ពិតជារំភើប! ឈ្នះស្រោមដៃមាស Premier League លើកដំបូងក្នុងអាជីព
បន្ទាប់ពីជួយ Manchester United លេងស្មើគ្នា ០-០ ជាមួយ West Ham អ្នកចាំទី David De Gea បានឈ្នះស្រោមដៃមាស (Golden Glove) ជាលើកដំបូងក្នុងអាជីពនៅក្របខ័ណ្ឌ Premier League។
គិតត្រឹមសប្ដាហ៍ទី៣៧នេះ អ្នកចាំទីលំដាប់អន្តរជាតិអេស្ប៉ាញរក្សាសំណាញ់ទីមិនឲ្យគូប្រកួតទាត់ចូល១៨ប្រកួត មានន័យថាលើសអ្នកចាំទី Ederson របស់ Manchester City ២ប្រកួត។ De Gea ក៏បានចែករំលែកពានមួយនេះទៅកាន់មិត្តរួមក្រុមនៅបិសាចក្រហមទាំងអស់គ្នាដែរ ដែលបានចូលរួមការពារទាំងអស់គ្នា។
ថ្លែងប្រាប់ទូរទស្សន៍ MUTV អ្នកចាំទីវ័យ២៧ ឆ្នាំបាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ល្អ។ វាជាពានស្រោមដៃមាសលើកដំបូងរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ពួកយើងការពារល្អក្នុងលីគរដូវកាលនេះ។ ខ្ញុំរីករាយសម្រាប់ខ្ញុំផងក៏ដូចជាក្រុមទាំងមូល។ ពាននេះសម្រាប់អ្នកទាំងអស់គ្នាក្នុងក្រុម។ វាជាពានសម្រាប់ក្រុម មិនមែនសម្រាប់តែអ្នកចាំទីតែម្នាក់ទេ”៕