ខ្មែរប៉ុស្ដិ៍ Close

អឺរ៉ុបប្រកាន់ជំហរច្បាស់លាស់ ក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
អឺរ៉ុបប្រកាន់ជំហរច្បាស់លាស់ ក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា អឺរ៉ុបប្រកាន់ជំហរច្បាស់លាស់ ក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា

លោកស្រី ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា និងបានបញ្ជាក់ថាសហភាពអឺរ៉ុប តែងប្រកាន់ជំហរច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។

ការអះអាងរបស់លោកស្រី ខាមែន ម៉ូរេនូ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោកស្រីចូលជួបសំដែងការគួរសម និងពិភាក្សាអំពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ខាមែន ម៉ូរេនូ ដែលត្រូវបានចូលមកបំពេញភារកិច្ចជំនួសលោក ច្សច អេដហ្គា (George Edgar) ដែលបានចប់បេសកកម្មការងារនៅ កម្ពុជាកាលពីពេលថ្មីៗកម្លងមកជាមួយនឹងក្តីរំពឹងយ៉ាងមុតមាំថា វត្តមានរបស់លោកស្រី នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហភាពអឺរ៉ុបឱ្យកាន់តែរឹងមាំថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច ដែលកម្ពុជាកំពុងសម្រេចបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។ កម្ពុជា កំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ ២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាសារវ័ន្ធ នៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់។

លោកស្រី ខាមែន ម៉ូរេនូ ក៏បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ប្រតិបត្តិការរបស់សហភាពអឺរ៉ុប រហូតទទួលបានជោគជ័យ ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក។

លោកស្រី នឹងបន្តគាំទ្រជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-សភាពអឺរ៉ុប ឲ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្រ្តថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការដែលស្រមតាមតម្រូវការជាអាទិភាព ជាក់ស្តែង និងកម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាបន្តការគាំទ្រដល់កម្មវិធីនៃកិច្ចសហប្រតិបត្តិការ ដែលកំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program) ការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម៕

អត្ថបទទាក់ទង