ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំង Sinovac បង្កជាជម្លោះថ្មីនៅក្នុងប្រទេសថៃដែលកំពុងបែកបាក់នយោបាយស្រាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
វ៉ាក់សាំង Sinovac បង្កជាជម្លោះថ្មីនៅក្នុងប្រទេសថៃដែលកំពុងបែកបាក់នយោបាយស្រាប់ វ៉ាក់សាំង Sinovac បង្កជាជម្លោះថ្មីនៅក្នុងប្រទេសថៃដែលកំពុងបែកបាក់នយោបាយស្រាប់

ប្រទេសថៃកំពុងរងផលប៉ះពាល់ពីរលកទី៣ នៃកូវីដ-១៩ ដ៏ធ្ងន់ធ្ងរបំផុតដែលបានផ្ទុះឡើងចាប់តាំងពីដើមខែមេសាមក។

គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ចំនួនអ្នកឆ្លងសរុបនៅថៃ រាប់ចាប់តាំងពីថ្ងៃទី ១ ខែមេសា មក បានកើនដល់ ១១២ ៣៥៤ នាក់ ក្នុងនោះ អ្នកស្លាប់មានចំនួន ៧៨៥ នាក់។

មេរោគបំលែងខ្លួនថ្មីដ៏កាចសាហាវដែលមានប្រភពដើមនៅ ប្រទេសឥណ្ឌានិងនៅអាហ្វ្រិកខាងត្បូងត្រូវបានគេរកឃើញ នៅក្នុងប្រទេសនេះ ដែលជាហេតុជំរុញឱ្យរដ្ឋាភិបាលលោក Prayut Chan-o-cha ពន្លឿនការចាក់វ៉ាក់សាំង។

វ៉ាក់សាំង AstraZeneca និង Sinovac កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសនេះ។ រដ្ឋាភិបាលថៃបានធានាការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដែលបាននាំចូលចំនួនប្រមាណ ១១៧ ០០០ ដូស និងចំនួន ៦១ លានដូសផ្សេងទៀតផលិតក្នុងស្រុក។

កញ្ចប់ដំបូងដែលមានចំនួនប្រមាណ ១,៧ លានដូសនឹងចាប់ផ្ដើមចាក់នៅខែមិថុនានេះ។ វ៉ាក់សាំង Sinovac ប្រមាណ ៦ លានដូស ដែលនាំមកពីប្រទេសចិន កំពុងត្រូវបានគេ ចាក់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា ការមិនទុកចិត្តដែលកើតមានកាន់តែច្រើនឡើងៗលើរដ្ឋាភិបាល លោក Prayut បានធ្វើឱ្យមនុស្សម្នាកាន់តែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង Sinovac នៅក្នុងប្រទេសនេះ។ ទំនុកចិត្តពីសាធារណជនមកលើរដ្ឋាភិបាលរបស់លោក Prayut មានតិចតួចដែលជាហេតុធ្វើឱ្យពលរដ្ឋខ្វះទំនុកចិត្តលើសុវត្ថិភាព នៃវ៉ាក់សាំងដែលរដ្ឋាភិបាលនេះបានទិញមក។ វ៉ាក់សាំង Sinovac បានក្លាយទៅជាប្រធានបទនៃការរិះគន់កាន់តែច្រើនឡើងៗ នៅតាមតំបន់មួយចំនួននៃប្រទេសនេះ។

ខុសពីវ៉ាក់សាំងដទៃទៀតដែលគេកំពុងប្រើវ៉ាក់សាំង Sinovac គឺជាវ៉ាក់សាំងអសកម្មមួយដែលត្រូវបានផលិតឡើងពីអតិសុខុមប្រាណរបស់មេរោគកូវីដ-១៩ ដែលងាប់ ដែលនេះមានន័យថា ខណៈពេលដែលផលប៉ះពាល់របស់វ៉ាក់សាំងនេះមានកម្រិតទាប វាក៏នឹងមិនអាចផ្តល់អត្រាការពារខ្ពស់ប្រឆាំងនឹងការឆ្លងកូវីដ-១៩ បានឡើយ។

នៅក្នុងសង្គមថៃជាទូទៅ «ភាពជាចិនរបស់វ៉ាក់សាំង Sinovac មិនអាចជួយឱ្យវ៉ាក់សាំងនេះត្រូវបានគេទទួលយក បាននោះទេ»។ នៅក្នុងក្រសែភ្នែករបស់ជនជាតិថៃ ភាគច្រើន ប្រទេសចិនគឺជាប្រទេសមិនគួរឱ្យទុកចិត្ត និងជាប្រទេសបង្កអរិភាព ហើយផលិតផលរបស់ប្រទេសនេះទៀតសោត ត្រូវបានជនជាតិថៃមើលឃើញជាទូទៅថា មានតម្លៃថោកនិងខ្វះគុណភាព។

វ៉ាក់សាំង Sinovac ក៏ប្រឈមមុខនឹងបញ្ហានយោបាយផងដែរ ដោយសារតែក្រុមអ្នករិះគន់បានដឹងជាទូទៅថា : រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Prayut ជំពាក់គុណចិន។

រដ្ឋប្រហារឆ្នាំ ២០១៤ បានបង្កភាពស្មុគស្មាញដល់ទំនាក់ទំនងរវាងប្រទេសថៃជាមួយលោកខាងលិច។ ប្រទេសចិនដែលមិនបានរិះគន់ការវិលត្រឡប់ទៅរករបបគ្រប់គ្រងតាមបែបយោធានៅប្រទេសថៃ ក្រោមការដឹកនាំរបស់លោក Prayut នោះ ហាក់បានក្លាយជាសម្ព័ន្ធមិត្ត ដែលមានអំណាចដ៏សំខាន់និងគួរឱ្យទាក់ទាញមួយ។

ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចថៃ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើការវិនិយោគ និងទេសចរណ៍ពីសំណាក់ប្រទេសចិន។ ទំនាក់ទំនងការពារជាតិទ្វេភាគី ត្រូវបានពង្រឹងយ៉ាងខ្លាំង ជាមួយនិងការលក់អាវុធ ការផ្លាស់ប្តូររវាងកម្លាំងយោធាសកម្ម ក៏ដូចជាការទិញនាវាមុជទឹករបស់ចិនដ៏ចម្រូងចម្រាស។

មិនដូចប្រទេសជិតខាងខ្លះរបស់ខ្លួននោះទេ ប្រទេសថៃមិនមានជម្លោះដែនដី ឬដែនសមុទ្រជាមួយប្រទេសចិននោះទេ ដែលវាជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព។

វិធានការទូតរបស់ចិនក្នុងការប្រឆាំងរោគរាតត្បាតបានពង្រឹងចំណងទាក់ទង ទ្វេភាគីនេះបន្ថែមទៀត ដោយប្រទេសចិនបានឧបត្ថម្ភខាងផ្នែកវេជ្ជសាស្ត្រទៅឱ្យប្រទេសថៃ ហើយថ្មីៗនេះ ចិនបានឧបត្ថម្ភវ៉ាក់សាំង Sinovac ទៅឱ្យរដ្ឋាភិបាលរបស់លោក Prayut ថែមទៀតផង។

ការកើនឡើងកាន់តែខ្លាំងនៃការចូលរួម ក៏ដូចជាការកើនឡើង នៃឥទ្ធិពលជាធម្មជាតិ ពីសំណាក់ប្រទេសចិនមកលើប្រទេសថៃ បានបញ្ឆេះឱ្យមានការព្រួយបារម្ភ ព្រមទាំងមនោសញ្ចេតនាប្រឆាំងនឹងចិនផងដែរ។

មនោសញ្ចេតនាប្រឆាំងចិន (Sinophobia) បានកើតមានជាពិសេស នៅក្នុងចំណោមអ្នកប្រើអ៊ីនធឺណិតវ័យក្មេងរបស់ថៃ ដែលមានទំនោរគាំទ្រលោកខាងលិចនិងគាំទ្រប្រជាធិបតេយ្យ។ ពួកគេយល់ថា រដ្ឋាភិបាលរបស់លោក Prayut និងរបបចិន ប៉េកាំង គឺជា «បក្សីដែលមានស្លាបដូចគ្នា»។

អ្នកអភិរក្សនិយមថៃដែលគាំទ្រលោក Prayut ត្រូវបានគេពាក់ស្លាកឱ្យថា ដូចគ្នាទៅនឹងអ្នកជាតិនិយមចិន។

អារម្មណ៍ដែលប្រឆាំងនឹងចិន បូករួមជាមួយនឹងការពឹងផ្អែករបស់រដ្ឋាភិបាលលោក Prayut ទៅលើវ៉ាក់សាំង Sinovac ព្រមទាំងភាពយឺតយ៉ាវក្នុងការបញ្ជាទិញវ៉ាក់សាំងផ្សេងទៀត ដែលល្បីឈ្មោះជាង ត្រូវបានកេងចំណេញដោយក្រុមប្រឆាំង។

កាលពីដើមឆ្នាំនេះ គណបក្សភឿថៃ (Phuea Thai) ដែលជាគណបក្សប្រឆាំងឈានមុខគេ បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព ក៏ដូចជាតម្លាភាពរបស់វ៉ាក់សាំង Sinovac ។

អ្នកនាំពាក្យរបស់គណបក្ស Move Forward Party ក៏បានទាស់សម្ដីគ្នា តាមបណ្ដាញអ៊ីនធឺណិតជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Anutin Charnvirakul ផង ដែរជុំវិញប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac នេះ។

បើទោះបីជាមានការប្រឆាំងជំទាស់យ៉ាងណាក៏ដោយ ក៏សមាជិកសភាពីខាងប្រឆាំង បាននិយាយហើយថា ពួកគេគ្មានជម្រើសអ្វីក្រៅតែពីចាក់វ៉ាក់សាំងដែលរដ្ឋាភិបាលមាននៅក្នុងដៃនោះទេ។

ការបដិសេធវ៉ាក់សាំង Sinovac គឺមិនខុសគ្នាពីការបដិសេធរដ្ឋាភិបាលរបស់លោក Prayut នោះទេ គឺមានកាន់តែខ្លាំងឡើងៗ ពីក្នុងចំណោមយុវជនថៃដែលប្រើប្រាស់អ៊ីនធឺណិត។

កាលពីពេលថ្មីៗនេះ តារាស្រីថៃល្បីឈ្មោះ គឺនាង Chompoo Araya បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅ លើបណ្ដាញអ៊ីនធឺណិត នៅពេលដែលនាងប្រកាសថា នាងបានចាក់វ៉ាក់សាំង Sinovac ហើយបាន ពិពណ៌នាពីដំណើរការ នៃការចាក់វ៉ាក់សាំងនេះ ដោយក្នុងនោះ នាងបានកត់សម្គាល់ថា «វ៉ាក់សាំងដែល ល្អបំផុត គឺជាវ៉ាក់សាំងដែលអ្នកអាចរកបានមុនគេ»។

នាង Chompoo Araya
នាង Chompoo Araya

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនត្រូវបានគេបញ្ចុះបញ្ចូលឱ្យជឿថា ការរៀបរាប់របស់នាងត្រូវបានជំរុញដោយហេតុផលនយោបាយ ហើយពួកគេបានបង្ហាញការខកចិត្តចំពោះការគាំទ្រលើរូបនាងដែលជាអ្នកគាំទ្ររដ្ឋាភិបាលដែលមិនអាចជឿទុកចិត្តបាន និងជាអ្នកគាំទ្រវ៉ាក់សាំងដែលមានគុណភាពទាប។

អ្នកប្រើប្រាស់អ៊ីនធឺណែតមួយចំនួនបានចង្អុលបង្ហាញថា នាង Chompoo បាននៅស្ងាត់ស្ងៀមនៅពេលដែលប៉ូលីស បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាកាលពីឆ្នាំមុន ហើយបានសន្និដ្ឋានថា នាងគឺជាអ្នកដែល «ប្រឆាំងនឹងការផ្លាស់ប្ដូរទៅរកប្រជាធិបតេយ្យ» របស់ពួកគេ។

ក្រុមអ្នកជ្រុលនិយមថៃបាន បញ្ឆេះកំដៅនៃការផ្លាស់ប្ដូរដោយបាន បង្កើតបញ្ជីឈ្មោះតារាល្បីៗណាដែលបាននិយាយគាំទ្រវ៉ាក់សាំង Sinovac ។ ក្រុមអ្នកការពារតារាទាំងនោះវិញ បានអះអាងថា បើទោះបីតារាល្បីៗទាំងនោះត្រូវបានជួលដោយរដ្ឋាភិបាល រឺមិនមែនក្ដី គឺពួកគេមានសេរីភាពក្នុងការទទួលបានការចាក់វ៉ាក់សាំង។

ជម្លោះដ៏ក្ដៅគគុកបានឆេះឡើង នៅពេលដែលតួអង្គនយោបាយប្រឆាំងរដ្ឋាភិបាល និងតួអង្គគាំទ្របានចូលរួម។ លោកស្រី Pannika Wanich មកពីគណបក្ស Future Forward Party ដែលត្រូវបានរំលាយ បានចោទជាសំណួរតាមបែបមាក់ងាយថា តើភាពល្បីល្បាញរបស់នាង Chompoo បានមកដោយសារតែការគាំទ្ររដ្ឋាភិបាល ឬក៏បានមកពីសាធារណជន។

ផ្ទុយទៅវិញ រដ្ឋមន្រ្តីស្ដីទីក្រសួងសុខាភិបាល លោក Satit Pitutachបានសរសើរនាង Chompoo ចំពោះការសម្រេចចិត្តរបស់នាង ខណៈពេលដែល លោក Seri Wongmontha ដែលជាបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយម្នាក់ និងដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល លោកស្រី Yingluck ដែលនាំឱ្យមានរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ បាននិយាយថា ការពិតត្រូវបានគេបំភ្លៃដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលរបស់លោក Prayut។

រឿងរ៉ាវរបស់វ៉ាក់សាំង Sinovac គឺជាឧទាហរណ៍ថ្មីបំផុតនៃការបែកបាក់នយោបាយរបស់ប្រទេសថៃ ដែលកំពុងតែរីកធំទៅៗ និងកាន់តែជ្រៅទៅៗ។ ទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលរបស់លោក Prayut ជា មួយប្រទេសចិន ព្រមទាំងការកើនឡើងនូវតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានធ្វើឱ្យមានភាពតានតឹងរវាងអ្នកជាតិនិយមផ្តាច់ការ និងអ្នកបដិវត្តគាំទ្រប្រជាធិបតេយ្យ។

ភាគីទាំង ២ កំពុងបាត់បង់ឆន្ទៈក្នុងការអត់ធ្មត់ចំពោះការខ្វែងគំនិតគ្នារបស់ពួកគេ។ «គួរឱ្យស្តាយដែលនៅមានកន្លែងទំនេរតិចតួចប៉ុណ្ណោះ សម្រាប់អ្នកប្រកាន់កណ្តាល ដែលមើលនយោបាយហួសពីពណ៌សនិងពណ៌ខ្មៅ»៕ Channel News Asia

អត្ថបទទាក់ទង