាសន្នបានចាត់ទុកវៀតណាមនិងសិង្ហបុរី ជាដៃគូដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។

ការសង្កត់ធ្ងន់បែបនេះអាចធ្វើឱ្យប្រទេសទាំងពីរនេះមានអារម្មណ៍តានតឹងនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសចិន។ បន្ថែមពីលើនេះ ការលើកឡើងរបស់សហរដ្ឋអាមេរិកហាក់ដូចជាបានមើលរំលង និងមិន បានបង្ហាញនូវការអើពើចំពោះប្រទេសដទៃទៀត ជាពិសេសគឺហ្វីលីពីននិងថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិក។

នៅក្នុងយុទ្ធសាស្ត្រថ្មី សេតវិមានបានលើកឡើងថា «ខ្លួននឹងព្យាយាមបង្កើនទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយបណ្តាដៃគូអាស៊ីអាគ្នេយ៍ គាំទ្រមជ្ឈភាពអាស៊ាន និងបានប្តេជ្ញាថានឹងពង្រីកទំនាក់ទំនងការទូត, ការអភិវឌ្ឍ និងទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ក្រៅពីនេះ យុទ្ធសាស្ត្រការពារជាតិថ្មីរបស់រដ្ឋបាលអាមេរិកបានលើកឡើងថា «ទីក្រុងវ៉ាស៊ីនតោននឹងជំរុញវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់ និងដើម្បីលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់»។

សកម្មភាពជាក់ស្តែងបំផុតមួយគឺ «ការលើកកម្ពស់របស់រដ្ឋបាល Biden នូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់វិបុលភាព (IPEF) ដែលជាគោលនយោបាយដែលមានរួមបញ្ចូលនូវការប្តេជ្ញាថានឹងបង្កើនកិច្ចសហការជាមួយប្រទេសមួយចំនួនលើការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌»។

ជា​ក់ស្តែង ក្របខណ្ឌ IPEF ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើង​របស់​​ចិន​នៅក្នុង​តំបន់។ ជាមួយនឹងការលាតត្រដាងនៅក្នុងខែឧសភា ក្រុមការងាររបស់លោក Biden អាចបញ្ចុះបញ្ចូលប្រទេសអាស៊ានចំនួន ៧ ឱ្យចុះឈ្មោះចូលរួម។ កម្ពុជានិងឡាវមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ ដែលអាចដោយសារតែក្រុមការងាររបស់លោក Biden យល់ថា «ពួកគេគឺជារដ្ឋរណបរបស់ចិន» ហើយប្រទេសមីយ៉ាន់ម៉ាក៏មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះដែរ បន្ទាប់ពីការធ្វើរដ្ឋប្រហារនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

ក្របខណ្ឌ IPEF មានបង្កប់មហិច្ឆតាតិចជាងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគ ដែលមានការចូលរួមពីសំណាក់ប្រទេសចំនួន ១២ រួមទាំងរដ្ឋអាស៊ីអាគ្នេយ៍ចំនួន ៤ (ប្រ៊ុយណេ, ម៉ាឡេស៊ី, សិង្ហបុរី និងវៀតណាម) និងជាកិច្ចព្រមព្រៀងដែលអតីតប្រធានាធិបតី Donald Trump បានដកសហរដ្ឋអាមរិកចេញនៅឆ្នាំ ២០១៧។

ប៉ុន្តែក្របខណ្ឌ IPEF បានអនុវត្តនូវការសន្យាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយ​ការ​ទទួល​បាន​សមាជិក​អាស៊ាន​ចំនួន​ ៧ ​ឱ្យចូលរួមគឺ​មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ។ ការរិះគន់ចម្បងគឺថា «ក្របខណ្ឌ IPEF មិនបានផ្តល់សិទ្ធិពិសេសផ្នែកពាណិជ្ជកម្មទៅកាន់ទីផ្សារឋអាមេរិកនោះទេ» ខណៈដែលនេះគឺជាអ្វីដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចង់បានបំផុត។

សកម្មភាពសំខាន់មួយទៀតបានកើតឡើងនៅក្នុងអំឡុងពេលនៃការចូលរួមរបស់លោក Biden នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានកាលពីខែវិច្ឆិកាឆ្នាំមុន។ លោក Biden និងមេដឹកនាំអាស៊ានបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាឃ្លាការទូតរបស់សហរដ្ឋអាមេរិកដែលសំដៅទៅលើ «កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើកិច្ចការបរទេស, សេដ្ឋកិច្ច ការពារជាតិ, សុខភាព, ការដឹកជញ្ជូន,ការពង្រឹងអំណាចរបស់ស្ត្រី, បរិស្ថាន, អាកាសធាតុ, ថាមពល និងវិស័យផ្សេងៗទៀត»។

សមត្ថភាពរបស់រដ្ឋបាល Biden ក្នុងការសម្រេចបាននូវកិច្ចការទាំងនេះនឹងជួយបង្កើនឥទ្ធិពលគោលនយោបាយរបស់អាមេរិក ហើយក៏អាចប្រឆាំងនឹងសមិទ្ធិផលរបស់ប្រទេសចិននៅក្នុងឆ្នាំ ២០២១ ផងដែរ ដែលនោះគឺ «ការចាប់ផ្តើមភាពជាដៃគូស្រដៀងគ្នានេះជាមួយអាស៊ាន»។

នៅទីបំផុត បេក្ខភាព​ឯកអគ្គរដ្ឋទូត​របស់​រដ្ឋបាល​លោក Biden ប្រចាំ​តំបន់​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត។ ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងបញ្ជូនអ្នកតំណាងរបស់ខ្លួនក្នុងកម្រិតឯកអគ្គរដ្ឋទូតទៅកាន់គ្រប់រដ្ឋអាស៊ានទាំងអស់។ នេះគឺជាស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍មួយ ជាពិសេសដោយសារតែលោក Biden មានឯកអគ្គរដ្ឋទូតតិចតួចប៉ុណ្ណោះនៅក្នុងតំបន់នេះ បើគិតនៅត្រឹមចុងឆ្នាំ ២០២១ ហើយបេក្ខភាពជាច្រើនទៀតរបស់លោក Biden ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសសំខាន់ៗ ជាពិសេសឥណ្ឌានិងអារ៉ាប៊ីសាអូឌីត នៅតែរងនូវការជាប់គាំងនៅក្នុងដំណើរការអនុម័ត។

ជាងនេះទៅទៀត បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃដំណើរការប្រតិបត្តិដោយមានត្រឹមតែភារធារី រដ្ឋបាលរបស់លោក Biden បានបង្កើនការចូលរួមរបស់ខ្លួនជាមួយទីស្នាក់ការកណ្តាលអាស៊ាន តាមរយៈការអនុម័តរបស់ឯកអគ្គរដ្ឋទូតថ្មីប្រចាំអាស៊ានកាលពីខែសីហាឆ្នាំមុន។ សរុបមក ការរក្សាតុល្យភាពនៅក្នុងរយៈពេល ២ ឆ្នាំរបស់រដ្ឋបាលលោក Biden មានភាពល្អប្រសើរជាងឆ្នាំមុន។

បញ្ហាជាក់ស្តែងមួយដែលនៅសេសសល់នោះគឺ «រដ្ឋបាលអាមេរិកនៅតែមិនមានយុទ្ធសាស្ត្រសេដ្ឋកិច្ចពិតប្រាកដណាមួយដើម្បីទប់ទល់នឹងប្រទេសចិននៅក្នុងតំបន់»។ គោលបំណងមិនច្បាស់លាស់របស់ក្របខណ្ឌ IPEF មិនអាចយកប្រៀបលើកិច្ចព្រមព្រៀង TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ពិតប្រាកដបាននោះទេ។ អ្វី​ដែល​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចង់បាន​ពី​អាមេរិកគឺ​ «ឱកាសកាន់តែច្រើនក្នុងការ​ចូល​ទៅកាន់ទីផ្សាររបស់អាមេរិក»។

ទន្ទឹមនឹងនេះ ប្រទេសចិននៅក្នុងឆ្នាំ ២០២២ បានចាប់ផ្តើមចូលរួមនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលដឹកនាំដោយអាស៊ាន រួមជាមួយនឹងបណ្តាដៃគូរបស់សហរដ្ឋអាមេរិកមួយចំនួនទៀតដូចជា អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ ការធ្វើពាណិជ្ជកម្មនៅក្នុងកិច្ចព្រមព្រៀង RCEP មានចំនួនប្រហែល ១/៣ នៃ GDP ពិភពលោក ហើយសហរដ្ឋអាមេរិកមិនបានស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះទេ៕

Foreign Policy

អត្ថបទទាក់ទង