ខ្មែរប៉ុស្ដិ៍ Close

Asia Times ៖ ការឆ្លើយតបរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ចំពោះរុស្ស៊ី ជាការព្រមានប្រទេសចិន ជុំវិញបញ្ហាតៃវ៉ាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 45
Asia Times ៖ ការឆ្លើយតបរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ចំពោះរុស្ស៊ី ជាការព្រមានប្រទេសចិន ជុំវិញបញ្ហាតៃវ៉ាន់ រូបភាពពី The Wall Street Journal

ស្របពេលដែលសង្រ្គាមដែលបង្កឡើងដោយរុស្ស៊ីមកលើអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៦ គណៈប្រតិភូជាន់ខ្ពស់ការពារជាតិនិងសន្តិសុខរបស់សហរដ្ឋអាមេរិកមួយក្រុម ដែលដឹកនាំដោយអតីតប្រធានអគ្គសេនាធិការចម្រុះ លោក Mike Mullen បានទៅដល់កោះតៃវ៉ាន់។

ពិភពលោកទាំងមូល អាចនឹងផ្តោតអារម្មណ៍ទៅលើជម្លោះនៅអឺរ៉ុបខាងកើត ប៉ុន្តែមន្ត្រីសន្តិសុខអាមេរិកទាំងនេះចង់បង្ហាញថា ការយកចិត្តទុកដាក់របស់ពួកគេនឹងមិនត្រូវបានបង្វែរចេញទាំងស្រុងនោះទេពីការគំរាម កំហែងឈ្លានពានរបស់ចិនដែលអាចនឹងកើតមានលើកោះតៃវ៉ាន់ ព្រោះវាជាព្រឹត្តិការណ៍មួយដែលមន្ត្រីអាមេរិកបានព្រមានរួចហើយកាលពីចុងឆ្នាំមុនថា លទ្ធភាពនៃការឈ្លានពានកាន់តែកើនឡើងហើយ។

ពេលនេះ ពាក្យស្លោក «ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកតៃវ៉ាន់!» គឺ​ជា​ពាក្យ​មួយ​ដែលត្រូវ​បានប្រជាជន​តៃវ៉ាន់​ជា​ច្រើនផ្សព្វផ្សាយ​នៅ តាម​បណ្តាញ​សង្គម​​។ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាកងទ័ពរបស់លោកឱ្យចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន អ្នកជាតិនិយមដែលចូលចិត្តលេងអ៊ីនធឺណិត នៅ ក្នុងប្រទេសចិនបានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ពួកគេចាប់ផ្តើមធ្វើការវាយប្រហារឈ្លានពាន ដែលស្រដៀងគ្នានេះឱ្យបានឆាប់ទៅលើកោះតៃវ៉ាន់។

ប្រធានាធិបតីចិន Xi Jinping មិនដែលបានបដិសេធទេថា នឹងមិនប្រើប្រាស់កម្លាំងយោធានៅក្នុង «ការបង្រួបបង្រួមគ្នាឡើងវិញ» ជាមួយកោះតៃវ៉ាន់ដែលវាបានក្លាយជាគោលដៅដ៍សំខាន់មួយរបស់លោក
ចាប់តាំងពីការចូលកាន់កាប់គណបក្សកុម្មុយនីស្តកាលពីមួយទសវត្សរ៍មុនមក។

រហូតមកទល់ពេលនេះ ទាំងភាគីចិននិងតៃវ៉ាន់ មិនដែលចាប់អារម្មណ៍ទេថា សង្គ្រាមនៅអ៊ុយក្រែន នឹងបង្កឱ្យមានភាពតានតឹងដល់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយកាលពីសប្តាហ៍មុនថា ការប្រៀបធៀបរវាងតៃវ៉ាន់និងអ៊ុយក្រែនបានបង្ហាញពី «កង្វះការយល់ដឹងជាមូលដ្ឋានអំពីប្រវត្តិនៃ បញ្ហារបស់កោះតៃវ៉ាន់»។

លោកស្រីបាននិយាយថា «តៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ» និងបានបន្ថែមថា តៃវ៉ាន់គឺជា«ផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន»ដែលជាការបញ្ជាក់ឡើងវិញនូវការអះអាងរបស់ទីក្រុងប៉េកាំងដែលថា តៃវ៉ាន់គឺជាខេត្តមួយដែលបានផ្តាច់ខ្លួនចេញពីចិនដីគោក។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក៏មានបំណងចង់ចង្អុលបង្ហាញអំពីភាពខុសគ្នាទាំងនេះផងដែរ។ លោកស្រីបាននិយាយកាលពីសប្តាហ៍មុនថា«ច្រកសមុទ្រតៃវ៉ាន់បានផ្តល់នូវរបាំងធម្មជាតិមួយដល់កោះតៃវ៉ាន់ ហើយកោះនេះក៏បានផ្ដល់នូវសារៈសំខាន់ខាងផ្នែកភូមិសាស្ត្រតែមួយគត់ដល់ខ្លួនផងដែរ»។

ច្បាស់ណាស់ភាពខុសគ្នាប្រាកដជាមាន គឺថា កោះតៃវ៉ាន់មានគម្លាតដែនទឹកប្រហែល ១០០ ម៉ាយល៍ ពីចិនដីគោក ចំណែកឯរុស្ស៊ីនិងអ៊ុយក្រែនវិញ មានព្រំដែនគោករួមគ្នាប្រមាណ ១២០០ ម៉ាយល៍។ កោះតៃវ៉ាន់ដែលជាទីតាំងផលិតគ្រឿងសឺមីកុងឌុចទ័រធំជាងគេបំផុតនៅលើពិភពលោក មានភាពទាក់ទាញខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក ជាងអ៊ុយក្រែន។

សហរដ្ឋអាមេរិកក៏មានទំនាក់ទំនងផ្នែកសន្តិសុខជិតស្និទ្ធជាមួយកោះតៃវ៉ាន់ ជាងអ៊ុយក្រែនដែរ។ ខណៈពេលដែលសហរដ្ឋអាមេរិកមិនបានធានានូវការការពារណាមួយចំពោះកោះតៃវ៉ាន់នោះ ច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ឆ្នាំ១៩៧៩ (1979 Taiwan Relations Act) បានផ្តល់នូវ «ភាពមិនច្បាស់លាស់ខាងផ្នែកយុទ្ធសាស្រ្ត» ដែលថា តើទីក្រុងវ៉ាស៊ីនតោននឹងធ្វើសង្រ្គាមដើម្បីការពារកោះនេះដែរឬយ៉ាងណា។

ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា សង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែនពិតជាបានទៅបង្អាក់ដោយផ្ទាល់ដល់ចេតនារបស់ទីក្រុងប៉េកាំងដែលមានមកលើកោះតៃវ៉ាន់។ លោកស្រីYun Sun នាយិការកម្មវិធីកិច្ចការចិននៅមជ្ឈមណ្ឌល Stimson ដែលជាស្ថាប័នវិភាគមួយមាន មូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «លទ្ធផលនៃសង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជាឯកសារយោងដ៏រឹងមាំមួយ និងស្ទើរតែក្លាយទៅជាសៀវភៅ
យុទ្ធសាស្រ្តដ៏សំខាន់មួយក្បាលសម្រាប់ប្រទេសចិន ចំពោះកោះតៃវ៉ាន់»។

ការរាំងស្ទះមិនអាចរុលទៅមុខរួចរបស់កងទ័ពរុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែន ជាពិសេសនៅពេលដែលកងទ័ពទាំងនោះប្រឈមមុខនឹងការតស៊ូយ៉ាងស្វិតស្វាញពីសំណាក់កងទ័ពអ៊ុយក្រែននិងយុទ្ធជនដែលជាជនស៊ីវិល អាចបង្ខំឱ្យអ្នកយុទ្ធសាស្រ្តការពារជាតិរបស់ចិនធ្វើការគិតឡើងវិញទ្វេដង អំពីការដែលថាការឈ្លានពានកោះតៃវ៉ាន់នឹងមានភាពងាយស្រួលនោះ។

លោក Richard Q Turcsanyi អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Palacky Olomouc បាននិយាយថា «ប្រទេសចិនអាចនឹងកត់សម្គាល់ឃើញថា បើទោះបីជារុស្ស៊ីមានកងទ័ពខ្លាំងជាងអ៊ុយក្រែនក្ដី ក៏រុស្ស៊ីប្រហែលជាមានភាពលំបាកជាងការរំពឹងទុក ក្នុងការដណ្ដើមគ្រប់គ្រងប្រទេសអ៊ុយក្រែន។ ដូច្នេះ មេរៀនយោធាទាំងនេះ គឺជាចំណុចសំខាន់ដែលចិនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់»។

អ្នកវិភាគមួយចំនួនបាននិយាយថា ឥឡូវនេះអ្នកបង្កើតគោលនយោបាយការពារជាតិរបស់ប្រទេសចិនប្រហែលជាមិនសូវមានទំនោរក្នុងការគិតថា ការវាយសង្គ្រប់លើកោះតៃវ៉ាន់គឺជាជម្រើសដ៏ល្អបំផុតនោះទេ។

ពួកគេនឹងតាមដានយ៉ាងដិតដល់នូវសៀវភៅសង្គ្រាមកូនកាត់របស់រុស្ស៊ីនេះ តួយ៉ាងដូចជារបៀបដែលទីក្រុងម៉ូស្គូបានរួមបញ្ចូលការផ្សព្វផ្សាយព័ត៌មានមិនពិត និងការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ សម្រាប់​ប្រជាជន​តៃវ៉ាន់​ជាច្រើន មេរៀនស្ដីពី​វិបត្តិ​នៅអ៊ុយក្រែន​គឺ​ជា​ភាពចាំបាច់​ដ៏ធំធេង​មួយ​សម្រាប់ពួកគេក្នុង​ការ​ពឹងផ្អែក​លើ​ខ្លួនឯង។

ទីក្រុងប៉េកាំងក៏អាចសង្កេតមើលបានពីកំហុសដំបូងៗរបស់លោក Putin ផងដែរ។ ជាក់ស្ដែង ដូចជាការ ប្រមូលផ្តុំកងទ័ពរបស់លោកជាង ១០ម៉ឺននាក់នៅតាមព្រំដែនជាមួយអ៊ុយក្រែនកាលពីខែវិច្ឆិកា និងបានឱ្យពួកគេបោះជំរុំនៅទីនោះអស់ជាច្រើនខែ គឺជាការផ្តល់ពេលវេលាដល់ប្រទេសប្រជាធិបតេយ្យលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេ ដើម្បីជជែកពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មរួម និងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មផ្សេងៗទៀត។

លោក Turcsanyi បាននិយាយថា ប្រទេសចិនប្រហែលជាមានការភ្ញាក់ផ្អើលផងដែរចំពោះ «ល្បឿននិងកម្រិតនៃទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាការរួបរួមគ្នានិងការកែសម្រួលគោលនយោបាយ
ការបរទេសរបស់បណ្ដាប្រទេសទាំងនោះទៀតផង»។

កាលពីថ្ងៃអាទិត្យកន្លងទៅ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា ប្រទេសអាល្លឺម៉ង់ដែលជាធម្មតាប្រកាន់ជំហរសន្តិភាពនិយម នឹងធ្វើការបង្កើនការចំណាយឱ្យលើសពី ២% នៃ ផ.ស.ស របស់ខ្លួនទៅលើវិស័យការពារជាតិ ហើយនៅឆ្នាំនេះ អាល្លឺម៉ង់នឹងចំណាយប្រាក់ចំនួន ១១៣ ពាន់លានដុល្លារតាមរយៈមូលនិធិពិសេសមួយ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដែលនឹង​ធ្វើ​ឱ្យ​ប្រទេស
នេះ​ក្លាយជា​មហាអំណាច​យោធា​ធំជាងគេបង្អស់​នៅ​អឺរ៉ុប។

ប្រទេសហ្វាំងឡង់និងស៊ុយអែតបានពិភាក្សាយ៉ាងម៉ឺងម៉ាត់អំពីការចូលជាសមាជិករបស់ NATO ខណៈពេលដែលស្វ៊ីសដែលជាប្រទេសអព្យាក្រឹត្យ បានចូលរួមជាមួយសហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ី។

សហភាពអឺរ៉ុបបានត្រៀមកញ្ចប់ថវិកាចំនួន ៥០០ លានដុល្លារសម្រាប់ចំណាយលើការបញ្ជូនអាវុធទៅអ៊ុយក្រែន ដែលនេះគឺជាលើកទីមួយហើយដែលប្លុកនេះបានបញ្ជូនអាវុធយុទ្ធភណ្ឌទៅកាន់ប្រទេសមួយដែល
ត្រូវបានគេឡោមព័ទ្ធ។

មេដឹកនាំលោកខាងលិចក៏បានតម្លើងវោហាសាស្ត្ររបស់ពួកគេផងដែរ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមក ដោយបាននិយាយថា ពិភពលោកត្រូវបានបែងចែករវាងលទ្ធិប្រជាធិបតេយ្យនិងរបបផ្ដាច់ការដែល វាគឺជាវោហាសាស្ត្រមួយដែលមានគោលបំណងក្នុងការសំដៅទៅលើប្រទេសចិនផងដែរ។

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងការថ្លែងសុន្ទរកថារបស់លោក កាលពីថ្ងៃអង្គារថា «នៅក្នុងការប្រយុទ្ធគ្នារវាងលទ្ធិប្រជាធិបតេយ្យនិងរបបផ្ដាច់ការ លទ្ធិប្រជាធិបតេយ្យនឹងមានប្រៀបជាង ហើយពិភពលោកកំពុងជ្រើសរើសយកសន្តិភាព និងសន្តិសុខយ៉ាងច្បាស់ក្រឡែត»។

គួបផ្សំនឹងពាក្យសំដីដ៏ខ្លាំងៗទាំងនេះ លោកខាងលិចនិងសម្ព័ន្ធមិត្តដែលរួមមានទាំងដៃគូរបស់ពួកគេនៅអាស៊ីផង ដូចជាជប៉ុននិងសិង្ហបុរីជាដើម បានពួតដៃគ្នាដើម្បីដាក់ទណ្ឌកម្មយ៉ាងចាស់ដៃទៅលើមន្ត្រី និងស្ថាប័នរុស្ស៊ីដែលហាក់ដូចជាកំពុងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ីយ៉ាងលឿនរហ័ស។

ក្រុមហ៊ុនធំៗរបស់លោកខាងលិចក៏បានបង្វែរផលប្រយោជន៍របស់ពួកគេចេញពីប្រទេសរុស្ស៊ី ឬផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនរុស្ស៊ីទៀតផង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់លោកខាងលិចនានា បានហាមឃាត់ការផ្សាយព័ត៌មានដែលគាំទ្រដល់រដ្ឋរបស់រុស្ស៊ីទៀតផង។ បន្ថែមពីលើនេះក្រុមកីឡាករកីឡាការិនីរបស់​រុស្ស៊ី​ត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​ចូល​រួម​ក្នុងព្រឹត្តិការណ៍​អន្តរជាតិនានានោះទេ។

ម៉្យាងវិញទៀត បញ្ហាទាំងអស់នោះហាក់មិនពាក់ព័ន្ធពេកនោះទេសម្រាប់ទីក្រុងប៉េកាំង។ លោក Ian Johnson អ្នកជំនាញជាន់ខ្ពស់សម្រាប់ការសិក្សាអំពីប្រទេសចិន នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលជាស្ថាប័នវិភាគមួយមានមូលដ្ឋាននៅ សហរដ្ឋអាមេរិកបានកត់សម្គាល់ថា: ប្រទេសចិនមានទំហំ សេដ្ឋកិច្ចធំជាងហើយប្រទេសនេះមិនពឹងផ្អែកលើការនាំចេញនិងនាំចូលដូចរុស្ស៊ីនោះទេ។

លោកបាននិយាយថា «ប្រសិនបើប្រភេទនៃការដាក់ទណ្ឌកម្មដែលដាក់ទៅលើរុស្ស៊ី នឹងត្រូវយកមកអនុវត្តលើប្រទេសចិន នោះវានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់លោកខាងលិចដាំក្បាលចុះ។ ដូច្នេះ ខ្ញុំមិនគិតថា ប្រទេសចិននឹងត្រូវបានរារាំងដោយទណ្ឌកម្មទាំងនេះទេ»។

លោកJohnson បានបន្ថែមថា លើសពីនេះទៅទៀត វាគឺជាទំហំនៃការរួបរួមទៅវិញទេដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យអាចប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីបាន។

លោកបាននិយាយថា «ដូច្នេះ សំណួរគឺនៅត្រង់ថា តើលោកសេរីដែល បើទោះជាមិនល្អឥតខ្ចោះ ក៏នៅតែគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិដែលមាន ស្រាប់ដែរនោះមានប្រតិកម្មយ៉ាងណាដែរ? ហើយ​តើប្រតិកម្ម​នោះ​ខ្លាំងដល់កម្រិតណា? ខ្ញុំ​គិត​ថា: វា​គួរ​តែ​ជាចំណុចដែលធ្វើ​ឱ្យ​ចិន​ទុចង៉ក់ដើម្បីងាកមក​ពិចារណាមើល​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង ​ប្រសិន​បើ​ខ្លួន​វាយ​ប្រហារ​តៃវ៉ាន់»។

លោកស្រី Sun ដែលមកពីមជ្ឈម ណ្ឌល Stimson បានយល់ស្របលើករណីនេះ។ លោកស្រីបាននិយាយថា «ប្រទេសចិនត្រូវតែគិតពិចារណារអំពីសម្ព័ន្ធភាពដ៏រឹងមាំនិងទូលំទូលាយក្នុងការប្រឆាំងនឹងអ្នកឈ្លានពានមួយនេះ ដែលមិនត្រឹមតែរួមបញ្ចូលនូវប្រទេសអភិវឌ្ឍរបស់លោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ»។

លោកស្រី Sun បាន​បន្ថែម​ថា «​សម្រាប់បញ្ហា​តៃវ៉ាន់ ប្រសិនបើចិនសម្រេចចិត្តធ្វើសកម្មភាពឈ្លានពានមែននោះ វានឹងមានន័យថា ប្រទេសនេះសម្រេចដាក់ខ្លួនឯងឱ្យនៅឯកោពីឆាកអន្តរជាតិហើយ។ ដូច្នេះ​ទាំងផ្លូវ​យោធា និងទាំងផ្លូវ​នយោបាយក្ដី អ្វី​ដែល​បាន​ស្ដែងឱ្យឃើញនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ មិន​មែនជា សញ្ញា​លើក​ទឹកចិត្ត​សម្រាប់ទីក្រុងប៉េកាំង ក្នុង​ការ​ឈ្លានពានដោយប្រើប្រាស់កម្លាំងយោធាមក​លើ​កោះ​តៃវ៉ាន់​នោះ​ទេ»។

ម៉្យាងវិញទៀត ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី អាចនឹងផ្តល់ឱ្យទីក្រុងប៉េកាំងនូវគំនិតមួយចំនួនអំពី របៀបដែលសហគមន៍អន្តរជាតិបញ្ចេញប្រតិកម្ម ប្រសិនបើខ្លួន ព្យាយាមឈ្លានពានកោះតៃវ៉ាន់។ ការនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលចិនអាចគិតគូរពីរបៀប ការពារខ្លួនដើម្បីគេចចេញពីការដាក់ទណ្ឌកម្មបានកាន់តែ ប្រសើរជាងមុន។

លោក Bill Hayton សហការីម្នាក់នៃកម្មវិធីអាស៊ីប៉ាស៊ីហ្វិកនៅស្ថាប័នវិភាគ Chatham House បាននិយាយថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនឹងលើកទឹកចិត្តដល់ថ្នាក់ ដឹកនាំចិនឱ្យបន្តព្យាយាមបង្កើតនូវជម្រើសផ្សេងៗជំនួសឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់លោកខាងលិច។

«ជម្រើសទាំងនោះរាប់បញ្ចូលទាំងការឈប់ប្រើការទូទាត់ប្រាក់ដុល្លារនៅទីក្រុងញូវយ៉ក និងឈប់ប្រើប្រព័ន្ធទូទាត់ SWIFT ព្រមទាំងបញ្ឈប់ការរក្សាទុកទុនបម្រុងរូបិយប័ណ្ណរបស់ខ្លួន នៅក្នុងធនាគារបរទេសទៀតផង»។

នេះមិនមែនជារឿងថ្មីនោះទេ ព្រោះអស់ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនបាននិងកំពុងព្យាយាមកាត់ បន្ថយការពឹងផ្អែកខាងផ្នែកសេដ្ឋកិច្ចលើប្រព័ន្ធធនាគារ និងយន្តការហិរញ្ញវត្ថុរបស់លោកខាងលិចដែលរួមមានដូចជាការ បង្កើតរូបិយបណ្ណឌីជីថលរបស់រដ្ឋ និងបង្កើតនូវប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងកាត់ ព្រំដែន (Cross-Border Interbank Payment System – CIPS) ដែលជាគូប្រជែងជាមួយប្រព័ន្ធ SWIFT របស់ទីក្រុងប្រ៊ុចសែលជាដើម។

អ្នក​វិភាគនានានៅ​តែ​មិន​ប្រាកដ​ទេថា ​តើប្រទេស​ចិនបានដើរដល់កម្រិតណាទៅហើយទេ ជុំវិញរឿងនេះ។ លោកបានបន្ថែមថា «ខណៈពេលដែលប្រជាជននិងប្រទេសជាច្រើនមិនចូលចិត្តប្រព័ន្ធហិរញ្ញវត្ថុដែល ពឹងផ្អែកលើប្រាក់ដុល្លា មានសាជីវកម្មអន្តរជាតិ ឬរដ្ឋាភិបាល មួយចំនួនទំនងជាបានជឿជាក់ថា: ប្រព័ន្ធដែលដំណើរការដោយរដ្ឋាភិបាលចិន នេះ គឺជាជម្រើសបម្រុងមួយ» ។

លោក Hayton បាននិយាយថា «ចំនួននៃការចាប់អារម្មណ៍ដ៏តិចតួចនេះនឹងមិនបញ្ឈប់ប្រទេសចិនពី ការព្យាយាមជំរុញឱ្យគំនិតនេះអោយលេចចេញជារូបរាងនោះទេ ដែលជាលទ្ធផល គេអាចនឹងឃើញការ បំបែកចេញពីគ្នារវាងប្រព័ន្ធហិរញ្ញវត្ថុនៃពិភពលោកដែល “សេរី និងបើកចំហ” ជាមួយនិង “សហគមន៍នៃអនាគតរួមគ្នា” របស់ប្រទេសចិន»។

ក្ដីរំខានចំពោះសហរដ្ឋអាមេរិកនៅអឺរ៉ុបខាងកើត អាចជា មេរៀនដ៏សំខាន់បំផុតមួយសម្រាប់រដ្ឋាភិបាលចិន។ ទីក្រុងប៉េកាំងទំនងជារីករាយនៅពេលបានឮថា សុន្ទរកថារបស់លោក Biden នៅឯសភាសហព័ន្ធក្នុងសប្តាហ៍នេះមានលឺនិយាយអំពីប្រទេសចិនត្រឹម2ដងប៉ុណ្ណោះ ហើយមិនមានលឺនិយាយទាល់តែសោះអំពីកោះតៃវ៉ាន់ ឬពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រសិនបើលោក Xi ពិចារណាថា ទីក្រុងវ៉ាស៊ីនតោនមិនអាចផ្ដោតលើ «សមរភូមិ២ក្នុងពេលតែមួយបាន» ជាពិសេសនៅពេលដែលកងទ័ពអាមេរិកមិនមានវត្តមាននៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនផងនោះ វាអាចនឹងផ្តល់ទំនុកចិត្តដល់ចិនក្នុងការបង្កការអុកឡុកណាមួយបាន។

លោកស្រី Sun បាននិយាយថា «ការបង្កសង្រ្គាមនិងអំពើហិង្សានៅអឺរ៉ុបពីសំណាក់ប្រទេសរុស្ស៊ីនឹងបង្ខំឱ្យសហរដ្ឋអាមេរិកបែងចែកការយកចិត្តទុកដាក់របស់ខ្លួនរវាងចិននិងរុស្ស៊ី និងរវាងអឺរ៉ុបនិងឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមាន ន័យថា សហរដ្ឋអាមេរិកនឹងមានការរំខាន បើទោះជាខ្លួនមិននិយាយ ឬមិនចង់ក៏ដោយ»៕ David Hutt/Asia Times

អត្ថបទទាក់ទង