ខ្មែរប៉ុស្ដិ៍ Close

ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

ដោយ៖ Sreyleak ​​ | 3 ម៉ោងមុន ព័ត៌មានទូទៅ 154
ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ​ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP​ ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា​ កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ​ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ​ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ​ និងជួយគ្នាទៅវិញទៅមក។ សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។​ ក្នុងន័យនេះ​ ការថែរក្សាសុខសន្ដិភាពគឺជាកត្តាចាំបាច់​ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម​ និង​ការតភ្ជាប់ពិភពលោក​ រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

អត្ថបទទាក់ទង