ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីរាជការដែលគេចវេះមិនចាក់វ៉ាក់សាំងកូវីដ-១៩ គឺពុំបាច់មកធ្វើការតទៅទៀតទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
មន្រ្តីរាជការដែលគេចវេះមិនចាក់វ៉ាក់សាំងកូវីដ-១៩ គឺពុំបាច់មកធ្វើការតទៅទៀតទេ មន្រ្តីរាជការដែលគេចវេះមិនចាក់វ៉ាក់សាំងកូវីដ-១៩ គឺពុំបាច់មកធ្វើការតទៅទៀតទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោម​​ឱវាទ ​ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ឱ្យទៅចាក់វ៉ាក់សាំងការពារមេរោគ កូវីដ-១៩ឱ្យបានគ្រប់គ្នា បើមិន​ដូច​​នោះទេ មិនត្រូវអនុញ្ញាតឱ្យចូលធ្វើការនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍តាមរយៈសារសំឡេងនៅរាត្រីថ្ងៃទី៦ខែមេសាថា ក្រោយពី រាជរដ្ឋាភិបាល​​បាន​ដាក់​ចេញយុទ្ធនាការចាក់វ៉ាក់សាំងដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទបានកើតចេញ ដែល​ប្រភេទ​ទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ដែលមានកង្វល់ខ្លាចអត់វ៉ាក់សាំងចាក់ ដែលនេះគឺ​ជាការ​​លើកទឹក​ចិត្តមួយ ចំណែកឯប្រភេទមន្រ្តីទី២ មន្រ្តីនោះគេចវេះ ពីការចាក់វ៉ាក់សាំងតែម្តង ។

សម្តេចតេជោបន្តថា ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស័្មគ្រចិត្ត ក៏ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងក្លាយជាវ៉ាក់​សាំង​កាត​ព្វកិច្ចតែម្តង ជាពិសេសជំហានដំបូងនេះ គឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និង មន្រ្តីរាជការស៊ីវិលរបស់យើងទាំងអស់ ដែលសម្តេច​មិនចង់​​ឱ្យដល់ដំណាក់កាលដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ។

សម្តេចតេជោ បញ្ជាក់ដល់មន្រ្តីរាជការ ដែលមិនចង់ចាក់វ៉ាក់សាំងឱ្យបានជ្រាបថា នាពេលណាមួយ ដែលគ្រប់ស្ថាប័ន ចាក់បានចាប់ពី​៧០​ភាគរយឡើងទៅ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំងមិនចាំបាច់មកធ្វើការនោះទេ ព្រោះកុំឱ្យចម្លងជំងឺកូវីដ-១៩ ដល់អ្នកដែលបានចាក់រួច ។

«មន្រ្តីដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយប្រសិនបើ ជាថ្នាក់ដែលត្រូវចូល​ប្រជុំ​​ក៏មិនចាំបាច់ឱ្យប្រធានស្ថាប័នចូលរួមប្រជុំដែរ ទុកឱ្យដេកផ្ទះនោះទៅ ព្រោះគ្រាន់តែវ៉ាក់សាំង ចាក់ដើម្បីការពារជីវិតខ្លួន​ឯងនិងចូលរួម​ការពារប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើទាហាន ជាប៉ូលីស ឬក៏ជាមន្រ្តីរាជការអ្វីតទៅទៀតគ្មានការចាំបាច់ទេ។ ខ្ញុំសូមបញ្ជាក់ជូន ដើម្បីកុំឱ្យហួសពេលព្រោះវ៉ាក់សាំងមិនមែន ជាទំនិញដែលរើសតាមផ្សារ តាមឱសថស្ថានបានទេ ខុសគ្នាពីថ្នាំពេទ្យនានា ដែលមាន​លក់នៅតាមឱសថស្ថាន ។ ឥឡូវនេះរាជរដ្ឋាភិបាលចាក់ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់​សូមអញ្ជើញ​មកចាក់ ហើយប្រសិនបើពុំមកចាក់ដោយការស័្មគ្រចិត្តទេ ថ្ងៃក្រោយអ្នកមិនមានឱកាស លោក លោកស្រី ឬឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាស ចូលទៅកាន់ក្រសួងទៀតដែរ ព្រោះថាអ្នកនៅក្នុងក្រសួងភាគច្រើន គេខ្លាចការឆ្លងរោគពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមន្រ្តីមិនបានចាក់ វ៉ាក់សាំងនោះឯង» ៕

សូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ដូចខាងក្រោម៖

អត្ថបទទាក់ទង