ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការសិក្សាពីគម្រោងផ្លូវដែកល្បឿនលឿន និងគម្រោងផ្លូវជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការសិក្សាពីគម្រោងផ្លូវដែកល្បឿនលឿន និងគម្រោងផ្លូវជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការសិក្សាពីគម្រោងផ្លូវដែកល្បឿនលឿន និងគម្រោងផ្លូវជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ដោយសារតែកម្ពុជាមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស ធ្វើឲ្យបណ្តាប្រទេសមួយចំនួនដែលធ្លាប់តែអនុគ្រោះក្នុងការផ្តល់ប្រាក់កម្ចីដល់កម្ពុជាមិនយកការប្រាក់ ឬយកការប្រាក់ទាប លែងផ្តល់ការអនុគ្រោះការប្រាក់សម្បទាន ឬផុតការអនុគ្រោះកម្ចីការប្រាក់ទាប។ ទោះយ៉ាងនេះក្តី សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំស្វះស្វែងរកជំនួយបន្ថែមទៀត ដើម្បីអភិវឌ្ឍលើវិស័យអាទិភាព ដូចជា វិស័យគមនាគមន៍ ដែលបម្រើដល់ការដឹកជញ្ជូនទំនិញ និងបម្រើដល់វិស័យទេសចរណ៍ផងដែរ ។

សម្តេចតេជោ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន សិក្សាពីគម្រោងផ្លូវល្បឿនលឿន ពិសេសអភិវឌ្ឍផ្លូវរថភ្លើងចាស់ៗ ដែលកន្លងមកធ្វើដំណើរបានតែ ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្តេចតេជោ បន្តឲ្យដឹងថា កម្ពុជាមានរថភ្លើង ២ ទិស ហើយកំពុងរកដៃគូអភិវឌ្ឍលើផ្លូវដែក និងគម្រោងពង្រីកផ្លូវចាប់ពីខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង (ចំណុចអូតាគី) ទៅកាន់បណ្តាខេត្តផ្សេងៗទៀត ដែលមានសក្តានុពលសេដ្ឋកិច្ច ចាំបាច់ត្រូវការផ្លូវជាតិប្រើប្រាស់ចាំបាច់ ហើយទន្ទឹមនោះ ត្រូវធ្វើការគៀងគរពីការចូលរួមអភិវឌ្ឍពីដៃគូវិនិយោគគិនដែលស្ថិតនៅតំបន់ទាំងនោះផងដែរ៕