ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងចែកសៀវភៅរាប់ម៉ឺនក្បាលដល់អ្នកនិយមអានសៀវភៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 91
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងចែកសៀវភៅរាប់ម៉ឺនក្បាលដល់អ្នកនិយមអានសៀវភៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងចែកសៀវភៅរាប់ម៉ឺនក្បាលដល់អ្នកនិយមអានសៀវភៅ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គ្រោងនឹងចែកសៀវភៅរាប់ម៉ឺនក្បាល នៅឯពិធីតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិប្រចាំឆ្នាំ នៅបណ្ណាល័យជាតិ នាចុងសប្តាហ៍នេះ។

សៀវភៅបីក្បាល ដែលមានចំណងជើងខុសៗគ្នាហើយ ត្រូវបានបោះពុម្ពផ្សាយកាលពីជិត១០០ឆ្នាំមុន ត្រូវបានរៀបរៀងឡើងវិញ គឺសៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និងសៀវភៅ អ៊ូ ចុង។ សៀវភៅទាំងបីក្បាលនេះ នឹងត្រូវចែកជូនជាចំណងដៃដល់អ្នកចូលចិត្តអានសៀវភៅទាំងឡាយ ចាប់ពីថ្ងៃទី៧-៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ឌី វិជ្ជា ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំចែកចាយសៀវភៅទាំង៣ក្បាលនេះ បានឱ្យដឹងថា «សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលចូលចិត្តអាន ចូលចិត្តស្តាប់វិទ្យុ និងមើលទូរទស្សន៍រហូតដល់ទៅ៤ក្នុងពេលតែមួយ»។ លោក ឌី វិជ្ជា បានបន្តថា ការចែកជូនសៀវភៅទាំងនេះ ជាបំណងល្អរបស់លោកនាយករដ្ឋមន្រ្ដី ដើម្បីលើកស្ទួយ និងជំរុញវិស័យអំណាននៅកម្ពុជា ឱ្យកាន់តែផុសផុលទូទាំងប្រទេស។

លោក Harry Truman អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ធ្លាប់លើកឡើងថា «មិនមែនអ្នកអានទាំងអស់សុទ្ធតែជាមេដឹកនាំនោះឡើយ ប៉ុន្តែមេដឹកនាំទាំងអស់សុទ្ធតែជាអ្នកអាន» ដែលសំដៅថា បើមិនមានទម្លាប់អានទេ អ្នកក៏មិនអាចក្លាយជាមេដឹកនាំបានដែរ។

សៀវភៅនីមួយៗសុទ្ធតែបង្កប់នូវទស្សនអប់រំខុសៗគ្នា ជាកស្តែងសៀវភៅក្រមង៉ុយបានរំឮកថា «បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»។

ចំណែកឯសៀវភៅ អ៊ូ ចុង វិញបានអប់រំថា «ត្រូវធ្វើបុណ្យខ្នើត ម៉ែឪស៊ីកើត កំពុងស្រែកឃ្លាន ម៉ែឪនៅរស់ កូនត្រូវធ្វើទាន បំបាត់ក្តីឃ្លាន ហៅធ្វើបុណ្យខ្នើត។ ហៅបុណ្យខែភ្លឺ កុំចាំគាត់ឈឺ បរិភោគលែងកើត ជូនគាត់កាលជា ហៅថាបុណ្យខ្នើត គាត់បរិភោគកើត បានជាងរនោច។ លុះបាត់ជីវិត បុណ្យខែងងឹត ដូចថ្ងៃដប់រោច កូនចៅទាំងឡាយ យកបាយឱ្យខ្មោច ម៉ែឥតប្រយោជន៍ ខ្មោចណាចេះស៊ី»។

ដោយឡែក សៀវភៅស្រីហិតោបទេស កាន់តែសម្បូរបែបនូវទស្សនៈជាច្រើន ដែលនាំទៅដល់ការត្រិះរិះពិចារណាគ្រប់បែបយ៉ាង ក៏ដូចជាការអប់រំ។ នៅក្នុងវគ្គមួយបានសរសេរថា «បុគ្គលមានចំណេះដឹងតិច កាលបើបាត់បង់ទ្រព្យអស់ហើយ កិច្ចការផ្សេងទៀតក៏វិនាសទៅដែរ ដូចជាស្ទឹងមានទឹកតិចនាពេលរដូវក្ដៅមកដល់ ក៏រីងស្ងួតហួតហែងអស់រលីង»។

ពិធីតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិឆ្នាំនេះ មានប្រធានបទ៖ «សៀវភៅរស់ ចំណេះរីក»។ ដូច្នេះសូមឱ្យអ្នកនិយមអានសៀវភៅទាំងអស់ ទទួលបាននូវចំណេះដឹងកាន់តែច្រើន ប្រកបដោយថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត និងសក្តានុពលកាន់តែខ្លាំងរាល់កិច្ចការផងទាំងពួង រួមទាំងទ្រព្យធនផង៕

អត្ថបទទាក់ទង