ខ្មែរប៉ុស្ដិ៍ Close

លោកពូទីន និងលោកស៊ីជីនពីង គាំទ្រយ៉ាងខ្លាំងចំពោះមជ្ឈភាពរបស់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
លោកពូទីន និងលោកស៊ីជីនពីង គាំទ្រយ៉ាងខ្លាំងចំពោះមជ្ឈភាពរបស់អាស៊ាន Photo: Asia Times

វាជាលើកដំបូងហើយ ដែលមេដឹកនាំរុស្ស៊ីនិងចិន បានជួបគ្នានៅក្នុងកិច្ចប្រជុំដាច់ដោយឡែក និងបានលើកឡើងអំពីអាស៊ាននៅក្នុងអំឡុងពេលនៃការពិភាគ្សារបស់ពួកគេ។ ជារៀងរាល់ឆ្នាំ ប្រទេសទាំងពីរតែងតែ បានជួបប្រជុំទ្វេភាគីជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងកិច្ចប្រជុំកំពូលដែលដឹកនាំដោយអាស៊ាន។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំង ពួកគេ បានឆ្លៀតឱកាសដើម្បីផ្តល់ការធានាដល់បណ្តាប្រទេសជាមិត្តទាំងអស់នៅក្នុងតំបន់ថា ពួកគេបានប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ហើយពួកគេទាំងពីរ ក៏បានច្រានចោលចំពោះសម្ព័ន្ធភាពសន្តិសុខថ្មីទាំងឡាយទាំងពួង។

សេចក្តីថ្លែងការណ៍រួមរវាងទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំង បានបញ្ជាក់យ៉ាងច្បាស់អំពីការរួមគ្នាដើម្បីប្រឆាំងនឹងអ្វីដែលគេហៅថា «Closed Bloc Structures និង Opposing Camps» នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ប្រទេសទាំងពីរ ក៏ បានរំលឹកឡើងវិញថា «ពួកគេនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ជុំវិញផលប៉ះពាល់អវិជ្ជមាន ដែលអាចនឹងកើតមាន នៅពេលអនាគតដែល បង្កឡើងដោយយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក»។

វាគឺជាឱកាសដ៏កម្រមួយដែលប្រទេសទាំងពីរបានប្រកាន់ជំហរដូចគ្នា ចំពោះក្របខណ្ឌយុទ្ធសាស្រ្តថ្មីរបស់អាមេរិកដែលបានភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្រ្តរបស់ប្រទេសទាំងពីរ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តនោះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ។

ដរាបណាមានបញ្ហាណាមួយកើតមាននៅក្នុងតំបន់ ប្រទេសរុស្ស៊ីនិងចិន នឹងព្យាយាមធ្វើការលើប្រព័ន្ធសន្តិសុខ ប្រកបដោយសមធម៌ បើកចំហ និងប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR) ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ហើយមិនសំដៅទៅលើការប្រឆាំងនឹងប្រទេសទី៣ នោះទេ។

គេបានកត់សម្គាល់នៅត្រង់ចំណុចនេះថា អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ដែលទីក្រុងម៉ូស្គូបានព្យាយាមជំរុញឱ្យមានក្របខណ្ឌសន្តិសុខសមូហភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប៉ុន្តែគំនិតនេះទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះពីបណ្តាប្រទេសផ្សេងៗ។ គេបានរៀបចំធ្វើសិក្ខាសាលាមួយចំនួនកាលពីពេលកន្លងមក ប៉ុន្តែវាមិនបានផ្តល់នូវលទ្ធផលជាក់ស្តែងណាមួយឡើយ។

ប្រទេសចិនដែលបាននិងកំពុងជំរុញភាពជាដៃគូសន្តិសុខសមូហភាព នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ហាក់កំពុងតែទទួលបានជោគជ័យជាង។ កាលពីខែវិច្ឆិកាកន្លងទៅ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន លោក Xi បានបង្ហាញការគាំទ្រចំពោះយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន ហើយបានសន្យាថា នឹងយកយុទ្ធសាស្ត្រនោះដើម្បីមកសហការរួមគ្នាជាមួយនឹងគំរោងសហប្រតិបត្តិការរបស់ប្រទេសចិនដែលរួមមានទាំងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវផងដែរ។

ប្រទេសទាំងពីរ ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស (AUKUS) ដែលបានជះឥទ្ធិពល ដល់ស្ថិរភាពជាយុទ្ធសាស្ត្រ ជាពិសេសនៅក្នុងវិស័យនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នៅពេលដែលសម្ព័ន្ធភាពសន្តិសុខថ្មីនេះត្រូវបានប្រកាសកាលពីឆ្នាំមុន ប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានធ្វើការប្រតិកម្មយ៉ាងខ្លាំង

ប្រទេសរុស្ស៊ីនិងចិន ជឿជាក់ថាសកម្មភាពបែបនេះគឺផ្ទុយទៅនឹងគោលបំណងក្នុងការរក្សាសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក, បង្កើនគ្រោះថ្នាក់ពាក់ព័ន្ធនឹងការប្រកួតប្រជែងផ្នែកសព្វាវុធនៅក្នុងតំបន់ និងបង្កជាហានិភ័យធ្ងន់ធ្ងរនៃការរីកសាយភាយថាមពលនុយក្លេអ៊ែរ។

ប្រទេសទាំងពីរ បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើបែបនេះ និងបានអំពាវនាវឱ្យប្រទេសជាសមាជិកនៅក្នុងកិច្ចព្រមព្រៀង AUKUS បំពេញតាមការប្តេជ្ញាចិត្តក្នុងការរក្សាមិនឱ្យមានការរីកសាយភាយនុយក្លេអ៊ែរនិងមីស៊ីលរបស់ពួកគេដោយ ភាពស្មោះត្រង់ និងធ្វើការរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

លើសពីនេះ សេចក្តីថ្លែងការណ៍រួមបានផ្តោតទៅលើបញ្ហារសើបមួយចំនួនទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យផងដែរ ដោយប្រទេសទាំងពី បានអះអាងយ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យគឺជាតម្លៃមនុស្សជាសកល និងមិនមែនជាកម្មសិទ្ធិរបស់ប្រទេសមួយចំនួននោះទេ ហើយការលើកកម្ពស់ និងការការពារគឺជាទំនួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិទាំងមូល ដែលស្របជាមួយនឹងគំនិតនៅក្នុងតំបន់ ពាក់ព័ន្ធនឹងការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងអំឡុងពេលនៃការពិភាក្សា ប្រទេសរុស្ស៊ីនិងចិន ក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីជាមួយឥណ្ឌាដែល ការងារនេះ នៅតែជាការងារដែលកំពុងដំណើរការនៅឡើយ។

ដោយសារតែប្រទេសទាំងពីរ សុទ្ធតែជាសមាជិកនៅក្នុងយន្តការជាច្រើនដែលដឹកនាំដោយអាស៊ាន ដែលរួមមានដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា, វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដូចនេះពួកគេបាន ប្ដេជ្ញាថានឹងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងក្របខណ្ឌទាំងនេះឱ្យបានកាន់តែជិតស្និតជាមួយអាស៊ាន។ ឯប្រទេសឥណ្ឌាវិញ គឺជាសមាជិកមួយរបស់សម្ព័ន្ធក្រុមប្រទេសចតុភាគី Quad

ជាងនេះទៅទៀត ប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ ការអភិវឌ្ឍប្រកបដោយចីរភាព ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

អ្វីដែលសំខាន់បំផុតនោះគឺ ទាំងលោក ពូទីន និងលោក ស៊ី ជីនពីង បានប្រើប្រាស់កិច្ចប្រជុំទ្វេភាគីរបស់ពួកគេ ដើម្បីថ្លែងសារដ៏រឹងមាំមួយថា «កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងស៊ីជម្រៅរបស់ពួកគេ មិនមែនការពារត្រឹមតែផលប្រយោជន៍រួមរបស់ពួកគេប៉ុណ្ណោះទេ គឺថែមទាំងការពារសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្ត្ររបស់ពិភពលោកផងដែរ»។

ពិសេសជាងនេះទៅទៀត ពួកគេក៏បានសន្យាថា នឹងបន្តធ្វើការដើម្បីផលប្រយោជន៍ក្នុងការពង្រឹងតួនាទីរបស់អាស៊ានដែលជាធាតុសំខាន់នៃស្ថាបត្យកម្មក្នុងតំបន់៕ Thai PBS World