ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យសហជីពត្រូវដោះស្រាយលើតុចរចា ចៀសវាងការដឹកនាំ ធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 39
រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យសហជីពត្រូវដោះស្រាយលើតុចរចា ចៀសវាងការដឹកនាំ ធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន រដ្ឋមន្ត្រីក្រសួងការងារ ស្នើឱ្យសហជីពត្រូវដោះស្រាយលើតុចរចា ចៀសវាងការដឹកនាំ ធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសហជីព ត្រូវដោះស្រាយលើតុចរចា ចៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា បំផ្លិចបំផ្លាញ សម្បត្តិសាធារណៈ និងឯកជន។ ការស្នើនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរតំណែងប្រធាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវគិតដល់តុចរចាជាអតិបរមា ចៀសវាងឱ្យបានរាល់ការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា ដូចសហជីពមួយចំនួនបានធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ សម្រាប់បុគ្គល ឬក៏ក្រុមដែលធ្វើការញុះញង់ឱ្យប្រព្រឹត្តហិង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាម ផ្លូវច្បាប់ផងដែរ។

ទន្ទឹមនឹងនោះ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់ កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើ គោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការ ទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត សហជីពតំណាងកម្មករនិយោជិត និងនិយោជក ដោយបានដាក់ចេញនូវសកម្មភាព យុទ្ធសាស្ត្រសំខាន់ៗ ដូចមានចែងក្នុងសៀវភៅផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣។ ក្រៅពីផែនការយុទ្ធសាស្រ្ត ក្រសួងបានបង្កើតស្នាដៃ និងធ្វើកិច្ចការជាក់ស្តែងជាច្រើន ក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងការចូលរួមរបស់អង្គការវិជ្ជាជីវៈផងដែរ។

នាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង ក៏បានអបអរសាទរចំពោះ លោក សោម អូន ដែលត្រូវបានព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់ បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសូមអបអរសាទរចំពោះ លោក សួង ហួត ដែលបានទទួលនូវសេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្តពី លោក សោម អូន។

លោករដ្ឋមន្ត្រី ជឿជាក់ថា ក្នុងអាណត្តិទី៣ ដែលដឹកនាំដោយ លោក សួង ហួត នឹងបន្តការដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានល្អ ព្រមទាំងបង្កើតស្នាដៃថ្មីៗ បន្ថែមទៀត ដើម្បីបម្រើឱ្យផលប្រយោជន៍របស់កម្មករនិយោជិត ដោយផ្អែកលើទិដ្ឋភាព ច្បាប់ជាមូលដ្ឋាន និងដើម្បីរក្សាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

បើតាមរបាយការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានឱ្យដឹងថា សភា សម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានបង្កើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៧ ដោយមានការចូលរួមចងជាសម្ព័ន្ធភាពពីសហភាពចំនួន០៣ និងសហព័ន្ធចំនួន ០៨ ។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) គឺជាសម្ព័ន្ធសហភាពសហជីព ដែលបាន បង្កើតដំបូងគេបំផុតនៅកម្ពុជា ស្របពេលវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ មានការរីកចម្រើន ហើយពេលនោះវិវាទការងារក៏មានការកើតឡើងគួរកត់សម្គាល់ផងដែរ។

ដោយសារតែភាពសកម្មហើយ មានទស្សនៈវិស័យនិងគោលដៅច្បាស់លាស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ទទួលបានការទាក់ទាញនិងការចាប់អារម្មណ៍ពីសំណាក់ សហព័ន្ធ សហជីព អង្គការ សមាគម ដទៃទៀតចូលរួមជាសមាជិក និងបានចងជាសម្ព័ន្ធភាព ដែលរហូតមកដល់ពេលនេះ NACC មានសហភាពចំនួន0៧ និងសហព័ន្ធសហជីព សមាគម អង្គការ ចំនួន៥៦ ក្នុងនោះមានសមាជិកបម្រុងចំនួន០៤សហព័ន្ឋសហជីព។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើសកម្មភាព និងប្រមូលចងក្រងសមាជិកនៅ ក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យទេសចរណ៍ វិស័យស្បៀងអាហារ និងវិស័យកសិកម្ម។ បច្ចុប្បន្នសភាសម្ព័ន្ធសហជីព ជាតិកម្ពុជាមានសមាជិកសរុប គ្រប់វិស័យជាង ៤៥ម៉ឺននាក់៕

អត្ថបទទាក់ទង