ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​ការ​ងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ចុះ MOU ជាមួយសាកលវិទ្យាល័យ ឆាង អាន នៃសាធារណៈរដ្ឋប្រជាមានិតចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 26

ឯកឧត្ដម​ បណ្ឌិត​ អុិត​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ ជា​អធិបតីភាព​នៃពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យ ឆាង អាន ប្រទេសចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានបីទៀតក្រោមឳវាទក្រសួង ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រៀងព្រមលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ ឆាង អាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងវិទ្យាស្ថានបីទៀតក្រោមឳវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះរួមមាន វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យ​គណៈ​ប្រតិភូ​សកលវិទ្យាល័យ ឆាង អាន ជួបសំដែងការគួសម​ ។ ឯកឧត្ដម​បាន​ថ្លែង​អំណរគុណ​ភាគី​ចិន​ដែលបានទទួលស្វាគមន៍ ចំពោះគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញទៅទស្សនកិច្ច នៅសាធារណៈរដ្ឋប្រជាមានិតចិនដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយសកលវិទ្យាល័យនាពេលកន្លងមក ព្រមជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមួយនេះ ដែលវាស្របទៅនឹងគោលនយោបាយ ដែលជាអតិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ។ តាមរយៈMOUនេះ នឹងធ្វើអោយចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន កាន់តែមានភាពរឹងមាំយូរអង្វែងបន្ថែមទៀត។ ឯកឧត្តម មានប្រសាសន៍ បន្តថា យុទ្ធសាស្ត្ររបស់សាធារណ:រដ្ឋប្រជាមានិតចិន គឺការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលវាពិតជាមានសារៈសំខាន់ណាស់ ដោយសារតែធនធានមនុស្សដ៏សម្បូរបែបនេះហើយបានជាប្រទេសចិនជាមហាអំណាចសេដ្ឋកិច្ចនៅលើលោក។

លោក Zhang Wei នាយករង នៃសាកលវិទ្យាល័យ ឆាង អាន ក៍បានថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានទទួលគណៈប្រតិភូ ខាងសកលវិទ្យាល័យរបស់លោក ហើយខាងសាកលវិទ្យាល័យនឹងបង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាអោយមានភាពកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា សកលវិទ្យាល័យ ឆាង អាន ជាសាកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសចិន ជាពិសេសផ្នែកវិស្វកម្មសំណង់ សាងសង់ផ្លូវ និងការគ្រប់គ្រងគមនាគមន៍សាធារណៈ។ សាកលវិទ្យាល័យនេះ នឹងផ្តល់អាហារូបករណ៍មកដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:កម្ពុជា កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ លើផ្នែកគ្រប់គ្រងសាធារណៈ ចំនែកអាហារូបករណ៍ដល់ត្រូវផ្តល់ជូនសាស្ត្រាចារ្យនៃវិទ្យាស្ថានទាំងបី គឺអាស្រ័យទៅលើមុខជំនាញនីមួយៗដែលវិទ្យាស្ថានមានតម្រូវការ។

តាមរយៈកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យ ឆាង អាន នឹងមានកម្មវិធីបណ្តុះបណ្តាលមួយដែលទទួលបាននូវសញ្ញាបត្រពីរ សញ្ញាបត្រនៅកម្ពុជាមួយ និងសញ្ញាបត្រនៅប្រទេសចិនមួយ ដែលនិស្សិតត្រូវរៀននៅកម្ពុជាចំនួន០២ឆ្នាំ និងនៅប្រទេសចិនចំនួន០២ឆ្នាំដែរ។ ក្រៅពីនេះសាកលវិទ្យាល័យឆាង អាន នឹងផ្តល់គ្រឿងបរិក្ខារបច្ចេកទេសដល់វិទ្យាស្ថានទាំង៣ដែលជាដៃគូររបស់សាកលវិទ្យាល័យផងដែរ។តាមរយៈកិច្ចសហប្រតិបត្តិការនេះ សកលវិទ្យាល័យឆាង អាន នឹងស្វែងរកនូវមូលនិធិក៍ដូចជាទុនវិនិយោគបន្ថែមទៀតដើម្បីអភិវឌ្ឍន៍វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសរបស់កម្ពុជាអោយទៅជាសាកលវិទ្យាល័យពហុបច្ចេកទេសមួយនាពេលខាងមុខ៕

អត្ថបទទាក់ទង