ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំលោកខាងលិចខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងអនាគតនៃទំនាក់ទំនងជាមួយប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 16
មេដឹកនាំលោកខាងលិចខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងអនាគតនៃទំនាក់ទំនងជាមួយប្រទេសចិន ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់មេដឹកនាំលោកខាងលិចដើម្បីស្វែងរកការជួបពិភាក្សាជាមួយលោក Xi Jinping នៅក្នុងឆ្នាំដែលប្រធានាធិបតីចិនរូបនេះបានបង្កើនការពង្រឹងអំណាចរបស់ខ្លួន ក្នុងនាមជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស បើគិតចាប់តាំងពីលោក ម៉ៅ សេទុង មក។

លោក Xi បានជួបជាមួយប្រមុខរដ្ឋាភិបាលច្រើនជាង ២០ រូបកាលពីដើមឆ្នាំ ២០២២ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ក៏ប៉ុន្តែភាគច្រើននៃមេដឹកនាំទាំងនោះមិនមែនជាមេដឹកនាំមកពីលោកខាងលិច នោះទេ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Michel ដែលជាអ្នកនយោបាយជាន់ខ្ពស់របស់អឺរ៉ុប ការយកចិត្តទុកដាក់នឹងផ្តោតលើអាកប្បកិរិយារបស់លោកខាងលិច ចំពោះជំហរភូមិសាស្ត្រនយោបាយ ដែលចិនកាន់តែគគ្លើនជាងមុន។

​វា​ក៏អាចលាតត្រដាងឱ្យឃើញអំ​ពី​ការ​បែក​បាក់គ្នា​យ៉ាងជ្រាល​ជ្រៅ​ផងដែរនៅក្នុងចំណោមក្រុមប្រទេស​លោក​ខាង​លិច ជុំវិញ​របៀប​ដោះស្រាយ​បញ្ហាជាមួយទី​ក្រុង​ប៉េកាំង។ ការបែកបាក់គ្នាទី១ គឺ «ការបាក់បែករវាងក្រុមប្រទេសដែលស្ថិតនៅជាប់សមុទ្រអាត្លង់ទិច»។ វាជាការពិតដែលប្រធានាធិបតីអាមេរិក Joe Biden បានប្រើប្រាស់ពាក្យក្នុងន័យផ្សះផ្សាជាងកាលពីពេលមុនជាមួយលោក Xi នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះ។

ប៉ុន្តែជារួម ទីក្រុងវ៉ាស៊ីនតោនកំពុងប្រកាន់យកនូវវិធីសាស្រ្តដ៏ស្រពេចស្រពិលចំពោះប្រទេសចិន បើប្រៀបធៀបនឹងសមាជិកសហភាពអឺរ៉ុបធំៗមួយចំនួនទៀត ជាពិសេសគឺបារាំង និងអាល្លឺម៉ង់។ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលត្រូវបានចេញផ្សាយកាលពីចុងខែតុលានេះ បានកំណត់សាធារណរដ្ឋប្រជាមានិតចិនថាជា «គូប្រជែងតែមួយគត់ដែលមានទាំងចេតនា ព្រមទាំងសេដ្ឋកិច្ច, ការទូត, យោធា និងបច្ចេកវិទ្យា ក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ» និងបានចាត់ទុក «ការរក្សាការប្រកួតប្រជែងដ៏យូរអង្វែងជាមួយចិន» ជារឿងអាទិភាពសម្រាប់សហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ លោក Josep Borrell ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកលើកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងនៅឯសភាអឺរ៉ុបកាល ពីថ្ងៃទី ២២ ខែវិច្ឆិកា ដោយបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបជាមួយនឹងប្រទេសចិន។ ជាមួយនឹងការកត់សម្គាល់អំពីភាពខុសគ្នាជាមួយប្រទេសចិនដែលរួមមានទាំងលទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងពហុភាគីនិយម លោក Borrell បាននិយាយថា «ប្រទេសចិនកំពុងតែមានភាពគគ្លើនជាងមុន និងកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងក្លាជាងមុន»។

ប៉ុន្តែអ្វីដែលសំខាន់នោះគឺ លោកបានបិទបញ្ចប់សុន្ទរកថារបស់លោកជាមួយនឹងការនិយាយថា «សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើង ក៏ប៉ុន្តែក្នុងករណីខ្លះ យើងអាចនឹងមិនមានជំហរដូចគ្នា ឬអាចនឹងមិនប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នាចំពោះប្រទេសចិននោះទេ»។ ខណៈពេលដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមបង្កើនសម្ពាធលើសហភាពអឺរ៉ុប ដើម្បីឱ្យសម្ព័ន្ធមិត្តមួយនេះប្រកាន់ជំហរតឹងរ៉ឹងជាងមុនចំពោះប្រទេសចិន សហភាពអឺរ៉ុបបាននិងកំពុងធ្វើការតបតប្រឆាំងវិញ។

វាមានរបាយការណ៍ជាបន្តបន្ទាប់អំពីក្តីបារម្ភរបស់ប្រទេសហូឡង់ចំពោះការរឹតបន្តឹងថ្មីៗលើការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិន។ ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានជួបជាមួយលោក Biden នៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ អាចនឹងលើកអំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិនដើម្បីយកមកពិភាក្សា។

អ្វីដែលសំខាន់បំផុតនោះគឺ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅពេលថ្មីៗនេះរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz ទៅកាន់ប្រទេសចិន ការសង្កត់ធ្ងន់បានផ្តោតភាគច្រើនទៅលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ជាជាងការប្រកួតប្រជែងផ្នែកនយោបាយ។ ទោះជាយ៉ាងណាក៏ដោយ វាអាចឆាប់ពេកក្នុងការសន្មត់ថា «ការបែកបាក់គ្នាកំពុងកើតឡើងនៅមហាសមុទ្រអាត្លង់ទិក»។ ប៉ុន្តែនៅផ្ទៃក្នុងសហភាពអឺរ៉ុប គេឃើញមានភាពខុសប្លែកគ្នាយ៉ាងច្បាស់ជុំវិញរបៀបធ្វើទំនាក់ទំនងជា មួយប្រទេសចិន។

ជាឧទាហរណ៍ : កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុ-ចិនស្តីពីការវិនិយោគ ដែលបានចុះហត្ថលេខាក្រោមការរិះគន់យ៉ាងខ្លាំងកាលពីខែធ្នូ ឆ្នាំ ២០២០ នៅមិនទាន់ទទួលបានការផ្តល់សច្ចាប័ននៅឡើយនោះទេ។ ប្រទេសលីទុយអានីដែលជាសមាជិកដ៏តូចបំផុតមួយរបស់សហភាពអឺរ៉ុប បានអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកការិយាល័យពាណិជ្ជកម្មនៅទីក្រុង Vilnius ដោយប្រើឈ្មោះតៃវ៉ាន់ ជាជាងឈ្មោះតៃប៉ិ ដែលគេតែងប្រើជាទូទៅ។

ទង្វើនេះ​បាន​បង្ក​ឱ្យមានជម្លោះ​ដ៏​ធំ​មួយ​ជាមួយប្រទេស​ចិនដែល​បាន​ចាត់​ទុក​សកម្មភាពនេះ​ជា «​ការ​មិនគោរព​គោលនយោបាយ​ចិន​តែមួយ»។ បញ្ហានេះក៏បានធ្វើឱ្យសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពដ៏លំបាកផងដែរ ជុំវិញការត្រូវសម្រេចជ្រើសរើសរវាងការការពាររដ្ឋជាសមាជិកមួយរបស់ខ្លួន និងការបន្តរក្សាគោលនយោបាយជាផ្លូវការដ៏យូរអង្វែងរបស់ខ្លួនដែលបានទទួលស្គាល់ «កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន»។

ដំណើរទស្សនកិច្ចរបស់លោក Scholz ទៅកាន់ទីក្រុងប៉េកាំង ក៏បាននាំមកនូវភាពចម្រូងចម្រាសផងដែរ។ មេដឹកនាំជាច្រើនត្រូវបានគេរាយការណ៍ថាបានលើកឡើងអំពីការព្រួយបារម្ភអំពីលទ្ធភាពនៃការបង្កើតឱ្យមានកិច្ចព្រមព្រៀងដាច់ដោយឡែកណាមួយរវាងអាល្លឺម៉ង់ជាមួយប្រទេសចិន ដែលអាចបំផ្លាញដល់សាមគ្គីភាពរបស់សហភាពអឺរ៉ុប។

ជាងនេះទៅទៀត សំណើររបស់បារាំងក្នុងការធ្វើទស្សនកិច្ចរួមគ្នារវាងលោក Macron-Scholz ទៅកាន់ប្រទេសចិន ដើម្បីបង្ហាញអំពីការរួបរួមរបស់សហភាពអឺរ៉ុប ត្រូវបានច្រានចោលភ្លាមៗដោយលោក Scholz ដែលចង់ឱ្យមានត្រឹមតែគណៈប្រតិភូនយោបាយ និងពាណិជ្ជកម្មរបស់អាល្លឺម៉ង់តែមួយគត់។

ភាពបែកបាក់ទី៣ បានកើតមាននៅផ្ទៃក្នុងប្រទេសដែលមេដឹកនាំនយោបាយ និងធុរកិច្ចតែងតែមានភាពរកាំរកូសរវាងគ្នាជុំវិញយុទ្ធសាស្ត្រដែលត្រូវប្រកាន់យកចំពោះប្រទេសចិន។ ឧទាហរណ៍ដ៏ជាក់ស្ដែងមួយគឺចក្រភពអង់គ្លេស ដោយក្នុងនោះនៅក្នុងសុន្ទរកថាថ្លែងនៅឯពិធីជប់លៀងរបស់ចៅហ្វាយក្រុងឡុងដ៍ ដែលជាកន្លែងដែលមេដឹកនាំចក្រភពអង់គ្លេសអាចលើកឡើងអំពីអាទិភាពនៃគោលនយោបាយការបរទេសរបស់ពួកគេ នាយករដ្ឋមន្ត្រី Rishi Sunak បានតស៊ូមតិឱ្យមាន «ការអនុវត្តនូវយុទ្ធសាស្ត្រជាក់ស្តែងចំពោះប្រទេសចិន»។

យុទ្ធសាស្ត្រនេះ ចង់បង្កើតឱ្យមានការរក្សាតុល្យភាពរវាងក្រុមដែលប្រកាន់ជំហររឹងរូសនៅក្នុងគណបក្សអភិរក្សនិយមរបស់លោក ជាមួយនឹងផលប្រយោជន៍របស់អ្នកធរុកិច្ចជាច្រើនដែលកំពុងរកស៊ីជាមួយប្រទេសចិន។ ប៉ុន្តែការសម្រេចចិត្តនៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការហាមឃាត់ការប្រើប្រាស់កាមេរ៉ារបស់ចិននៅក្នុងប្រព័ន្ធឃ្លាំមើលរបស់ខ្លួន បានបង្ហាញថា «សម្រាប់ពេលនេះ ក្រុមអភិរក្សនិយមនៅអង់គ្លេសកំពុងយកឈ្នះនៅក្នុងរឿងនេះ»។

ការជជែកដេញដោលស្រដៀងគ្នានេះ ក៏បាននិងកំពុងកើតមានឡើងនៅប្រទេសអាល្លឺម៉ង់ផងដែរ។ រដ្ឋាភិបាល​អាល្លឺម៉ង់កំពុង​ពិភាក្សា​អំពី​ច្បាប់​ថ្មីៗស្តីអំពី​ការ​តភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន​ជាមួយនឹងប្រទេស​ចិន​ដែល​មានបំណង​លើកទឹកចិត្ត​ក្រុមហ៊ុន​អាល្លឺម៉ង់ឱ្យ​ស្វែងរក​ទីផ្សារ​នៅ​កន្លែង​ផ្សេង និង​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន។

ជាការឆ្លើយតប នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz លោក Ola Källenius បាននិយាយថា «វាគឺជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការដកខ្លួនចេញពីទីផ្សាររបស់ប្រទេសចិន»។ ក្រុមហ៊ុន Volkswagen និង BMW ក៏ដូចជាក្រុមហ៊ុនគីមីយក្ស BASF ក៏អាចប្រកាន់យកជំហរដូចគ្នានេះដែរ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះ រួមគ្នាជាមួយនឹងក្រុមហ៊ុន Mercedes មានទំហំធំជាង ១/៣ នៃការវិនិយោគផ្ទាល់ពីបរទេសរបស់អឺរ៉ុបនៅក្នុងប្រទេសចិន នៅចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ទៅទៀត។

រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ក៏នៅតែមិនចុះសម្រុងគ្នាផងដែរ ជុំវិញការប្រកាន់ជំហរចំពោះប្រទេសចិន។ គណបក្ស Green Party ដែលកាន់អំណាចទាំងនៅផ្នែកសេដ្ឋកិច្ច និងកិច្ចការបរទេសនៅក្រោមគណៈរដ្ឋមន្ត្រីរបស់លោកអធិការបតី Scholz នៅមានភាពស្ទាក់ស្ទើរច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ទៅឱ្យចិន។

ដោយ​មាន​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក បូករួមនឹង​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​អំពី​សក្ដានុពល​របស់​ប្រទេស​ចិន​នៅក្នុងការធ្វើ​វិទ្ធង្សនា​ រដ្ឋាភិបាលអាល្លឺម៉ង់បាន​សម្រេចហាមឃាត់ការវិនិយោគរបស់ចិននៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបចំនួន២ និងបានកាត់បន្ថយភាគហ៊ុនរបស់ចិននៅក្នុងកំពង់ផែនៃទីក្រុង Hamburg។

ដូច្នេះ វាមិនទំនងទេថា «ដំណើរទស្សនកិច្ចរបស់លោក Michel នឹងអាចនាំមកនូវការផ្លាស់ប្តូរណាមួយនៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុបជាមួយនឹងប្រទេសចិន»។ ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាយក្ខសេដ្ឋកិច្ចទាំងពីរនេះ នៅតែមានស្ថិរភាពដដែល។

នេះគឺជារឿងសំខាន់ណាស់សម្រាប់ប្រទេសចិន ក៏ដូចជាសម្រាប់សហភាពអឺរ៉ុប ពីព្រោះភាគីទាំងពីរ ពិតជាមិនចង់ទទួលរងនូវភាពជាប់គាំងនៃសេដ្ឋកិច្ចឡើយ។ ពួកគេ​ក៏​មិន​ចង់​បោះបង់​ចោលផងដែរនូវការ​ព្យាយាមស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ផ្សេងទៀត​ ដូចជា​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ផល​ប៉ះពាល់​នៃសង្គ្រាមនេះ​ចំពោះ​តម្លៃស្បៀងអាហារ និង​ថាមពល​សកល។

ក្តីបារម្ភផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នមិនអាចលាក់បាំងភាពខុសប្លែកគ្នាខាងផ្នែកនយោបាយ រវាងសហភាពអឺរ៉ុប និងចិនបានជារៀងរហូតនោះទេ។ នៅទីបំផុត ទីក្រុងព្រុចសែលនឹងត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះ បើទោះបីជាខ្លួនចង់រក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងខ្លាំងយ៉ាងណាក៏ដោយ៕

Asia Times

អត្ថបទទាក់ទង