ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បណ្តុះគំនិតឱ្យកុមារស្វែងយល់ពីប្រវត្តិ និងការអភិរក្សបុរាណដ្ឋាន ដើម្បីឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ការពារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
អាជ្ញាធរជាតិអប្សរា បណ្តុះគំនិតឱ្យកុមារស្វែងយល់ពីប្រវត្តិ និងការអភិរក្សបុរាណដ្ឋាន ដើម្បីឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ការពារ អាជ្ញាធរជាតិអប្សរា បណ្តុះគំនិតឱ្យកុមារស្វែងយល់ពីប្រវត្តិ និងការអភិរក្សបុរាណដ្ឋាន ដើម្បីឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ការពារ

សាលាបឋមសិក្សាបន្ទាយសំរែ ជាសាលាគោលដៅទី២នៃកម្មវិធី អប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដែលរៀបចំឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរា ក្នុងបំណងចូលរួមចំណែកជាមួយ វិស័យអប់រំបញ្ជៀបចំណេះដឹងផ្នែកបេតិកភណ្ឌ បរិស្ថាន និងបំនិន នៃការអានដល់កុមារដែលរស់នៅក្នុងតំបន់អង្គរ។

កម្មវិធីនេះចែករំលែកចំណេះដឹងដោយអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី ជំនឿ សាសនា បរិស្ថាន និងតួនាទីរបស់កុមារក្នុងការរួមចំណែកថែរក្សានិងស្គាល់ពីកេរតំណែលដែលមានក្នុងតំបន់ខ្លួនរស់នៅ។

លោក ខៀវ ច័ន្ទ មន្ត្រីជំនាញបុរាណវិទ្យានៃមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ និង;វាគ្មិននៃកម្មវិធី បានឱ្យដឹងថា មនុស្សគ្រប់ជាតិសាសន៍ត្រូវស្គាល់ពីមរតករបស់ប្រទេសខ្លួន ថាមានកេរ្ត៍ អាករអ្វីខ្លះ មានបេតិកភណ្ឌអ្វីខ្លះជារបស់ផ្ទាល់ខ្លួន និងសម្រាប់ ជាតិខ្លួន។ ដូច្នេះ ការបណ្តុះឱ្យកុមារស្គាល់ពីប្រវត្តិសាស្ត្រ ពីមរតកដែលខ្លួនមាន ធ្វើឱ្យពួកគេចេះស្រឡាញ់ យល់ពីតម្លៃ និងចូលរួមការពារ។ ជាក់ស្តែងនៅ តាមបណ្តាប្រទេសជិតខាងនិងប្រទេសជឿនលឿន ក្នុងប្រព័ន្ធអប់រំគេបាន បញ្ចូលមេរៀននេះឱ្យកុមារស្គាល់ពីតូចៗ ហើយគេធ្វើយូរហើយដែរ តែប្រទេសយើងមិនទាន់បានធ្វើពេញដៃជើងនៅឡើយ។

លោកបន្តថា ពេលអង្គរចូលជាបេតិកភណ្ឌពិភពលោក អង្គការយូណេ ស្កូក៏បានជំរុញឱ្យអាជ្ញាធរជាតិអប្សរាគិតគូរពីរឿងអប់រំបេតិកភណ្ឌដល់សិស្សក្នុងតំបន់ឱ្យស្គាល់ពីមរតកដែលខ្លួនមានផងដែរ។ ដូច្នេះហើយ ជាជំហានដំបូងនាឆ្នាំ២០០៩ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបោះពុម្ព សៀវភៅគំនូរអំពីចម្លាក់បេតិកភណ្ឌ សហការជាមួយមន្ទីរអប់រំយុវជនកីឡា ខេត្តសៀមរាបនិងអង្គការសហព័ន្ធជាតិយូណេស្កូប្រទេសជប៉ុនបាន២ភាគ ព្រមទាំងចុះបង្រៀនដល់ក្មេងៗឱ្យស្គាល់ពីបេតិកភណ្ឌ ដោយមានគម្រោង សហការជាមួយប្រទេសញូវហ្សេឡែន និងសហគមន៍ខ្មែរនៅកាណាដា។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ក៏កំពុងធ្វើសៀវភៅបេតិកភណ្ឌភាគទី៣ ដែលមានកម្រិតខ្ពស់ជាងមុនឱ្យសិស្សស្គាល់ពីអ្វីទៅជាអង្គរ និងអនុវត្ត កម្មវិធីអប់រំបេតិកភណ្ឌសហការជាមួយអង្គការគាំពារកេរមរតកដល់សិស្សនៅអនុវិទ្យាល័យស្រះស្រង់ ដើម្បីបង្ខិតសិស្សកម្ពុជាកុំឱ្យមានគំលាត អំពីការយល់ដឹងពីបេតិកភណ្ឌខ្លួនឆ្ងាយពីបរទេសពេក។

លោក រីក រេត មន្ត្រីជំនាញអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការបញ្ជៀបចំណេះ ដឹងផ្នែកអភិរក្សបុរាណដ្ឋានដល់កុមារ ជាគោលបំណងរបស់អ្នកអភិរក្ស ដែលចង់ឱ្យក្មេងៗបានយល់ដឹងពីរបៀបថែទាំ បច្ចេកទេសជួសជុល ស្គាល់សម្ភារៈត្រូវប្រើ និងការការពារកេមរតកដូនតាទាំងនោះឱ្យបានគង់ វង្សតពីមនុស្សចាស់នាថ្ងៃអនាគត។ លោកចង់ឱ្យខ្មែរគ្រប់រូប ចូលរួមថែរក្សា ទាំងអស់គ្នាមិនថាកុមារ យុវវ័យ មនុស្សចាស់ រួមទាំងអ្នកអាស្រ័យផល ក្នុងតំបន់អង្គរផងដែរ។

អ្នកស្រី កាន កែម នាយិការងនៃសាលាបឋមសិក្សាបន្ទាយសំរែ បានថ្លែង អំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបង្កើតកម្មវិធីនេះឡើង ដែលជាប្រយោជន៍ដល់សិស្សានុសិស្ស ឱ្យពួកគេបានដឹង និងស្គាល់ពី បេតិកភណ្ឌនៅកន្លែងដែលពួកគេរស់នៅ។ ជាពិសេសអាចប្រតិបត្តិខ្លួន បាន ល្អក្នុងការរួមចំណែកថែរក្សា ការពារពេលពួកគេទៅលេង តាមប្រាសាទផង។

កន្លងមកកម្មវិធីបែបនេះមិនមានទេ តែសាលាធ្លាប់ធ្វើម្តងកាលពេល លោកគ្រូអ្នកគ្រូធ្វើតែងសេចក្តីអំពីប្រាសាទ ហើយនាំសិស្សទៅសង្កេត ដល់បុរាណដ្ឋានផ្ទាល់។ បើមានកម្មវិធីបែបនេះច្រើន សិស្សានុសិស្សនឹង បានស្វែងយល់ដឹងច្រើនពីតំបន់បេតិកភណ្ឌដែលខ្លួនរស់នៅ៕

អត្ថបទទាក់ទង