ខ្មែរប៉ុស្ដិ៍ Close

សាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
សាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់ សាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់

សៀមរាប៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ចំនួន ១គ្រួសារ នៅភូមិដូនក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

មានប្រសាសន៍នាឱកាសនោះ លោកស្រី បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ តុង១ អង្ករ១០០គីឡូក្រាម មី១កេស និងថវិកាចំនួន៤សែនរៀល។ ជាមួយគ្នានេះដែរអនុសាខាក្រុងសៀមរាប បានឧបត្ថម្ភបន្ថែម អង្ករ៥០គីឡូក្រាម មី២កេស ទឹក២យួរ សាប៊ូ១ធុង (៤លីត្រ) និងថវិកា១សែនរៀល៕

អត្ថបទទាក់ទង