ខ្មែរប៉ុស្ដិ៍ Close

គិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
គិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥% គិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥%

ក្នុងពិធីបើកកិច្ចប្រជុំសម្រេចលើអនាគត និងដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងភាពជាដៃគូក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដើម្បីឆ្ពោះទៅរកប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈមួយល្អប្រសើរសម្រាប់ទាំងនិយោជក និងកម្មករនិយោជិត។ កិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ រួមទាំងការដោះស្រាយវិវាទការងារ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលសំណុំរឿងវិវាទជាង ២,៦៥០ ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករនិយោជិតជាង ១លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥% ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម១៧ថ្ងៃ។

លោករដ្ឋមន្ត្រី បានបង្ហាញលទ្ធផលការងារជាច្រើន ដូចជាក្នុងរយៈកាលនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ក្រសួងបានខិតខំសម្រេចបានជោគជ័យនូវអាទិភាពទាំងឡាយដែលបានដាក់ចេញ ជាពិសេសអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម តាំងពីចាប់ផ្តើមរហូតដល់ការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការគាំទ្រឱ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល សិទ្ធិរបស់កម្មករនិយោជិតនឹងត្រូវបានលើកកម្ពស់ស្របតាមបទបញ្ញត្តិច្បាប់ស្តីពីការងារ។ ការពង្រឹងការអនុវត្តច្បាប់ស្តីពី សហជីពកាន់តែធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈថែមទៀត គឺ៖ ទី១.ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ទី២.ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣.ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤.រួមចំណែកក្នុងការបង្កើត ការងារសមរម្យ និងទី៥.បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានវិវាទការងារក៏បានដើរតួយ៉ាងសំខាន់ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាពផងដែរ តាមរយៈយន្តការផ្សះផ្សាវិវាទ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមជាមួយនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដូចជាប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល និងប្រកាសស្តីពីការតែងតាំងក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងច្បាប់ស្តីពីសហជីព ដែលទើបនឹងត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងមក។ ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួលអប្បបរមា បានបង្កើតបាននូវរូបមន្តប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដែលភាគីពាក់ព័ន្ធទាំងអស់ពេញចិត្តនឹងទទួលយក ហើយលក្ខណៈវិនិច្ឆ័យ សម្រាប់ធ្វើការកែសម្រួលប្រាក់ឈ្នួលអប្បបរមា។ ថ្មីៗនេះច្បាប់ចំនួន២ ត្រូវបានអនុម័ត គឺច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្ដីពីពីវិសោធនកម្មនៃច្បាប់ស្ដីពីការងារ បន្ទាប់ពីឆ្លងកាត់ដំណាក់កាល នៃការពិភាក្សាក្នុងសិក្ខាសាលាត្រីភាគី និងប្រមូលធាតុជាច្រើនលើកច្រើនសារពីគ្រប់ភាគីពាក់ព័ន្ធសំដៅធានាបាននូវផលប្រយោជន៍ជូនកម្មករនិយោជិត និងនិយោជក ស្របតាមបរិបទជាក់ស្តែងនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕

អត្ថបទទាក់ទង