ខ្មែរប៉ុស្ដិ៍ Close

លោក អុិត សំហេង ផ្ដល់អនុសាសន៍ដល់យុវជនសិក្សាពីភាពរីកចម្រើនពីបណ្តាប្រទេសនានា និងចែករំលែកពីការអភិវឌ្ឍកម្ពុជាទៅកាន់ប្រទេសទាំងនោះវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោក អុិត សំហេង ផ្ដល់អនុសាសន៍ដល់យុវជនសិក្សាពីភាពរីកចម្រើនពីបណ្តាប្រទេសនានា និងចែករំលែកពីការអភិវឌ្ឍកម្ពុជាទៅកាន់ប្រទេសទាំងនោះវិញ លោក អុិត សំហេង ផ្ដល់អនុសាសន៍ដល់យុវជនសិក្សាពីភាពរីកចម្រើនពីបណ្តាប្រទេសនានា និងចែករំលែកពីការអភិវឌ្ឍកម្ពុជាទៅកាន់ប្រទេសទាំងនោះវិញ

នាឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ៣៣រូប នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់អនុសាសន៍ល្អៗជាច្រើនដល់យុវជនខាងលើក្នុងគោលបំណងជំរុញឱ្យពួកគេខិតខំសិក្សាឱ្យបានច្បាស់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗដើម្បីពាំនាំនូវបទពិសោធន៍ល្អៗយកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួនព្រមទាំងចែករំលែកពីការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច របស់កម្ពុជាទៅប្រទេសទាំងនោះវិញ។

លោករដ្ឋមន្រ្តី បានបន្ដថា យុវជនដែលជាប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ជាពិសេសយុវជនទាំងអស់ត្រូវធ្វើជាមគ្គុទ្ទេសក៍ដ៏ល្អ ជាអ្នកការទូតតំណាងឲ្យកម្ពុជាដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដទៃទៀត។

លោករដ្ឋមន្រ្តី បានបន្តថា វាជាកម្មវិធីលើកទី ៤៦ហើយ សម្រាប់ឆ្នាំ២០១៩ នេះ ដែលមានរយៈពេល ៥១ថ្ងៃ (ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩) ដោយនាវា នឹងចូលចតក្នុងប្រទេសចំនួន០៥គឺ៖ ប្រទេសជប៉ុន វៀតណាម សឹង្ហបុរី មីយ៉ានម៉ា និង ម៉ាឡេស៊ី។ មុនពេលចូលកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាទាំងអស់ក៏បានទទួលការបណ្តុះបណ្តាលមុនពេលចេញដំណើររយៈពេល ៣ខែ (គិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩)។

សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ កម្មវិធីនេះ តែងតែបាននាំមកនូវការជួបជុំរវាងយុវជនអាស៊ាន និងជប៉ុន ជាង ៣០០នាក់។ ពេលនាវាចូលចតនៅតាមបណ្តាកំពង់ផែនៃប្រទេសនីមួយៗប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័ន គ្រឹះស្ថាននានារបស់ប្រទេសនោះ ជាពិសេសមានឱកាស បានជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋាភិបាល ក៏ដូចជាព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេសជប៉ុនផងដែរ។

ដោយឡែក សកម្មភាពនៅលើនាវារួមមាន៖ ការពិភាក្សាជាក្រុម ការសម្តែងសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗនិងសកម្មភាពផ្សេងៗក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍របស់យុវជនទាំងអស់៕

អត្ថបទទាក់ទង