ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ នៃអតីតរាជធានីអង្គរធំជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33
អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ នៃអតីតរាជធានីអង្គរធំជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ នៃអតីតរាជធានីអង្គរធំជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល

អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​ ៩ ខែមិថុនា ឆ្នាំ​២០២១​ ម្សិលមិញនេះ បានចេញ​សេចក្តីជូនដំណឹង លេខ ៤០៨/២១ រ​.​ប សជណ ក្នុងការ​ផ្តល់ព័ត៌មាន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការបិទ​ចរាចរណ៍​ខ្លោងទ្វារ​តា​កាវ នៃ​អតីត​រាជធានី​អង្គរធំ ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ជួសជុល រើ​ថ្ម ដាក់ពង្រាយ​បំណែក​ថ្ម ផ្គុំ​ថ្ម និង​បំណែក​ចម្លាក់​សម្រាប់​ជួសជុល​ដែល​ចាំបាច់​ត្រូវ​បិទ​ខ្លោងទ្វារ​នេះ​។ នៅក្នុង​សេចក្តីជូនដំណឹង បានឱ្យដឹង​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការជួសជុល​ខ្លោងទ្វារ​តា​កាវ​នេះ ចាប់ពី​ខែមីនា ឆ្នាំ​២០២១​មកដល់​បច្ចុប្បន្ន មិនទាន់​រួចរាល់​នៅឡើយ​ទេ ។​

​ការបិទ​ចរាចរណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​សម្រួល​ដល់​ក្រុមការងារ​បច្ចេកទេស របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា ធានា​នូវ​សុខ​សុវត្ថិភាព​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​នេះ​។

​អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គភាព សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំងអស់​នឹង​យោគយល់ ហើយ​ចូលរួម​សហការ​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ភាពរលូន នៃ​ដំណើរការ​អភិរក្ស​សម្បត្តិ​ដូនតា​ទាំងអស់គ្នា​។​

សូម​ជម្រាបជូន​ថា ខ្លោងទ្វារ​តា​កាវ ស្ថិតនៅ​ទិស​ខាងលិច នៃ​អតីត​រាជធានី​អង្គរធំ ៕

អត្ថបទទាក់ទង