ទស្សនៈមិត្តអ្នកអាន៖ «អាមេរិកគួរមានមេដឹកនាំឱ្យបានច្រើន ដូចអតីតប្រធានាធិបតី ខេណេឌី»
នៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅភាពអាប់អួរនិងតានតឹង យើងកំពុងព្យាយាមស្វែងរកស្មារតីនៃក្តីសង្ឃឹម គឺក្តីសង្ឃឹមដើម្បីសន្តិភាព ជាពិសេសពីសំណាក់ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចខ្លាំងបំផុតនៅលើពិភពលោក។ យើងនឹកឃើញដល់សពលោកអតីតប្រធានាធិបតី ចន អេហ្វ ខេណេឌី (John F. Kennedy)។ យើងរំលឹកនឹកដល់ស្មារតីសន្តិភាពរបស់គាត់។ យើងចាំបាននូវសុន្ទរកថាសន្តិភាពរបស់គាត់ដែលបានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦៣ បន្ទាប់ពី «វិបត្តិមីស៊ីលនៅគុយបា» នៅខែតុលា ឆ្នាំ១៩៦២ ដែលជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ និងដ៏គ្រោះថ្នាក់បំផុតរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ហើយក៏ជាពេលដែលប្រទេសមហាអំណាចទាំងពីរដើរជិតបំផុតទៅរកជ្រោះនៃជម្លោះនុយក្លេអ៊ែរ។ ប៉ុន្តែសង្គ្រាមនុយក្លេអ៊ែរត្រូវបានចៀសផុត។ លោក ខេណេឌី បានដឹងយ៉ាងច្បាស់អំពីកម្លាំងនៃអាវុធនុយក្លេអ៊ែរ ពោលគឺលទ្ធភាពនៃការបំផ្លាញខ្ទេចខ្ទី «ក្នុងរយៈពេល ២៤ ម៉ោងដំបូង» ។
«សន្តិភាពសម្រាប់បុរសនិងស្ត្រីគ្រប់រូប សន្តិភាពសម្រាប់គ្រប់សម័យកាល» គឺជាអ្វីដែលលោក ខេណេឌី បានអំពាវនាវចង់បាន ។ សន្តិភាពដែលដោះស្រាយកង្វល់ផ្នែកសន្តិសុខ មិនត្រឹមតែសម្រាប់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនក្នុងពិភពលោកទាំងមូលផងដែរ។ «តើខ្ញុំសំដៅដល់សន្តិភាពបែបណា? តើយើងស្វែងរកសន្តិភាពបែបណា? មិនមែនសន្តិភាពដូច Pax Americana (គឺសំដៅលើប្រព័ន្ធពិភពលោក ដែលគ្រប់គ្រងដោយអាមេរិក) ដែលអាមេរិកដាក់បន្តុបទៅលើពិភពលោក ដោយប្រើប្រាស់អាវុធសង្រ្គាមរបស់ខ្លួននោះទេ។ មិនមែនជាសន្តិភាពដែលមាននៅទីបញ្ចុះសព ឬសន្តិសុខរបស់ទាសករនោះទេ។ ខ្ញុំកំពុងនិយាយអំពីសន្តិភាព ពិតប្រាកដដែលជាសន្តិភាពដែលធ្វើឱ្យជីវិតរស់នៅលើផែនដីមានតម្លៃជាសន្តិភាព ដែលអាចឱ្យមនុស្សនិងប្រទេសជាតិទាំងឡាយរីកចម្រើននិងមានក្តីសង្ឃឹម និងដើម្បីកសាងជីវិតឱ្យកាន់តែប្រសើរឡើងសម្រាប់កូនចៅរបស់ពួកគេ។ មិនមែនគ្រាន់តែជាសន្តិភាពសម្រាប់ជនជាតិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាសន្តិភាពសម្រាប់បុរស និងស្ត្រីគ្រប់រូប។ មិនមែនត្រឹមតែជាសន្តិភាពក្នុងសម័យកាលរបស់យើងទេ ប៉ុន្តែជាសន្តិភាពសម្រាប់គ្រប់សម័យកាលទាំងអស់»។
យើងត្រូវការស្មារតីបែបនេះពីអ្នកនយោបាយអាមេរិកដើម្បីជួយបង្អន់សង្គ្រាមនិងភាពតានតឹងដែលសហរដ្ឋអាមេរិក ដែលបាននិងកំពុងដើរតួនាទីមួយផ្នែក ដោយសម្អាងលើហេតុផលដែលអាមេរិកចាត់ទុកថាជាកង្វល់សន្តិសុខជាតិ ការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការការពារឋានៈរបស់ខ្លួនជាមហាអំណាចខ្លាំងបំផុតនៅលើពិភពលោក។ នៅពេលដែលសហរដ្ឋអាមេរិកថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន ហើយនិងចិនចំពោះការប្រើអំណាចបង្ខិតបង្ខំ យើងអាចយល់អំពីអ្វីដែលអាមេរិកចង់ធ្វើ។ នោះគឺការត្រួតពិនិត្យលើការរំលោភបំពានអំណាចដោយប្រទេសមហាអំណាច។ ប៉ុន្តែយើងសួរវិញថា ចុះបើអាមេរិកបំពានអំណាចវិញ តើនរណាជាអ្នកត្រួតពិនិត្យអាមេរិក? មនុស្សជាច្រើនជឿថា សង្គ្រាមនៅអ៊ុយក្រែនកំពុងក្លាយជាសង្គ្រាមដោយតួអង្គតំណាងរវាងអាមេរិក និងរុស្ស៊ី។
អ្នកវិភាគជាច្រើន រួមទាំងវិទ្យាស្ថាន CATO នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ជឿជាក់ថា សហរដ្ឋអាមេរិកក៏មានកំហុសមួយផ្នែកក្នុងការបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែនដែរ តាមរយៈការរំលោភបំពានម្តងហើយម្តងទៀតទៅលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។ វិទ្យាស្ថាន CATO បានសរសេរថា «មន្ត្រីអាមេរិកនិងអឺរ៉ុបបានបំពានភ្លើងក្រហមម្តងហើយម្តងទៀត។ លោកប្រធានាធិបតី ចច ប៊ូស (George W. Bush) បានចាប់ផ្តើមចាត់ទុកប្រទេសហ្សកហ្ស៊ីនិងអ៊ុយក្រែនថាជាសម្ព័ន្ធមិត្តនយោបាយនិងយោធាដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ២០០៨ លោកបានជំរុញអង្គការណាតូ (NATO) ឱ្យទទួលស្គាល់អ៊ុយក្រែន និងហ្សកហ្ស៊ីជាសមាជិក»។
នៅភាគខាងកើតនៃពិភពលោកវិញ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិនបានបង្កឱ្យមានការព្រួយបារម្ភសម្រាប់មេដឹកនាំក្នុងតំបន់។ ពួកគេភ័យខ្លាចការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធដែលអាច
មានផលប៉ះពាល់ចំពោះតំបន់ទាំងមូល មិនមែនត្រឹមតែរវាងប្រទេសមួយចំនួនដែលប្រឈមមុខដាក់គ្នាដោយផ្ទាល់នោះទេ។ ពីអាស៊ីប៉ាស៊ីហ្វិកដល់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពីសមុទ្រចិនខាងត្បូងដល់សមុទ្រចិនខាងកើត រហូតដល់កោះតៃវ៉ាន់ យើងឃើញហេតុផលជាច្រើនដែលត្រូវព្រួយបារម្ភអំពីសន្តិសុខ និងសន្តិភាពក្នុងតំបន់និងសកលលោក។ យ៉ាងណាក្តីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់, ការកសាងសម្ព័ន្ធភាពផ្តាច់មុខដូចជា AUKUS (សម្ព័ន្ធភាពរវាងអូស្ត្រាលី អង់គ្លេសនិងអាមេរិក) , QUAD (សម្ព័ន្ធភាពរវាង អូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក), QUAD Plus (សំដៅ លើ QUAD បូកថែមប្រទេសផ្សេងៗ) និង NATO Plus (សំដៅលើ NATO បូកថែមប្រទេសផ្សេងៗ) ជាដើម មិនបានផ្តល់ក្តីសង្ឃឹមណាមួយសម្រាប់សន្តិភាព និងស្ថិរភាពនោះទេ។
ប្រទេសមួយចំនួនដូចជា កម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានបង្ហាញក្តីកង្វល់ពីសក្តានុពលនៃការរីកសាយអាវុធនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយអូស្ត្រាលី ពីអាមេរិកនិងអង់គ្លេស។ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី ថែមទាំងបាននិយាយថា ផ្លូវសមុទ្ររបស់ខ្លួនមិនគួរអនុញ្ញាតឱ្យនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលីប្រើប្រាស់នោះទេ ព្រោះ «AUKUS ត្រូវបានបង្កើតឡើងសម្រាប់ការប្រយុទ្ធ»។
សកម្មភាពទាំងឡាយខាងលើរបស់អាមេរិកសុទ្ធតែធ្វើឡើងក្នុងហេតុផលដូចគ្នា ពោលគឺដើម្បីបញ្ឈប់រុស្ស៊ី និងបញ្ឈប់ចិន។ ប៉ុន្តែតើអ្នកណានឹងបញ្ឈប់អាមេរិក? ជំនួសឱ្យការបង្អន់និងកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើង យើងឃើញមានតែការលើកទឹកចិត្តបន្ថែមទៀតសម្រាប់សង្គ្រាម ជម្លោះ និងការប្រឈមមុខគ្នា។ មានការរៀបចំសមយុទ្ធយោធាកាន់តែច្រើនឡើងនៅក្នុងតំបន់ បូករួមទាំងសំណើរបស់ឥណ្ឌូនេស៊ីដើម្បីរៀបចំសមយុទ្ធយោធាអាស៊ានលើកដំបូងនៅសមុទ្រចិនខាងត្បូង។
សំណើរបស់ឥណ្ឌូនេស៊ីគឺជាបញ្ហាកង្វល់។ ប្រទេសទាំងអស់គួរតែដកថយមួយជំហានដើម្បីទុកលំហដល់សន្តិភាព។ យើងក៏មើលឃើញការញុះញង់ដែលកំពុងកើនឡើងពីសំណាក់សម្ព័ន្ធមិត្តអាមេរិកដែលចង់ឆ្លៀត
ឱកាសវាយជួងសង្គ្រាម និងរោទិ៍កណ្ដឹងឱ្យកាន់តែខ្លាំងឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនិងចិន។ ប៉ុន្តែការណ៍នេះប្រៀបដូចជាចំណងជើងនៃប្រលោមលោកមួយក្បាលរបស់កវីជនជាតិអាមេរិក អ៊ើណេស ហេមីងវ៉េ (Ernest Hemingway) ដែលមានចំណងជើងថា «តើកណ្តឹងរោទិ៍សម្រាប់អ្នកណាទៅ ?»។ យើងឮតែសំឡេងជួង និងកណ្តឹងរោទិ៍ ពីវិហារគ្រឹស្ត វត្តអារ៉ាម វិហារឥស្លាម វិហារជ្វីហ្វ ប៉ុន្តែសំឡេងជួងនោះគឺជាសំឡេងជួងនៃពិធីបុណ្យសព ជាមួយនិងសំឡេងយំសោកសៅ និងកាន់ទុក្ខពីក្រុមគ្រួសារនៃអ្នកស្លាប់។ យើងលែងឃើញសហរដ្ឋអាមេរិកដើរតួនាទីទៀតហើយនៅក្នុងដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា ដូចអ្វីដែលយើងធ្លាប់បានឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលលោកប្រធានាធិបតីអាមេរិក ប៊ីល ឃ្លីនតុន (Bill Clinton) បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅសេតវិមាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ១៩៩៣។ នេះគឺជាស្មារតីអាឡោះអាល័យចំពោះភាពជាអ្នកដឹកនាំសន្តិភាពរបស់សហរដ្ឋអាមេរិកកាលពីអតីតកាល ។
ជាអកុសល ក្នុងស្ថានភាពបច្ចុប្បន្នអ្នកនយោបាយអាមេរិកមិនមែនខិតខំស្វែងរករបៀបវារៈសន្តិភាពនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេកំពុងបង្កើនកំដៅនៃសង្រ្គាម បង្កើនការសង្ស័យនិងការបែកបាក់ក្នុងចំណោមរដ្ឋដែលជាគូបដិបក្ខ ហើយបង្កើតភាពតានតឹង និងភាពស្មុគស្មាញបន្ថែមទៀតនៅក្នុងតំបន់ជម្លោះសំខាន់ៗក្នុងពិភពលោក។ យើងឃើញមានតែសុន្ទរកថាដែលពិសពុល ជំរុញឱ្យមានការស្អប់ខ្ពើម ការប្រកាន់មនោគមវិជ្ជា ការស្អប់ខ្ពើមពូជសាសន៍ និងការបំបែកបំបាក់។ សកម្មភាពទាំងអស់គឺសុទ្ធតែដើម្បីទប់ស្កាត់រុស្ស៊ីនិងចិន។ យើងគួរងាកចេញពីការព្យាយាមប្រឈមមុខដាក់គ្នា ហើយយើងគួររំលឹកនូវស្មារតីសន្តិភាពរបស់សពប្រធានាធិបតី ខេណេឌី។
«សន្តិភាពមិនមែនសុទ្ធតែមិនអាចប្រតិបត្តិបាននោះទេ ហើយសង្គ្រាមក៏មិនមែនសុទ្ធតែមិនអាចចៀសផុតបាននោះដែរ»។ លោក ខេណេឌី ជឿថា សង្រ្គាមគឺមនុស្សជាអ្នកបង្កើត ដូច្នេះហើយមនុស្សក៏ត្រូវតែ អាចដោះស្រាយបញ្ហាសង្គ្រាមនោះបានដែរ។ លោក ខេណេឌី បានទទួលស្គាល់ថា រដ្ឋនីមួយៗតែងមានគំនិតខុសគ្នា ប៉ុន្តែការខ្វែងគំនិតទាំងនោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី។ «សន្តិភាពពិភពលោក គឺដូចជាសន្តិភាពសហគមន៍ វាមិនតម្រូវឱ្យមនុស្សម្នាក់ៗត្រូវតែស្រឡាញ់អ្នកជិតខាងនោះទេ។ សន្តិភាពទាមទារឱ្យពួកគេរស់នៅជាមួយគ្នាដោយការអត់ឱនគ្នាទៅវិញទៅមក ហើយជំរុញការដោះស្រាយជម្លោះដោយយុត្តិធម៌ និងដោយសន្តិវិធី»។
លោកបានជំរុញឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់ប្រើប្រាស់ធនធាននិងថវិកាដើម្បីបុព្វហេតុសង្គម ជំនួសឱ្យការវិនិយោគលើសង្គ្រាម និងការរត់ប្រណាំងសព្វាវុធ។ «ដ្បិតអីប្រទេសយើងទាំងពីរ (អាមេរិកនិងសូវៀត) កំពុងតែចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអាវុធ ប៉ុន្តែធនធានទាំងនោះតាមពិតគួរតែត្រូវបានប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជា ភាពក្រីក្រនិងជំងឺទើបជាការប្រសើរជាង។ ប្រទេសយើងទាំងពីរបានជាប់ផុងនៅក្នុងវដ្ដដ៏កាចសាហាវ និងគ្រោះថ្នាក់ដែលការសង្ស័យពីភាគីម្ខាងបង្កឱ្យមានការសង្ស័យទៅលើភាគីម្ខាងទៀត ហើយអាវុធថ្មីត្រូវបានបង្កើតឡើងដើម្បីប្រឆាំងតបនឹងអាវុធចាស់»។ ហើយជាចុងក្រោយ លោក ខេណេឌី បានលើកទឹកចិត្តឱ្យយើងគ្រប់គ្នាខិតខំព្យាយាមបង្កើតយុទ្ធសាស្ត្រដើម្បីសន្តិភាព មិនមែនខិតខំបង្កើតយុទ្ធសាស្ត្រដើម្បីប្រល័យលោកនោះទេ។ អ្នកនយោបាយអាមេរិក និងមេដឹកនាំពិភពលោកគួរតែរំលឹកស្មារតីសន្តិភាពនេះឡើងវិញ។
ជាចុងក្រោយ យើងសូមឧទ្ទិសការគោរពដល់វិញ្ញាណក្ខន្ធ លោកប្រធានាធិបតី ចន ខេណេឌី ដែលជាឥស្សរជនដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូបរបស់ពិភពលោក៕
ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)